អ្នកនាំពាក្យក្រសួងយុត្តិធម៌ថ្លែងការពារ រដ្ឋាភិបាលថា ការឃុំខ្លួនលោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ រយៈពេលពីរឆ្នាំកន្លងមកនេះមិនមានអ្វីខុសច្បាប់ទេ។ កាលពីថ្ងៃទី២ កញ្ញា ជាខួបនៃការឃុំខ្លួនរបស់លោក កឹម សុខា ពីរឆ្នាំ ដែលការឃាត់ខ្លួននេះ ត្រូវបានសង្គមស៊ីវិលចាត់ទុកជា ទង្វើនយោបាយ និងអយុត្តិធម៌ ដើម្បីឈានទៅរំលាយគណបក្សសង្គ្រោះជាតិ។
អ្នកនាំពាក្យក្រសួងយុត្តិធម៌ លោក ជិន ម៉ាលីន បញ្ជាក់ថា ការរិះគន់ចំពោះការឃុំខ្លួនលោក កឹម សុខា រយៈពេលពីរឆ្នាំកន្លងទៅនេះគឺខុសទៅតាមទិដ្ឋភាពផ្លូវច្បាប់ ដែលមានជាធរមានពីព្រោះថា ករណីនេះតុលាការបានសម្រេចចេញដីកាឃុំខ្លួនលោក កឹម សុខា នៅពន្ធនាគារត្រពាំងផ្លុង កាលពីថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០១៧ ហើយក្រោយមកចៅក្រមស៊ើបសួរបានសម្រេចដោះលែងឱ្យនៅក្រៅឃុំកាលពីថ្ងៃទី០៩ កញ្ញា ឆ្នាំ២០១៨។ហេតុដូច្នេះគិតមកដល់ពេលនេះលោក កឹម សុខា បានស្ថិតនៅក្រោមការឃុំខ្លួននៅក្នុងផ្ទះរយៈពេល ១ឆ្នាំ និង ៥ ថ្ងៃប៉ុណ្ណោះ វាមិនខុសទៅតាមទិដ្ឋភាពផ្លូវច្បាប់ទេ៖ «ករណីលោក កឹម សុខា នេះក៏មិនបានស្ថិតនៅក្នុងការឃុំខ្លួននៅក្នុងផ្ទះដែរ ពីព្រោះច្បាប់យើងអត់មានរបបនៃការឃុំខ្លួននៅក្នុងផ្ទះទេ។ បានន័យថាគាត់ស្ថិតនៅក្រៅឃុំ ក៏ប៉ុន្តែ ស្ថិតនៅក្រោមការត្រួតពិនិត្យរបស់តុលាការ។ អ៊ីចឹងតុលាការគេកំណត់លក្ខខណ្ឌមួយចំនួន កន្លែង និងបរិវេណដែលគាត់អាចទៅបាន និងអ្វីដែលគាត់អាចធ្វើបាន។ ក៏ប៉ុន្តែការសម្រេចនៅក្នុងផ្ទះគឺជាសិទ្ធិរបស់គាត់ទេ គាត់ចង់ចេញទៅណាគឺជាសិទ្ធិរបស់គាត់ទេ ក៏ប៉ុន្តែគាត់អាចចេញទៅក្រៅបានក្នុងបរិវេណដែលតុលាការបានកំណត់ ហើយបើគាត់ចង់ចេញហួសពីហ្នឹងត្រូវសុំការអនុញ្ញាតពីចៅក្រមស៊ើបសួរ»។
លោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ ត្រូវកម្លាំងសមត្ថកិច្ចនៃរបបក្រុងភ្នំពេញចាប់ខ្លួនកាលពីយប់រំលងអធ្រាត្រថ្ងៃទី២ ឈានចូលដល់ថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៧ នៅក្នុងគេហដ្ឋានរបស់លោកក្នុងខណ្ឌទួលគោករាជធានីភ្នំពេញ រួចហើយយកទៅឃុំឃាំងភ្លាមៗ នៅពន្ធនាគារត្រពាំងផ្លុង ខេត្តត្បូងឃ្មុំ ជាប់ព្រំដែនប្រទេសវៀតណាម។
របបក្រុងភ្នំពេញបានចោទប្រកាន់លោកពីបទចោទសន្ទិដ្ឋភាព ឬក្បត់ជាតិ ជាមួយជនបរទេស ដែលបទចោទប្រកាន់នេះ ត្រូវបានបដិសេធដោយលោក កឹម សុខា និងច្រានចោលដោយអង្គការសិទ្ធិមនុស្សជាតិ និងអន្តរជាតិ រួមទាំងប្រទេសលោកខាងលិចផង។
សហមេធាវីមួយរូបរបស់លោក កឹម សុខា គឺអ្នកស្រី ម៉េង សុធារី ប្រាប់អាស៊ីសេរីថា លោក កឹម សុខា នៅតែទទួលរងនូវការរឹតត្បិតសិទ្ធិសេរីភាពយ៉ាងខ្លាំង ព្រមទាំងដាក់បម្រាមយ៉ាងតឹងរ៉ឹងពីចៅក្រមស៊ើបសួរ។ អ្នកស្រីថា បម្រាមនេះ បានធ្វើឱ្យលោក កឹម សុខា បាត់បង់សិទ្ធិសេរីភាពនៃការបញ្ចេញមតិ ការដើរហើរ និងជួបប្រជុំជាមួយមន្ត្រី តំណាងសហគមន៍ជាតិ និងអន្តរជាតិជាដើម។
អ្នកស្រី ម៉េង សុធារី កត់សម្គាល់ថា ការរឹតត្បិតសិទ្ធិសេរីភាពនេះ មិនមែនកើតមានឡើងតែចំពោះលោក កឹម សុខា នោះទេ តែសូម្បីតែភរិយា និងម្ដាយរបស់លោក កឹម សុខា រួមទាំងភាគីសហមេធាវីរបស់លោក កឹម សុខា ផង ក៏ទទួលរងនូវការចាំតាមដាន ឃ្លាំមើលយ៉ាងសព្វបែបយ៉ាងពីអាជ្ញាធររបស់លោក ហ៊ុន សែនដែរ ។ អ្នកស្រីថា សហមេធាវីរបស់លោក កឹម សុខា នៅតែរក្សាជំហរដដែល ក្នុងនោះរួមមានការទាមទារឱ្យទម្លាក់ចោល ឬលើកលែងបទចោទប្រកាន់ទាំងអស់មកលើលោក កឹម សុខា៖ «គាត់ត្រូវបានរឹតបន្តឹងយ៉ាងខ្លាំងផ្អែកទៅតាមសេចក្ដីសម្រេចរបស់ចៅក្រមស៊ើបសួរក្នុងនោះគឺមានដូចជា ការមិនឱ្យជួបដល់អតីតថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិ មិនឱ្យជួបជនបរទេសមិនឱ្យធ្វើសកម្មភាពនយោបាយ ហើយជាពិសេសហ្នឹងមិនឱ្យគាត់ធ្វើដំណើរចាកចេញពីបរិវេណដែលកំណត់ដោយចៅក្រមស៊ើបសួរ។ លក្ខខណ្ឌទាំងអស់ហ្នឹងហើយគឺជាលក្ខខណ្ឌមួយដែលក្នុងនាមខ្ញុំជាមេធាវី មិនធ្លាប់ដែលបានជួប ហើយក៏មិនធ្លាប់ដែលបានឃើញសេចក្តីសម្រេចរបស់ចៅក្រមស៊ើបសួរបែបហ្នឹងដែរពីមុនមក»។
អ្នកវិភាគបណ្ឌិត ឡៅ ម៉ុងហៃ បញ្ជាក់ប្រាប់នៅក្នុងវេទិកាអ្នកស្ដាប់អាស៊ីសេរីថា ចាប់តាំងពីការចាប់ខ្លួនរហូតដល់បញ្ជូនទៅឃុំឃាំងនៅក្នុងផ្ទះ ដែលធ្វើឡើងដោយរបបក្រុងភ្នំពេញគឺធ្វើឡើងដោយអយុត្តិធម៌ដោយសារតែអាជ្ញាធរបានដកស្រង់សំដីលោកកឹម សុខា និយាយតាំងពីឆ្នាំ២០១៣មកចោទប្រកាន់គឺមិនត្រូវទាល់តែសោះ៖ «ធ្វើឡើងនៅក្នុងកាលៈទេសៈមួយដាក់សម្ពាធអាហ្នឹងគឺវាអត់ត្រឹមត្រូវទេ ហើយយកមកដាក់ឃុំនៅក្នុងផ្ទះ ដោយមានការការពាររហូតដល់មានការដាក់ប៉ូលិសមួយពេលនោះ មានរហូតដល់៥០០នាក់ដើម្បីការពារកន្លែងហ្នឹង»។
ចំណែក កូនស្រីច្បងលោក កឹម សុខា គឺកញ្ញា កឹម មនោវិទ្យា លើក ថា ព្រឹត្តិការណ៍សម្រុកចូលចាប់ខ្លួនឪពុករបស់កញ្ញាក្នុងផ្ទះ ទាំងកណ្ដាលយប់ កាលពី ២ឆ្នាំមុននោះ គឺជាហេតុការណ៍ដ៏រន្ធត់ ហើយវាជាសុបិន្តអាក្រក់ដែលកើតមានឡើងមកលើគ្រួសាររបស់កញ្ញា។
លោក កឹម សុខា នៅក្នុងគម្រប់ខួប ២ឆ្នាំនៃការឃុំខ្លួន លោកបានសរសេរសារនៅលើគេហទំព័រហ្វេសប៊ុករបស់លោកថា លោកស្ម័គ្រចិត្តធ្វើពលិកម្មជូនជាតិ មិនមែនលោកមិនចេះខ្លាច មិនមែនលោកមិនដឹងពីគ្រោះថ្នាក់ មិនមែនព្រោះលោកល្ងង់ទេ តែក្នុងតួនាទីជាអ្នកដឹកនាំ គឺខុសពីចៅហ្វាយ ឬថៅកែ។ លោកបញ្ជាក់ថា ចៅហ្វាយ ឬថៅកែគឺជាអ្នកចាំយកលទ្ធផលពីការងារ តែអ្នកដឹកនាំគឺជាអ្នកដែលលះបង់មុនគេ និងច្រើនជាងគេ ដើម្បីជាគំរូដល់អ្នកគាំទ្រ។
សហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប ជាញឹកញាប់តែងតែរំលឹកទៅរបបក្រុងភ្នំពេញឱ្យដោះលែង លោក កឹម សុខា។ ប៉ុន្តែរបបក្រុងភ្នំពេញតែងឆ្លើយបដិសេធ និងចាត់ទុកការអំពាវនាវទាំងនោះថា ការជាការជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់ខ្លួន ហើយទាំងការចាប់ និង ឃុំខ្លួននៅក្នុងផ្ទះគឺធ្វើឡើងត្រឹមត្រូវតាមច្បាប់។ ការបដិសេធនេះហើយទើបបានសហគមន៍អឺរ៉ុប និងអាមេរិកបានឈានទៅដល់ចាត់វិធានការមួយចំនួនរួមទាំងគម្រោងដកEBA និងដាក់ទណ្ឌកម្មមន្ត្រីនៃរបបលោក ហ៊ុន សែនផងដែរ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។