មន្ត្រីស្ថាប័នឃ្លាំមើលគណនេយ្យភាពរបស់អាមេរិក ហៅថា «ពលរដ្ឋដើម្បីការទទួលខុសត្រូវ និងសីលធម៌ក្នុងរដ្ឋធានីវ៉ាស៊ីនតុន» (Citizens for Responsibility and Ethics in Washington) អះអាងថា ស្ថាប័ននេះ នឹងបន្តស្រាវជ្រាវសំណុំរឿងអតីតមន្ត្រីនៃរបបលោក ហ៊ុន សែន ដែលបានបរិច្ចាគលុយ ទៅឲ្យគណបក្សមួយនៅអាមេរិក នៅអំឡុងឆ្នាំ២០១៧ ដល់ឆ្នាំ២០១៩។ មន្ត្រីដដែលថា ប្រសិនបើស្ថាប័ននេះរកឃើញភស្តុតាងច្បាស់លាស់ថា អតីតមន្ត្រីកម្ពុជា ពិតជាបានទទួលលុយបរិច្ចាគមកពីរដ្ឋាភិបាលកម្ពុជា នោះស្ថាប័នលោក អាចពិចារណាដាក់ពាក្យប្ដឹង ទៅស្ថាប័នពាក់ព័ន្ធនៅអាមេរិក។ ការព្រមាននេះ បន្ទាប់ពីស្ថាប័នរបស់លោក រកឃើញថា អតីតមន្ត្រីស្និទ្ធនឹងរបបក្រុងភ្នំពេញ លោក ភូ លីវុឌ្ឍ បានបរិច្ចាគលុយជិត ២សែនដុល្លារ ទៅឲ្យយុទ្ធនាការឃោសនាបោះឆ្នោត របស់គណបក្សសាធារណរដ្ឋនៅអាមេរិក ដើម្បីទទួលបានប្រយោជន៍។
បាទ! សូមអញ្ជើញលោកអ្នកនាងស្ដាប់បទសម្ភាសន៍រវាងលោក មាន ឫទ្ធិ និងលោក រ៉ូប៊ើត ម៉ាក្វាយអ័រ នាយកផ្នែកស្រាវជ្រាវនៃស្ថាប័នឃ្លាំមើលគណនេយ្យភាព «ពលរដ្ឋដើម្បីការទទួលខុសត្រូវ និងសីលធម៌ក្នុងរដ្ឋធានីវ៉ាស៊ីនតុន» ជុំវិញរឿងនេះ ដូចតទៅ៖
លោក មាន ឫទ្ធិ៖ តើនេះជាលើកទីមួយហើយឬ ដែលថា ការស្រាវជ្រាវរបស់ស្ថាប័នលោក រកឃើញថា មានពលរដ្ឋដើមកំណើតខ្មែរ បានជះលុយដ៏ច្រើនសន្ធឹកសន្ធាប់បែបនេះ ទៅក្នុងនយោបាយសហរដ្ឋអាមេរិកនោះ បាទ?
លោក រ៉ូប៊ើត ម៉ាក្វាយអ័រ៖ បាទ! កន្លងមកយើងធ្លាប់តែឃើញមានអ្នកបរិច្ចាគលុយខ្លះ មានប្រវត្តិជាមួយប្រទេសតួគី ឬប្រទេសដទៃទៀតនៅលើពិភពលោក។ តែនេះ គឺជាលើកទីមួយហើយ ដែលយើងរកឃើញថា មានអ្នកបរិច្ចាគលុយ ដែលមានប្រវត្តិទំនាក់ទំនងជិតស្និទ្ធជាមួយកម្ពុជា។ វាក៏ជាលើកទីមួយដែរ ដែលយើងរកឃើញថា មានអ្នកបរិច្ចាគលុយ ដែលទំនងជាមាន ចំណងទាក់ទងស្អិតល្មួតជាមួយរដ្ឋាភិបាលកម្ពុជា។ តាមមើលទៅទំនងដូចជា លោក ភូ លីវុឌ្ឍ នៅមានមុខតំណែងផ្លូវការ ឬប្រហាក់ប្រហែលផ្លូវការនៅក្នុងជួររដ្ឋាភិបាលកម្ពុជាទៀតផង។
លោក មាន ឫទ្ធិ៖ តើលោកវាយតម្លៃយ៉ាងដូចម្ដេចដែរជុំវិញការរកឃើញនេះ បាទ?
លោក រ៉ូប៊ើត ម៉ាក្វាយអ័រ៖ បាទ! យើងអាចមើលពីទិដ្ឋភាពទូទៅ និងទិដ្ឋភាពជាក់លាក់ លើករណីនេះ។ រឿងទូទៅនោះ គឺវាជាផ្នែកមួយនៃនិន្នាការ ដែលយើងឃើញកំពុងតែកើតមាន នៅសហរដ្ឋអាមេរិក ដែលបុគ្គលមួយចំនួនបានបរិច្ចាគថវិកាយ៉ាងសម្បើម ទៅឲ្យអ្នកនយោបាយ ហួសពីអ្វីដែលពលរដ្ឋអាមេរិកាំងភាគច្រើន អាចមានលទ្ធភាពធ្វើបាន។ ជាលទ្ធផល ក្រុមមនុស្សទាំងនោះទទួលបាននូវលទ្ធភាពច្រើន ដែលអនុញ្ញាតឲ្យពួកគេអាចនិយាយទៅកាន់មន្ត្រីនយោបាយដ៏មានអំណាច និងមានឥទ្ធិពល ក្នុងជួររដ្ឋបាលអាមេរិកាំង។ ដូច្នេះហើយ ពួកគេអាចលើកយកពីបញ្ហាផលប្រយោជន៍របស់ពួក ទៅនិយាយបញ្ចុះបញ្ចូលមន្ត្រីអាមេរិកាំងទាំងនោះ។
ចំពោះករណីជាក់លាក់របស់លោក ភូ លីវុឌ្ឍ នេះវិញ វាបង្កើតឲ្យមានជាចម្ងល់ថា តើ មានការរំលោភច្បាប់ស្ដីពីការចុះបញ្ជីជាភ្នាក់ងារបរទេស ហៅថា FARA ដែរឬទេ។ អ្នកដឹងទេ ប្រសិនបើម្ចាស់ជំនួយរូបនេះ បរិច្ចាគលុយ ដើម្បីឲ្យគាត់អាចមានឱកាសនិយាយទៅកាន់ មន្ត្រីនយោបាយអាមេរិកាំងដ៏មានអំណាច តាងនាមឲ្យរដ្ឋាភិបាលកម្ពុជានោះ សំណួរដែលគេចោទសួរឡើង គឺថា តើគាត់មានបានចុះបញ្ជីជាភ្នាក់ងារបរទេសដែរឬទេ? មកទល់ពេលនេះ គាត់មិនទាន់ចុះបញ្ជីជាភ្នាក់ងារបរទេសនៅឡើយទេ។
លោក មាន ឫទ្ធិ៖ តើវាធ្ងន់ធ្ងរប៉ុណ្ណាទៅជុំវិញភាពមិនប្រក្រតី ដែលស្ថាប័នរបស់លោករកឃើញនេះ ប្រសិនបើលោក ភូ លីវុឌ្ឍ ខកខានមិនបានចុះបញ្ជីជាភ្នាក់ងារបរទេស ក្នុងពេលដែលលោកនៅតែមានមុខតំណែង ជាទីប្រឹក្សារដ្ឋាភិបាល ហើយបានព្យាយាមធ្វើការ បញ្ចុះបញ្ចូលមន្ត្រីអាមេរិកាំង ជំនួសឲ្យរដ្ឋាភិបាលកម្ពុជានោះ?
លោក រ៉ូប៊ើត ម៉ាក្វាយអ័រ៖ បាទ! ច្បាប់ស្ដីពីការចុះបញ្ជីជាភ្នាក់ងារបរទេស ហៅថា Foreign Agents Registration Act ជាច្បាប់ចាស់យូរមកហើយ។ មិនសូវជាមានការពង្រឹងការអនុវត្ត ច្បាប់នេះ ឲ្យបានត្រឹមត្រូវនៅក្នុងសហរដ្ឋអាមេរិកនោះទេ។ ប៉ុន្តែ ច្បាប់នេះ ត្រូវគេលើកយកមកនិយាយច្រើន នៅក្នុងសម័យកាលរបស់លោកប្រធានាធិបតី ដូណាល់ ត្រាំ (Donald Trump) ដោយសារតែមានបុគ្គលជាច្រើនបានបរិច្ចាគលុយ ហើយពួកគេ គួរតែត្រូវចុះបញ្ជីក្រោមច្បាប់នេះ តែពួកគេមិនបានធ្វើដូច្នេះទេ។ ខ្ញុំមិនចង់និយាយថា តើក្រសួងយុត្តិធម៌អាមេរិក នឹងធ្វើចំណាត់ការដូចម្ដេចនោះទេ ប្រសិនបើពួកគេពិនិត្យមើលបញ្ហានេះ។ ក៏ប៉ុន្តែ ខ្ញុំអាចនិយាយបានថា មហាជនទូទៅ និងរដ្ឋាភិបាល កំពុងតែផ្ដោតការយកចិត្តទុកដាក់កាន់តែខ្លាំង ទៅលើការអនុវត្តច្បាប់នេះ នាពេលសព្វថ្ងៃនេះ។ អ្នកដឹងទេ បុគ្គលដូចជា លោក ភូ លីវុឌ្ឍ នេះ ដែលទំនងជាមានចំណង ស្អិតល្អួតជាមួយរដ្ឋាភិបាលកម្ពុជា គួរតែប្រយ័ត្នប្រយែង អំពីរឿងដែលថា តើគាត់មានបានគោរពតាមច្បាប់នេះដែរ ឬអត់នោះ?
លោក មាន ឫទ្ធិ៖ សូមលោកជួយប្រាប់ខ្ញុំបន្ថែមបន្តិចមើលថា តើការស្រាវជ្រាវ និងការរកឃើញរបស់ស្ថាប័នលោកជុំវិញរឿងរ៉ាវរបស់លោក ភូ លីវុឌ្ឍ នេះ តើស្ថាប័នរបស់លោក មានបានរកឃើញទេថា លោក ភូ លីវុឌ្ឍ ទទួលបានលុយនេះ មកពីប្រភពណាឲ្យជាក់លាក់មែនទែនទៅ ឬក៏ថា លោកបានលុយទាំងនេះ មកពីគណបក្សប្រជាជនកម្ពុជា ឬរដ្ឋាភិបាលកម្ពុជានោះ?
លោក រ៉ូប៊ើត ម៉ាកហ្វាយអ័រ៖ ទេ យើងមិនបានដឹងរឿងរ៉ាវទាំងឡាយពាក់ព័ន្ធនឹងហិរញ្ញវត្ថុ ផ្ទាល់ខ្លួនរបស់លោក ភូ លីវុឌ្ឍ នោះទេ…។ អ្វីដែលខ្ញុំគួរនិយាយ គឺថា យើងមានច្បាប់ ប្រឆាំងនឹងម្ចាស់ជំនួយ ដែលប្រើប្រាស់ដោយខុសច្បាប់ នូវលុយរបស់បុគ្គល ឬស្ថាប័នដទៃ យកទៅបរិច្ចាគ ដោយប្រើប្រាស់ឈ្មោះខ្លួនឯងជំនួស ហៅថា Straw Donor។ បុគ្គលរូបនោះ បង្កើតបញ្ហាឲ្យខ្លួនឯងខ្លាំង។ តែយើងមិនទាន់ដឹងទេថា តើរឿងរ៉ាវបែបនេះ កើតមានឡើងចំពោះករណី លោក ភូ លីវុឌ្ឍ ដែរឬយ៉ាងណានោះ។
លោក មាន ឫទ្ធិ៖ សំណួរចុងក្រោយរបស់ខ្ញុំ តើក្រុមការងាររបស់លោកនឹងធ្វើអ្វីតទៅទៀត ក្រោយពេលរកឃើញរឿងរ៉ាវនេះហើយ ពាក់ព័ន្ធនឹងករណីលោក ភូ លីវុឌ្ឍ នេះ បាទ?
លោក រ៉ូប៊ើត ម៉ាកហ្វាយអ័រ៖ យើងនឹងដាក់ពាក្យបណ្ដឹង ឬក៏ចាត់វិធានការដទៃទៀតស្រដៀងនេះ ប្រសិនបើយើងអាចរកឃើញព័ត៌មានបន្ថែមទៀត លើករណីជាក់លាក់នេះ ដើម្បីឲ្យយើងអាចប្រើប្រាស់ជាភស្តុតាងបញ្ជាក់បានថា បុគ្គលរូបនេះបានបរិច្ចាគលុយដោយខុសច្បាប់។ ទាល់តែយើងរកឃើញព័ត៌មានបន្ថែមទៀត បើមិនអ៊ីចឹងទេ យើងមិនទាន់អាចធ្វើអ្វីកើតនោះទេ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
