ប្រធានគណបក្សសង្គ្រោះជាតិ លោក កឹម សុខា នឹងទទួលសមាជិកសភាប្រទេស ស៊ុយអែត (Sweden) និងមេដឹកនាំសង្គមស៊ីវិលនៃប្រទេសនេះ ដើម្បីជួបសំណេះសំណាល និងសួរសុខទុក្ខ លោក ដល់គេហដ្ឋាន នៅខណ្ឌទួលគោក រាជធានីភ្នំពេញ ថ្ងៃទី៧ មករាស្អែកនេះ។
នាយកខុទ្ទកាល័យ លោក កឹម សុខា គឺលោក មុត ចន្ថា បានសរសេរលើហ្វេសប៊ុកថា សមាជិកសភា ស៊ុយអែត ដែលគ្រោងជួបលោក កឹម សុខា គឺមកពីគណបក្សសង្គមប្រជាធិបតេយ្យ (Social Democratic Party ឬ Social Democrats) ជាគណបក្សដឹកនាំរដ្ឋាភិបាល។ លោកឲ្យដឹងទៀតថា លោក កឹម សុខា បន្តកិច្ចខិតខំប្រឹងប្រែងក្នុងការពង្រឹង និងពង្រីកទំនាក់ទំនងល្អជាមួយបណ្ដាប្រទេសនានា ដើម្បីបម្រើ ការពារ កសាងនូវអ្វីដែលជាផលប្រយោជន៍របស់ប្រទេស និងប្រជាពលរដ្ឋខ្មែរ។
នៅរយៈពេលចុងក្រោយនេះ មានឯកអគ្គរដ្ឋទូត និងអគ្គរាជទូត នៃប្រទេសកាន់ប្រជាធិបតេយ្យ ជាច្រើនរូប បានចូលជួបលោក កឹម សុខា ជាបន្តបន្ទាប់។ តំណាងរដ្ឋាភិបាលនៃប្រទេសសេរីធំៗ ទាំងនេះ នៅតែជំរុញដល់រដ្ឋាភិបាលកម្ពុជា ឱ្យស្ដារលទ្ធិប្រជាធិបតេយ្យ ការគោរពសិទ្ធិមនុស្សឡើងវិញ តាមរយៈការទម្លាក់ចោលរាល់បទចោទប្រកាន់លើលោក កឹម សុខា និងដោះលែងសកម្មជននៃគណបក្សនេះ។ តុលាការក្រុងភ្នំពេញ នឹងបើកសវនាការជំនុំជម្រះលោក កឹម សុខា នៅថ្ងៃទី១៥ ខែមករាពាក់កណ្ដាលសប្ដាហ៍ក្រោយនេះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។