សកម្មជនគណបក្សប្រឆាំងម្នាក់ភៀសខ្លួននៅប្រទេសថៃ ចូលមន្ទីរពេទ្យព្យាបាលរបួសនៅទីក្រុងបាងកក បន្ទាប់ពីរើបម្រាស់រត់គេចខ្លួនពីមនុស្ស២នាក់ដែលអះអាងថារូបគេជាប៉ូលិសខ្មែរដេញចាប់បញ្ជូនត្រឡប់នៅកម្ពុជាមិនបានសម្រេចកាលពីយប់ថ្ងៃទី២២ធ្នូកន្លងទៅ។ មន្ត្រីសង្គមស៊ីវិល ចាត់ទុករឿងនេះថា ជាការធ្វើទុក្ខបុកម្នេញផ្នែកនយោបាយមកលើសកម្មជនបក្សប្រឆាំង។
សកម្មជនគណបក្សសង្គ្រោះជាតិខេត្តបាត់ដំបង ដែលភៀសខ្លួននៅក្រៅប្រទេស លោក សួន ចំរើន រៀបរាប់ថាកាលពីយប់ថ្ងៃទី២២ ធ្នូ វេលាម៉ោង ៩កន្លះ មានមនុស្ស២នាក់បានអះអាងថាពួកគេជាប៉ូលិសខ្មែរ បានយកដំបូងឆក់កញ្ចឹងក និងវាយដំមកលើរូបលោកជាច្រើនកន្លែង ដើម្បីចាប់បង្ខំលោកឱ្យចូលក្នុងរថយន្តបញ្ជូនត្រឡប់ទៅកម្ពុជាវិញ។លោកបន្ថែមថា នៅពេលនោះលោកខំប្រឹងរើបម្រាស់រត់ចូលទៅហាងលក់ទំនិញមួយកន្លែងនៅទីក្រុងបាងកក ដើម្បីឱ្យជនជាតិថៃជួយ ក៏ប៉ុន្តែដំបូងឡើយពុំមានអ្នកហ៊ានជួយលោកទេ ព្រោះជនទាំង២នាក់នោះបានប្រាប់ថាពួកគេជាប៉ូលិស។
លោកបញ្ជាក់ថា ប្រមាណ ៥នាទីក្រោយមក លោកស្រែកជាភាសាថៃឱ្យគេជួយ និងប្រឹងរើបម្រាស់ផង ទើបមានមនុស្សជាច្រើននាក់បានចេញមកមើល ហើយប៉ូលិសទាំងនោះក៏បានបន្ធូរដៃ រួចលោកក៏រត់គេចខ្លួនតែម្ដង។ លោកបញ្ជាក់ថា ការប្រតាយប្រតប់គ្នានោះ បានធ្វើឱ្យលោករងរបួសចុកចាប់ពេញខ្លួន ហើយត្រូវចូលព្យាបាលរបួសនៅមន្ទីរពេទ្យក្នុងក្រុងបាងកក៖ «ហើយប្រដាប់ឆករបស់វាហ្នឹងវាខ្ញុំទាល់តែអស់ភ្លើង ហើយខ្លួនខ្ញុំសុទ្ធតែស្នាមឆក់ មានជង្គង់កែងដៃ ទ្រូង និងភ្នែកខ្ញុំ ហើយកខ្ញុំវាវាយនិងឆក់រហូត។បើតាមខ្ញុំយល់គឺពួកហ្នឹងមកចាប់ខ្ញុំដោយខុសច្បាប់ ព្រោះអត់មានភ្នាក់ងាររបស់ថៃ មកជាមួយទេ។ខ្ញុំថារឿងនេះគឺរដ្ឋាភិបាលក្រុងភ្នំពេញបញ្ជូនឱ្យមកចាប់ខ្ញុំ ហើយបើចាប់ខ្ញុំបានព្រឹកទៅដល់ខ្មែរឬវាអាចសម្លាប់ខ្ញុំចោលក៏មិនដឹងដែរ » ។
សាក្សីម្នាក់ដែលបានទៅដល់ទីនោះប្រមាណ ១០នាទីក្រោយពេលកើតហេតុ លោក ករុណា ពៅ ថ្លែងថា រថយន្តរបស់ជនបង្ក ជាប្រភេទរថយន្តទេសចរ ១២កៅអី ។លោកបន្តថានៅពេលលោកទៅដល់ឃើញរថយន្តកំពុងបើកភ្លើងហ្វាចតនៅក្បែរកន្លែងកើតហេតុ និងមិនទាន់ចេញដំណើរពីទីនោះនៅឡើយទេ។ លោកកត់សំគាល់ថា កន្លងមកជនល្មើសបានប្រើរថយន្តប្រភេទនេះចាប់សកម្មជនគណបក្សសង្គ្រោះជាតិ បានជាច្រើននាក់ហើយ មានដូចជា លោក តោ និមល និង អ្នកស្រី សំ សុខា ជាដើម៖ «ឡានហ្នឹងមានស្លាកលេខថៃ ប៉ុន្តែខ្មែរនៅក្នុងឡានហ្នឹងរួចចេញធ្វើសកម្មភាព២នាក់ និងមាន២នាក់ទៀតចាំនៅក្នុងឡាន សរុបប្រហែល៤នាក់។បើគាត់មិនរើបម្រាស់ទេ គឺថាដំបងឆក់ផងវ៉ៃផងគឺថាសន្លប់បាត់ហើយ ហើយក្រោយពីសន្លប់គេដាក់បញ្ចូលឡានដឹកនាំទៅខ្មែរហើយ តែដោយសារតែគាត់ស្រែឆោឡោរត់របូតអាវរបូតខោនៅសល់តែខោខ្លីរត់ឱ្យគេជួយ » ។
ទាក់ទងនឹងបញ្ហានេះ អ្នកនាំពាក្យអគ្គស្នងការនគរបាលជាតិលោក ឆាយ គឹមខឿន ប្រាប់អាស៊ីសេរីថា ប៉ូលិសកម្ពុជាពុំបានទៅចាប់សកម្មជនគណបក្សប្រឆាំងនៅប្រទេសថៃដូចការចោទប្រកាន់នោះឡើយ។លោកបន្តថា សព្វថ្ងៃពុំមានកម្លាំងរបស់សកម្មជនគណបក្សសង្គ្រោះជាតិនៅទីក្រុងបាងកក ដែលធ្វើឱ្យរដ្ឋាភិបាលរបស់លោកព្រួយបារម្ភនោះទេ៖ «អ្នកណាអ្នកប្រាប់ ហើយមានសាក្សីទេ ព្រោះខ្មែរនិងថៃមុខដូចតែគ្នាហ្នឹង ខ្មែរក៏ចេះនិយាយថៃ ហើយថៃក៏ចេះនិយាយខ្មែរដែរហ្នឹង មិនដឹងពីណាផង ហើយចេះតែមកចោទប៉ូលិសខ្មែរម៉េចកើត។ខ្ញុំមិនជឿថាកម្លាំងមានសមត្ថកិច្ចរបស់កម្ពុជាហ៊ានទៅប្រព្រឹត្តអំពើស្អីនៅលើអធិបតេយ្យភាពប្រទេសមួយទេ ខ្ញុំមិនជឿទេ វាគ្រាន់តែការចោទប្រកាន់ដោយគ្មានមូលដ្ឋានច្បាស់លាស់ទេ » ។
អ្នកនាំពាក្យសមាគមការពារសិទ្ធិមនុស្ស អាដហុក (Adhoc) លោក សឹង សែនករុណា កត់សំគាល់ថា ស្ថានការណ៍នយោបាយប្រមាណ២សប្ដាហ៍មកនេះ ហាក់ឡើងកម្ដៅមកវិញ ដូចជាកាលពីថ្ងៃទី២២ធ្នូកន្លងទៅអាជ្ញាធរបានចាប់សកម្មជនគណបក្សប្រឆាំងម្នាក់នៅខេត្តកំពង់ឆ្នាំងដាក់គុក និងករណីជនមិនស្គាល់មុខលួចវាយសកម្មជនបក្សប្រឆាំងបែកក្បាលជាដើម។ លោក បន្តថា ករណីមនុស្សតាមចាប់សកម្មជនបក្សប្រឆាំងនៅទីក្រុងបាងកក គឺជាការធ្វើទុក្ខបុកម្នេញផ្នែកនយោបាយ ដោយសារពួកគាត់តែងធ្វើសកម្មភាពប្រឆាំងនឹងរដ្ឋាភិបាល៖ «ហើយយើងដឹងហើយបច្ចុប្បន្ននេះកំពុងតែមានភាព រឹតត្បិតខ្លាំង ហើយការរឹតត្បិតនេះយើងឃើញហើយនៅកម្ពុជា គឺសកម្មជននយោបាយចាប់ផ្ដើមភ័យខ្លាចលេងហ៊ានបញ្ចេញមតិហើយនៅក្នុងប្រទេស។អីចឹងហើយយើងឃើញមានតែសកម្មជនដែលភៀសខ្លួនទៅក្រៅប្រទេសតែងតែមានថ្លែងសារនៅលើបណ្ដាញសង្គមលើកឡើងអំពីស្ថានភាពនយោបាយ។អីចឹងហើយខ្ញុំយល់ថា វាជាការបន្តតាមធ្វើទុក្ខបុកម្នេញ ដើម្បីបំបិទសំឡេងប្រឆាំងមិនឱ្យមានការរិះគន់រដ្ឋាភិបាលក្នុងពេលដឹកនាំបច្ចុប្បន្ន » ។
មន្ត្រីសង្គមស៊ីវិលរូបនេះនៅតែទទូចដល់រដ្ឋាភិបាលឱ្យឈប់ធ្វើទុក្ខបុកម្នេញមកលើសកម្មជនបក្សប្រឆាំងបន្តទៀត ហើយងាកមកចរចាត្រូវរ៉ូវគ្នាជាមួយគណបក្សប្រឆាំង ដើម្បីបញ្ចប់វិបត្តិនយោបាយនៅកម្ពុជា។ លោកថា ស្ថានការណ៍នយោបាយដូចសព្វថ្ងៃនេះ មិនមានប្រយោជន៍ដល់កម្ពុជានោះទេ ផ្ទុយទៅវិញនឹងធ្វើឱ្យប្រទេសខាតបង់សេដ្ឋកិច្ច ដោយសារសហភាពអឺរ៉ុបគ្រោងផ្ដាច់ការអនុគ្រោះពន្ធ EBA។
សកម្មជនគណបក្សប្រឆាំងភៀសខ្លួននៅថៃ អះអាងថា ថ្វីត្បិតតែមានការតាមយាយីពីសំណាក់អាជ្ញាធរកម្ពុជាយ៉ាងនេះក្ដី ក៏ពួកគាត់នៅតែសាមគ្គីគ្នារឹងមាំ ដើម្បីត្រៀមទទួលប្រធានស្ដីទីគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី ធ្វើមាតុភូមិនិវត្តន៍នៅពេលខាងមុខដដែល៕
(លោក សួន ចំរើន ជាសកម្មជនគណបក្សសង្គ្រោះជាតិ ខេត្តបាត់ដំបង)
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។