ប្រទេស​ម៉ាល់តា បដិសេធ​មិន​ចេញ​លិខិតឆ្លងដែន​អឺរ៉ុប​ឱ្យ​អតីត​តំណាងរាស្ត្រ​កម្ពុជា​ម្នាក់

ដោយ៖ ហ្សាក់ អាដាមូវិក ដេវី (Jack Adamovic Davies)
2022.08.24
ថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២២
Share on WhatsApp
Share on WhatsApp
ប្រទេស​ម៉ាល់តា បដិសេធ​មិន​ចេញ​លិខិតឆ្លងដែន​អឺរ៉ុប​ឱ្យ​អតីត​តំណាងរាស្ត្រ​កម្ពុជា​ម្នាក់ អតីត​រដ្ឋលេខាធិការ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន លោក អ៊ឹង ប៊ុនហូវ និង​ប្រពន្ធ អ្នកស្រី ហេង សុខា ជិះ​យន្តហោះ​ឯកជន​ប្រណីត​មួយ​នៅទីតាំង​ដែល​គេមិនស្គាល់ កាលពី​ថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២១។
រូប៖ គណនី​អ៊ីនស្តាក្រាម (Instagram) របស់​អ្នកស្រី ហេង សុខា

សម្រាប់ «ក្រុមអ្នកមាន​ខ្មែរ​សម័យថ្មី​ដែល​ចូលចិត្ត​សម្ញែង​ទ្រព្យសម្បត្តិ» ឯកសារ​ធ្វើដំណើរ​ចេញដោយ​សហភាពអឺរ៉ុប គឺជា​រង្វាន់​មួយ​ដល់​ពួកគេ។ ក៏ប៉ុន្តែ យ៉ាងហោចណាស់​មាន​ប្តីប្រពន្ធ​មួយ​គូ​ត្រូវបាន​បដិសេធ​នូវ​ឯកសារ​ប្រភេទនេះ។

មិនថាជា​លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ធ្លាប់បាន​តិះដៀល​ដល់​ក្រុមអ្នកនយោបាយ​មាន​សញ្ជាតិ​ពីរ​ប៉ុណ្ណា​នោះទេ ការមាន​លិខិតឆ្លងដែន​ទីពីរ​កំពុង​ក្លាយជា​ទំនោ​លេចធ្លោ​មួយ​យ៉ាងឆាប់រហ័ស និងជា​និមិត្តរូប​នៃ​ឋានៈ​ដែល​ត្រូវតែមាន​​សូម្បីតែ​ក្នុងចំណោម​បរិវារ​ជិតដិត​បំផុត​របស់​លោក​ក៏ដោយ។

ទីកន្លែង​ដ៏ពេញនិយម​បំផុត​នោះ​គឺ​ប្រទេសស៊ីប (Cyprus) ជា​ដែនដី​កោះ​សម្បូរណ៍​ទៅដោយ​កម្ដៅ​ថ្ងៃ​ចែងចាំង និង​ជា​រដ្ឋ​សមាជិក​មួយ​របស់​សហភាព​អឺរ៉ុប ស្ថិតនៅ​ជាប់​សមុទ្រ​មេឌីទែរ៉ាណេ (Mediterranean Sea)។ សេចក្ដីរាយការណ៍​មុនៗ​របស់ វិទ្យុអាស៊ីសេរី រកឃើញ​ថា ក្មួយស្រី​របស់​លោក ហ៊ុន សែន មេ​ប៉ូលិស រដ្ឋមន្ត្រី​ហិរញ្ញវត្ថុ ទីប្រឹក្សា​ផ្ទាល់​របស់​លោក​ចំនួន​ពីររូប និង​សមាជិក​ព្រឹទ្ធសភា​មួយរូប​មកពី​គណបក្ស​ប្រជាជន​កម្ពុជា សុទ្ធតែ​ទទួលបាន​នូវ​លិខិតឆ្លងដែន​ប្រទេសស៊ីប កាលពី​ដើមឆ្នាំ២០១៧​កន្លងទៅ។

ក៏ប៉ុន្តែ មិនមែន​ក្រុមអ្នកមាន​អំណាច​នៅ​ក្រុងភ្នំពេញ​ទាំងអស់​សុទ្ធតែ​ទទួលបាន​ជោគជ័យ​ក្នុងការ​ពង្រីក​លទ្ធភាព​នៃ​ការទទួលបាន​​លិខិតឆ្លងដែន​ទីពីរ​របស់​ពួកគេ​នោះទេ។ អតីត​តំណាងរាស្ត្រ​មកពី​គណបក្ស​ប្រជាជន​កម្ពុជា​ម្នាក់ និង​ជា​រដ្ឋលេខាធិការ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន លោក អ៊ឹង ប៊ុនហូវ ក៏បាន​ស្វះស្វែង​ដាក់ពាក្យ​ស្នើសុំ​លិខិតឆ្លងដែន​អឺរ៉ុប​ដែរ កាលពី​ឆ្នាំ២០១៧​កន្លងទៅ។ ក៏ប៉ុន្តែ ខុសពី​អតីត​សហសេវិក​របស់​លោក បើទោះបីជា​លោក អ៊ឹង ប៊ុនហូវ ធ្លាប់​សង្ឃឹមថា​នឹង​ក្លាយជា​ពលរដ្ឋ​ម្នាក់​នៃ​ប្រទេស​ម៉ាល់តា (Malta) ដែលជា​រដ្ឋសមាជិក​មួយ​របស់​សហភាពអឺរ៉ុប ហើយដែល​មាន​ព្រំប្រទល់​​ជាប់នឹង​សមុទ្រ​មេឌីទែរ៉ាណេ​គ្រប់ផ្នែក​នោះ​ក៏ដោយ ក៏​កិច្ចខិតខំ​ប្រឹងប្រែង​របស់​លោក​មិនបាន​ទទួល​ជោគជ័យ​ឡើយ។

ឈ្មួញកណ្ដាល​ខាង​រត់ការ​លិខិតឆ្លងដែន

វិទ្យុអាស៊ីសេរី បាន​លាតត្រដាង​ឱ្យដឹង​អំពី​ទ្រព្យសម្បត្តិ​ទាក់ទង​ទៅនឹង​បុគ្គល​នយោបាយ​ជាន់ខ្ពស់​របស់​កម្ពុជា​មួយចំនួន មាន​តម្លៃសរុប​ច្រើនជាង ២៣០​លានដុល្លារ ដែលជា​ផ្នែកមួយ​នៃ​ការស៊ើបអង្កេត​ដ៏​ទូលំទូលាយ និង​កំពុង​បន្ត​ធ្វើឡើង​ពាក់ព័ន្ធនឹង​ចំណងទាក់ទង​រវាង​ក្រុមអ្នកមានលុយ​មាន​​អំណាច​របស់​គណបក្ស​ប្រជាជន​កម្ពុជា និង​ប្រទេស​សិង្ហបុរី ដែលជា​មជ្ឈមណ្ឌល​ហិរញ្ញវត្ថុ ប្រើពេល​២ម៉ោង​ជិះតាម​យន្តហោះ​ពីក្រុងភ្នំពេញ។ ក្នុងចំណោម​ទ្រព្យសម្បត្តិ​ទាំងនោះ ទ្រព្យសម្បត្តិ​ជាង ៣០លានដុល្លារ ជារបស់​ប្រពន្ធ​លោក អ៊ឹង ប៊ុនហូវ គឺ​អ្នកស្រី ហេង សុខា។ គឺនៅ​ដែនដី​រដ្ឋ​ដែលជា​ទីក្រុង​ដ៏​ចម្រុងចម្រើន​នេះហើយ​ដែល​អ្នកស្រី ហេង សុខា ប្រើប្រាស់​ធ្វើជា​ឈ្នាន់​ដើម្បី​ស្វែងរក​ការទទួលបាន​លិខិតឆ្លងដែន​ទីពីរ​សម្រាប់​ក្រុមគ្រួសារ​អ្នកស្រី។ ការណ៍នេះ​បង្ហាញ​ឱ្យឃើញ​ពីរបៀបមួយ​ដែល​ប្រទេស​សិង្ហបុរី​កំពុង​ដើរតួនាទី ពោលគឺ​មិនត្រឹមតែជា​កន្លែង​លាក់ទុកលុយ​នៅក្រៅប្រទេស​សម្រាប់​ក្រុមអ្នកមាន​លុយ​មានអំណាច​នៅ​កម្ពុជា​ប៉ុណ្ណោះទេ ក៏ប៉ុន្តែ​គឺជា​ច្រកទ្វារ​មួយ​​ឆ្ពោះ​ទៅកាន់​ពិភព​ធ្វើដំណើរ​ជាសាកល​តាមរយៈ​លិខិតឆ្លងដែន​ទីពីរ និង​ជាកន្លែង​លាក់ទុកលុយ​​នៅ​ធនាគារ​ក្រៅប្រទេស។

កាលពី​ដើមឆ្នាំ២០១៧ អ្នកស្រី ហេង សុខា បាន​ទាក់ទង​ក្រុមហ៊ុន​ពិគ្រោះយោបល់ ហែនលី & ផាតណឺរស៍ (Henley & Partners) ការិយាល័យ​នៅ​ប្រទេសសិង្ហបុរី ដែលជា​ក្រុមហ៊ុន​ពិគ្រោះយោបល់​មួយ​មាន​មូលដ្ឋាន​នៅ​ប្រទេសស្វ៊ីស (Switzerland)។ ក្រុមហ៊ុន​នេះ មាន​មោទនភាព​ដោយ​បាន​ប្រកាស​ខ្លួនឯង​ថាជា «អ្នកដឹកនាំ​សាកល​ខាងផ្នែក​ស្វែងរក​សិទ្ធិស្នាក់នៅ និង​សញ្ជាតិ​តាមរយៈ​ការវិនិយោគ»។ អ្នកស្រី ហេង សុខា មាន​ផលប្រយោជន៍​ផ្នែកអាជីវកម្ម​ដ៏ធំមួយ​នៅក្នុង​ប្រទេសសិង្ហបុរី ហើយ​ក្រុមហ៊ុន​ពិគ្រោះយោបល់​នេះ​ដើរតួ​ធ្វើជា​ឈ្មួញកណ្ដាល​រវាងប្រទេស​​ដែល​មាន​កម្មវិធី​លក់សញ្ជាតិ​ក្រោមរូបភាព​នៃ​ការវិនិយោគ ជាមួយនឹង​បុគ្គល​មាន​លុយ​ស្តុកស្តម្ភ​ដែល​ស្វះស្វែង​រក​ការទិញ​សញ្ជាតិ​នោះ។

នៅចុងឆ្នាំ​ដដែលនោះ ក្រុមហ៊ុន ហែនលី & ផាតណឺរស៍ បាន​រង​នូវ​ការបែកធ្លាយ​ឯកសារ​ផ្ទៃក្នុង​ប្រមាណ ៦១៧.០០០ ឯកសារ។ ឯកសារ​ទាំងនោះ​ត្រូវបាន​បញ្ចេញដល់​ក្រុមអ្នកសារព័ត៌មាន និង​ក្រុមអ្នកស្រាវជ្រាវ​តាមរយៈ​ប្រព័ន្ធទិន្នន័យ​មួយ ដែល​មាន​ឈ្មោះថា អាលឹហ្វ ដាតាបេស (Aleph Database) របស់​គម្រោង​រាយការណ៍​អំពី​អំពើពុករលួយ និង​ឧក្រិដ្ឋកម្ម​ដែលមាន​ការរៀបចំឡើង (Organized Crime and Corruption Reporting Project) កាលពី​ខែមិថុនា នៅក្នុង​ឆ្នាំនេះ។ ក្នុងចំណោម​បណ្តុំ​ឯកសារ​រាប់​សែននេះ មាន​ឯកសារ​ចំនួន៣២​ដែល​មាន​កំណត់ត្រា​ពាក់ព័ន្ធនឹង​ការប្រាស្រ័យ​ទាក់ទង​រវាង​អ្នកស្រី ហេង សុខា និង​ក្រុមគ្រួសារ​​អ្នកស្រី​ ជាមួយ​ក្រុមហ៊ុន ហែនលី & ផាតណឺរស៍ គិតត្រឹម​ពេល​ដែលមាន​ការបែកធ្លាយ​ឯកសារ​ទាំងនោះ។ ការពិនិត្យ​មើលឡើងវិញ​ទៅលើ​សំណុំ​ឯកសារ​ទាំងនេះ​ដោយ​វិទ្យុអាស៊ីសេរី ក្លាយជា​មូលដ្ឋាន​នៃ​អត្ថបទ​នេះ។

malta_dailylife.jpg
បុរសម្នាក់​កំពុង​បួងសួង​នៅលើ​ផ្ទាំងថ្ម​នៅ​បន្ទាយ​ហ្វតទីណេ (Fort Tigne) ទល់មុខ​រដ្ឋធានី​វ៉ាល់ឡេតា (Valleta) ក្រុងស្លីម៉ា (Sliema) ស្ថិតនៅឆ្នេរ​ភាគ​ឦសាន​​​នៃ​ប្រទេសម៉ាល់តា កាលពី​ថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២២។ លោក អ៊ឹង ប៊ុនហូវ ធ្លាប់​សង្ឃឹមថា​លោកនឹង​ក្លាយជា​ពលរដ្ឋ​ម្នាក់នៃ​ប្រទេសម៉ាល់តា ជា​រដ្ឋសមាជិក​អឺរ៉ុប​មួយ ដែលមាន​ព្រំប្រទល់​គ្រប់ផ្នែក​ជាប់នឹង​សមុទ្រ​មេឌីទែរ៉ាណេ។ (រូប៖ រ៉យទ័រ/ណាកូ ដូស៏ (REUTERS/Nacho Doce))

អ្នកស្រី ហេង សុខា បាន​ចាប់អារម្មណ៍​នឹងការទទួលបាន​លិខិតឆ្លងដែន​ម៉ាល់តា​សម្រាប់​អ្នកស្រី​ខ្លួនឯងផង ប្តីអ្នកស្រីផង និង​កូនៗ​ទាំង៥នាក់​របស់ពួកគេ​ផង ក្រោមកម្មវិធី​វិនិយោគ​ជា​លក្ខណៈ​បុគ្គល​របស់​ដែនដី​កោះនេះ ដែលបើកផ្លូវ​ឱ្យ​ទទួលបាន​សញ្ជាតិ​របស់​ប្រទេសនេះ ជាថ្នូរនឹង​ការវិភាគទាន​នូវ​ទឹកប្រាក់​ចំនួន ៦សែន៥ម៉ឺន​អឺរ៉ូ (ស្មើនឹង​ប្រមាណ​៦សែន​៥ម៉ឺន​ដុល្លារ​អាមេរិក ផ្អែកតាម​អត្រា​ប្តូរប្រាក់​បច្ចុប្បន្ន) ចូល​ក្នុង «មូលនិធិ​សង្គម និង​អភិវឌ្ឍន៍​ជាតិ» របស់​ប្រទេសនេះ។ ការបង់​វិភាគទាន​បន្ថែម​រវាងពី ២ម៉ឺន​៥ពាន់​អឺរ៉ូ ទៅ ៥ម៉ឺន​អឺរ៉ូ ក៏ត្រូវបាន​តម្រូវ​ផងដែរ​សម្រាប់​អ្នកនៅក្រោម​បន្ទុក​ម្នាក់ៗ ដែល​មានឈ្មោះ​នៅក្នុង​សំណុំ​បែបបទ​នេះ។

សម្រង់​ខ្លឹមសារ​ដែល​ក្រុមហ៊ុន​ពិគ្រោះយោបល់ ហែនលី & ផាតណឺរស៍ បាន​រៀបចំ​ឱ្យ​អ្នកស្រី ហេង សុខា កាលពី​ថ្ងៃទី០២ ខែមីនា ឆ្នាំ២០១៧ បាន​ប៉ាន់ស្មាន​ពី​ទំហំ​ទឹកប្រាក់​ត្រូវ​ចំណាយ​សរុប​សម្រាប់​គ្រួសារ​នេះ គឺក្នុងរង្វង់​ជាង ១លាន​អឺរ៉ូ។ ក៏ប៉ុន្តែ ក្រុមហ៊ុន​ពិគ្រោះយោបល់ ហែនលី & ផាតណឺរស៍ មិនបាន​ត្រូវការ​ពេលយូរឡើយ​ក្នុងការ​កត់សម្គាល់​ថា​មានរឿងរ៉ាវ​គួរឱ្យ​ចាប់អារម្មណ៍​អំពី​សំណុំបែបបទ​សុំ​លិខិតឆ្លងដែន​ទីពីរ​របស់​ពួកគេ​ទាំងនេះ។

សហការី​ម្នាក់​នៃ​ក្រុមហ៊ុន​​ពិគ្រោះយោបល់ ហែនលី & ផាតណឺរស៍ ប្រចាំ​ការិយាល័យ​នៅ​សិង្ហបុរី​បាន​សរសេរ​ទៅ​សហសេវិក​របស់​គាត់​នៅឯ​ប្រទេសម៉ាល់តា តាម​សារអេឡិចត្រូនិក​មួយ ចុះ​ថ្ងៃទី១០ ខែមីនា ឆ្នាំ២០១៧ ថា៖ «ដំណើរការ​ពិនិត្យ​ពិច័យ​ពី​ភាពមិនប្រក្រតី​របស់​យើង​បានរកឃើញ​ថា ប្តី​របស់​អ្នកស្រី [ហេង សុខា] គឺជា​អតីត​រដ្ឋលេខាធិការ​ម្នាក់»។ សហការី​រូបនោះ​សរសេរ​បន្តថា «សូមជួយ​ធ្វើ​បច្ចុប្បន្នភាព​ឱ្យខ្ញុំ​ផង​ជុំវិញ​ការរកឃើញ​របស់​ការិយាល័យ​លោក-លោកស្រី»

បួនថ្ងៃ​ក្រោយមក មន្ត្រី​ផ្នែក​អនុលោមភាព​ជាន់ខ្ពស់​ម្នាក់​នៅក្នុង​ក្រុមហ៊ុននោះ​បានឆ្លើយតប​មកវិញ ដោយ​ស្រាវជ្រាវ​ឃើញថា «លោក អ៊ឹង ប៊ុនហូវ គឺជា​បុគ្គលពាក់ព័ន្ធ​នឹង​អ្នកនយោបាយ ឬ PEP»

RiskAdvisory_IngBackgroundCheck.jpg
សេចក្តីដកស្រង់​ចេញពី «របាយការណ៍​ផ្ទៀងផ្ទាត់​ប្រវត្តិរូប» របស់​អ្នកស្រី ហេង សុខា និងលោក អ៊ឹង ប៊ុនហូវ ដែល​ត្រូវបាន​រៀបចំ​ឡើង​ដោយក្រុមហ៊ុន​គ្រប់គ្រង​ហានិភ័យ​មួយ​ឈ្មោះ ខុនត្រូល រីសគ៍ (Control Risk) តាម​ការស្នើសុំ​របស់​ក្រុមហ៊ុន​ពិគ្រោះយោបល់ ហែនលី & ផាតណឺរស៍។

ពាក្យថា «បុគ្គល​ពាក់ព័ន្ធនឹង​អ្នកនយោបាយ» គឺ​សំដៅដល់​បុគ្គល​ទាំងឡាយ​ណា​ដែល​តាមរយៈ​ការកាន់តំណែង​ជាន់ខ្ពស់​របស់​ពួកគេ ឬ​ភាពជិតដិត​របស់​ពួកគេ​ជាមួយនឹង​អ្នកទាំងឡាយ​ណា​ដែល​កាន់តំណែង​ទាំងនោះ។ បុគ្គលប្រភេទ​នេះ មាន​ហានិភ័យ​ខ្ពស់​ដោយសារ​ពួកគេ​អាច​ជាប់ពាក់ព័ន្ធ​នឹង​អំពើសូកប៉ាន់ ឬ​អំពើពុករលួយ។ អាជីវកម្ម​នានា​ដូចជា​ធនាគារ និង​ក្រុមហ៊ុន​ពិគ្រោះយោបល់​ផ្នែកច្បាប់ ដែល​ចាត់ចែង​ប្រតិបត្តិការ​សាច់ប្រាក់​ទ្រង់ទ្រាយ​ធំ​ជំនួសមុខ​ឱ្យ​អតិថិជន​របស់​ពួកគេ តែង​ប្រើប្រាស់​ពាក្យ​នេះ​ដើម្បី​កត់សម្គាល់ ចំពោះ​អតិថិជន​របស់​ពួកគេ ក្នុងការ​​តម្រូវឱ្យ​មាន​នូវ​ដំណើរការ​ពិនិត្យពិច័យ​រក​ភាពមិនប្រក្រតី​បន្ថែមទៀត ឬ​យ៉ាងណានោះ។

តាមរយៈ​ការចំណាយ​ប្រាក់ ៥ពាន់​ដុល្លារ​ដោយ​អ្នកស្រី ហេង សុខា ក្រុមហ៊ុននេះ​បាន​ស្នើសុំ «របាយការណ៍​ផ្ទៀងផ្ទាត់​ប្រវត្តិរូប» របស់​ប្តីប្រពន្ធ​មួយគូ​នេះ​ ពី​ក្រុមហ៊ុន​ប្រឹក្សាយោបល់​មួយ​ឈ្មោះ រីសគ៍ អេដវ៉ៃសូរី (Risk Advisory) ដែលជា​ក្រុមហ៊ុន​ពិគ្រោះយោបល់​ផ្នែក​ដំណើរការ​ពិនិត្យពិច័យ​រក​ភាពមិនប្រក្រតី​នានា (Due Diligence Consultancy)។ របាយការណ៍​កម្រាស់ ១២ទំព័រ​ចេញ​នៅ​ខែកក្កដា ឆ្នាំ២០១៧ បានលាង​ជម្រះ​នូវ​ប្រវត្តិរូប​របស់​ប្តីប្រពន្ធមួយគូនេះ​។

ឯកសារ​បញ្ជាក់​ពីភាព​ស្អាតស្អំនេះ មាន​សារសំខាន់​ណាស់​សម្រាប់​លោក អ៊ឹង ប៊ុនហូវ និង​អ្នកស្រី ហេង សុខា។ សារ​អេឡិចត្រូនិក​ផ្ទៃក្នុង​របស់​ក្រុមហ៊ុន​ពិគ្រោះយោបល់ ហែនលី & ផាតណឺរស៍ បង្ហាញថា អ្នកតំណាង​របស់​ប្តីប្រពន្ធ​មួយគូ​នេះ បាន​ជំរុញ​ទៅ​ក្រុមហ៊ុន​ឈ្មួញកណ្តាល​ផ្នែក​អន្តោប្រវេសន៍​នេះ ឱ្យ​សរសេរ​លិខិត​មួយច្បាប់​បញ្ជាក់ថា​ប្តីប្រពន្ធ​មួយគូ​នេះ​ឆ្លងផុត​ដំណាក់កាល​​នៃ​ការពិនិត្យពិច័យ​ពី​ភាពមិនប្រក្រតី​នានា។ ដំបូងឡើយ ក្រុមហ៊ុន​នោះ​ទំនងដូចជា​រាង​ភ័ន្តច្រឡំ​បន្តិច​ចំពោះ​ការស្នើសុំ​នោះ ក៏ប៉ុន្តែ ក្រោយមក​ក្រុមហ៊ុននេះ​បាន​បន្ទន់ចិត្ត​យល់ព្រម​ធ្វើតាម​សំណើ​នេះវិញ។

ក្រុមហ៊ុន​ពិគ្រោះយោបល់ ហែនលី & ផាតណឺរស៍ បាន​សរសេរថា៖ «ជូនចំពោះ​អ្នកដែល​ពាក់ព័ន្ធ»«ក្រុមហ៊ុន​ពិគ្រោះយោបល់ ហែនលី & ផាតណឺរស៍ មាន​សេចក្ដីសោមនស្ស​រីករាយ​បញ្ជាក់ថា លោក អ៊ឹង ប៊ុនហូវ និង​អ្នកស្រី ហេង សុខា បាន​ឆ្លងកាត់​ដំណាក់កាល​ពិនិត្យពិច័យ​បន្ថែម​អំពីភាពមិនប្រក្រតី​តាមរយៈ​ការធ្វើ​របាយការណ៍​ផ្ទៀងផ្ទាត់​ប្រវត្តិរូប ដោយ​ទទួលបាន​នូវ​លទ្ធផល​ជា​វិជ្ជមាន»

«អាស្រ័យហេតុ​ដូចបាន​ជម្រាបជូននេះ ផ្អែកតាម​លទ្ធផល​ខាងលើនេះ យើងខ្ញុំ​សូមផ្តល់​អនុសាសន៍​ថា លោក អ៊ឹង ប៊ុនហូវ និង​អ្នកស្រី ហេង សុខា ពុំ​មានបញ្ហា​ក្នុងការ​ដំណើរការ​នីតិវិធី​សម្រាប់​ជំហាន​បន្ទាប់ទៀត​ដើម្បី​ដាក់ពាក្យ​សុំសញ្ជាតិ​ម៉ាល់តា​តាមរយៈ​កម្មវិធី​វិនិយោគ​ជាលក្ខណៈ​បុគ្គល​នោះទេ»

Henley_IngBunHoaw.jpg

អ្នកតំណាង​របស់​អ្នកស្រី ហេង សុខា និង​លោក អ៊ឹង ប៊ុនហូវ បាន​ជំរុញ​ទៅ​ក្រុមហ៊ុន​ពិគ្រោះយោបល់ ហែនលី & ផាតណឺរស៍ ឱ្យចេញ​លិខិត​បញ្ជាក់​មួយច្បាប់​នេះ​ដោយបញ្ជាក់ថា ពួកគេ​មានភាព​ស្អាតស្អំ​ក្រោយ​ដំណើរការ​ពិនិត្យ​ពិច័យ​រកភាព​មិនប្រក្រតី​បន្ថែម​របស់​ក្រុមហ៊ុននេះ។ ទោះជាយ៉ាងណាក៏ដោយ រដ្ឋាភិបាល​នៃ​ប្រទេស​ម៉ាល់តា បាន​ឈានទៅ​សន្និដ្ឋាន​ផ្ទុយពីនេះ ហើយបាន​បដិសេធ​ពាក្យសុំ​សញ្ជាតិ​ម៉ាល់តា​របស់​ប្តីប្រពន្ធ​មួយគូ​នេះ។

លិខិត​មួយច្បាប់​នេះ អាច​មាន​​ប្រយោជន៍​ខ្លាំង​​សម្រាប់​អ្នកទាំងឡាយណា​ដែល​ចង់​រួចផុត​ពី​ដំណើរការ​ពិនិត្យពិច័យ​រកភាពមិន​ប្រក្រតី​នានា ក្នុងពេល​ដែល​ពួកគេ​បង្វិល​ទឹកប្រាក់​ដ៏ច្រើន​សន្ធឹកសន្ធាប់។ នេះ​បើយោងតាម​អ្នកស្រាវជ្រាវ​ពី​ឧក្រិដ្ឋកម្ម​ហិរញ្ញវត្ថុ និង​អំពើលាងលុយ​កខ្វក់ លោក រីឆាតដ៍ ស្មីត (Richard Smith)

លោក រីឆាតដ៍ ស្មីត ប្រាប់​វិទ្យុអាស៊ីសេរី​ថា៖ «លិខិតនោះ​ទំនងជា​អាចទុកប្រើ​ដើម្បី​បើក​គណនី​ធនាគារ​មួយ ឬក៏អាច​ប្រើ​ដើម្បី​ទទួលបាន​ការលើកលែង​ពី​ភ្នាក់ងារ​ផ្ទេរ​ទ្រព្យសម្បត្តិ ឬនៅកន្លែង​ណាក៏ដោយ​ដែលអ្នក​ចង់បាន​ដើម្បី​ចរាចរ​សាច់ប្រាក់​មួយចំនួន។ ការណ៍​នេះនឹង​មិន​បង្កឱ្យ​មានការ​ប៉ះពាល់​ណាមួយ​នោះទេ ចំពោះ​ការណ៍​ដែល​ត្រូវ​មាន​ឯកសារ​ប្រភេទនេះ​នៅក្នុង​ហោប៉ៅ​ក្រោយ​របស់​អ្នក»

ក៏ប៉ុន្តែ យ៉ាងហោចណាស់​នៅក្នុង​កិច្ចខិតខំ​ប្រឹងប្រែង​មួយ​របស់​ក្រុមគ្រួសារ​អ្នកស្រី ហេង សុខា លិខិត​បញ្ជាក់នេះ​បាន​ក្លាយជា​រឿងរ៉ាវ​ឥតប្រយោជន៍។ បើទោះបីជា​ទាំងក្រុមហ៊ុន​ពិគ្រោះយោបល់ ហែនលី & ផាតណឺរស៍ និង​ក្រុមហ៊ុន រីសគ៍ អេដវ៉ៃសូរី សុទ្ធតែ​បាន​ផ្តល់ឱ្យ​គ្រួសារ​នេះ​នូវ​ភ្លើងខៀវ​ក្នុងការ​ដំណើរការ​នីតិវិធី​បន្ត​នៃ​កម្មវិធី​វិនិយោគ​ដើម្បី​ទទួលបាន​សញ្ជាតិ​ក៏ដោយ ក៏​រដ្ឋាភិបាល​នៃ​ប្រទេសម៉ាល់តា​ពុំបាន​ឯកភាព​ឡើយ។

នាយិកា​ផ្នែក​ទំនាក់ទំនង​សាធារណ​នៃ​ក្រុមហ៊ុន​ពិគ្រោះយោបល់ ហែនលី & ផាតណឺរស៍ អ្នកស្រី សារ៉ាហ៍ នីកលីន (Sarah Nicklin) ប្រាប់ វិទ្យុអាស៊ីសេរី តាម​សារអេឡិចត្រូនិក​ថា៖ «ពាក្យសុំ​របស់ពួកគេ​ត្រូវបាន​បដិសេធ​ដោយ​រដ្ឋមន្ត្រី​របស់​​រដ្ឋាភិបាល​នៃ​ប្រទេសម៉ាល់តា ដែល​ទទួលបន្ទុក​ខាង​កិច្ចការ​ផ្តល់​សញ្ជាតិ»

មន្ត្រី​រដ្ឋការ​ម្នាក់​ធ្វើការ​នៅ​ក្រសួង​មហាផ្ទៃ​នៃ​ប្រទេសម៉ាល់តា អ្នកស្រី ណាថាលី អាតារដ៏ (Nathalie Attard) ប្រាប់ វិទ្យុអាស៊ីសេរី តាម​សារអេឡិចត្រូនិក​ថា ក្រសួង​របស់​អ្នកស្រី​នឹងមិន​បញ្ជាក់ ហើយ​ក៏​មិន​បដិសេធ ជុំវិញ​រឿងរ៉ាវ​ដែលថា អ្នកស្រី ហេង សុខា និង​លោក អ៊ឹង ប៊ុនហូវ ធ្លាប់បាន​ដាក់ពាក្យ​សុំ​សញ្ជាតិ​ម៉ាល់តា​នេះទេ។ អ្នកស្រី​បន្ថែមថា ផ្អែកតាម​ច្បាប់​ស្តីពី​សញ្ជាតិ​របស់​ប្រទេសម៉ាល់តា «រដ្ឋមន្ត្រី​មិនចាំបាច់​បញ្ជាក់ពី​មូលហេតុ​ណាមួយ​ក្នុងការ​ផ្តល់ឱ្យ ឬក៏​បដិសេធ​មិនផ្តល់​ឱ្យ​នូវ​ពាក្យស្នើសុំ​សញ្ជាតិ​ម៉ាល់តា​នេះឡើយ»

អ្នកស្រី សារ៉ា នីកលីន គូសបញ្ជាក់​ថា ការទទួលខុសត្រូវ​សម្រាប់ការ​ពិនិត្យពិច័យ​រកភាព​មិនប្រក្រតី​នានា គឺ «ស្ថិតនៅ​ក្នុង​ដៃ​របស់​រដ្ឋ​អធិបតេយ្យ​ដែលពាក់ព័ន្ធ» ហើយថា​ការត្រួតពិនិត្យ​ណាមួយ​ដែលធ្វើឡើង​ដោយ​ក្រុមហ៊ុន​ឯកជន «គ្រាន់តែ​ជា​ជំហាន​បឋម​មួយ​នៅមុនពេល​ដំណើរការ​បន្ត​ដោយ​ភាគី​រដ្ឋាភិបាល​តែប៉ុណ្ណោះ»

ទោះជាយ៉ាងណា​ក៏ដោយ អ្នកស្រី​និយាយថា ក្រុមហ៊ុន​ពិគ្រោះយោបល់ ហែនលី & ផាតណឺរស៍ បាន​វិនិយោគ «ទាំង​ពេលវេលា និង​មូលធន​គួរឱ្យ​កត់សម្គាល់ ក្នុងការ​បង្កើត​នូវ​រចនាសម្ព័ន្ធ​សាជីវកម្ម​មួយ​ដែល​គាំទ្រឱ្យមាន​អភិបាលកិច្ច​តាមរយៈ​ការអនុវត្ត​ប្រសើរ​បំផុត និង​កម្រិត​ខ្ពស់បំផុត​នៃ​ដំណើរការ​ពិនិត្យពិច័យ​ហ្មត់ចត់​ដើម្បី​ស្វែងរក​ភាពមិនប្រក្រតី​នានា សូម្បីតែ​នៅមុនពេល​បញ្ជូន​ពាក្យសុំ​លិខិតឆ្លងដែន​របស់​អតិថិជន​ទៅឱ្យ​​រដ្ឋ​អធិបតេយ្យ​ណាមួយ​ពិចារណា​ក៏ដោយ»

បើយោងតាម​អ្នកស្រី សារ៉ាហ៍ នីកលីន ការត្រួតពិនិត្យ​ធ្វើឡើង​ដោយ​រដ្ឋាភិបាល​ម៉ាល់តា​ខ្លួនឯង ប្រើប្រាស់​នូវ «ការពិនិត្យ​ពិច័យ​រក​ភាពមិនប្រក្រតី​ក្នុងកម្រិត​ខ្ពស់​ប្លែកខុសពី​ធម្មតា​មួយ» ដែលធ្វើឱ្យ​កម្មវិធី​ទទួលបាន​សញ្ជាតិ​តាមរយៈ​ការវិនិយោគ​របស់​ប្រទេសនេះ មាន​អត្រា​បដិសេធ​ពី ២៥ ទៅ ៥០ ភាគរយ។

អ្នកស្រី​បានបន្ថែម​ថា៖ «ដូច្នេះ វានឹងក្លាយជា​ការយល់ខុស​​ក្នុងការ​យល់ថា ដំណើរការ​ពិនិត្យពិច័យ​ហ្មត់ចត់​រកភាព​មិនប្រក្រតី​នៅក្នុង​កម្មវិធី​ដែល​អនុវត្ត​នៅ​ក្នុង​ប្រទេសម៉ាល់តា ឬ​នៅទីកន្លែង​ដទៃទៀត​មាន​ភាពទន់ខ្សោយ ឬក៏ថា ប្រទេស​ទាំងនេះ​គឺជា​យាន​ដ៏ល្អមួយ​សម្រាប់​ឧក្រិដ្ឋជន​ដែលជា​អ្នកមាន​ទ្រព្យសម្បត្តិ​ស្តុកស្តម្ភ​ប្រើប្រាស់​ដើម្បី​គេចចេញ​ពី​សំណាញ់​ច្បាប់​យ៉ាងងាយស្រួលនោះ»«ក៏ប៉ុន្តែ តាមការពិត រឿងរ៉ាវ​គឺ​ផ្ទុយ​ពីនេះ​ទៅវិញទេ»

ទាំងលោក អ៊ឹង ប៊ុនហូវ និង​ទាំងអ្នកស្រី ហេង សុខា មិនបាន​ឆ្លើយតប​ទៅនឹង​ទូរស័ព្ទ សារតាម​ទូរស័ព្ទ ឬ​សារអេឡិចត្រូនិក​ដើម្បី​ស្នើសុំ​អត្ថាធិប្បាយ​ជុំវិញ​រឿងនេះ​ឡើយ។

វិថី​ឆ្ពោះទៅ​កាន់​លិខិតឆ្លងដែន​សាកល

ក៏ប៉ុន្តែ នៅពេល​ដែល​ក្តី​សុបិន​ចង់បាន​សញ្ជាតិ​ម៉ាល់តា​របស់​ប្តីប្រពន្ធ​មួយគូ​នេះ ត្រូវបាន​ប៉ះទង្គិច​ដោយ​ដំណើរការ​នៃ​នីតិវិធី​ពិនិត្យពិច័យ​យ៉ាងហ្មត់ចត់​របស់​រដ្ឋាភិបាល​នៃ​ប្រទេសនេះ ការបដិសេធ​នេះ​បាន​ក្លាយជា​ការរាំងស្ទះ​ក្នុងរយៈពេល​ខ្លីមួយ​ចំពោះ​​ការចង់ក្លាយជា​ពលរដ្ឋ​កម្រិត​អន្តរជាតិ​នៃ​ប្រវត្តិ​របស់​ក្រុមគ្រួសារ​នេះ។

ជាពិសេស គឺសម្រាប់​អ្នកស្រី ហេង សុខា ខ្លួនឯង​ដែល​ប្រកាន់​យក​ជីវិត​រស់នៅ​តាមបែប​ជិះយន្តហោះ​ឯកជន​ហ៊ឺហា។ ទំព័រ​ប្រូហ្វាល (Profile) អ៊ីនស្តាក្រាម (Instagram) របស់​អ្នកស្រី ពោរពេញ​ទៅដោយ​រូបថត​ជាច្រើន​សន្លឹក​របស់​អ្នកស្រី​ជិះយន្តហោះ​ឯកជន។ ក្នុងរូបភាព​ជាច្រើន​សន្លឹកនោះ អ្នកស្រី​បាន​ថត​កាន់ការបូប​យួរដៃ​ម៉ាក អឺរម៉េស បឺរគីន (Hermès Birkin) តម្លៃ ៩ម៉ឺន​៥ពាន់​ដុល្លារ។ កូនៗ​របស់​ប្តីប្រពន្ធ​មួយគូ​នេះ ក៏សុទ្ធតែ​ត្រូវបាន​បញ្ជូន​ឱ្យទៅ​រៀនសូត្រ​នៅសាលា​ឯកជន និង​សាកលវិទ្យាល័យ​នានា​នៅ​ប្រទេស​អង់គ្លេស (England) និង​បែលហ្សិក (Belgium)

IngHengTravel.png
កម្រងរូបភាព​ជ្រើសរើស​ចេញពី​ទំព័រ​អ៊ីនស្តាក្រាម​របស់​អ្នកស្រី ហេង សុខា ចុះ​ថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២១ ដែល​អ្នកស្រី ហេង សុខា យួរ​ការបូប​យួរដៃម៉ាក អឺរម៉េស បឺរគីន ប្រកបដោយ​មោទនភាព។

នៅខែកញ្ញា​ក្នុងឆ្នាំ​ដដែលនោះ​ក្រោយពេលដែល​អ្នកស្រី​ទទួលបាន​នូវ​ការបដិសេធ​ពាក្យសុំ​លិខិតឆ្លងដែន​ពី​ប្រទេសម៉ាល់តា អ្នកស្រី ហេង សុខា បាន​បង្កើត​ក្រុមហ៊ុន​សាជីវកម្ម​មួយ​នៅប្រទេស​សិង្ហបុរី ដែលមាន​ឈ្មោះថា ក្រុមហ៊ុន ដូនពេញ ភីធីអ៊ី អ៊ិលធីឌី (Daun Penh Pte Ltd)ការវិភាគ​របស់ វិទ្យុអាស៊ីសេរី កាលពី​ដើមឆ្នាំនេះ បាន​រកឃើញ​ថា ក្រុមហ៊ុននេះ​ពុំ​បាន​ចេញផ្សាយ​នូវ​គណនី​ប្រចាំឆ្នាំ​ឡើយ ក៏ប៉ុន្តែ​ព័ត៌មាន​ដែល​អាច​រកបាន​ជា​សាធារណៈ​បង្ហាញថា ក្រុមហ៊ុននេះ​កាន់កាប់​ការវិនិយោគ​មាន​តម្លៃច្រើន​ជាង ៣១លានដុល្លារ នៃ​មូលធន​ភាគហ៊ុន​ដែល​អ្នកស្រី​បាន​បង់រួច​ទាំងស្រុង​នៅ​គ្រាដំបូង។

នៅឆ្នាំ២០២០ អ្នកស្រី ហេង សុខា បានទិញយក​ក្រុមហ៊ុន ខុននិកធឹម អ៊ិលធីឌី (Connectum Ltd) ជា​ក្រុមហ៊ុន​ផ្តល់​សេវាកម្ម​ទូទាត់​សាច់ប្រាក់​របស់​អង់គ្លេស​មួយ ដែលដើរតួ​ជា​ឈ្មួញកណ្ដាល​រវាង​អាជីវកម្ម​លក់រាយ អតិថិជន​របស់​ពួកគេ និងក្រុមហ៊ុន​ផ្តល់កម្ចី ក្រេឌីត កាត នានា។ ការទិញ​ក្រុមហ៊ុន​នេះ​ដោយ​អ្នកស្រី ហេង សុខា ត្រូវបាន​រាយការណ៍​ជាលើកដំបូង​ដោយ វិទ្យុអាស៊ីសេរី កាលពី​ខែឧសភា ឆ្នាំ២០២១ ជាមួយនឹង​​ការលាតត្រដាង​ថា អតីត​ម្ចាស់ដំបូង​របស់​ក្រុមហ៊ុននេះ​ធ្លាប់មាន​ចំណងទាក់ទង​ទៅនឹង​ស្ថាប័ន​ហិរញ្ញវត្ថុ​បែប​បោកប្រាស់ ដែលបាន​ជាប់ពាក់ព័ន្ធ​នឹង​អំពើលាងលុយ​កខ្វក់​ទ្រង់ទ្រាយ​ធំ។ ៧ខែក្រោយមកទៀត វិទ្យុអាស៊ីសេរី បាន​ផ្សាយ​លម្អិត​នូវ​ទិន្នន័យ​ធនាគារ និង​របាយការណ៍​ប៉ូលិស ព្រមទាំង​ឯកសារ​ប្រាស្រ័យ​ទាក់ទង​ដោយ​ថ្នាក់ដឹកនាំ​របស់​ក្រុមហ៊ុន ខុននិកធឹម នេះ ដែលបង្ហាញថា ក្រុមហ៊ុននេះ​ធ្លាប់បាន​អនុញ្ញាត​ឱ្យ​ទឹកប្រាក់រាប់លាន​ដុល្លារ​ជាមូលនិធិ​របស់​ឧក្រិដ្ឋជន​ឆ្លងកាត់តាម​គណនី​ជាច្រើន​របស់ខ្លួន។

មិនថា​ជាយ៉ាងណាទេ ជុំវិញ​រឿងរ៉ាវ​អំពីអ្នកស្រី ហេង សុខា ដែលធ្វើឱ្យ​រដ្ឋាភិបាល​ម៉ាល់តា​រង្កៀស​ចិត្ត​ដោយ​គិតថា​អ្នកស្រី​មានភាព​មិនស្មោះត្រង់ ឬបាន​ធ្វើខុសនោះ អាជ្ញាធរ​ប្រតិបត្តិ​ផ្នែក​ហិរញ្ញវត្ថុ (FCA) របស់​ចក្រភព​អង់គ្លេស ហាក់បីដូចជា​មិន​បាន​គិតគូរ​យ៉ាងដូច្នេះទេ។ រាល់​ការកែប្រែ​កម្មសិទ្ធិ​នៅក្នុង​ក្រុមហ៊ុន​ផ្តល់សេវាកម្ម​ហិរញ្ញវត្ថុ​នៅ​អង់គ្លេស ត្រូវតែ​ទទួលបាន​នូវ​ការឯកភាព​ពី​អាជ្ញាធរ​ FCA នេះ។ យោងតាម​គណនី​ទើបនឹងចេញផ្សាយ​ចុងក្រោយ​របស់​ក្រុមហ៊ុន ខុននិកធឹម ការឈាន​ទៅ​កាន់កាប់​ក្រុមហ៊ុននេះ​ដោយ​អ្នកស្រី ហេង សុខា ទទួលបាន​នូវ​ការឯកភាព​​ពី​អាជ្ញាធរ FCA នេះ។

អ្នកនាំពាក្យ​ឱ្យ​ស្ថាប័ន​អាជ្ញាធរ FCA បាន​បដិសេធ​មិនផ្តល់​អត្ថាធិប្បាយ​ជុំវិញ​រឿងនេះទេ ដោយ​និយាយថា ភ្នាក់ងារ​របស់លោក «មិនអាច​អត្ថាធិប្បាយ​ទៅលើ​ក្រុមហ៊ុន​នីមួយៗ​បានឡើយ»។ ក្រុមហ៊ុន ខុននិកធឹម មិនបាន​ឆ្លើយតប​ទៅនឹង​សំណើ​សុំ​អត្ថាធិប្បាយ​ជុំវិញ​រឿងរ៉ាវ​ដែល​ថា​រដ្ឋាភិបាល​ម៉ាល់តា បាន​បដិសេធ​ពាក្យសុំ​លិខិតឆ្លងដែន​​របស់​ម្ចាស់ក្រុមហ៊ុន​ពួកគេ​នេះឡើយ។

ការកាន់​សញ្ជាតិ​ពីរ និង​លេស​នៃ​ការទម្លាក់​កំហុស

ការមិនពេញចិត្ត​របស់​លោក ហ៊ុន សែន ចំពោះ​ការមាន​សញ្ជាតិ​ពីរ​ក្នុងចំណោម​អ្នកនយោបាយ​នៅ​កម្ពុជា មិនមែន​ជារឿងរ៉ាវ​ថ្មីថ្មោង​នោះទេ បើទោះបីជា​អារម្មណ៍​នៃការ​មិនពេញចិត្ត​ជុំវិញរឿង​មាន​សញ្ជាតិ​ពីរ​នេះ​បាន​វិវត្តន៍​អស់រយៈពេល​ជាច្រើនឆ្នាំ​ក៏ដោយ។ លោក ហ៊ុន សែន បាន​តិះដៀល​ដល់​ការអនុវត្ត​ដូច្នេះ​ក្នុងពេល​ធ្វើ​សន្និសីទ​សារព័ត៌មាន​មួយ​កាលពី​ខែឧសភា ឆ្នាំ១៩៩៦។

លោក ហ៊ុន សែន បាន​និយាយថា៖ «នៅពេលដែល​ប្រពន្ធមួយ​ខឹងនឹង​គាត់ អ្នកនយោបាយ​រូបនោះ​រត់ទៅឱប​ក្រសោប​ប្រពន្ធ​មួយទៀត។ គាត់លួច​សម្ភារៈ​ពីកន្លែងមួយ ហើយ​យកទៅ​លាក់ទុក​នៅកន្លែង​មួយទៀត»«អ្នកនយោបាយ​គួរមាន​សញ្ជាតិ​តែមួយ​ប៉ុណ្ណោះ ដើម្បី​ទទួលខុសត្រូវ​ទាំងស្រុង​ចំពោះ​ជាតិ និង​ដើម្បី​ឱ្យមាន​សមធម៌​រវាង​សញ្ជាតិ​ទាំងពីរ»

HunSen97Cigarette.jpg
ក្នុង​រូបថត​ឯកសារ​កាលពី​ថ្ងៃទី១៩ ខែមេសា ឆ្នាំ១៩៩៧ អតីត​នាយករដ្ឋមន្ត្រី​ទីពីរ​កម្ពុជា​កាលពី​ពេលនោះ គឺលោក ហ៊ុន សែន កំពុង​ជក់បារី​ក្នុងពេល​ធ្វើ​សន្និសីទ​សារព័ត៌មាន​មួយ​នៅឯ​គេហដ្ឋាន​របស់លោក​នៅក្រុងតាខ្មៅ ស្ថិតនៅ​ប៉ែកខាងត្បូង​រាជធានី​ភ្នំពេញ ប្រទេសកម្ពុជា។ (រូប៖ អេភី/ឆាលដ៍ ដារ៉ាផាក់ (AP/Charles Dharapak)

នៅពេលនោះ លោកគឺជា​សហនាយករដ្ឋមន្ត្រីទីពីរ​ក្នុង​រដ្ឋាភិបាល​សម្ពន្ធភាព​ដ៏​ផុយស្រួយ​មួយ​ជាមួយ​​គណបក្ស​រាជានិយម​ហ៊្វុនស៊ិនប៉ិច ដែល​ភាគច្រើន​ជាអ្នកនយោបាយ​មិនសូវល្បីឈ្មោះ​រស់នៅ​ឯនាយសមុទ្រ​រាប់​ទសវត្សរ៍​មុនពេល​ពួកគេ​ត្រលប់​មក​កម្ពុជា​វិញ។ គណបក្ស​ប្រជាជន​កម្ពុជា​បាន​ប៉ុនប៉ង​ឱ្យមាន​ខចែង​មួយ​នៅក្នុង​ច្បាប់​ស្តីពី​សញ្ជាតិ ដែលនឹង​ដកហូត​ការមាន​សញ្ជាតិពីរ​សម្រាប់​ថ្នាក់ដឹកនាំ​នយោបាយ។ គណបក្ស​នេះបាន​លើកឡើង​ពី​កង្វល់​អំពី​សន្តិសុខជាតិ​ជុំវិញ​ការបែងចែក​ភក្តីភាព។

ប៉ុន្តែ ច្បាស់ណាស់ថា ទោះបី​មូលហេតុ​បែប​មនោគមន៍វិជ្ជា​ណាមួយដែល​គណបក្ស​ប្រជាជន​កម្ពុជា​បំផុសឡើង​ក៏ដោយ ក៏ការជំរុញ​ឱ្យអ្នកនយោបាយ​ជាន់ខ្ពស់​មាន​សញ្ជាតិ​តែមួយនេះ​មាន​គោលដៅ​ជា​ការកេង​ចំណេញ​នយោបាយ​ច្រើនជាង។ កម្ពុជា​កាលនោះ​នៅ​សល់​ពីរឆ្នាំទៀត​ដល់​ការបោះឆ្នោត​ថ្នាក់ជាតិ​ជាលើកទីពីរ​ដែល​មិនធ្លាប់មាន​ក្នុងរយៈពេល​រាប់សិប​ទសវត្សរ៍​មកនោះ។ គណបក្ស​ប្រជាជន​កម្ពុជា​បាន​បាត់បង់​សំឡេងឆ្នោត​គាំទ្រ​ទូទៅ​នៅក្នុង​ការបោះឆ្នោត​ជាលើកដំបូង​កាលពីឆ្នាំ១៩៩៣ ហើយ​ទើបតែ​នៅពេលនោះទេ​ ដែល​នៅក្នុង​ជួរ​រដ្ឋាភិបាល គណបក្សនេះ​បាន​គំរាម​គណបក្ស​ហ៊្វុនស៊ិនប៉ិច ជុំវិញ​រឿងកើតមាន​សង្គ្រាមស៊ីវិល​ឡើងវិញនេះ។ ប្រសិនបើ​ខចែងនោះ​ត្រូវបាន​អនុម័ត​កាលពីពេលនោះមែន នោះវានឹង​បាន​ក្លាយជា​ការបង្ខំ​ឱ្យ​គូបដិបក្ខ​ដ៏មាន​ប្រជាប្រិយភាព​របស់​លោក ហ៊ុន សែន មួយ​ចំនួនធំ​ត្រូវ​ជ្រើសរើស​រវាង​ជម្រើស​នៃ​លិខិតឆ្លងដែន​ទីពីរ និង​តំណែង​នយោបាយ​របស់​ពួកគេ។

ពាក់កណ្តាល​កន្លះ​សតវត្ស​ក្រោយមក ពុំមាន​សំឡេង​ប្រឆាំង​ដ៏មាន​អត្ថន័យ​នៅក្នុង​សភាជាតិ ប្រឆាំងនឹង​គណបក្ស​ប្រជាជន​កម្ពុជា​ឡើយ។ សព្វថ្ងៃនេះ លោក ហ៊ុន សែន ដឹងថា​ការគំរាមកំហែង​ដ៏ធំបំផុត​ទៅនឹង​ការដឹកនាំ​របស់លោក គឺ​កើតចេញមក​ពី​កត្តា​ផ្ទៃក្នុង​ក្នុងចំណោម​មន្ត្រីជាន់ខ្ពស់​នៅក្នុង​ជួរ​គណបក្ស​របស់លោក។ កាលពី​ខែតុលា ឆ្នាំកន្លងទៅ លោកបាន​បង្ខំ​ចិត្ត​រឹតត្បិត​តំណែង​កំពូលបំផុត​នៅក្នុង​ព្រះរាជាណាចក្រ​នេះ សម្រាប់​តែ​ឥស្សរជន​នយោបាយ​ដែល​មាន​សញ្ជាតិ​ខ្មែរតែមួយ ​តាមរយៈ​ការធ្វើ​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ។ ចាប់ពី​ពេលនេះ​តទៅ អ្នកមាន​សញ្ជាតិពីរ​ជាច្រើននាក់​នៅក្នុង​ជួរថ្នាក់ដឹកនាំ​កាន់អំណាច​របស់​កម្ពុជា នឹងត្រូវបាន​ហាមប្រាម​មិនឱ្យ​ក្លាយជា​នាយករដ្ឋមន្ត្រី ប្រធាន​រដ្ឋសភា​ជាតិ ប្រធាន​ព្រឹទ្ធសភា ឬ​ប្រធាន​ក្រុមប្រឹក្សា​ធម្មនុញ្ញ​ឡើយ។ ថាតើ​ច្បាប់​នេះ​នឹង​បញ្ឈប់​នូវ​លំហូរ​​នៃ​មន្ត្រីជាន់ខ្ពស់​របស់​គណបក្សនេះ​ក្នុងការ​​ស្វះស្វែង​​បម្លែង​ភាពមានបាន​ដែល​​ពួកគេ​ប្រមូលបាន​នៅក្នុង​ប្រទេស​របស់​ពួកគេ​ឱ្យក្លាយ​ទៅជា​ការទទួលបាន​លិខិតឆ្លងដែន​ទីពីរ​សម្រាប់​ពួកគេ និង​កូនៗ​របស់​ពួកគេ​បាន​យ៉ាងណានោះ គេនៅ​រង់ចាំមើល​តទៅទៀត៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

រឿង​ដែល​គេ​អាន​​ច្រើន​បំផុត
RFA
លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ប្រកាស​មិន​ជួប​អ្នក​គាំទ្រ នៅ​បុរី​ញូវយ៉ក ខណៈ​គណបក្ស​ប្រឆាំង​គ្រោង​ធ្វើ​បាតុកម្ម​ប្រឆាំង​លោក
បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។