កម្រង​​ទស្សនៈសង្គម និង​​នយោបាយ​​បណ្ឌិត កែម ឡី កប់​បាត់ ខណៈយុវជន​​ចូលរួម​​ចង​ក្រង​​ត្រូវ​​អាជ្ញាធរ​​ចាប់​​ដាក់​​ពន្ធនាគារ

ដោយ សុជីវី
2021-07-07
Share
កម្រង​​ទស្សនៈសង្គម និង​​នយោបាយ​​បណ្ឌិត កែម ឡី កប់​បាត់ ខណៈយុវជន​​ចូលរួម​​ចង​ក្រង​​ត្រូវ​​អាជ្ញាធរ​​ចាប់​​ដាក់​​ពន្ធនាគារ ពលរដ្ឋចូលរួម​បុណ្យ​សព​បណ្ឌិត កែម ឡី កាល​ពី​ថ្ងៃ​ទី១១ ខែ​កក្កដា ឆ្នាំ​២០១៦។
រូប៖ RFA

រយៈពេលប្រាំ​ឆ្នាំ​កន្លង​​ទៅ​នេះ គណបក្ស​កាន់​​អំណាច​​មិនត្រឹមតែ​មិន​យក​កម្រ​ង​ទស្សនៈរបស់​បណ្ឌិត កែម​ឡី ទៅពិចារណា​អនុវត្ត​តាម​​ប៉ុណ្ណោះទេ ប៉ុន្តែ​ថែម​​ទាំង​​បាន​​ចាប់​​ឃុំខ្លួន​​អ្នកចងក្រង​ និង​អ្នក​ផ្សព្វផ្សាយទស្សនៈ ឬ​ស្នាដៃ​​របស់​​លោក​​ដាក់​ពន្ធនាគារ​ទៀត​ផង។

អ្នកនាំពាក្យ​គណបក្ស​​ប្រជាជន​​កម្ពុជាលោក សុខ ឥសាន ថ្លែង​ប្រាប់​​វិទ្យុអាស៊ីសេរី​ថា​ គណបក្ស​របស់​​លោក​​មិន​​បាន​​ចាប់​​អារម្មណ៍​ទាល់​​តែ​សោះ​នូវ​​ស្នាដៃ ឬ​​ទស្សនៈ ដែល​​បន្សល់​​ទុក​​ដោយលោកបណ្ឌិត កែម ឡី។ លោក​អះអាង​ថា ​គណបក្ស​​របស់​​លោក​​មាន​​ក្រុម​អ្នក​ជំនាញ ដែល​​រៀបចំ​​យុទ្ធសាស្រ្ត និង​​គោលនបាយ​​គណបក្ស ដែល​​មិន​ចាំបាច់​​ពឹង​ផ្អែក​​លើ​​ទស្សនៈ​របស់​​បុគ្គល ឬ​ក្រុមណាមួយ​​ជាក់លាក់​​ឡើយ។ លោក​រម្លឹក​ថា ​លោក​ធ្លាប់​​ជួប​​លោកបណ្ឌិត កែម ឡី កាល​លោក​​នៅ​មាន​​ជីវិត​​ដែរ ហើយ​​លោក​​សង្កេត​ឃើញ​ថា ​ទស្សនៈ​បក្សលោក​​មិន​​ត្រូវគ្នា​​ជាមួយ​​លោក​​បណ្ឌិ​ត​​ឡើយ៖ «ចំពោះលោកបណ្ឌិត ឬលោកបញ្ញវន្តអីផ្សេងៗ ដែល​លោកស្រាវជ្រាវ​អាហ្នឹង​យើង​ក៏​មិន​ប្រឆាំង​គេដែរ ព្រោះ​នោះ​ គឺជាការស្រាវជ្រាវ​ការគិត​របស់​​គេដោយ​ឡែក ហើយ​បើគេយល់ឃើញ​ថា ​​កម្មវិធី​របស់គេ​ គំនិត​របស់គេល្អ គេ​នឹង​បង្កើត​គណបក្ស​ ដើម្បី​ប្រកួតប្រជែង​យកឈ្នះឆ្នោត ដើម្បីដឹកនាំប្រទេសហើយ។ យើង​អត់មាន​ចង្អៀត​ចង្អល់អីជាមួយគេទេ។​ តែ​បើ​ឱ្យ​យើង​ចម្លងពីគេ​មិនអាចទទួល​បាន​ទេ​ យើង​យកតែទស្សនៈ​របស់​យើង​ដែល​ចេញ​ពី​មតិ​សមូហភាព​ពី​គណបក្សប្រជាជន​កម្ពុជាតែម្ដង»

ភ្លាមៗ​នៅ​ក្រោយពេលដែលបណ្ឌិត កែម ឡី ត្រូវ​ឃាតក​បាញ់​សម្លាប់​កាលពីព្រឹកថ្ងៃទី១០ ខែកក្កដា​ឆ្នាំ ២០១៦ ក្រុម​អ្នក​គាំទ្រ​លោក ពិសេស​ក្រុមយុវជន​បាន​នាំគ្នា​ចងក្រង​ទស្សនៈទាំងឡាយ​របស់​លោក​បណ្ឌិត ដែល​គេអាច​រកបាន​ពី​កុំព្យូទ័រ​យួរដៃ និង​សម្ភារៈ​អេឡិចត្រូនិច​ផ្ទុកឯកសារ​របស់​លោក។ គេបាន​ចងក្រង​​សៀវភៅ ​២ ក្បាល​ គឺ​សៀវភៅ​កម្រង​ទស្សនៈ​សង្គម និង​នយោបាយ​បណ្ឌិត កែម ឡី និង​អ្នករូតវាំនន​សង្គម។ ក្រៅ​ពី​នោះ​ក៏មាន​សៀវភៅ គ្រូធំ ដែល​ចងក្រងចេញ​ពី​ការវិភាគ​របស់​លោកបណ្ឌិត នៅតាម​ប្រព័ន្ធ​ផ្សព្វផ្សាយ។

កម្រង​ទស្សនៈ​សង្គម និង​​នយោបាយ​​មាន​​កម្រាស់​​ជាង​ ​៣០០ ទំព័រ​បាន​សរសេរ​លម្អិត​ពី​បញ្ហា​សង្គម នយោបាយ​កម្ពុជា ការកសាង​សង្គម​ប្រជាធិបតេយ្យ ការពារអធិបតេយ្យ​ភាពជាតិ បញ្ហា​ព្រំដែន អន្តោប្រវេសន៍ ពលករ​ចំណាកស្រុក ការងារ សុខាភិបាល ការអប់រំ យុវជន ការពារ​ព្រៃឈើ​ធនធានធម្មជាតិ ដីធ្លី សិទ្ធិជន​ជាតិ​ដើម​ភាគ​តិច និង​​ទំនាក់ទំនង​​​ជាមួយ​​​ប្រទេស​​ជិត​ខាង និង​​ក្នុង​​រង្វង់​​សហគមន៍​​អាស៊ាន​ជាដើម។ ក្នុង​នោះ​​លោក​បណ្ឌិត កែម ឡី បាន​ផ្ដល់​ការ​វិភាគ​​ផង​ ផ្ដល់​​ជា​​យុទ្ធសាស្រ្ត​ឆ្លើយ​​តប ដើម្បី​ដោះស្រាយ​​បញ្ហា​​ទាំង​​នោះ​​ផង។

បើទោះបីជា​គណបក្ស​កាន់​អំណាច​​មិន​​បាន​​ខ្វល់ខ្វាយ​​យកចិត្ត​ទុក​ដាក់នឹ​ង​​កម្រ​ង​​ទស្សនៈ​ទាំងនោះ​​ក៏​ដោយ​ ​ក៏​មាន​​គណបក្ស​មួយចំនួន​​បញ្ចូល​ជា​​គោលនយោបាយ​​បក្សខ្លួន។

ប្អូនប្រុស​បង្កើត​របស់​លោកបណ្ឌិត កែម ឡី គឺលោក កែម រិទ្ធិសិត បាន​បង្កើត​ «គណបក្ស​ខ្មែរ​តែ​មួយ» ​កាល​ពី​ឆ្នាំ២០១៨ ដោយ​អះអាង​ថា ​នឹងដើរតាម​អ្វីៗ​គ្រប់យ៉ាង​ជា​ទស្សនៈ​ដែល​បន្សល់​ទុកដោយ​បណ្ឌិត កែម ឡី។ មិនត្រឹម​តែមិន​បាន​អនុវត្ត​ទស្សនៈបណ្ឌិត កែម ឡី ប៉ុណ្ណោះទេ​ គណបក្ស​នេះក៏ត្រូវគេមើលឃើញថា ​កំពុង​ចូល​រួម​ជួយលម្អ​សួន​ប្រជាធិបតេយ្យ​ក្លែងក្លាយ​របស់លោក ហ៊ុន សែន ដោយ​ធ្វើ​ជា​សមាជិក​ឧត្តម​ក្រុមប្រឹក្សា​ពិគ្រោះ និង​ផ្ដល់​យោបល់ទៀតផង។

ចំណែក​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន​​ដែល​​បង្កើត​​កាលពី​​ឆ្នាំ២០១៥ ក្រោម​ការជួយគូសវាស​​របស់​​បណ្ឌិត កែម ឡី វិញ​ក៏​ពុំ​ទាន់មា​ន​​លទ្ធភាព​​នឹង​​យក​​ទស្សនៈ​របស់​​បណ្ឌិត​ដែល​​គណបក្ស​នេះ​បាន​​ច្របាច់​បញ្ចូល​​ក្នុង​គោល​នយោបាយ​ធំៗ​របស់​​ខ្លួន​​ទៅ​​អនុវត្ត​ឱ្យចេញជា​រូបភាពជា​ក់​ស្ដែង​ដែរ។ គោល​ការណ៍​​ទាំង ​៥ ​នោះ​ រួមមាន​ការធានា​ផ្ដល់​អ្នកជំនាញ ផ្ដល់ទុន​ដល់​កសិករ ការបង្កើត​ប្រព័ន្ធ​ធានារ៉ាប់រង​ការព្យាបាល​ដល់ពលរដ្ឋ បង្កើន​ចំនួន​មន្ទីរពេទ្យ​មាន​គុណភាព​សុខាភិបាល និង​​ក្រុម​​គ្រូពេទ្យ​មាន​គុណតម្លៃ​ផ្ដល់​ប្រាក់​កម្ចី​ទៅ​ដល់​យុវជន បង្កើន​គុណភាព​អប់រំ ការផ្ដល់​ប្រាក់​ឧបត្ថម្ភ​ចាំបាច់​មួយចំនួន និង​ផ្ដល់​លទ្ធភាព​អោយ​ពលរដ្ឋ​ធ្វើ​ជា​​ពលរដ្ឋ​សកម្ម ជាដើម។ បន្ថែមពីនេះ​គណបក្ស​នេះ ​បាន​ចងក្រង​ឯកសារ​សង្ខេប​មួយ​ដែល​ដាក់​ចំណង​ជើង​ថា «ឧត្តមគតិ កែម ឡី និយម» ផ្តោតលើ​១០ចំណុច​សំខាន់ ដែល​ជាផ្នែក​សំខាន់​របស់​គោលនយោបាយ​​បក្ស​នេះ​ដែរ។

មន្រ្តី​ជាន់ខ្ពស់​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋានលោកបណ្ឌិត យ៉ង សាំងកុមារ ​មានប្រសាសន៍​ថា មកដល់ពេល​នេះ បើទោះ​ជា​គណបក្ស​កាន់អំណាច​មិន​ចាប់​អារម្មណ៍​អនុវត្ត​ទស្សនៈ​បណ្ឌិត កែម ឡី ក៏មែន​ពិត ក៏គំនិត​ទាំងនោះ​កំពុង​ធ្វើអោយ​មាន​របស់​ថ្មី​ទៅលើ​ការប្រកួតប្រជែង​គ្នា​របស់​គណបក្ស​នយោបាយនានា៖ «ទាក់ទង​ការប្រកួតប្រជែង និង​ការអនុវត្ត​ប្រជាធិបតេយ្យ ការប្រកួត​ប្រជែង​គោល​នយោបាយ​ហ្នឹង​ ពួកគាត់​ក៏​មាន​ការបារម្ភ​ខ្លាច​ទៅ​អាណត្តិ​ក្រោយ​អាចបាត់បង់​ឱកាស​នៅ​ក្នុង​ការដឹកនាំ​ឃុំ​អីញ្ចឹង។ ជារួម​ខ្ញុំអាច​វាយ​តម្លៃ​បាន​ថា និន្នាការ​នៃការផ្ដោត​ទៅ​លើ​វប្បធម៌​នយោបាយ​ថ្មី ការប្រកួត​ប្រជែង​គ្នា ដោយ​គោលនយោបាយ ការប្រកួតប្រជែង​ដោយ​គំនិត​ក្នុង​ការដោះស្រាយ​បញ្ហា ការលើកស្ទួយ សេរីភាព​នយោបាយ ជាពិសេ​ឱ្យ​ពលរដ្ឋ​មាន​ភាព​ក្លាហាន​ចូលរួមកិច្ចការនយោបាយ ដែល​លោក កែម ឡី លោក​ចង់​បាន ចង់​ជំរុញ​ហ្នឹង​ គឺ​យើង​នៅ​តែ​បន្ត នៅ​តែ​ធ្វើ ហើយ​វាចាប់​ផ្ដើមមាន​ឥទ្ធិពលរ​បណ្ដើរៗ​ហើយ»

ដោយឡែក​គណបក្ស​សង្រ្គោះជាតិ​វិញ​ គណបក្ស​នេះ​ទទួល​បាន​ប្រជាប្រិយភាព​ខ្លាំង​នៅ​ក្រោយ​បង្រួប​បង្រួម​គ្នា​រវាង​គណបក្ស សម រង្ស៊ី និង​គណបក្ស​សិទ្ធិមនុស្ស។ គណបក្ស​នេះ​បាន​បញ្ចូល​ទស្សនៈ​បណ្ឌិត កែម ឡី ទៅ​ក្នុង​គោលនយោបាយ​ខ្លួន​ដែរ ក្នុង​នោះ​រួមមាន៖ ផ្ដល់​ថវិកា​គ្រប់គ្រាន់​ទៅ​ដល់​ឃុំ-សង្កាត់ ការផ្ដល់​ប្រាក់​ឧបត្ថម្ភ​​ចាស់ ការតម្លើងប្រាក់ខែកម្មករ មន្រ្តី​រាជការ គាំពា​រកសិករ ពលរដ្ឋ​ក្រីក្រ​ទទួល​បាន​ការព្យាបាល​ជំងឺ​ដោយ​ឥត​យក​ប្រាក់ យុវជនទទួល​បាន​ឱកាស​ដូចគ្នា​​ក្នុង​ការអប់រំ និង​ការងារ​ធ្វើ​ត្រឹមត្រូវ បញ្ចុះតម្លៃប្រេង ជីកសិកម្ម អគ្គីសនី និងបញ្ចុះអត្រាការប្រាក់ជាដើម។

អនុប្រធាន​គណបក្ស​សង្គ្រោះជាតិលោក អេង ឆៃអ៊ាង សោកស្ដាយ​ដែល​គោលនយោបាយ​ទាំងនេះ​បន្ត​ស្ថិត​តែ​នៅលើ​ក្រដាស​ក្រោយពេល​គណបក្ស​សង្រ្គោះជាតិ​ត្រូវ​រម្លាយ ធ្វើអោយ​បាត់បង់​ឱកាស​បម្រើ​ពលរដ្ឋ។ លោក​ថា ការអនុវត្ត​តាម​ទស្សនៈ​បណ្ឌិត កែម ឡី​ នឹង​ធ្វើ​ឱ្យ​មាន​ការផ្លាស់ប្ដូរ និង​ផ្ដល់ផល​ប្រយោជន៍​ច្រើន​ដល់​ពលរដ្ឋ​៖ «កម្មវិធី​នយោបាយ​របស់​យើង​ពេល​ដែល​យើង​ឈ្នះ​ដឹកនាំ​ប្រទេស​ហ្នឹង​ គឺ​យើង​ទម្លាក់​ថវិកា​ឱ្យ​បាន​យ៉ាង​តិច​កន្លះ​លាន​ដុល្លារ​ក្នុង​ឃុំ​នីមួយៗ ហ្នឹង​ជាទស្សនៈ​​បណ្ឌិត​កែមឡី​ហើយ។ ក្នុង​នាម​ដែល​យើង​ជា​បក្ស​​នយោបាយ​មួយ ដែល​យើង​មាន​ទស្សនៈ​វិស័យ មាន​គោលដៅ​គោលបំនង​ក្នុង​ការអភិវឌ្ឍ​ប្រទេស​ហ្នឹង យើង​​ត្រូវ​តែចេះប្រើប្រាស់​ទស្សនៈ​ល្អៗ​របស់​បញ្ញវន្ត ក្រុម​បញ្ញវន្ត ហើយ​យើងដឹង​ហើយ​ថា​ រយៈពេល​ចុងក្រោយ​នេះ​លោកបណ្ឌិត កែម ឡី គាត់បាន​ចែក​ចាយ​ច្រើនមែនទែន ដែល​យើង​មើល​ឃើញ​ថា ​សុទ្ធ​តែ​ជា​ទស្សនៈ​ល្អៗ​សម្រាប់ ដែល​យើង​ត្រូវតែយកមក​ចាត់ចែង យក​មក​រៀបចំ»

ក្នុង​រឿងនេះ​អ្នកសិក្សា​ការអភិវឌ្ឍ​សង្គមលោកបណ្ឌិត សេង សារី មើល​ឃើញ​ថា ​មិនមែន​ជារឿង​ថ្មីទេ ដែល​គណបក្ស​កាន់អំណាច​មិនអើពើ​ទទួលយក​ទស្សនៈ យោបល់ និង​គំនិត​របស់​ក្រុម​បញ្ញវន្ដ ដែល​មិន​ស្ថិត​ក្រោម​ខ្សែញាក់​របស់​ខ្លួន ឬ​មិន​បាន​បម្រើ​ប្រយោជន៍​បក្ស៖ «សម្រាប់​ខ្ញុំ​ គឺ​មើលឃើញថា​ មិនមែន​តែរឿង​លោក​បណ្ឌិត កែម ឡី មួយ​ទេ ដែល​រដ្ឋាភិបាល​មិនអើពើនោះ សូម្បី​តែ​លទ្ធផល​នៃការស្រាវជ្រាវ​បែប​វិទ្យាសាស្រ្ត ការសិក្សាស្រាវជ្រាវ​តាម​វិធីសាស្រ្ត​ត្រឹមត្រូវ​របស់​អង្គការ​​អន្តរជាតិ​មួយចំនួន​ធំ ក៏ដូចជា​អ្នកស្រាវជ្រាវ​ឯករាជ្យ​មួយចំនួន​ធំ​ហ្នឹង​ក៏​រដ្ឋាភិបាល​មិន​ដែល​ចាប់អារម្មណ៍​យក​គំនិត​អស់​ហ្នឹង​យក​ទៅប្រើដែរ។ ខ្ញុំ​មើល​ទៅ​ហាក់ដូចជាមាន​នរណា​មួយ​ក្រុម​ដែល​មាន​ចេតនា​បង្កើត​គោលនយោបាយ​ហ្នុង​ម៉ោ ដើម្បី​ធ្វើ​ម៉េច​ធានា​តុល្យភាព​រវាង​ផលប្រយោជន៍​របស់​កម្ពុជា៥០% និង​ផលប្រយោជន៍​បក្ស​៥០% មានន័យថា​ ផលប្រយោជន៍​ហ្នឹង​ទៅជាតិ​ច្រើន​ពេក​ក៏​មិន​បាន​ដែរ។ មិនមែន​ដើម្បី​បង្កើត​គោលនយោបាយ​មក ដើម្បី​អោយ​បាន​ចេញ​ទៅ​​ជា​​ផលប្រយោជន៍​ជាតិ គឺវាខុសនឹង​ទម្រង់​នៃ​គណបក្ស​ក្នុង​សង្គម​ប្រជាធិបតេយ្យ»

លោក សេង សារី វិភាគ​ថា​ ទស្សនៈ​សង្គម និង​នយោបាយ​បណ្ឌិត កែម ឡី នឹង​នៅ​តែ​មាន​តម្លៃ​សម្រាប់​គណបក្ស​នយោបាយ​យក​ទៅ​អនុវត្ត​នៅ​ថ្ងៃខាង​មុខ៖ «គំនិត​មួយ​ចំនួន​របស់​លោកបណ្ឌិត កែម ឡី នេះ​វា​នឹង​ក្លាយ​ជា​អាវុធ​មុខ​ពីរ។ គណបក្ស​ណា​យក​ទៅ​ប្រើ គណបក្ស​នោះ​នឹង​ទទួល​បាន​ប្រជាប្រិយភាព គណបក្ស​ណា ដែល​មិនអើពើ​ធាតុចូល​គំនិត​បញ្ញវន្ត​របស់ខ្មែរ​ហ្នឹង ​គឺ​ទទួល​បាន​បរាជ័យ​ក្នុង​ករណី​ដែល​សង្គម​មួយ​ហ្នឹង​មាន​ការ​អនុវត្ត​ប្រជាធិបតេយ្យ​ត្រឹមត្រូវ។ នៅ​ពេល​ដែល​គណបក្ស​ណាព្យាយាម​ធ្វើម៉េច​បំផ្លាញ​ដំណើ​ប្រជាធិបតេយ្យ ការលូតលាស់​ប្រជាធិបតេយ្យ មិន​គោរពច្បាប់​អី​ គឺមិន​បាច់​យក​គំនិត​នរណា​ទៅ​ប្រើ​ក៏បាន​ដែរ​អត់អីទេ​ គឺ​ប្រឹង​តែ​ទៅ​បំពាន​ច្បាប់​នឹង​ទៅ ហើយ​ធ្វើ​ខ្លួន​ឯង​អោយ​ខ្ពស់​ជាង ឬ​ក៏មាន​ឥទ្ធិពល​ឱ្យ​វា​លើស​រដ្ឋធម្មនុញ្ញ​របស់​ខ្មែរ​អ៊ីញ្ចឹង​ទៅ។ អាហ្នឹង​ខ្ញុំគិត​ថា​អាយុកាល​នៅ​ក្នុង​ការអនុវត្ត​យុទ្ធសាសស្រ្ត​បែប​ហ្នឹង ​គឺមិនសូវ​ជា​វែង​ទេ»

នៅក្រោយ​​គណបក្ស​កាន់​អំណាច​បាត់បង់​សម្លេងគាំទ្រ​សន្ធឹក​សន្ធាប់​ទៅ​ឱ្យ​គណបក្ស​ប្រឆាំង​នៅ​ក្រោយ​ការបោះឆ្នោត​ក្រុមប្រឹក្សា​ឃុំ សង្កាត់ កាល​ពីឆ្នាំ២០១៧​នោះ គណបក្ស​នេះ​ចាប់ផ្ដើម​ប្រើគ្រប់​មធ្យាបាយ ដើម្បី​បាន​ក្ដោបក្ដាប់អំណាច​ឡើង​វិញ។ ទង្វើ​របស់​បក្ស​កាន់​អំណាច​រងការរិះគន់​ជាប់​មិនដាច់​ពី​សហគមន៍​ជាតិ និង​អន្តរជាតិ​ថា​ កំពុង​បំផ្លាញ​​គ្រប់ផ្នែក​ទាំងអស់​នៃ​ដំណើរការ​ប្រជាធិបតេយ្យ រួមទាំង​ការបំបិទ​សំឡេង​រិះគន់ និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ រិតត្បិត​សិទ្ធិ​សេរីភាព​​មូលដ្ឋាន​ពលរដ្ឋ​គ្រប់​បែបយ៉ាង រួមនឹង​សិទ្ធិ​នយោបាយ​ផង។

អ្នកនយោបាយ សកម្មជន​នយោបាយ សកម្មជន​សង្គម សហជីព មន្រ្តី​សង្គម​ស៊ីវិល និង​អ្នកសារព័ត៌មាន​ត្រូវ​ចាប់​ដាក់​ពន្ធនាគារ ដោយ​ការចោទ​ប្រកាន់ ដែល​គេឯង​មើលឃើញ​ថា ​ជា​បទចោទ​គ្មាន​មូលដ្ឋាន​ត្រឹមត្រូវ ពោល​គឺ​ដើម្បី​តែ​បំភិតបំភ័យ គំរាម​កំហែង​អ្នកហ៊ាន​ចេញ​មុខ​រិះគន់​អាជ្ញធរ​រដ្ឋភិបាល ឬ​ថ្នាក់ដឹកនាំ​រដ្ឋាភិបាល។

ក្នុង​ចំណោម​នោះ​មាន​ក្រុមយុវជន​ដែល​សកម្ម​ការងារ​សង្គម និង​បរិស្ថាន​ជាង​១០​នាក់ដែរ។ ពួកគេ​មួយចំនួន​ជាអ្នកចូលរួម​ចងក្រងស្នាដៃ ទស្សន​សង្គម និង​នយោបាយ​បណ្ឌិត កែម ឡី។ ក្នុង​នោះ​ រួមមាន​យុវជន ហ៊ុន វណ្ណៈ នៃក្រុម​ខ្មែរ​ថាវរៈ ជា​មនុស្ស​សំខាន់​ម្នាក់​ក្នុង​ការចងក្រង​ឯកសារ​បណ្ឌិត កែម ឡី ត្រូវ​អាជ្ញាធរ​ចាប់ខ្លួន​កាលពី​ថ្ងៃ​ទី១៣ ខែសីហា ឆ្នាំ២០២០ និង​ចោទ​ប្រកាន់​ពី​បទញុះញង់ ដោយសារតែ​ចេញ​មុខ​ទាមទារ​អោយ​ដោះលែង​ប្រធាន​សហជីព និង​សកម្មជន​ព្រំដែនលោក រ៉ុង ឈុន។ អនុប្រធាន​សមាគម​និស្សិត​បញ្ញវន្ត​ខ្មែរ លោក មាន ព្រហ្មនី និង លោកមួង សុភក្រ្ត របស់សមាគមនេះ ដែលជា​ក្រុម​យុវជន​សកម្ម​ការ​ងារ​​ស្រាវជ្រាវ និង​ចងក្រង​ស្នាដៃ​បណ្ឌិត កែម ឡី ក៏កំពុង​ជាប់​ក្នុង​ឃុំដែរ។ ភាគច្រើន​នៃ​ក្រុមយុវជន ដែល​កំពុង​ជាប់ឃុំ​ គឺ​ជាអ្នកដែល​ប្រឹងប្រែង​តស៊ូ រៀបចំ​បុណ្យ​ខួប​មរណភាព​បណ្ឌិត កែម ឡី ជារៀងរាល់ឆ្នាំ បើទោះបី​ជា​ត្រូវ​អាជ្ញាធរ​រារាំង​តាម​គ្រប់​រូបភាព។ លើសពីនេះ ក៏មានយុវជន គង់ រ៉ៃយ៉ា និង សួង នាគ ព័ន្ធ ក៏ត្រូវបានចាប់ដាក់ពន្ធនាគារមួយរយៈដោយសារពាក់អាវមានសារទស្សនៈរបស់បណ្ឌិត កែម ឡី និងចូលរួមក្នុងពិធីរម្លឹកវិញ្ញាណក្ខន្ធបណ្ឌិត កែម ឡី កាលពីខែកក្កដា ឆ្នាំ២០១៩។

ប្រធាន​សមាគម​និស្សិត​បញ្ញវន្ត​ខ្មែរ​លោក មួង សូនី ប្រាប់​វិទ្យុ​អាស៊ីសេរី​ថា ចំណុច​នេះ​បញ្ជាក់​ឱ្យ​ឃើញ​ថា​ គោលនយោបាយ​របស់​រដ្ឋាភិបាល​ក្នុង​ការផ្ដល់​ឱកាស​ឱ្យ​យុវជន​ចូលរួម​អភិវឌ្ឍន៍​សង្គម​មាន​ការរើសអើង។ លោក​សំណូមពរ​ឱ្យ​រដ្ឋាភិបាល​ផ្ដល់​ឱកាស​ដល់​យុវជន​ឱ្យ​បាន​ស្មើៗ​គ្នា៖ «វារឹតតែអាក្រក់បន្ថែម​ទៅទៀត​អារឿង​មនោគមវិជ្ជា​ហ្នឹង។ ដូចថា​ សង្គម​ស៊ីវិល ក្រុមមួយរយរាត្រី​អីហ្នឹង ជាអ្នកត្រូវ​ចង្អុល​បង្ហាញ ឬត្រូវបង្កើត​ឡើង​ដោយ​គណបក្ស​ប្រឆាំង​​ទាំង​ពួកគាត់​ហ្នុង​អត់មាន​ទាក់ទង​​អីទាំងអស់​តែម្ដង»

ចំណែក​ប្រធាន​ក្រុម​អ្នកវិភាគ​វ័យក្មេង កញ្ញា លី ស្រីស្រស់ ក៏ចាត់ទុក​ការចាប់ចង​យុវជន​ដោយសារ​តែ​ការឈឺឆ្អាល​បញ្ហា​សង្គម​របស់​ពួកគេ​នេះ​បង្ហាញ​ថា ​បក្សកាន់​​អំណាច​ប្រើ​ឥទ្ធិពល​ជ្រុលហួសហេតុ លែង​គិត​ពី​សីលធម៌ តែជាវប្បធម៌​ក្ដិច​ត្រួយ ដែល​មិនគួរ​កើត​មាន​នៅ​ក្នុង​ប្រទេស​ប្រជាធិបតេយ្យនោះទេ៖ «បើយើង​និយាយ​ឱ្យ​អាក្រក់ស្ដាប់ទៅ​ វាជារឿង​ចង្រៃ​មួយ​សម្រាប់​សង្គម​ជាតិ​យើងដែរ ពីព្រោះ​យុវជន​មាន​សក្ដានុពល​មែនទែន មាន​ពាក្យស្លោកថា​ ទំពាំង​ស្នងឫស្សី​អីជា​ដើម​ហ្នឹង ហើយ​អ្នកដែល​ស្នង​ហ្នឹង ​គឺ​ជាយុវជន។ បើ​ពួកគេ​មិនទាន់​ទាំង​បាន​ក្លាយជាឫស្សីស្រួលបួលផង​នាំគ្នាក្ដិច នាំ​គ្នា​អី​ចឹង​ទៅ​វា​អស់។ ហើយសួរថា​​ នរណា​ជាអ្នក​ក្ដិច? គឺ​ឫស្សី​ហ្នឹង​អ្នកក្ដិចទៅទៀត។ សួរថា​ តើ​​ពេលដែលឫស្សីងាប់ទៅ​ តើបានទំពាំងណាវាឡើង?»

បើទោះជា​បែបណា​កញ្ញា លី ស្រីស្រស់ អំពាវ​នាវ​ដល់​ពលរដ្ឋ​ក្នុង​សង្គម​ថា ត្រូវ​ផ្ដល់តម្លៃ​ដល់​អ្នកហ៊ាន​ចេញ​មុខ​រិះគន់​បញ្ហា​ក្នុង​សង្គម អ្នកហ៊ាន​ចេញ​មុខ​តស៊ូ​មតិ ដើម្បី​​ឱ្យមាន​ការកែប្រែ​សង្គម​ឱ្យល្អប្រសើរឡើង ពិសេស​អ្នកដែល​ហ៊ាន​និយាយ​ការពិត ព្រោះ​ពួកគេ​មិនត្រឹម​មាន​ភាព​ក្លាហាន​ទេ ប៉ុន្តែពួកគេ​ថែម​ទាំង​ត្រូវ​ប្រឈម​​នឹង​​ការ​ធ្វើទុក្ខ​បុកម្នេញ​គ្រប់រូបភាព​ទាំង​ការគំរាមកំហែង ការលួចវាយធ្វើបាប ការចាប់ចង​ដាក់​ពន្ធនាគារ ទៀតផង។

បើទោះបីជា ឃាតកម្មលើបណ្ឌិម កែម ឡី ​បាន​រំលងផុត​៥​ឆ្នាំ​ដោយគ្មានយុត្តិធម៏ទៅ​ហើយ​ក្ដី  ក៏អ្នកវិភាគយល់ឃើញថា ការហ៊ានលះបង់ជីវិតដើម្បីនិយាយការពិត​របស់​បណ្ឌិត កែម ឡី ពិតជាមានអត្ថន័យ និងទទួល​បាន​ការគោរព​ពីពលរដ្ឋខ្មែរ។ ប្រជាពលរដ្ឋខ្មែររាប់សែននាក់ដែលបានចូលរួមដង្ហែសពបណ្ឌិត កែម ឡី កាលពី ៥ ឆ្នាំមុន គឺជាសក្ខីកម្ម ឬតឹកតាងបញ្ជាក់ពីការគោរពស្រឡាញ់របស់ពួកគេចំពោះលោក។ ពួកគេយល់ថា គម្រូល្អរបស់បណ្ឌិត កែម ឡី នឹងស្ថិតនៅក្នុងដួងចិត្តរបស់យុវជនខ្មែរ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)

មើល​មតិ​ទាំង​អស់.

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។

គេហទំព័រ​ទាំងមូល