សមាជិកសភាអូស្រ្តាលីពីគណបក្សប្រឆាំងគឺគណបក្សពលករ (Labor Party)កំពុងជំរុញឲ្យរដ្ឋាភិបាលអូស្រ្តាលីចាប់អនុវត្តច្បាប់ថ្មី ឌឹ-ម៉ែកនីតស្គី-អែកធ៍ (the Magnitsky Act) លើមន្រ្តីនៃរដ្ឋាភិបាលរបស់លោក ហ៊ុន សែន ដែលចូលដៃរំលោភសិទ្ធិមនុស្សនិងបំផ្លាញប្រជាធិបតេយ្យធ្ងន់ធ្ងររួមទាំងបានយកទ្រព្យដ៏សម្បើមពីកម្ពុជាទៅលាក់ទុក និងសោយសុខនៅប្រទេសអូស្រ្តាលី។
សូមលោកអ្នកនាងស្តាប់បទសម្ភាសន៍រវាងអ្នករាយការណ៍ព័ត៌មានវិទ្យុអាស៊ីសេរីលោក មួង ណារ៉េត ជាមួយ សមាជិកសភាអូស្រ្តាលីពីគណបក្សប្រឆាំងលោក ម៉ាក់ បាត់ល័រ (Mark Butler) ជុំវិញរឿងនេះដូចតទៅ៖
សំណួរទី១៖ មុននឹងយើងជជែកពីរឿងដាក់ទណ្ឌកម្មតើលោកយល់យ៉ាងណាដែរ អំពីស្ថានភាពសិទ្ធិមនុស្ស និងប្រជាធិបតេយ្យនៅកម្ពុជាសព្វថ្ងៃ?
លោក ម៉ាក បាត់ល័រ (Mark Butler)៖ ក្នុងរយៈពេល ១០ ឆ្នាំចុងក្រោយនេះ ជាពិសេស តាំងពីលោក ហ៊ុន សែន វិះតែចាញ់ឆ្នោត នៅឆ្នាំ ២០១៣ នោះមក យើងតាមដានមើលពីអូស្រ្តាលី ឃើញប្រទេសកម្ពុជាចាប់ផ្តើមដាំក្បាលចុះ ទៅរករបប ប្រឆាំងប្រជាធិបតេយ្យ ទៅវិញ។ របបលោក ហ៊ុន សែន បានឈានដល់ចំណុចកំពូល នៅឆ្នាំ ២០១៨ នៃការបោះឆ្នោតមួយ នៅក្រោយការរម្លាយគណបក្សប្រឆាំង គឺគណបក្សសង្គ្រោះជាតិ ការចាប់លោក កឹម សុខា និងសកម្មជនជាច្រើនទៀតដាក់ពន្ធនាគារ និង អំពើរំលោភសិទ្ធិមនុស្សជាច្រើនទៀត ។
ប៉ុន្តែ អ្វីដែលរំខានចិត្តបំផុតនោះ គឺក្នុងអំឡុងពេលនៃវិបត្តិដោយសារជំងឺកូវីដ - ១៩ ស្ថានភាពរំលោភសិទ្ធិមនុស្ស និង បំផ្លាញប្រជាធិបតេយ្យនៅកម្ពុជា ក៏កាន់តែអាក្រក់ ដោយសារលោក ហ៊ុន សែន មើលទៅដូចខំប្រឹងបង្ក្រាបសំឡេងប្រឆាំង និង អ្នករិះគន់កាន់តែខ្លាំង ។ យុវជនដែលជាសកម្មជនសង្គម បរិស្ថាននិង ធនធានធម្មជាតិ សិទ្ធិមនុស្ស សិទ្ធិការងារ និងនយោបាយ សុទ្ធតែរងការបង្ក្រាប ។
សំណួរទី២៖ ប្រទេសអូស្រ្តាលីទើបតែអនុម័តច្បាប់ដាក់ទណ្ឌកម្មជាសាកល ឬ ឌឹ-ម៉ែកនីតស្គី-អែកធ៍ (the Magnitsky Act) កាលពីមុនដាច់ឆ្នាំ២០២១។ សមាជិកសភារបស់គណបក្សលោកមានចំណែកក្នុងការផ្តួចផ្តើមឲ្យមានច្បាប់នេះពីដំបូង។ តើហេតុអ្វីបានជាពួកលោកយល់ថាច្បាប់នេះសំខាន់?
លោក ម៉ាក បាត់ល័រ (Mark Butler)៖ នេះជាការតស៊ូដ៏យូរមួយនៅអូស្រ្តាលី ។ ដូចអ្នកស្តាប់វិទ្យុអាស៊ីសេរីបានជ្រាបដែរហើយ នៅអាមេរិក ១០ ឆ្នាំហើយ ដែលច្បាប់ដាក់ទណ្ឌកម្មនេះចូលជាធរមាន និងផ្តល់លទ្ធភាពឲ្យរដ្ឋាភិបាលដាក់ទណ្ឌកម្មលើបុគ្គល ។ នៅកាណាដា គេមានច្បាប់នេះ ៥ឆ្នាំហើយ ។ ចក្រភពអង់គ្លេសក៏មានច្បាប់នេះដែរ កាលពីឆ្នាំ ២០១៨។ សហភាពអឺរ៉ុបមានច្បាប់នេះ ពីរបីឆ្នាំដែរហើយ ។ ខាងគណបក្សពលករនៅអូស្រ្តាលី មិនសប្បាយចិត្តទេ ដែលរដ្ឋាភិបាលមិនព្រមអនុម័តច្បាប់នេះ តាំងពីយូរមកហើយ។ យើងស្នើច្បាប់នេះ កាលពីឆ្នាំ ២០១៨ និងកាលឆ្នាំមុន យើងរម្លឹកវាទៀត ។ តែយើងរីករាយ ដែលនៅទីបំផុត រដ្ឋសភាអូស្រ្តាលីអនុម័តច្បាប់នេះ កាលពីខែ ធ្នូ ឆ្នាំ ២០២១។ ដូច្នេះអាយុរបស់ច្បាប់នេះ ទើបតែបានប៉ុន្មានសប្តាហ៍ប៉ុណ្ណោះ។ ឥឡូវនេះយើងមានច្បាប់ ដែលអាចបង្កកទ្រព្យសម្បត្តិ បិទទិដ្ឋាការធ្វើដំណើរជាន់ទឹកដីអូស្រ្តាលី និង ទណ្ឌកម្មផ្នែកហិរញ្ញវត្ថុលើបុគ្គល ដែលចូលដៃក្នុងការរំលោភសិទ្ធិមនុស្ស និងបំផ្លាញអភិបាលកិច្ចល្អ និងនីតិរដ្ឋ។
សំណួរទី៣៖ តើបុគ្គលទាំងនោះមានច្រើនទេនៅប្រទេសអូស្រ្តាលីបើតាមការសង្កេតរបស់លោក?
លោក ម៉ាក បាត់ល័រ (Mark Butler)៖យើងដឹងថា បុគ្គលបែបនេះជាច្រើន ជាប់ពាក់ព័ន្ធនឹងរបបលោក ហ៊ុន សែន។ សូម្បីសមាជិកគ្រួសាររបស់លោក ហ៊ុន សែន ផ្ទាល់ មានទ្រព្យសម្បត្តិមហាសាលនៅអូស្រ្តាលី ។ ប្រព័ន្ធផ្សព្វផ្សាយជាច្រើន បានលាតត្រដាងទ្រព្យសម្បតិ្តរបស់ពួកគេ ។ អ្នកស្តាប់វិទ្យុអាស៊ីសេរី ប្រហែលបានអានអំពីការស៊ើបអង្កេត លម្អិតមួយ ដែលវិទ្យុអាស៊ីសេរីបាន ផ្សព្វផ្សាយ ១២ ខែមុន។ ខ្ញុំសូមឲ្យអ្នកស្តាប់វិទ្យុអាស៊ីសេរី អានអត្ថបទនោះឡើងវិញ។ ការស៊ើបអង្កេតនោះ និយាយអំពីមន្រ្តីគណបក្សប្រជាជនកម្ពុជាសំខាន់ៗ នៅអូស្រ្តាលីដែលជាប់ពាក់ព័ន្ធកម្រិតខ្ពស់ជាមួយលោក ហ៊ុន សែន និងរដ្ឋមន្រ្តីក្នុងជួររដ្ឋាភិបាលកម្ពុជា ដែលអ្នកទាំងនោះមានទ្រព្យសម្បត្តិយ៉ាងសម្បើមនៅអូស្រ្តាលី។ ដូច្នេះអ្នកស្តាប់វិទ្យុអាស៊ីសេរី បានដឹងហើយ ថាជាផ្នែកមួយនៃផែនការយុទ្ធសាស្រ្តរបស់គណបក្សប្រជាជនកម្ពុជា គឺបញ្ជ្រាបមនុស្សរបស់ខ្លួន [] ទៅក្នុងសហគមន៍ខ្មែរនៅប្រទេសអូស្រ្តាលី និង គម្រាមកំហែងពលរដ្ឋខ្មែរអូស្រ្តាលី ដែលអនុវត្តសិទ្ធិរបស់ខ្លួនក្នុងការហ៊ានបញ្ចេញមតិប្រឆាំងនឹងការរំលោភសិទ្ធិមនុស្ស និងការបំផ្លាញប្រជាធិបតេយ្យនៅមាតុភូមិកំណើតរបស់ខ្លួន ។ ដូច្នេះ នៅទីបំផុតយើង មានច្បាប់ក្នុងដៃហើយ ដើម្បីចាត់ការប្រឆាំងនឹងមន្រ្តីគណបក្សប្រជាជនកម្ពុជាទាំងនោះ។ យើងគ្រាន់តែធ្វើយ៉ាងម៉េច ដើម្បីជំរុញឲ្យអនុវត្តច្បាប់នេះ ជាក់ស្តែងតែប៉ុណ្ណោះ ។
សំណួរទី៤៖ តើការជំរុញឲ្យអនុវត្តច្បាប់នេះជាក់ស្តែងត្រូវធ្វើយ៉ាងដូចម្តេចទៅ?
លោក ម៉ាក បាត់ល័រ (Mark Butler)៖ ពលរដ្ឋសហគមន៍ខ្មែរនៅទីនេះ តស៊ូយូឆ្នាំណាស់មកហើយ ទម្រាំបានច្បាប់នេះ ។ គ្មានក្រុមណាមួយនៅប្រទេសអូស្រ្តាលី ដែលតស៊ូខ្លាំងជាងពលរដ្ឋសហគមន៍ខ្មែរនៅទីនេះ ដើម្បីឲ្យចេញច្បាប់នេះនោះទេ ។ ពលរដ្ឋខ្មែរនៅទីនេះ រៀបចំនិងចងក្រងសហគមន៍របស់ខ្លួនយ៉ាងល្អ និងសាមគ្គីគ្នា ដើម្បីបង្ហាញជំហររបស់ខ្លួនដែលចង់បានច្បាប់នេះ ។ ពួកគាត់ចូលរួមសវនាការ បង្ហាញទឡ្ហីករណ៍ និង ដាក់សារគាំទ្រ និង បញ្ចុះបញ្ចូលសមាជិកសភាអូស្រ្តាលីយ៉ាងស្វិតស្វាញ ទម្រាំបានច្បាប់នេះ ។ ដូច្នេះយើង មិនអាចទុកឲ្យច្បាប់នេះ នៅតម្កល់ចោលលើធ្នើដាក់សៀវភៅ ទុកចោលឲ្យកាន់ធុលីដី នោះទេ។ យើងត្រូវតែធ្វើយ៉ាងដូចម្តេចឲ្យយកច្បាប់នេះមកប្រើ ។
សំណួរ ៥៖ ប៉ុន្តែ សព្វថ្ងៃនេះនៅតំបន់អាស៊ានរឿងរំលោភសិទ្ធិមនុស្សនិងបំផ្លាញប្រជាធិបតេយ្យនេះ កំពុងកើតមានខ្លាំងនៅភូមា។តើអាចការយកចិត្តដាក់លើទណ្ឌកម្មនេះ វាអាងាកទៅរកខាងភូមាខ្លាំងជាងឬទេ?
លោក ម៉ាក បាត់ល័រ (Mark Butler)៖ សព្វថ្ងៃនេះសហគមន៍អូស្រ្តាលី កំពុងជជែកដេញដោលគ្នាយកច្បាប់នេះមកប្រើលើមន្រ្តីរបបសឹកភូមា។ ការជជែកដេញដោលនេះ ក៏មានផុលផុសក្នុងចំណោមសមាជិកអាស៊ានដែរ ។ ប៉ុន្តែ យើងមិនត្រូវឲ្យ ការចាប់អារម្មណ៍នេះ ងាកចេញពីរបស់ផ្តាច់ការរបស់លោក ហ៊ុន សែន នោះទេ។ កម្ពុជានឹង មានការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់នាពេលឆាប់ៗខាងមុខនេះ ។ ការបោះឆ្នោតជាតិ គ្រោងនឹងធ្វើនៅឆ្នាំក្រោយ។ ការបោះឆ្នោតទាំងនេះ វានឹងប្រព្រឹត្តដូចរឿងកំប្លែងសុទ្ធសាធ ព្រោះវាជាដំណើរប្រព្រឹត្តទៅបញ្ច្រាសប្រជាធិបតេយ្យ និង ជាមហន្តរាយមួយ ដើម្បីឲ្យលោក ហ៊ុន សែន បន្តក្រាញអំណាចតែប៉ុណ្ណោះ ព្រោះគណបក្សសង្គ្រោះជាតិ នៅតែមិនអាចបើកដំណើរការឡើងវិញ ដើម្បីចូលរួមការបោះឆ្នោតនោះបាន ។ ដូច្នេះយើង មិនអាចឲ្យការចាប់អារម្មណ៍ ក្រឡាប់ចក្រងាកចេញពីរបបនេះទេ ។ ក្នុងរយៈពេលពីរឆ្នាំចុងក្រោយនេះទៀតសោះ ស្ថានភាពសិទ្ធិមនុស្ស និងប្រជាធិបតេយ្យនៅកម្ពុជា កាន់តែអាក្រក់ខ្លាំង ។
សំណួរទី៦៖ លោកលើកអំពីបុគ្គលក្នុងជួររដ្ឋាភិបាលលោក ហ៊ុន សែន ដែលចូលដៃក្នុងការរំលោភសិទ្ធិមនុស្សនិងបំផ្លាញប្រជាធិបតេយ្យ ហើយសម្ងំសុខនៅអូស្រ្តាលី។ តើលោកមានបញ្ជីឈ្មោះរបស់ពួកគាត់ដែលអាចប្រាប់ជាចំហបានទេ?
លោក ម៉ាក បាត់ល័រ (Mark Butler)៖ ខ្ញុំមិនអាចនិយាយឈ្មោះបុគ្គលណាជាក់លាក់បានទេ ព្រោះឥឡូវនេះកំពុងមានកិច្ចដំណើរការនីតិវិធីផ្លូវច្បាប់ ។ ប៉ុន្តែ បុគ្គលដែលស្ថិតក្នុងអំណាចនៃច្បាប់នេះ គឺអ្នកដែលជាមន្រ្តីដែលពាក់ព័ន្ធនឹងរបបលោក ហ៊ុន សែន និងដែលបាននាំយកទ្រព្យសម្បត្តិពីស្រុកខ្មែរ ដែលបានមកពីផ្នែកមួយនៃរបបនេះ និងអំពីការប្រឆាំងប្រជាធិបតេយ្យ និងទ្រព្យដែលបាន សម្រាប់ក្រុមអ្នកមានអំណាចមួយក្តាប់តូច ក្នុងពេលដែលប្រជាពលរដ្ឋខ្មែរទូទៅ រស់នៅក្នុងភាពក្រីក្រ ។ អ្នកទាំងនោះ យកទ្រព្យសម្បត្តិទៅលាក់ទុកនៅប្រទេសអូស្រ្តាលី សហរដ្ឋអាមេរិក ឬប្រទេសដទៃ និង រស់នៅយ៉ាងសុខសាន្តក្នុងសង្គមប្រជាធិបតេយ្យ ។ នេះជាអំពើមិនគប្បីមួយ ។ ដូច្នេះ ច្បាប់នេះ អនុញ្ញាតឲ្យរដ្ឋាភិបាលអូស្រ្តាលី ចាត់ការ លើបុគ្គលអស់ ទាំងនោះ។
សំណួរទី៧៖ បើវាជាអំពើមិនគប្បីតើលោកអាចជួយអ្វីបានខ្លះក្នុងការចាត់ការអ្នកទាំងនោះ?
លោក ម៉ាក បាត់ល័រ (Mark Butler)៖ តាមពិតខ្ញុំនឹង បន្តគាំទ្រចំណាត់ការទាំងនេះ គឺតស៊ូមតិដើម្បីឲ្យរដ្ឋាភិបាលយកចិត្តទុកដាក់ ក្នុងការដាក់ទណ្ឌកម្មលើបុគ្គលទាំងនោះ ។ យើង មិនត្រូវឲ្យបុគ្គលដែលមានបានដោយសារញើសឈាមពលរដ្ឋខ្មែរ ហើយបែរជាយកទ្រព្យសម្បត្តិ នោះ មកលាក់ទុក និង សោយសុខក្នុងសង្គមប្រជាធិបតេយ្យនោះទេ ។ ខ្ញុំនឹងជំរុញឲ្យអាជ្ញាធរអូស្រ្តាលី ស៊ើបអង្កេតលុយដែលពួកទាំងនោះ បានពីការបង្ក្រាបពលរដ្ឋខ្មែរ ហើយយកមករកស៊ីក្នុងសង្គមអូស្រ្តាលី ។ ទង្វើបែបនេះ យើងមិនអាចទទួលយកបាននោះទេ ។ ខ្ញុំនឹងបន្តតស៊ូមតិ ដើម្បីឲ្យរដ្ឋាភិបាល មានចំណាត់ការលើរឿងបុគ្គលទាំងអស់នោះ ឲ្យខាងតែបាន ។
សំណួរទី៨៖ តើលោកខិតខំប្រឹងប្រែងដើម្បីឲ្យដាក់ទណ្ឌកម្មមន្រ្តីរដ្ឋាភិបាលលោក ហ៊ុន សែន នេះ លោកចង់ប្រាប់អ្វីដល់លោក ហ៊ុន សែន?
លោក ម៉ាក បាត់ល័រ (Mark Butler)៖ ៣០ឆ្នាំមុន មេដឹកនាំកម្ពុជាសន្យាចំពោះមុខពលរដ្ឋខ្មែរ ថានឹង នាំមកនូវ សន្តិភាពក្រោយសង្គ្រាមស៊ីវិល សន្យាថា នឹងមានការអភិវឌ្ឍផ្នែកសេដ្ឋកិច្ច សន្យាផ្តល់សិទ្ធិសេរីភាព និង និមិត្តរូបនៃសរីភាព គឺសិទ្ធិក្នុងការបោះឆ្នោតជ្រើសរដ្ឋាភិបាលមួយ ក្នុងការបោះឆ្នោតមួយដែលប្រព្រឹត្តទៅដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌។ ដូច្នេះ ខ្ញុំសូមនិយាយទៅកាន់ របបលោក ហ៊ុន សែន សូមអនុញ្ញាតឲ្យពលរដ្ឋបោះឆ្នោតបានដោយសេរី នៅក្នុងការបោះឆ្នោតខាងមុខ ។ នោះគឺជាមូលដ្ឋានគ្រឹះដ៏សំខាន់បំផុតនៃសេរីភាពសម្រាប់ពលរដ្ឋ ។ មិនតែប៉ុណ្ណោះ ពលរដ្ឋត្រូវមានសិទ្ធិតវ៉ា និង ចូលរួមបញ្ចេញមតិ រិះគន់ លើកជាកង្វល់អំពីបញ្ហាការពារ បរិស្ថានជាដើម។ ជាអកុសល ថា៣០ឆ្នាំមុនទៅចុះ ពលរដ្ឋខ្មែរ គ្មានសេរីភាពបែបនេះទេ ។ ប៉ុន្តែ ឥឡូវពួកគាត់ បែរជានៅតែគ្មានសេរីភាពបែបនេះដដែល។
លោក មួង ណារ៉េត៖ បាទសូមអរគុណលោក ម៉ាក បាត់ល័រ (Mark Butler) ដែលផ្តល់ឱកាសឲ្យខ្ញុំបានសម្ភាសនៅពេលនេះ!
លោក ម៉ាក បាត់ល័រ (Mark Butler)៖ បាទសូមអរគុណ!
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
