ក្រសួង​មហាផ្ទៃរឹ​ត​បន្តឹង​សន្តិសុខ​នៅអំឡុង​ពិធី​បុណ្យឯករាជ្យ​ជាតិ និង​បុណ្យ​អុំ​ទូក

ដោយ សេក បណ្ឌិត
2019.10.31
Share on WhatsApp
Share on WhatsApp
ស ខេង 102619 លោក ស ខេង រដ្ឋ​មន្ត្រី​​ក្រសួង​មហាផ្ទៃ
រូប៖ ហ្វេសប៊ុកលោក ស ខេង ថ្ងៃទី២៦ ខែ​តុលា ឆ្នាំ២០១៩

ក្រសួង​មហាផ្ទៃដាក់​ចេញ​នូវ​វិធានការ​​​រឹត​បន្តឹង​សន្តិសុខ​នៅអំឡុងពិធី​បុណ្យ​ឯករាជ្យ​ជាតិ និង​​ព្រះរាជពិធី​បុណ្យ​អុំ​ទូក​ ដោយសារ​តែ​ជា​ពេល​វេលា​នៃ​ការ​ប្រកាស​វិល​ចូល​ស្រុក​វិញ​របស់​លោក សម រង្ស៊ី និង​ថ្នាក់ដឹកនាំ​គណបក្ស​សង្គ្រោះជាតិត្រូវចំពេលតែមួយ។ មន្ត្រី​សិទ្ធិមនុស្ស​យល់​ថា វិធានការ​របស់​អាជ្ញាធរ​នេះ​រឹតត្បិត​សិទ្ធិសេរីភាព​ជាមូលដ្ឋាន​របស់​ប្រជាពលរដ្ឋ។

ក្រសួង​មហាផ្ទៃបញ្ជា​ឱ្យ​អភិបាល​រាជធានី​ខេត្ត​ទាំងអស់តាម​ដាន​សភាព​​ការណ៍​​នៅក្នុង​មូលដ្ឋាន​របស់​ខ្លួន​ឱ្យ​​បាន​ដិត​ដល់ និង​ត្រៀម​កម្លាំង​បង្រ្កាប​ក្រុម​​អ្នក​គាំទ្រ​គណបក្សសង្គ្រោះជាតិ​ដែល​ចង់​ទៅ​​ទទួល​ដំណើរ​មាតុភូមិ​និវត្តន៍​​របស់​លោក សម រង្ស៊ី ដែល​ក្រសួង​ចាត់​ទុក​ថា ជា​ការ​ប៉ុន​ប៉ង​ផ្តួល​រំលំរដ្ឋាភិបាល។ ក្រៅពីនេះ ក្រសួង​បាន​បញ្ជាឱ្យ​អាជ្ញាធរ​គ្រប់​រាជធានី​ខេត្ត​ បង្កើន​ការ​គ្រប់​គ្រង​ការ​ចេញ​ចូល​របស់​ប្រជាពលរដ្ឋ​នៅ​តាម​មុខ​សញ្ញានីមួយៗផងដែរ។

លោក ស ខេង រដ្ឋ​មន្ត្រី​​ក្រសួង​មហាផ្ទៃ ដាក់​បញ្ជា​បែបនេះទៅកាន់​អាជ្ញាធរ​គ្រប់​រាជធានី​ខេត្ត​​តាម​រយៈលិខិត​មួយ​ច្បាប់​នៅ​ថ្ងៃទី៣០ តុលា។ លោក​បាន​បញ្ជា​ឱ្យ​អាជ្ញាធរ​គ្រប់​រាជធានី​ខេត្ត​​ចុះ​អប់​រំ​ពលរដ្ឋ​ឱ្យ​ចៀសវាង​ការ​ចូល​រួម​ក្នុង​សកម្មភាព​​ណាមួយ​ពាក់ព័ន្ធ​នឹង​គម្រោង​វិល​ចូល​ស្រុក​វិញ​របស់​លោក​ សម រង្ស៊ី ។

ក្រៅពីវិធានការ​ប្រឆាំង​នឹង​គណបក្ស​សង្គ្រោះជាតិ ក្រសួង​មហាផ្ទៃ​ក៏​ដាក់​បញ្ជា​មួ​យចំនួន​ទៀត​ផង​ដែរ ដូច​ជា​​ ការ​តម្រូវ​ឱ្យ​អភិបាល​រាជ​ធានី​ខេត្ត​មាន​វត្តមាន​ជាប់​ជា​ប្រចាំនៅ​រាជធានី​ខេត្ត​​របស់​ខ្លួនចាប់​ពី​ដើម​ខែ​វិច្ឆិការហូត​ដល់​ចប់ពិធី​បុណ្យ​អុំ​ទូក និង​ចាត់​មន្ត្រី​ប្រចាំ​ការ​នៅ​តាម​មូលដ្ឋាន​ដើម្បី​ត្រៀម​ដោះស្រាយ​សភាព​ការណ៍​ចំពោះមុខ។ ជាង​នេះ​ទៅ​ទៀត ក្រសួង​បាន​បញ្ជា​ឱ្យអភិបាល​រាជធានី​ខេត្ត​​ត្រួត​ពិនិត្យ​វត្តមាន​កង​កម្លាំង​ក្រោម​ឱវាទ និង​បង្កើន​ការ​គ្រប់​គ្រង​វត្តមាន និង​ការ​បំពេញ​ការងារ​របស់​មន្ត្រីថ្នាក់​ក្រោម​ឱ្យ​បាន​ហ្មត់​ចត់​ផង​ដែរ។

អង្គការ​សង្គម​ស៊ីវិល​យល់​ថា វិធានការ​របស់​ក្រសួង​មហាផ្ទៃនេះ​ហាក់បង្ហាញ​ថា ប្រទេស​កម្ពុជា​កំពុង​ស្ថិត​គ្រា​មាន​អាសន្ន។

អ្នក​​សម្របសម្រួល​ផ្នែក​អង្កេតនៃ​អង្គការ​ខុម​ហ្វ្រែល (COMFREL) លោក កន សាវាង្ស យល់​​ថា ការការពារ​​សន្តិសុខ​នៅក្នុង​អំឡុង​ពិធី​បុណ្យ​ជាតិ​ ជារឿង​ចាំបាច់ ប៉ុន្តែ​លោក​ថា វិធានការ​របស់​ក្រសួង​មហាផ្ទៃនេះ មាន​លក្ខណៈរឹត​បន្តឹង​ខ្លាំង​ពេក​ ដែល​អាច​​បង្ក​ការ​ភ័យ​ខ្លាច​ដល់​ប្រជាពលរដ្ឋទៅវិញទេ។ ជាពិសេស លោក​ថា វិធានការ​ខ្លះ​ប៉ះពាល់​ដល់​សិទ្ធិសេរីភាពក្នុង​ការ​ដើរហើរ ការ​ជួប​ប្រជុំ និង​ធ្វើ​សកម្មភាព​នយោបាយ​របស់​ប្រជាពលរដ្ឋ៖ «សេរីភាពក្នុង​ការ​ដើ​រ​ហើរ ជួប​ជុំ សម្តែង​មតិ​ហ្នឹង គឺ​ជា​សេរីភាព​មួយ​ដែល​ជា​អាទិភាព​របស់​ប្រជាពលរដ្ឋ​ទូទៅ​ អ៊ីចឹង​បើ​សេរីភាព​ទាំង​អស់​នេះ​ត្រូវ​បាន​តាម​ដាន​ រឹត​បន្តឹង ​យើង​គិត​ថាវា​ជា​ការ​ព្រួយ​បារម្ភ និង​ការ​ភ័យ​ខ្លាច​មែន​ទែន​សម្រាប់​​ប្រជាពលរដ្ឋ​យើង»

មន្ត្រី​អង្គការ​សង្គម​ស៊ីវិល​រូប​នេះ​បារម្ភ​ថា អាជ្ញាធរ​ថ្នាក់ក្រោម​ជាតិ​អាច​នឹង​អនុវត្តសកម្មភាព​លើស​ពី​អ្វី​ដែល​ក្រសួង​បាន​ដាក់​ចេញ ហើយ​ខ្លឹមសារ​នៃ​បទ​បញ្ជា​នេះ​អាច​នឹងនៅមាន​សុពល​ភាព​ក្រោយ​ពិធីបុណ្យ​ឯករាជ្យ​ជាតិ និង​ព្រះរាជពិធី​បុណ្យ​អុំ​ទូក​ទៅទៀត។

លោក សម រង្ស៊ី ប្រធាន​ស្តីទីគណបក្ស​សង្គ្រោះជាតិ និង​ក្រុម​មេដឹកនាំបក្ស​ប្រឆាំងមួយ​ចំនួនទៀត បាន​ប្រកាស​វិល​ចូល​ស្រុក​វិញ​នៅ​ថ្ងៃទី០៩ វិច្ឆិកា ដែល​ចំ​ថ្ងៃ​បុណ្យ​ទិវាឯករាជ្យ​ជាតិ។ ​លោក​ សម រង្ស៊ី អះអាង​ថា ដំណើរ​មាតុភូមិនិវត្តន៍​របស់​ថ្នាក់​ដឹកនាំ​គណបក្ស​សង្គ្រោះជាតិ​នេះ គឺដើម្បី​ទៅ​ជួយ​សង្គ្រោះប្រទេស​កម្ពុជា​ពី​អំណាច​ផ្តាច់ការ​របស់​លោក ហ៊ុន សែន និង​វិបត្តិ​ជាតិ​ដទៃ​ទៀត​ដែល​របបក្រុង​ភ្នំពេញ​មិន​អាច​ដោះស្រាយ​បាន។

ទោះជាយ៉ាងណា របបលោក ហ៊ុន សែន បាន​ប្រកាស​រួច​ជា​ស្រេច​ហើយ​ថា នេះ​ជា​ផែន​ការ​ផ្តួល​រំលំ​រដ្ឋាភិបាល ហើយ​របបនេះ​នឹង​ចាប់​ខ្លួន​ជន​ណា​ក៏​ដោយ​ដែល​មាន​ពាក់ព័ន្ធនឹង​គម្រោង​វិល​ចូល​ស្រុក​របស់​លោក សម រង្ស៊ី។ បច្ចុប្បន្ននេះ អាជ្ញាធរ​បាន​បង្កើន​ការ​ចោទ​ប្រកាន់ និង​ចាប់​ខ្លួន​សកម្មជន​បក្ស​ប្រឆាំង​នៅ​តាម​មូលដ្ឋាន​​ជា​បន្ត​បន្ទាប់ ដោយចោទប្រកាន់​​ពី​បទរួម​គំនិត​ក្បត់​ជាតិ។

អ្នក​ជំនាញ​កិច្ច​ការ​បោះឆ្នោត​ និង​ប្រជាធិបតេយ្យ លោក កន សាវាង្ស ថ្លែង​ថា ប្រជាពលរដ្ឋ​មាន​សិទ្ធិពេញលេញ​ក្នុង​ការ​គាំទ្រ​អ្នក​នយោបាយ​ដែល​ខ្លួន​ពេញ​ចិត្ត ហើយ​ការ​ប្រកាស​​ទៅចូល​រួម​អម​ដំណើរ​​លោក សម រង្ស៊ី ពី​សំណាក់​អ្នក​គាំទ្រ​គណបក្ស​សង្គ្រោះជាតិ​នោះ មិន​មែន​ជាការ​ប្រព្រឹត្ត​បទល្មើស ឬជាបទ​ឧក្រិដ្ឋ​អ្វីនោះឡើយ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

រឿង​ដែល​គេ​អាន​​ច្រើន​បំផុត
RFA
ធនាគារ​ABA មិន​ព្រម​បើកប្រាក់​ជាង​១​ម៉ឺន ៥​ពាន់​ដុល្លារ ដែល​ឧបត្ថម្ភ​ដល់​បុគ្គលិក​ណាហ្គាវើលដ៍
រឿង​ដែល​គេ​អាន​​ច្រើន​បំផុត
នយោបាយ
គណបក្ស​ចំនួន​៣ ចូលរួម​ប្រកួត​ដណ្ដើម​កៅអី​ក្រុមប្រឹក្សា​ស្រុក​ក្រុង​ទើប​បំបែក​ថ្មី
បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។