សមត្ថកិច្ច​ខេត្ត​កំពង់​ចាម​ចាប់ខ្លួន​សកម្មជន​បក្ស​ភ្លើង​ទៀន​ម្នាក់​ទៀត

ដោយ ខាន់ លក្ខិណា
2024.04.29
សមត្ថកិច្ច​ខេត្ត​កំពង់​ចាម​ចាប់ខ្លួន​សកម្មជន​បក្ស​ភ្លើង​ទៀន​ម្នាក់​ទៀត លោក គង់ ថារ៉េត អនុប្រធាន​គណៈកម្មាធិការ​ប្រតិបត្តិ និង​ជា​ចៅសង្កាត់​រង​ទី២ នៅ​សង្កាត់​វាលវង់ ក្រុង​កំពង់ចាម ខេត្តកំពង់ចាម របស់​គណបក្ស​ភ្លើង​ទៀន ដែល​អាជ្ញាចរ​ចាប់​ខ្លួន កាល​ពី​ល្ងាច​ថ្ងៃ​ទី២៨ ខែមេសា ឆ្នាំ២០២៤។
រូប៖ ហ្វេសប៊ុក Kong Thareth

សមត្ថកិច្ច​ខេត្តកំពង់ចាម បាន​បញ្ជូន​ខ្លួន​សកម្មជន​គណបក្ស​ភ្លើង​ទៀន លោក គង់ ថារ៉េត ទៅ​សាកសួរ​នៅ​តុលាការ​នៅ​រសៀល​ថ្ងៃ​ទី២៩ មេសា។

គ្រួសារ និង​មន្ត្រី​គណបក្ស​ប្រឆាំង​ចាត់​ទុក​ការ​ឃាត់​ខ្លួន​លោក គង់ ថារ៉េត ដោយ មិន​បញ្ជាក់​ពី​មូលហេតុ ថា​ជា​ការ​ធ្វើ​ទុក្ខបុកម្នេញ​លើ​សកម្មជន​បក្ស​ភ្លើង​ទៀន​នៅ​មុន​ការ​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា រាជធានី ខេត្តក្រុង នៅ​ខែឧសភា ខាងមុខ។

សមត្ថកិច្ច​បាន​ចាប់ខ្លួន​អនុប្រធាន​គណៈកម្មាធិការ​ប្រតិបត្តិ និង​ជា​ចៅសង្កាត់​រង​ទី២ នៅ​សង្កាត់​វាលវង់ ក្រុង​កំពង់ចាម ខេត្តកំពង់ចាម របស់​គណបក្ស​ភ្លើង​ទៀន លោក គង់ ថារ៉េត កាល​ពី​ល្ងាច​ថ្ងៃ​ទី២៨ ខែមេសា។

កូន​ប្រុស​របស់​លោក គង់ ថារ៉េត គឺ​លោក គង់ លីហួរ ប្រាប់​វិទ្យុ​អាស៊ី​សេរី​នៅ​ថ្ងៃ​ទី២៩ ខែមេសា ថា សមត្ថកិច្ច​ស្លៀក​ពាក់​ស៊ីវិល​ចំនួន ៧ នាក់ បាន​ចាប់ខ្លួន​ឪពុក​ របស់​លោក ដោយ​មិន​ប្រាប់​អំពី​មូលហេតុ​ដល់​ក្រុម​គ្រួសារ​នោះ​ឡើយ។

លោក​ថា សមត្ថកិច្ច​ក៏​បាន​លុប​វីដេអូ​នៅ​ក្នុង​ទូរស័ព្ទ​របស់​លោក និង​គំរាម​មិន​ ឱ្យ​ថត​រូបភាព​ថែម​ទៀត។ លោក​ចាត់​ទុក​ការ​ចាប់ខ្លួន​នេះ​ថា ជា​រឿង​នយោបាយ ពីព្រោះ​គ្រួសារ​របស់​លោក មិន​ដែល​មាន​ទំនាស់​ជាមួយ​អ្នក​ណា​ឡើយ។

លោក គង់ លីហួរ៖«មុន​នឹង​មាន​ការ​ចាប់​ខ្លួន​ហ្នឹង គឺ​មាន​ការ​ហៅ មាន​អ្នក​ធំ​ទៅ​ជួប​ដើម្បី​សួរ​នាំ​រឿង​ផ្សេង ប៉ុន្តែ​ដល់​គាត់​អត់​ព្រម​ទៅ​ជួប​គេ ព្រោះ​គេ​និយាយ​ជាមួយ​គាត់​បើ​ទៅ​ជួប​នឹង​មាន​រឿង​ធំ»

លោក គង់ លីហួរ បង្ហាញ​ការ​ខកចិត្ត​ចំពោះ​សមត្ថកិច្ច ដែល​មិន​អនុញ្ញាត​ឱ្យ​គ្រួសារ ​ចូល​ជួប និង​មិន​ប្រគល់​ថ្នាំ​ឱ្យ​ឪពុក​របស់​លោក។

លោក គង់ លីហួរ៖ «ខ្ញុំ​ប្រាប់​ថា ឪពុក​ខ្ញុំ​មាន​ជំងឺ​ទឹក​នោម​ផ្អែម និង​លើស​ឈាម។ អ៊ីចឹង​គាត់​ត្រូវ​ការ​ចាំ​បាច់ គឺ​ថ្នាំ សូម​បង​ឯង​ជួយ​យក​ថ្នាំ​ធ្វើ​ម៉េច ឱ្យ​ដល់​គាត់​ផង។ គេ​បាន​ទទួល​ពី​ខ្ញុំ​ហើយ ប៉ុន្តែ​ជាក់ស្ដែង​ថ្នាំ​ហ្នឹង ពេល​ព្រឹក​ខ្ញុំ​យក​បបរ​ទៅ​ឱ្យ​គាត់ ពេល​ខ្ញុំ​ចូល​ក្នុង​ស្នងការ ខ្ញុំ​សួរ​ទៅ​គេ​ថា ប៉ា​អូន​ឯង​គេ​បញ្ជូន​ទៅ​ពេទ្យ​ខេត្ត​ហើយ»

លោក គង់ លីហួរ ថា ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ចាម បាន​បញ្ជូន​ឪពុក​របស់​លោក​ទៅ​សាលាដំបូង​ខេត្ត ដើម្បី​បន្ត​នីតិវិធី​ស៊ើបសួរ ប៉ុន្តែ​លោក​មិន​ទាន់​ដឹង​ថា ការ​ចាប់​ខ្លួន និង​បញ្ជូន​ទៅ​តុលាការ​នេះ ពាក់ព័ន្ធ​នឹង​រឿង​អ្វី​នៅ​ឡើយ។

វិទ្យុ​អាស៊ី​សេរី នៅ​ថ្ងៃ​ទី២៩ ខែមេសា បាន​ទាក់ទង​ទៅ​ស្នងការ​នគរបាល​ខេត្តកំពង់ចាម លោក ហេង វុទ្ធី ដើម្បី​សុំ​ការ​បំភ្លឺ ជុំវិញ​រឿង​នេះ ប៉ុន្តែ​ទូរស័ព្ទ​ចូល​គ្មាន​អ្នក​ទទួល។

កាល​ពី​ថ្ងៃ​ទី២៨ ខែមេសា គណបក្ស​ភ្លើង​ទៀន បាន​ចេញ​សេចក្ដី​ប្រកាស​ព័ត៌មាន ដោយ​ចាត់​ទុក​ការ​ចាប់ខ្លួន​លោក គង់ ថារ៉េត និង​សកម្មជន​ដទៃ​ទៀត​នា​ពេល​នេះ គឺ​ជា​ការ​គំរាមកំហែង ក្នុង​គោល​បំណង​រារាំង​ការ​ធ្វើ​សកម្មភាព​នយោបាយ​ស្រប​ច្បាប់​របស់​គណបក្ស​ភ្លើង​ទៀន និង​សកម្មជន​នៅ​ទូទាំង​ប្រទេស។

គណបក្ស​ភ្លើង​ទៀន ក៏​អំពាវនាវ​ដល់​អាជ្ញាធរ​មាន​សមត្ថកិច្ច​ឱ្យ​ដោះលែង​សកម្មជន​ទាំង​អស់ ដែល​ត្រូវ​បាន​អាជ្ញាធរ​ចាប់​ខ្លួន ព្រមទាំង​បញ្ឈប់​ការ​គំរាមកំហែង និង​ការ​ធ្វើ​ទុក្ខ​បុក​ម្នេញ តាម​គ្រប់​រូបភាព​មក​លើ​គណបក្ស និង​សកម្មជន​របស់​គណបក្ស​ភ្លើង​ទៀន​បន្ត​ទៀត។

អគ្គលេខាធិការ​គណបក្ស​ភ្លើង​ទៀត លោក លី សុធារ៉ាយុត្តិ ប្រាប់​វិទ្យុ​អាស៊ី​សេរី​នៅ​ថ្ងៃ​ទី២៩ ខែមេសា ថា ការ​ចាប់ខ្លួន​សកម្មជន​គណបក្ស​ភ្លើង​ទៀន​ជា​បន្តបន្ទាប់​បែប​នេះ គឺ​ធ្វើ​ឱ្យ​មាន​ការ​ភិត​ភ័យ​ដល់​សកម្មជន​ដទៃ​ទៀត និង​ប៉ះពាល់​ដល់​ដំណើរ​ការ​ពង្រឹង​លទ្ធិ​ប្រជាធិបតេយ្យ រួម​ទាំង​ការ​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា រាជធានី ខេត្តក្រុង ស្រុក ខណ្ឌ នៅ​ខែឧសភា​ខាង​មុខ។

លោក លី សុធារ៉ាយុត្តិ៖ «ពួកគាត់​មួយ​ចំនួន​ជា​បេក្ខជន​បោះឆ្នោត​ហ្នឹង ហើយ​មួយ​ចំនួន​ជា​សមាជិក​ក្រុមប្រឹក្សា​ឃុំ-សង្កាត់​ដែល​ជាប់​ឆ្នោត​ដោយ​ពលរដ្ឋ។ ស្នើ​សុំ​ឱ្យ​មាន​ការ​ដោះលែង​ពួកគាត់​ទាំងអស់​វិញ គាត់​មាន​សិទ្ធិ​ពេញ​លេញ ក្នុង​សកម្មភាព​នយោបាយ​នៅ​ក្នុង​គណបក្ស ដែល​គាត់​ពេញ​ចិត្ត»

លោក លី សុធារ៉ាយុត្តិ លើក​ឡើង​ថា គិត​ចាប់​តាំង​ពី​ដើម​ឆ្នាំ២០២៤ ដល់​ខែមេសា​នេះ មាន​សកម្មជន​គណបក្ស​ភ្លើង​ទៀន​ចំនួន ១២នាក់ ត្រូវ​បាន​សមត្ថកិច្ច​ចាប់ខ្លួន។

នាយក​ទទួល​បន្ទុក​កិច្ចការ​ទូទៅ នៃ​អង្គការ​ការពារ​សិទ្ធិ​មនុស្ស​លីកាដូ លោក អំ សំអាត លើក​ឡើង​ថា មុន​បោះឆ្នោត​សកល​និង​អសកល គឺ​តែង​តែ​មាន​ការ​ចាប់​ខ្លួន​សកម្មជន​គណបក្ស​ប្រឆាំង ដែល​អាច​ប៉ះពាល់​ដល់​បរិយាកាស​បោះ​ឆ្នោត។

លោក​ព្រួយ​បារម្ភ​ពី​ស្ថានភាព​នយោបាយ នៅ​មុន​ពេល​បោះឆ្នោត ខណៈ​ថ្មីៗ នេះ

ក៏​មាន​ការ​រិះគន់​ពី​សហគមន៍​អន្តរជាតិ និង​អង្គការ​សហប្រជាជាតិ ពាក់ព័ន្ធ​ការ​ចាប់ខ្លួន​សកម្មជន​បរិស្ថាន សិទ្ធិ​មនុស្ស និង​សកម្មជន​បក្ស​នយោបាយ ។

លោក អំ សំអាត៖ «យើង​ចង់​ឃើញ​អ្នក​នយោបាយ​ទាំង​អស់ តម្កល់​នូវ​ឧត្ដម​ប្រយោជន៍​ជាតិ ឧត្ដម​ប្រយោជន៍​ពលរដ្ឋ​ជា​ធំ ហើយ​ងាក​មក​រក​ការ​ជជែក​គ្នា ចរចា​គ្នា ដោយ​សន្តិវិធី ដើម្បី​ធ្វើ​យ៉ាង​ណា គឺ​ក្នុង​នាម​ជា​ប្រទេស ដែល​ប្រកាន់​លទ្ធិប្រជាធិបតេយ្យ សេរី ពហុបក្ស ហើយ​ធ្វើ​ឱ្យ​ស្ថានភាព​មុន​ការ​បោះ​ឆ្នោត​​ម្ដងៗ មាន​បរិយាកាស​នយោបាយ ភាព​ល្អ​ប្រសើរ»

អាជ្ញាធរ​ក្រោម​ការ​ដឹក​នាំ​របស់​អតីត​នាយក​រដ្ឋមន្ត្រី លោក ហ៊ុន សែន និង​លោក នាយក​រដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បាន​ចាប់ខ្លួន​សកម្មជន​និង​មន្ត្រី​បក្ស​ប្រឆាំង​ជា​បន្ត​បន្ទាប់ គឺ​ជាង ៧០នាក់ ហើយ​មក​ដល់​ពេល​នេះ។

ក្រុម​អង្គការ​ជាតិ អន្តរជាតិ រួម​ទាំង​ក្រុម​ប្រទេស​ប្រជាធិបតេយ្យ​ធំៗ តែង​តែ​ថ្កោលទោស​ជា​បន្ត​បន្ទាប់​ថា ការ​ចាប់​ឃុំ​ខ្លួន​ទាំង​នេះ គឺ​ជា​រឿង​នយោបាយ ពោល​គឺ រដ្ឋាភិបាល​របស់​បក្ស​កាន់​អំណាច តែង​តែ​យក​ប្រព័ន្ធ​តុលាការ​ធ្វើ​ជា​អាវុធ ដើម្បី​គំរាម​កំហែង និង​បង្ក្រាប​លើ​សំឡេង​ប្រឆាំង ហើយ​ទាមទារ​ឱ្យ​ដោះលែង​ពួកគេ​វិញ​ជា​បន្ទាន់ និង​ឥត​លក្ខខណ្ឌ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។