ប្រធានគណបក្សសង្គ្រោះជាតិដែលកំពុងជាប់ឃុំក្នុងផ្ទះបានបង្ហោះសារតាមបណ្តាញសង្គមហ្វេសប៊ុកថ្ងៃទី២ ខែកញ្ញា ជាថ្ងៃគម្រប់ពីរឆ្នាំនៃការឃុំខ្លួនលោកថា ពលិកម្មរបស់លោកមិនមែនលោកល្ងង់នោះទេ ប៉ុន្តែលោកត្រូវហ៊ានលះបង់ក្នុងនាមជាអ្នកដឹកនាំ។ អ្នកវិភាគនយោបាយ ជំរុញទៅរបបក្រុងភ្នំពេញឲ្យដោះលែងលោក កឹម សុខា បើចង់រក្សាប្រព័ន្ធអនុគ្រោះពន្ធEBA។
សារកម្ររបស់ប្រធានគណបក្សសង្គ្រោះជាតិ លោក កឹម សុខា រៀបរាប់ពីអារម្មណ៍ សោកសៅប្តីព្រាត់ប្រពន្ធ កូនព្រាត់ឪពុក និងកូនព្រាត់ម្ដាយ ដែលត្រូវសមត្ថកិច្ចនៃរបបក្រុងភ្នំពេញចូលឆ្មក់ចាប់ខ្លួនលោកទាំងកណ្ដាលយប់កាលពី ២ឆ្នាំមុន។ ព្រឹត្តិការណ៍នេះធ្វើលោក កឹម សុខា នឹកដល់ឪពុករបស់លោក ដែលត្រូវក្រុមប្រដាប់អាវុធខ្មែរក្រហមចាប់យកទៅទាំងកណ្ដាលអាធ្រាត្រកាលពីឆ្នាំ១៩៧៥។
ប៉ុន្តែប្រធានគណបក្សប្រឆាំងរូបនេះ អះអាងថា លោកដឹងខ្លួនជាមុនរួចទៅហើយថា ក្នុងនាមជាអ្នកប្រជាធិបតេយ្យនឹងត្រូវជួបគ្រោះថ្នាក់ និងការឈឺចាប់រាប់មិនអស់ឡើយ។
លោក កឹម សុខា បន្តលើកឡើងទៀតថា លោកស្ម័គ្រចិត្តធ្វើពលិកម្មជូនជាតិនេះ មិនមែនលោកមិនចេះខ្លាច មិនមែនលោកមិនដឹងពីគ្រោះថ្នាក់ មិនមែនព្រោះលោកល្ងង់ទេ តែក្នុងតួនាទីជាអ្នកដឹកនាំ គឺខុសពីចៅហ្វាយ ឬថៅកែ។ លោកបញ្ជាក់ថា ចៅហ្វាយឬថៅកែគេជាអ្នកចាំយកលទ្ធផលពីការងារ តែអ្នកដឹកនាំគឺជាអ្នកដែលលះបង់មុនគេនិងច្រើនជាងគេ ដើម្បីជាគំរូដល់អ្នកគាំទ្រ។
សារចុងក្រោយរបស់ប្រធានគណបក្សសង្គ្រោះជាតិរូបនេះ អំពាវនាវ ខ្មែរគ្រប់និន្នាការបញ្ឈប់នូវនយោបាយយកឈ្នះចាញ់ខ្មែរគ្នាឯង ដោយយកប្រជាពលរដ្ឋ និងជោគវាសនាប្រទេសជាតិជាឈ្នាន់ ឬជារបាំងតទៅទៀត ព្រោះថា ខ្មែរគ្រប់ស្រទាប់វណ្ណៈបានឈឺចាប់គ្រប់គ្រាន់ហើយ។
ប្រធានគណបក្សសង្គ្រោះជាតិ លោក កឹម សុខា ត្រូវអាជ្ញាធរក្រុងភ្នំពេញចូលចាប់ខ្លួននៅកណ្ដាលយប់ក្នុងគេហដ្ឋានរបស់លោកកាលពីថ្ងៃទី២ ឈានចូលដល់ថ្ងទី៣ ខែកញ្ញា ឆ្នាំ២០១៧ ដោយចោទ ប្រកាន់ពីទោសក្បត់ជាតិ ដែលបទចោទនេះត្រូវគេមើលឃើញថា មានចរិតនយោបាយហើយលោក កឹម សុខា ត្រូវបានសមត្ថកិច្ចយកទៅឃុំឃាំងក្នុងពន្ធនាគារត្រពាំងផ្លុង ខេត្តត្បូងឃ្មុំ ជាប់ព្រំដែនប្រទេសវៀតណាម និងបន្តឃុំខ្លួនក្នុងផ្ទះអស់រយៈពេល ២ ឆ្នាំហើយ រហូតមដល់ថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០១៩នេះ។ ប៉ុន្តែ មកដល់ពេលនេះ សំណុំរឿងលោក កឹម សុខា មិនទាន់ត្រូវបានតុលាការជំនុំជម្រះក្តីនៅឡើយទេ។
នាយករងទទួលបន្ទុកផ្នែកឃ្លាំមើលសិទ្ធិមនុស្សនៃអង្គការ លីកាដូ (LICADHO) លោក អំ សំអាត និយាយ ផ្អែកគោលការណ៍សិទ្ធិមនុស្ស និងច្បាប់អន្តរជាតិជនជាប់ចោទ ឬជនត្រូវចោទ ត្រូវទទួលការជំនុំជម្រះបានយ៉ាងឆាប់បំផុតតាម ដែលធ្វើទៅបាន។ បន្តថា ការឃុំខ្លួន លោក កឹម សុខា រយៈពេលពីរឆ្នាំគ្មានការជម្រះក្តីបែបនេះ ធ្វើឲ្យប៉ះពាល់ធ្ងន់ធ្ងរលើសិទ្ធិសេរីភាពរបស់លោក កឹម សុខា។
លោក អំ សំអាត បន្តថា ករណីចោទប្រកាន់លើលោក កឹម សុខា គឺជាបទល្មើសឧក្រិដ្ឋ ដែលរយៈពេលរង់ចាំការជំនុំជម្រះក្តីមិនឱ្យហួសពី ២២ខែទេ ប៉ុន្តែ សមត្ថកិច្ចបានបង្វែរពីការ ឃុំខ្លួននៅពន្ធនាគារ មកជាដាក់ឲ្យស្ថិតក្រោមការត្រួតពិនិត្យរបស់តុលាការដែលវិធានការថ្មីច្បាប់មិនបានចែងរយៈពេលជាក់លាក់ណាមួយដើម្បីជំនុំជម្រះក្តីនោះទេ។ ទោះបែបនេះ មន្ត្រីសិទ្ធិមនុស្សរូបនេះ យល់ថា តុលាការក៏ត្រូវពន្លឿនការក្នុងជំនុំជម្រះក្តីដែរ ដោយផ្អែកលើគោលការណ៍សិទ្ធិមនុស្ស៖ «»
ទាក់ទងការឃុំខ្លួនគ្មានការជម្រះក្តីនេះ អាស៊ីសេរីបានព្យាយាមសុំការបំភ្លឺពីក្រុមមេធាវី លោក កឹម សុខា និងអ្នកនាំពាក្យក្រសួងយុត្តិធម៌ លោក ជិន ម៉ាលីន នៅថ្ងៃទី២ ខែកញ្ញា ប៉ុន្តែមិនទទួលបានការឆ្លើយតបទេ ដោយទូរស័ព្ទចូលគ្មានអ្នកទទួល។
មេធាវីការពារក្តីឱ្យលោក កឹម សុខា មួយរូបគឺលោក ផែង ហេង ឲ្យសារព័ត៌មានក្នុងស្រុក (វិទ្យុបារាំងអន្តរជាតិ) ដឹងថា សំណុំរឿងរបស់លោក កឹម សុខា ហាក់នៅទ្រឹងដោយមិនមានការវិវត្តន៍ទៅមុខនោះទេ។ លោកមេធាវីបន្តថា សំណុំរឿងនេះត្រឹមអ្នកបច្ចេកទេសមិនអាចដោះស្រាយបានទេ បើគ្មានការចរចាផ្នែកនយោបាយ។
អ្នកវិភាគនយោបាយ បណ្ឌិត ឡៅម៉ុងហៃ សង្កេតឃើញថា ការចាប់ខ្លួនលោក កឹម សុខា គឺខុសច្បាប់ចាប់តាំងពីការចាប់ខ្លួនដំបូងរហូតមកដល់ការឃុំខ្លួនសព្វថ្ងៃនេះដែលនេះ ជាអំពើអយុត្តិធម៌ចំពោះលោក កឹម សុខា។ បណ្ឌិត ឡៅ ម៉ុងហៃ ចាត់ទុកករណីលោក កឹម សុខ គឺជារឿងនយោបាយសុទ្ធសាធ។ អ្នកវិភាគនយោបាយជើងចាស់រូបនេះយល់ថា លោក កឹម សុខា គឺជាមនុស្សគន្លឹះសំខាន់ម្នាក់ ដែលថែរក្សាប្រពន្ធអនុគ្រោះពន្ធរបស់សហភាពអឺរ៉ុប។ ដូច្នេះលោកថា បើរដ្ឋាភិបាលចង់រក្សាប្រព័ន្ធអនុគ្រោះពន្ធEBA ត្រូវតែដោះលែងលោក កឹម សុខា ឲ្យមានសេរីភាពពេញ៖ «»
សហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប តែងរម្លឹកជារឿយៗ ទៅរបបក្រុងភ្នំពេញឲ្យដោះលែង លោក កឹម សុខា។ ប៉ុន្តែរបបក្រុងភ្នំពេញតែងឆ្លើយបដិសេធ និងចាត់ទុកការអំពាវនាវទាំងនោះថា ការជាការជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់ខ្លួន។ មន្រ្តីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ លោក យ៉ែម បុញ្ញឫទ្ធិ បានសរសេរលើហ្វេសប៊ុករបស់លោកក្នុងថ្ងៃខួប២ឆ្នាំនៃការឃុំខ្លួនលោក កឹម សុខា ថា ដំណោះស្រាយជាវិជ្ជមាន ក្នុងការបន្តដំណើរប្រជាធិបតេយ្យសេរីពិតប្រាកដ ដោយមានការដោះលែងលោក កឹម សុខា ឱ្យទទួលបាននូវសិទ្ធិសេរីភាពពេញលេញ ពីព្រោះគាត់មិនមែនជាបុគ្គលហិង្សានិយម ប៉ុន្តែលោក កឹម សុខា បុគ្គលដែលមានគោលការណ៍អហិង្សា ផ្សះផ្សាជាតិ ជាអ្នកប្រជាធិបតេយ្យពិត៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
