លោក កឹម សុខា និង​ក្រុម​មេធាវី​របស់​លោក ទៅ​ចូលរួម​គោរព​វិញ្ញាណក្ខន្ធ​ម្ដាយ​ក្មេក​លោក ហ៊ុន សែន

លោក កឹម សុខា ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ បាន​ដឹក​នាំ​ក្រុម​មេធាវី​របស់​លោក និង​មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ​មួយ​ចំនួន​ទៅ​ចូលរួម​គោរព​វិញ្ញាណក្ខន្ធ ម្ដាយ​ក្មេក​លោក ហ៊ុន សែន នៅ​ល្ងាច​ថ្ងៃ​ទី៥ ឧសភា​នេះ។

នេះ​ជា​លើក​ទី១ ហើយ ដែល​លោក កឹម សុខា ចេញ​មុខ​ជា​សាធារណៈ​ចូលរួម​ពិធី​បុណ្យ​សព​ម្ដាយ ក្មេក​លោក​នាយក​រដ្ឋមន្ត្រី ក្រោយ​ពី​អាជ្ញាធរ​ចាប់​លោក​ដាក់​ពន្ធនាគារ​ត្រពាំង​ផ្លុង និង​ការ​ឃុំ​ខ្លួន​ក្នុង​ផ្ទះ​ក្នុង​រយៈ​ពេល​ប្រមាណ ៣ឆ្នាំ​មក​នេះ។ នៅ​ក្នុង​រូបថត ដែល​សារ​ព័ត៌មាន​ស្និទ និង​លោក ហ៊ុន សែន យក​មក​ផ្សព្វផ្សាយ​នោះ លោក កឹម សុខា បាន​ជួប​អង្គុយ​សន្ទនា​ដោយ​ផ្ទាល់​ជាមួយ​លោក ហ៊ុន សែន ក្នុង​សំលៀកបំពាក់​កាន់​ទុក្ខ ប៉ុន្តែ​គេ​មិន​ទាន់​ដឹង​ថា តើ​លោក កឹម​ សុខា បាន​ជជែក​ពី​អ្វី​ខ្លះ ជា​មួយ​លោក ហ៊ុន សែន ក្រៅ​ពី​ចូល​រួម​សំដែង​ការ​សោក​ស្ដាយ និង​សារ​រំលែក​ទុក្ខ​នោះ?

អាស៊ី​សេរី​មិន​អាច​ទាក់ទង​មេធាវី​ការពារ​ក្ដី​លោក កឹម សុខា គឺ​លោក ចាន់ ចេន អ្នកស្រី​មេធាវី ម៉េង សុភារី និង​មន្ត្រី​ខុទ្ទកាល័យ​របស់​លោក គឺ​លោក មុត ចន្ថា ដែល​បាន​ទៅ​ចូល​រួម​ជាមួយ​លោក កឹម សុខា ដែរ​នោះ​បាន​នៅ​ឡើយ​ទេ គិត​មក​ដល់​មុន​ការ​ផ្សាយ​នេះ។ រី​ឯ​មេធាវី​លោក កឹម សុខា មួយ​រួប​ទៀត លោក ផែង ហែង មានប្រសាសន៍ថា លោក​មិន​បាន​អញ្ជើញ​ទៅ​ចូល​រួម​គោរព​វិញ្ញាណក្ខន្ធ​អ្នកស្រី ប៊ុន ស៊ាងលី ម្ដាយ​ក្មេក​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន នៅ​គេហដ្ឋាន​របស់​លោក​ក្បែរ​វិមាន​ឯករាជ្យ​នោះ​ទេ ដោយសារ​តែ​លោក​ជាប់​រវល់​ពិធី​បុណ្យ​សព​សាច់​ញាតិ​លោក​ដែរ នៅ​ថ្ងៃ​ទី៥ ឧសភា​នេះ។ ប៉ុន្តែ​លោក ផែង ហេង បញ្ជាក់​ថា តាម​លោក​មើល​ឃើញ​ក្នុង​រូបថត​ក្នុង​បណ្ដាញ​សារ​ព័ត៌មាន​ដែរ​នោះ លោក កឹម សុខា និង លោក ហ៊ុន សែន ទំនង​ជា​មិន​បាន​ជជែក​ពី​បញ្ហា​អ្វី​ផ្សេង ក្រៅ​ពី​សារ​រំលែក​ទុក្ខ​នៅ​ក្នុង​ពិធី​បុណ្យ​សព​នោះ​ទេ។

សារ​ព័ត៌មាន​ដែល​ស្និទ្ធ និង​លោក ហ៊ុន សែន ចុះ​ផ្សាយ​ថា លោក កឹម សុខា ទៅ​គោរព​វិញ្ញាណក្ខន្ធ​ម្ដាយ​ក្មេក លោក ហ៊ុន សែន នេះ បន្ទាប់​ពី​មាន​ការ​អនុញ្ញាត​ពី​លោក​នាយក​រដ្ឋមន្ត្រី និង​ក្រុម​គ្រួសារ​សព។

ក្រោយពី អ្នកស្រី ប៊ុន ស៊ាងលី ទទួល​មរណភាព​ភ្លាមៗ លោក កឹម សុខា បាន​សរសេរ​សារ​រំលែក​ទុក្ខ​ផ្ញើ​ទៅ​ក្រុម​គ្រួសារ​លោក ហ៊ុន សែន ដែរ ដែល​មាន​ខ្លឹមសារ​ថា « មរណភាព​របស់​អ្នក​ឧកញ៉ា​ព្រឹទ្ធ​មហា​ឧបាសិកា​ធម្មញ្ញាណ​វិវឌ្ឍនា ប៊ុន ស៊ាងលី គឺ​ជា​ការ​បាត់​បង់​មាតា ជីដូន ដែល​ជា​អ្នក​មាន​គុណ​ដ៏​ធំធេង ដែល​បាន​ចិញ្ចឹម​បីបាច់​ថែរក្សា និង​អប់រំ​ទូន្មាន​កូនចៅ​ប្រកប​ដោយ​ព្រហ្ម​វិហារធម៌ » ។ ចំពោះ​ថ្នាក់​ដឹក​នាំ និង​សកម្មជន​បក្ស​ប្រឆាំង​មួយ​ចំនួន​ទៀត ក៏​បង្ហោះ​សារ​ចូលរួម​រំលែក​ទុក្ខ​ជាមួយ​ក្រុម​គ្រួសារ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ដែរ បើ​ទោះ​ជា​ពួក​គេ ​ត្រូវ​បាន​រដ្ឋាភិបាល​ធ្វើ​ទុក្ខ​បុក​ម្នេញ ឥត​ស្រាកស្រាន្ត​ក្ដី៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។