ជនភៀសខ្លួន​កំពុង​ជាប់ឃុំ​លោកស្រី ហុង អាន រក្សា​ជំហរ​រឹងមាំ

ជនភៀសខ្លួន​ម្នាក់​ក្នុង​ចំណោម​ជនភៀសខ្លួន​៦នាក់ កំពុង​ជាប់​ឃុំ​នៅ​ពន្ធនាគារ​ព្រៃស​ គឺ​លោកស្រី​ ហុង អាន​ ផ្ញើ​លិខិត​ចេញ​ពី​ពន្ធនាគារ​ ពឹង​ឱ្យ​សកម្មជន​បក្ស​ប្រឆាំង​ ជួយ​មើលថែ​កូន​លោក​ស្រី​ផង​។ សកម្មជន​បក្ស​ប្រឆាំង​រូប​នេះ​ នៅតែ​បង្ហាញ​ជំហរ​រឹងមាំ​ និង​មិន​តក់ស្លុត​ បើ​ទោះ​ជា​លោកស្រី​ កំពុង​ជាប់​ពន្ធនាគារ​ ហើយ​សកម្មជន​បក្ស​ប្រឆាំង​ផ្សេង​ទៀត​កំពុង​រង​ការ​គៀបសង្កត់​និង​ធ្វើ​ទុក្ខបុកម្នេញ​ពី​រដ្ឋាភិបាល​ត្រកូលហ៊ុន​ក្ដី។

លោកស្រី ហុង អាន ចង់​ឱ្យ​កូន​ប្រុស​របស់​ខ្លួន​ដែល​កំពុង​រស់នៅ​ប្រទេស​ថៃ​បាន​ចូល​រៀន​ បើទោះជា​គ្មាន​ម្ដាយ​នៅ​ក្បែរ​មើលថែ​ក៏ដោយ។ ខ្លឹមសារ​ក្នុង​លិខិត​ដែល​បាន​ផ្ញើ​ចេញ​ពី​ពន្ធនាគារ​ព្រៃស​ កាល​ថ្ងៃ​ទី​១៦​ ខែធ្នូ​ របស់​លោក​ស្រី​ ហុង អាន​ ក៏​បាន​ផ្ដាំ​ដល់​សកម្មជន​ និង​ជនភៀសខ្លួន​ផ្សេង​ទៀត​ ត្រូវ​រឹងមាំ​និង​កុំ​តក់​ស្លុត។

កូនស្រី​របស់​លោកស្រី​ ហុង អាន គឺ​លោកស្រី​ សៀន នួន​ ឱ្យ​វិទ្យុ​អាស៊ីសេរី​ដឹង​នៅ​ថ្ងៃ​ទី​១៧​ ខែ​ធ្នូ​ ថា​ម្ដាយ​លោកស្រី នៅតែមានស្មារតីរឹងមាំ និងរក្សាជំហរថា លោកស្រីគ្មានកំហុស​ មិន​បាន​ធ្វើ​សកម្មភាព​ខុស​ច្បាប់​ដូច​ការ​ចោទ​ប្រកាន់​របស់​តុលាការ​ឡើយ។ កូនស្រី​របស់​លោក​ស្រី ហុង អាន រូបនេះ​ ស្នើ​ទៅ​ UNHCR​ និង​អង្គការ​សិទ្ធិមនុស្ស​ជាតិ​ និង​អន្តរជាតិ​ ជំរុញ​ទៅ​រដ្ឋាភិបាល​កម្ពុជា​ ឱ្យ​ដោះលែង​ម្ដាយ​លោកស្រី និង​ជនភៀសខ្លួន​ឱ្យ​ទទួល​បាន​សេរីភាព​ឡើងវិញ។

លោក សៀន នួន៖ «ទឹក​ចិត្ត​គាត់(លោកស្រី ហុង អាន)នៅតែ​មោះមុត​ដដែល​ហ្នឹង​ គាត់​នៅតែ​តស៊ូ​បន្ត​ទៀត​ដដែល។ គាត់​អត់​មាន​ទន់​ទោ​ចុះ​ញ៉ម នៅតែ​រឹង​ប៉ឹង​ហ្មង»។

លោកស្រ ហុង អាន ជា​ជនភៀសខ្លួន​ម្នាក់​ចំណោម​ជនភៀសខ្លួន​ទាំង​៦នាក់​ដែល​ត្រូវ​បាន​អាជ្ញាធរ​ថៃ ចាប់​ខ្លួន​និង​បញ្ជូន​ទៅ​ឱ្យ​អាជ្ញាធរ​រដ្ឋាភិបាល​លោក ហ៊ុន ម៉ាណែត កាល​ពី​ថ្ងៃ​ទី​២៥ ខែ​វិច្ឆិកា​ ដោយ​តុលាការ​ចោទ​ប្រកាន់​ពួកគាត់​ពី​បទ​ «អំពើ​ក្បត់​ជាតិ»។ ទោះយ៉ាងណា​ អង្គការ​សិទ្ធិមនុស្ស​ ចាត់​ទុក​ការ​បញ្ជូន​ជនភៀសខ្លួន​ នេះ​ជា​ការ​ធ្វើ​ទុក្ខបុកម្នេញ​ និង​រំលោភ​សិទ្ធិមនុស្ស។

ជនភៀសខ្លួន​កំពុង​រស់នៅ​ប្រទេស​ថៃ​ លោក ជាតិ ខេមរា​ ប្រាប់​វិទ្យុ​អាស៊ីសេរី​ថា​ លោក​ស្រី ហុង​ អាន​ បាន​ផ្ដាំ​ផ្ញើ​ពី​ពន្ធនាគារ​ឱ្យ​លោក​ជួយ​មើលថែ​កូន​របស់​លោក​ស្រី ដូច្នេះ​ លោក​នឹង​បន្ត​ជួយ​មើលថែ​កូន​លោកស្រី​ ហុង​ អាន​ ឱ្យ​ដូច​កូន​ៗ​របស់​លោក​ដែរ។ ជនភៀសខ្លួន​រូប​នេះ​ ស្នើ​ទៅ​UNHCR​ ឱ្យ​ដាក់​គំនាប​ទៅ​រដ្ឋាភិបាល​ថៃ​ ឱ្យ​បញ្ឈប់​ការ​ចាប់ខ្លួន​ជនភៀសខ្លួន​បញ្ជូន​ទៅ​ឱ្យ​រដ្ឋាភិបាល​កម្ពុជា​ ត​ទៅ​ទៀត។

លោក ជាតិ ខេមរា៖ «កូន​គាត់​(កូន​របស់​លោកស្រី ហុង អាន)នៅ​ខ្ញុំ​ដដែល​ទេ ខ្ញុំ​នៅ​មើលថែ​រហូត​ លុះ​ទាល់តែ​បាន​ចេញ​ទៅ​ប្រទេស​ទី៣​ ឬ​យ៉ាងណា​តាម​ជាក់ស្ដែង​ មួយ​ទៀត​ទោះ​មិន​បាន​ចេញ​ទៅ​ក៏​ដោយ​ ក៏​ខ្ញុំ​នៅតែ​រក្សា​គោលជំហរ​ និង​មើលថែ​ឱ្យ​មាន​អនាគត​ល្អ​ដែរ»។

ក្រុម​អង្គការ​សិទ្ធិមនុស្ស​ លើកឡើង​ថា ប្រទេស​ថៃ មិនមែន​ជា​ទីកន្លែង​មាន​សុវត្ថិភាព​ដល់​ជន​ភៀសខ្លួន​ទៀត​ហើយ​។ ពួកគេ​ទាមទារ​ឱ្យ​រដ្ឋាភិបាល​កម្ពុជា​ និង​ថៃ​ត្រូវ​ងាក​មក​គោរព​សិទ្ធិមនុស្ស​ និង​បញ្ឈប់​ការ​ធ្វើទុក្ខបុកម្នេញ​លើ​ជនភៀសខ្លួន​ជា​បន្ទាន់។

នាយក​ទទួល​បន្ទុក​កិច្ចការ​ទូទៅ​នៃ​អង្គការ​ការពារ​សិទ្ធិមនុស្ស​លីកាដូ (LICADHO) លោក​ អំ សំអាត លើកឡើង​ថា ជនភៀសខ្លួន​ទាំង ៦​នាក់​នោះ​ ត្រូវ​បាន​ធានា​ និង​ការពារ​ ដោយ​អនុសញ្ញា​ស្ដីពី​សិទ្ធិ​ជនភៀសខ្លួន។ លោក​សង្កេត​ឃើញ​ថា​ចំណាត់ការ​របស់​អាជ្ញាធរ​ថៃ​នេះ​រង​ការរិះគន់​ខ្លាំង​ពី​សហគមន៍​ជាតិ និង​អន្តរជាតិ​ថា ជា​ការ​ចាប់ខ្លួន​ទាំង​បំពាន​ច្បាប់​សាកល​ និង​រំលោភ​សិទ្ធិមនុស្ស​។ អ្នក​ការពារ​សិទ្ធិមនុស្ស​រូប​នេះ​ ចង់​ឃើញ​ថា រដ្ឋាភិបាល​កម្ពុជា​ ពិចារណា​ ឡើងវិញ​ក្នុង​ការ​ដោះលែង​ជនភៀសខ្លួន​ទាំង​៦​នាក់ និង​អ្នក​ទោស​មនសិការ​ផ្សេង​ទៀត​ដើម្បី​បន្ធូរបន្ថយ​ស្ថានការណ៍​នយោបាយ និង​សិទ្ធិមនុស្ស​ឡើងវិញ។

លោក អំ សំអាត៖ «ការ​ចោទប្រកាន់ និង​ការ​ឃុំ​ខ្លួន​ ដែល​ធ្វើ​ឱ្យ​គាត់​(ជនភៀសខ្លួន​)​ឃ្លាត​ឆ្ងាយ​ពី​ក្រុម​គ្រួសារ ឬ​កូន​តូច​អី​ហ្នឹង សុទ្ធតែ​ទុក្ខសោក​មួយ​ទៀត​សម្រាប់​ក្រុម​គ្រួសារ​ពួកគាត់។ អ៊ីចឹង​ហើយ​ ចំណុច​ហ្នឹង​ហើយ ដែល​យើង​ជា​អង្គការ​សង្គម​ស៊ីវិល ​ផ្នែក​សិទ្ធិមនុស្ស នៅតែ​ទទូច​សុំ​ឱ្យ​ពិចារណា​ ទៅ​លើ​ករណី​ហ្នឹង​ជា​ពិសេស​រឿង​CLVប្រសិន​ជា​អាច​ឱ្យ​ពួកគាត់​មាន​សេរីភាព​វិញ​គឺ​ជា​រឿង​ល្អ»។

ទាក់ទង​លិខិត​របស់​លោកស្រី​ ហុង អាន​ និង​ការ​លើកឡើង​របស់​អ្នក​ការពារ​សិទ្ធិមនុស្ស​ វិទ្យុ​អាស៊ីសេរី​មិន​អាច​សុំ​ការ​ឆ្លើយ​តប​ពី​ប្រធាន​អង្គភាព​អ្នកនាំពាក្យ​រដ្ឋាភិបាល​ លោក ប៉ែន បូណា​ និង​អ្នក​នាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​ លោក​ សុខ​ ឥសាន​ បាន​ទេ​នៅ​ថ្ងៃ​ទី​១៧ ខែ​ធ្នូ។ នេះ​ជា​លើក​ទី២​ ហើយ​រដ្ឋាភិបាល​ ត្រកូល​ ហ៊ុន​ សហការ​ជាមួយ​រដ្ឋាភិបាល​ ចាប់​បញ្ជូន​ជនភៀសខ្លួន​ទ្រង់ទ្រាយ​ធំ​ ពី​ប្រទេស​ថៃ​ ទៅ​ដាក់​ពន្ធនាគារ​នៅ​ប្រទេស​កម្ពុជា​វិញ ដែល​អ្នក​ការពារ​សិទ្ធិ​មនុស្ស​ហៅ​ថា​ ជា​ទង្វើ​គាប​សង្កត់​ឆ្លងដែន​ រំលោភ​ច្បាប់​អន្តរជាតិ​ក្នុង​ទិស​ដៅ​បំបិទ​មាត់​អ្នករិះគន់​ ឬ​អ្នក​ដែល​មាន​និន្នាការ​ផ្ទុយ​រដ្ឋាភិបាល​។ យ៉ាងហោចណាស់​ជនភៀសខ្លួន​ដែល​ជា​សកម្មជន​បក្ស​ប្រឆាំង​១០នាក់​ត្រូវ​បាន​សមត្ថកិច្ច​ចាប់​បញ្ជូន​ទៅ​កម្ពុជា​វិញ​តាម​សំណើ​រដ្ឋាភិបាល​ត្រកូល​ហ៊ុន​ គិត​ចាប់​ពី​ឆ្នាំ​២០២១​មក​ដល់​ចុង​ឆ្នាំ​២០២៤៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។