មេឃុំស្រក មកពីគណបក្ស សម រង្ស៊ី លោក ស៊ាង ចែត នៅស្រុកកំពង់សៀម ខេត្តកំពង់ចាម នៅតែប្រកាន់ជំហរគាំទ្រគណបក្សសង្គ្រោះជាតិ ដដែល និងយកចិត្តទុកដាក់គិតគូរប្រយោជន៍ពលរដ្ឋរបស់ខ្លួនដូចដើម ក្រោយពីចេញពីពន្ធនាគារ ហើយបានចូលកាន់តំណែងជាមេឃុំឡើងវិញ។ ការអះអាងដូចនេះ ក្រោយពេលព្រះមហាក្សត្រចេញលិខិតព្រះរាជទានលើកលែងទោសរូបលោកកាលពីថ្ងៃទី៧ ធ្នូ ឲ្យមានសេរីភាពឡើងវិញ ទាក់ទងសំណុំរឿងសូកប៉ាន់សាក្សីក្នុងសំណុំរឿងនាង ខុម ចាន់តារាទី ហៅស្រីមុំ។
លោក ស៊ាង ចែត រៀបរាប់ថា ការរស់នៅក្នុងពន្ធនាគារគ្មានអនាម័យ ធ្វើឲ្យលោក និងអ្នកជាប់ឃុំដទៃទៀត ងាយនឹងឆ្លងមេរោគ ដែលងាយនឹងធ្វើឲ្យអ្នកជាប់ឃុំឈឺ។
លោក ស៊ាង ចែត ត្រូវបានអង្គភាពប្រឆាំងអំពើពុករលួយ នាំខ្លួនកាលពីថ្ងៃទី២៤ មេសា ដើម្បីសាកសួរជុំវិញរឿងទឹកប្រាក់ ២លានរៀល ឬស្មើប្រមាណ ៥០០ដុល្លារ បម្រុងនឹងប្រគល់ឲ្យក្រុមគ្រួសារនាងស្រីមុំ។
កាលពីថ្ងៃទី២៧ ខែមេសា សាលាដំបូងរាជធានីភ្នំពេញ បានសម្រេចបញ្ជូនមេឃុំ ស៊ាង ចែត ទៅឃុំខ្លួនបណ្ដោះអាសន្ននៅពន្ធនាគារព្រៃស ពាក់ព័ន្ធនឹងបទចោទសូកប៉ាន់សាក្សីតាមមាត្រា៥៤៨ នៃក្រមព្រហ្មទណ្ឌ។ រយៈពេលជាប់ឃុំក្នុងពន្ធនាគារប្រមាណ ៧ខែ លោក ស៊ាង ចែត ត្រូវប្រឈមបញ្ហាសុខភាពមួយចំនួន ម្យ៉ាងលោកនៅតែយល់ថា ការចោទប្រកាន់ និងការចេញសាលក្រមកាត់ទោសរូបលោកឲ្យជាប់ពន្ធនាគារ ៥ឆ្នាំ គឺជារឿងអយុត្តិធម៌។
សូមស្ដាប់បទសម្ភាសន៍របស់លោក សូត សុខប្រាថ្នា ជាមួយលោក ស៊ាង ចែត អំពីបញ្ហានេះ៖
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។