លោក រ៉ុង ឈុន ថា លោក​គ្មាន​ទ្រព្យ​សម្បត្តិ​យក​ទៅ​កសាង​ជាតិ​ទេ គឺ​មាន​តែ​លះបង់​ខ្លួនប្រាណ និង​សេចក្ដី​សុខ ដើម្បី​ជាតិ

0:00 / 0:00

លោក រ៉ុង ឈុន ទីប្រឹក្សា​គណបក្ស​កម្លាំង​ជាតិ ឱ្យដឹងកាលពីយប់ថ្ងៃទី២មករាថា លោក នឹង​ទៅ​ចូលរួម​សវការ​ជំនុំជម្រះ​ក្ដី លោក ក្នុង​សំណុំរឿង​មិន​រាងចាល នៅ​សាលាដំបូង​រាជធានី​ភ្នំពេញ តាម​រយៈ​ការ​កោះហៅ​របស់​តុលាការ រនៅថ្ងៃទី១៧មករាខាងមុខនេះ។

ការ​ប្រកាស​របស់​លោក រ៉ុង ឈុន នេះ បន្ទាប់​ពី​លោក​បាន​ទទួល​ដីកា នៅ​ថ្ងៃ​ទី២ មករា របស់​ព្រះរាជ​អាជ្ញា​រង នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ លោក សេង ហៀង ដែល​បាន​ចេញ​ដីកា​កោះហៅ​លោក កាល​ពី​ថ្ងៃ​ទី៣១ ធ្នូ ឱ្យ​ចូលរួម​សវនាការ​នៅ​ព្រឹក​ថ្ងៃ​ទី១៧ ខែមករា​ជា​កំហិត។

សវនាការ​លោក រ៉ុង ឈុន នេះ ទាក់ទង​នឹង​បទ​ចោទ មិន​រាងចាល​ក្នុង​បទមជ្ឈិម​បន្ទាប់​ពី​ការ​ផ្ដន្ទាទោស​បទមជ្ឈិម លើ​បទ ញុះញង់​បង្ក​ឱ្យ​មាន​ភាព​វឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម ប្រព្រឹត្តនៅប្រទេសកម្ពុជាក្នុងឆ្នាំ២០២៤។

លោក រ៉ុង ឈុន បញ្ជាក់​ជំហរ​ថា លោក​គ្មាន​ធ្វើ​អ្វី​ខុស​ច្បាប់​អ្វី​ទេ​កន្លង​មក។ ប៉ុន្តែ អ្វី​ដែល​លោក​បាន​ធ្វើ​នោះ គឺ​ការងារ​សង្គម នយោបាយ ដើម្បី​ស្វែងរក​យុត្តិធម៌​ជូន​ប្រជាពលរដ្ឋ ។ លោក​បន្ថែម​ថា ឪពុក​ម្ដាយ​របស់​លោក​បង្កើត​លោក​មក គឺ​លោក​គ្មាន​ទ្រព្យសម្បត្តិ លុយ កាក់ ដើម្បី​យក​ទៅ​កសាង​ជាតិ​ឡើយ។ អ្វី ដែល​លោក​មាន​គឺ ខ្លួនប្រាណ និង​ឆន្ទៈ ភាព​ស្មោះត្រង់​របស់​លោក ធ្វើការ ដើម្បី​ជួយ​ប្រជាពលរដ្ឋ និង សង្គមជាតិ។

ទីប្រឹក្សា​គណបក្ស​កម្លាំង​ជាតិ លោក រ៉ុង ឈុន កាលពីព្រឹកថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៤ បាន​ចូល​បំភ្លឺ​នៅ​សាលាដំបូង​រាជធានី​ភ្នំពេញ តាម​ដីកា​កោះ​របស់​ចៅក្រម ស៊ើបសួរ សាលាដំបូង​រាជធានី​ភ្នំពេញ អំពី​បទ «ការ​មិន​រាងចាល​ក្នុង​បទមជ្ឈិម បន្ទាប់​ពី​ការ​ផ្ដន្ទាទោស​បទ​មជ្ឈិម និង​ញុះញង់​បង្ក​ឱ្យ​មាន​ភាព​វឹកវរ​ធ្ងន់ធ្ងរ​ដល់ សន្តិសុខ​សង្គម»។

លោក រ៉ុង ឈុន ធ្លាប់​ជាប់​ពន្ធនាគារ​ចំនួន ២លើក​មក​ហើយ គឺ​លើក​ទី​មួយ ពាក់ព័ន្ធ​រឿង​លោក​រិះគន់​អតីត​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ចុះ​ហត្ថលេខា​លើ​សន្ធិសញ្ញា​បំពេញ​បន្ថែម​ព្រំដែន​កម្ពុជា-វៀតណាម ឆ្នាំ២០០៥ ប៉ុន្តែ លោក​បាន​ជាប់​ពន្ធនាគារ​ជាង ៣ខែ ដោយសារ​មាន​ប្រតិកម្ម​ពី​ប្រជាពលរដ្ឋ អង្គការជាតិ និង​អន្តរជាតិ ទើប​ត្រូវ​បាន​ដោះលែង​វិញ។

លើក​ទី២ លោក​ធ្លាប់​ជាប់​ពន្ធនាគារ ២០ខែ ពាក់ព័ន្ធ​នឹង​ការ​ចេញ​សេចក្ដី​ថ្លែងការណ៍​អំពី​បញ្ហា​កសិករ​ខ្មែរ​បាត់​ដីធ្លី នៅ​ក្បែរ​តំបន់​ព្រំដែន​ក្នុង​ខេត្តត្បូងឃ្មុំ ទៅ​ប្រទេស​វៀតណាម។ តុលាការ បាន​ដោះលែង​លោក នៅ​ថ្ងៃ​ទី១២ ខែវិច្ឆិកា ឆ្នាំ២០២១ ក្រោម​លក្ខខណ្ឌ​ព្យួរទោស​សាកល្បង​ចំនួន ៣ឆ្នាំ ដែល​បាន​ផុត​កំណត់ នៅ​ថ្ងៃ​ទី១២ ខែវិច្ឆិកា ឆ្នាំ២០២៤។

សូម​លោក​អ្នក​នាង​ចុច​ស្ដាប់​សំឡេង​នៃ​បទសម្ភាសន៍​របស់​លោក ទីន ហ្សាការីយ៉ា និង​លោក រ៉ុង ឈុន អំពី​បញ្ហា​នេះ...