សវនាការជម្រះ លោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ ក្នុងសវនាការសប្ដាហ៍ទី៣ ថ្ងៃទី២ នេះ តុលាការប្រើពេលតែរយៈពេលមួយព្រឹកប៉ុណ្ណោះ នៅថ្ងៃទី៣០ ខែមករា។ ក្នុងសវនាការនេះ មានការចោទសួរ លោក កឹម សុខា ពីពាក្យផ្លាស់ប្ដូរ ពាក្យស្លោកមួយចំនួនទៀត ដែលលោក កឹម សុខា តែងតែប្រើប្រាស់ជាសារនយោបាយនាពេលកន្លងមក។
ក្នុងសវនាការនាពេលកន្លងមក លោក កឹម សុខា បានពន្យល់ប្រាប់តុលាការថា លោកបានរៀនទ្រឹស្ដី និងការអនុវត្តពីសិទ្ធិមនុស្ស និងប្រជាធិបតេយ្យ ដែលមិនមែនជាការផ្ដួលរំលំរដ្ឋាភិបាលដោយការបដិវត្តន៍ពណ៌ ឬដោយអំពើហិង្សានោះទេ។ លោក កឹម សុខា ក៏បានប្រាប់អ្នកសារព័ត៌មាននៅមុនពេលចេញទៅតុលាការថា មានការចោទប្រកាន់ដោយយកពាក្យផ្លាស់ប្ដូរដែលលោកតែងតែនិយាយនាពេលកន្លងមក ដោយពួកគេចាត់ទុកថា ពាក្យនេះគឺជាការផ្តួលរំលំ និងការធ្វើបដិវត្តន៍។ ប៉ុន្តែលោកបញ្ជាក់ថា ការចោទប្រកាន់បែបនេះអាចជាការភ័ន្តច្រឡំ និងមិនទាន់យល់ពីអត្ថន័យពាក្យផ្លាស់ប្ដូរក្នុងសង្គមប្រជាធិបតេយ្យ៖ «គឺយើងបានបញ្ជាក់ហើយថា ការផ្លាស់ប្តូរតាមរយៈការបោះឆ្នោតឆ្លុះបញ្ចាំងពីឆន្ទៈពលរដ្ឋ ប៉ុន្តែជាការយល់ប្រឡំ ឬមិនយល់គ្នាយ៉ាងម៉េចណាយើងខ្ញុំផ្លាស់ប្ដូរ ប៉ុន្តែគេថា ជាការធ្វើបដិវត្តន៍ទៅវិញ»។
អ្នកនាំពាក្យសមាគមការពារសិទ្ធិមនុស្សអាដហុក លោក ស៊ឹង សែនករុណា ដែលបានចូលឃ្លាំមើលសវនាការនេះសង្កេតឃើញថា ការពន្យល់ពីអត្ថន័យនៃពាក្យផ្លាស់ប្ដូររបស់លោក កឹម សុខា ដែលលើកឡើងថា ជាការផ្លាស់ប្ដូរតាមរយៈការបោះឆ្នោតគឺដូចគ្នាទៅនឹងសកម្មភាពរបស់លោក កឹម សុខា ដែលបានធ្វើនាពេលកន្លងមកដែរ។ មន្ត្រីសង្គមស៊ីវិលរូបនេះយល់ថា នៅក្នុងសង្គមប្រជាធិបតេយ្យពាក្យផ្លាស់ប្ដូរគ្មានអីធ្ងន់ធ្ងរនោះទេ៖ «ពាក្យហ្នឹងជាពាក្យធម្មតាមិនមែនធ្វើឱ្យប៉ះពាល់យើងមើលឃើញថា អ្វីដែល ( លោក កឹម សុខា ) លើកឡើងព្យាយាមពន្យល់គឺគាត់បញ្ជាក់យ៉ាងច្បាស់ហើយថា ក្នុងការធ្វើគឺអហិង្សា តាមរយៈការបោះឆ្នោត តាមគោលការណ៍លទ្ធិប្រជាធិបតេយ្យ និងការគោរពសិទ្ធិមនុស្សអីជាដើម»។
ការសួរដេញដោយនៅថ្ងៃនេះក្រុមប្រឹក្សាជំនុំជម្រះបានចោទសួរលោក កឹម សុខា នូវសំណួរជាច្រើនពាក់ព័ន្ធលុយជំនួយនានា ជាពិសេសគឺជំនួយរបស់សហរដ្ឋអាមេរិករួមមាន៖ វិទ្យាស្ថាន IRI វិទ្យាស្ថាន NDI និងUSAID ជាដើម កាលពីលោក កឹម សុខា ជាប្រធានមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា និងសួរជជីកចង់ដឹង ឫសគល់ពីប្រភពថវិការបស់គណបក្សសិទ្ធិមនុស្សដែលកាលនោះលោក កឹម សុខា ជាប្រធាន។
ទាក់ទងចំណុចនេះ លោក កឹម សុខា ប្រាប់អ្នកសារព័ត៌មានថា ជំនួយដែលមជ្ឈមណ្ឌលសិទ្ធិកម្ពុជាមនុស្សទទួលបានគឺស្របច្បាប់។ លោកបន្តថា ម្ចាស់ជំនួយនានារួមមាន វិទ្យាស្ថានIRI ឬ NDI មិនមែនជួយតែមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជាទេ គឺអង្គការផ្សេងៗទៀតក៏គេជួយដែរ៖ «គេមិនមែនមកមជ្ឈមណ្ឌលសិទ្ធិមនុស្សដែលខ្ញុំដឹកនាំទេ គេជួយទៅអង្គការផ្សេងៗទៀត ភ្នាក់ងារជំនួយអន្តរជាតិហ្នឹងគេមានចុះបញ្ជី គឺមានទូតគេនៅកម្ពុជា ហើយគេមានកិច្ចសហប្រតិបត្តិការមិនមែនជួយតែអង្គការរដ្ឋាភិបាលទេ គេជួយស្ថាប័នខ្លះរបស់រដ្ឋាភិបាលទៀតផង»។
លោក កឹម សុខា បញ្ជាក់ទៀតថា គណបក្សសិទ្ធិមនុស្សកើតពីពលរដ្ឋខ្មែរ និងទទួលបានថវិកាពីពលរដ្ឋខ្មែរដែលគាំទ្រគណបក្សនេះ។ តុលាការនឹងបន្តជំនុំជម្រះបន្តទៀត នៅថ្ងៃទី៥ ទី៦ ខែកុម្ភៈ ដែលជាថ្ងៃតុលាការកំណត់យករៀងរាល់ថ្ងៃពុធ និងថ្ងៃព្រហស្បតិ៍ ដើម្បីធ្វើការជំនុំជម្រះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។