ពលរដ្ឋមួយចំនួនយល់ថា ការអនុញ្ញាតឱ្យលោក កឹម សុខា អាចធ្វើដំណើរក្នុងប្រទេសបាន ប៉ុន្តែមិនអនុញ្ញាតឱ្យធ្វើសកម្មភាពនយោបាយ គឺគ្រាន់តែល្បិចនយោបាយរបស់របបក្រុងភ្នំពេញ ដើម្បីចង់បំភ័ន្តភ្នែកអន្តរជាតិ និងចង់រក្សាប្រព័ន្ធអនុគ្រោះ EBA ទាំងដែលរបបនេះមិនបានបំពេញតាមលក្ខខណ្ឌរបស់អន្តរជាតិនៅឡើយ។ ការលើកឡើងរបស់ពលរដ្ឋបែបនេះ បន្ទាប់ពីតុលាការក្រុងភ្នំពេញនៅថ្ងៃទី១០ ខែវិច្ឆិកានេះ សម្រេចឱ្យប្រធានគណបក្សសង្គ្រោះជាតិលោក កឹម សុខា អាចធ្វើដំណើរក្នុងប្រទេសបាន ប៉ុន្តែមិនឱ្យចេញក្រៅប្រទេស និងត្រូវឆ្លើយតបនឹងការកោះហៅពីគ្រប់សមត្ថកិច្ច។
ពលរដ្ឋចាត់ទុកចំណាត់ការថ្មី ដែលជាការដកបម្រាមខ្លះនៃការរឹតត្បិតសិទ្ធិសេរីភាពលើលោក កឹម សុខា គឺមិនអាចធ្វើឱ្យសហភាពអឺរ៉ុបបញ្ឈប់នីតិវិធីព្យួរប្រព័ន្ធអនុគ្រោះពន្ធ EBA បានទេ។ ពលរដ្ឋចង់ឃើញរបបក្រុងភ្នំពេញចិត្តសឿងបើកឱ្យមានគណបក្សសង្គ្រោះជាតិ ផ្ដល់តួនាទីក្រុមប្រឹក្សាឃុំសង្កាត់ជាង ៥.០០០អាសនៈរបស់គណបក្សនេះ និងអនុញ្ញាតឱ្យលោក កឹម សុខា អាចធ្វើនយោបាយឡើងវិញ។
ពលរដ្ឋរស់នៅខេត្តព្រៃវែងម្នាក់លោក ថន សុភាព យល់ថា នេះគ្រាន់តែជាការបិទបាំងភាពតានតឹងនៃស្ថានការណ៍នយោបាយសព្វថ្ងៃ ខណៈលោក សម រង្ស៊ី កំពុងព្យាយាមវិលចូលប្រទេសកម្ពុជាវិញ។ លោកបន្តថា លោក កឹម សុខា ជាអ្នកនយោបាយ ប៉ុន្តែការតម្រូវមិនឱ្យលោក កឹម សុខា ធ្វើនយោបាយគឺស្មើនឹងយកគុកឥតជញ្ជាំងមកដាក់ឃុំលោក កឹម សុខា ដដែល៖ «ដូចតែនៅក្នុងគុកដដែល មិនអាចនិយាយពាក់ព័ន្ធនឹងនយោបាយហើយបើអ្នកនយោបាយមិនអាចនិយាយនយោបាយបានដូចតែជាប់គុកអត់ជញ្ជាំងដែរ»។
ពលរដ្ឋម្នាក់ទៀត លោក ជិន សុខន យល់ថា ការសម្រេចរបស់តុលាការពេលនេះគឺធ្វើតាមបញ្ជារបស់លោក ហ៊ុន សែន ដែលមេដឹកនាំរូបនេះចង់លួងលោមសហភាពអឺរ៉ុបថា ខ្លួនបានដោះលែងលោក កឹម សុខា ដូចដែលសហភាពអឺរ៉ុបកំពុងទាមទារ។ ពលរដ្ឋរូបនេះលើកឡើងថា បើលោក ហ៊ុន សែន ចង់ស្ដារស្ថានការណ៍ឡើងវិញមែននោះ លុះត្រាអនុញ្ញាតឱ្យលោក កឹម សុខា អាចធ្វើសកម្មភាពនយោបាយ និងអនុញ្ញាតឱ្យគណបក្សសង្គ្រោះជាតិអាចដំណើរការឡើងវិញ៖ «គឺគាត់ ( លោក ហ៊ុន សែន ) លែងដើម្បីបន្ធូរបន្ថយឱ្យឆាកអន្តរជាតិដឹងថា គាត់បានដោះលែងលោក កឹម សុខា ហើយ។ ប៉ុណ្ណឹងអត់ត្រឹមត្រូវសោះអត់ទទួលយកបាន»។
ចំណែកពលរដ្ឋម្នាក់ទៀត លោក ភួង ថា សង្កេតឃើញថា ការលុបបម្រាបមួយចំនួនលើលោក កឹម សុខា ពេលនេះអាចជាប់ពាក់ព័ន្ធនឹងកត្តាសំខាន់ពីរ គឺរបបក្រុងភ្នំពេញចង់បង្ហាញទៅសហគមន៍អន្តរជាតិថា ខ្លួនកំពុងធ្វើតាមចង់បានរបស់សហគមន៍អន្តរជាតិដែលជាការស្តារសិទ្ធិមនុស្ស និងប្រជាធិបតេយ្យឡើងវិញ។ លោកបន្តថា ចំណុចមួយទៀតគឺអាចជាល្បិច នយោបាយរបស់គណបក្សប្រជាជនកម្ពុជាដើម្បីចង់បំបែកលោក កឹម សុខា ចេញពីលោក សម រង្ស៊ី ព្រោះគណបក្សនេះធ្លាប់ធ្វើឱ្យគណបក្សហ៊្វុនស៊ិនប៉ិចបែកបាក់បានជោគជ័យនាពេលកន្លងទៅ៖ «គឺជាលេសអ្នកដឹកនាំរបស់បក្សកាន់អំណាចដើម្បីបំបែកសំឡេងលោក កឹម សុខា និងលោក សម រង្ស៊ី ឱ្យគណបក្សនេះចែកផ្លូវគ្នាដើរវិញណា»។
ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី១០ ខែវិច្ឆិកា សម្រេចកែប្រែលក្ខខណ្ឌនៃការដាក់លោក កឹម សុខា ឱ្យស្ថិតក្រោមការត្រួតពិនិត្យតាមផ្លូវតុលាការ ដោយបង្រួមលក្ខខណ្ឌខ្លះៗ មកនៅត្រឹម៣ គឺមិនត្រូវចេញក្រៅព្រំប្រទល់ដែនដីប្រទេសកម្ពុជា មិនត្រូវធ្វើសកម្មភាពនយោបាយ និងត្រូវឆ្លើយតបនឹងការកោះហៅពីគ្រប់សមត្ថកិច្ច។
សេចក្តីសម្រេចនេះ ធ្វើឡើងមួយថ្ងៃក្រោយប្រធានស្តីទីគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី ដែលបានធ្វើដំណើរទៅដល់ប្រទេសម៉ាឡេស៊ី កាលពីរសៀលថ្ងៃទី៩ ខែវិច្ឆិកា ក្នុងដំណើរមាតុភូមិនិវត្តន៍ទៅកម្ពុជា ដែលលោកអះអាងថា ទៅដើម្បីឱ្យមានការដោះលែងលោក កឹម សុខា និងស្ដារសិទ្ធិមនុស្ស និងប្រជាធិបតេយ្យឡើងវិញ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
