លោក ហ៊ុន សែន បានព្រមានចាប់ខ្លួនសកម្មជនគណបក្សសង្គ្រោះជាតិបន្ថែមទៀត ស្របពេលជិតដល់ពេលដែលមេដឹកនាំគណបក្សប្រឆាំងជិតធ្វើដំណើរទៅកម្ពុជា។
លោក ហ៊ុន សែន ក៏បានអំពាវនាវចំពោះមន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះដែលមានឈ្មោះក្នុងដីកាចោទប្រកាន់តុលាការអោយមកចូលសារភាពនឹងត្រូវលើកលែងទោស៖ «អំពាវនាវឱ្យចេញសារភាពនៅអ្នកទាំងឡាយដែលជាប់ពាក់ព័ន្ធហើយ ដែលមានក្នុងបញ្ជីរួចទៅហើយអ្នកឯងមិនអាចទៅណារួចទេ។ អ៊ីចឹងដើម្បីចៀសវាងកុំឱ្យមានបញ្ហាផ្ទាល់ខ្លួនអ្នកឯងចេញមក។ យើងនឹងសណ្ដោសប្រណីដល់អ្នកឯង»។
សាលាដំបូងក្រុងភ្នំពេញកាលពីថ្ងៃទី២៦ កញ្ញា បានសម្រេចចោទប្រកាន់មន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិចំនួន ៩នាក់ពីបទសង្ស័យថា «ប៉ុនប៉ងធ្វើរដ្ឋប្រហារផ្តួលរំលំ រដ្ឋាភិបាល»។
មន្ត្រីជាន់ខ្ពស់ទាំង៩នាក់ដែលរបបក្រុងភ្នំពេញចោទប្រកាន់រួមមានប្រធានស្តីទីគណបក្សសង្គ្រោះជាតិលោក សម រង្ស៊ី លោក អេង ឆៃអ៊ាង អ្នកស្រី មូរ សុខហួរ លោក អ៊ូ ច័ន្ទប្ញទ្ធិ លោក ហូរ វ៉ាន់ លោក ឡុង រី លោក ម៉ែន សុថាវរិន្ទ្រ អ្នកស្រី ជូឡុង សូមូរ៉ា និង លោក នុត រំដួល។
មន្ត្រីជាន់ខ្ពស់ទាំង ៩រូប ដែលមានឈ្មោះក្នុងបញ្ជីចោទប្រកាន់របស់តុលាការធ្លាប់ប្រាប់អាស៊ីសេរីថា ពួកគេមិនចេញសារភាពតាមការអូសទាញពីរបបក្រុងភ្នំពេញទេ ហើយបានសច្ចាថា និងទាមទារលទ្ធិប្រជាធិបតេយ្យនៅកម្ពុជាឱ្យខាងតែបាន៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។