ប្រធានគណបក្សសង្គ្រោះជាតិ លោក កឹម សុខា ផ្ញើសាររំលែកទុក្ខជូនលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលបាត់បង់ម្ដាយក្មេក គឺឧបាសិកា ប៊ុន ស៊ាងលី នៅព្រឹកថ្ងៃទី៤ ខែឧសភា ដោយសារជរាពាធ ក្នុងជន្មាយុ ៩៦ឆ្នាំ។
មេបក្សប្រឆាំងដែលកំពុងមានក្ដីក្ដាំក្នុងតុលាការ និងត្រូវបានលោក ហ៊ុន សែន ព្រមានចាប់ដាក់គុក ឡើងវិញរូបនេះ សរសេរសាររំលែកទុក្ខលើទំព័រហ្វេសប៊ុក (Facebook) ថា មរណភាពរបស់ឧបាសិកា ប៊ុន ស៊ាងលី គឺជាការបាត់បង់មាតា និងជីដូន ដែលជាអ្នកមានគុណដ៏ធំធេង ដែលបានចិញ្ចឹមបីបាច់ថែរក្សា និងអប់រំទូន្មានកូនចៅប្រកបដោយព្រហ្មវិហារធម៌។ ថ្នាក់ដឹកនាំ និងសកម្មជនបក្សប្រឆាំងមួយចំនួនទៀត ក៏បង្ហោះសារចូលរួមរំលែកទុក្ខជាមួយក្រុមគ្រួសារលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែរ បើទោះជាពួកគេ ត្រូវបានរដ្ឋាភិបាលធ្វើទុក្ខបុកម្នេញ ឥតស្រាកស្រាន្តក្ដី។
ការសម្ដែងសមានចិត្តរវាងអ្នកនយោបាយគូបដិបក្ខនៅស្រុកខ្មែរ មិនមែនជារឿងថ្មីទេ។ កន្លងមក លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ធ្លាប់បានផ្ញើសាររំលែកទុក្ខជូនប្រធានស្ដីទីគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី ចំពោះមរណភាពម្ដាយក្មេករបស់លោក កាលពីខែវិច្ឆិកាឆ្នាំ២០១៦។ ចំណែកលោក សម រង្ស៊ី វិញ ក៏ធ្លាប់ផ្ញើសាររំលែកទុក្ខជូនលោក ហ៊ុន សែន នៅពេលឪពុកបង្កើតរបស់លោក នាយករដ្ឋមន្ត្រី ទទួលមរណភាព កាលពីឆ្នាំ២០១៣ ដែរ។ សាររំលែកទុក្ខកាលណោះ បានធ្វើឲ្យលោកនាយករដ្ឋមន្ត្រីទន់ចិត្ត ស្នើសុំព្រះមហាក្សត្រព្រះរាជទានលើកលែងទោស និងអនុញ្ញាតឲ្យលោកសម រង្ស៊ី បានវិលចូលស្រុកវិញថែមទៀត។
អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន ថ្លែងថា ការផ្ញើសារចូលរួមរំលែកទុក្ខ របស់លោក កឹម សុខា នេះគឺជាសមានចិត្ត និងគុណធម៌ល្អមួយនៅក្នុងសង្គមខ្មែរ មិនពាក់ព័ន្ធនឹង រឿងនយោបាយនោះទេ។ លោក សុខ ឥសាន្ត ក៏មិនទាន់ដឹងថា តើការផ្ញើសាររំលែកទុក្ខរបស់មេ បក្សប្រឆាំងរូបនេះ នឹងអាចធ្វើឲ្យប្រមុខរដ្ឋាភិបាលទន់ចិត្ត និងផ្ដល់សេរីភាពពេញលេញដល់លោក កឹម សុខា ឡើងវិញ ឬយ៉ាងណានោះទេ ដោយលោកប្រាប់ឲ្យប្រជាពលរដ្ឋរង់ចាំមើលទាំងអស់គ្នា៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។