"លោក កឹម សុខា នៅតែ​បន្ត​​ធ្វើដំណើរ​តាម​បណ្ដា​ខេត្ត​ក្រោយ​មាន​ការ​ព្រមាន​ពី​តុលាការ"

ដោយ ហេង រស្មី
2020-08-23
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
លោក កឹម សុខា ប្រធាន​គណបក្ស​សង្រ្គោះជាត៊ (ឆ្វេង​ លើក​ដៃ​សំពះ) ពេល​ជួប​ពលរដ្ឋ​នា​ពេល​កន្លងមក។
លោក កឹម សុខា ប្រធាន​គណបក្ស​សង្រ្គោះជាត៊ (ឆ្វេង​ លើក​ដៃ​សំពះ) ពេល​ជួប​ពលរដ្ឋ​នា​ពេល​កន្លងមក។
រូប​ភាព​ពី​ហ្វេសប៊ុក សួន សូរីដា

តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះជាតិ ដែល​គាំទ្រ​លោក កឹម សុខា ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ អះអាង​ថា លោក កឹម សុខា នៅតែ​បន្ត​ធ្វើដំណើរ​តាម​បណ្ដា​ខេត្ត​ដដែល​ក្រោយ​ពី​តុលាការ​ក្រុង​ភ្នំពេញ​ចេញ​លិខិត​ព្រមាន កាលពី​ខែ​កក្កដា កន្លង​ទៅ​ក្ដី។ ការ​អះអាង​នេះ ក្រោយ​ពេល​មានការ​រិះគន់​ថា លោក កឹម សុខា មិន​សូវ​ឃើញ​ចេញ​ជួប​ពលរដ្ឋ​នៅ​តាម​ខេត្ត ក្រោយ​តុលាការ​ព្រមាន។

តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះជាតិ លោក សួន សូរីដា ដែល​កំពុង​និទ្ទេស​ខ្លួន​នៅ​ប្រទេស​អូស្ត្រាលី ឱ្យ​អាស៊ីសេរី ដឹង​ថ្ងៃ​ទី​២២ ខែ​សីហា ថា លោក កឹម សុខា នៅតែ​ធ្វើ​ដំណើរ​តាម​មូលដ្ឋាន ឬ​បណ្ដា​ខេត្ត​ដដែល ប៉ុន្តែ​គ្រាន់តែ​មេ​បក្ស​ប្រឆាំង​រូប​នេះ​មិន​បង្ហោះ​តាម​បណ្ដាញ​សង្គម​ហ្វេសប៊ុក​ដូច​មុន។ លោក​ឱ្យ​ដឹង​ថា ក្នុង​ខែ​សីហា​នេះ លោក កឹម សុខា បាន​ធ្វើ​ដំណើរ​ទៅ​ខេត្ត​កំពង់ចាម​លែង​កូន​ត្រី​តាម​ស្ទឹង និង​បឹង​ធម្មជាតិ ហើយ​ពេលនោះ​ក៏បាន​មាន​ពលរដ្ឋ​មួយ​ចំនួន​បាន​ជួប​លោក កឹម សុខា ដែរ៖ «ការព្រមាន​ពី​តុលាការ​រាជធានី ភ្នំពេញ​ហ្នឹង​ក៏​លោក (លោក កឹម សុខា​) គឺជា​រឿង​មួយ​មិន​សម​ហេតុ​សម​ផល​ហើយ​គាត់​មិន​អាច​ទទួលយក​បានទេ ហើយ​កាត់​ក៏​ចាប់​ផ្ដើម​ចេញ​តាម​ទៅតាម​ខេត្ត​ដែរ​ដូច​ថ្មីៗ​នេះ​គាត់​ទៅ​ខេត្ត​កំពង់ចាម​លែង​កូន​ត្រី​តាម​បឹង​ធម្មជាតិ​ដែរ មិនមែន​គាត់​ថា​ពេល​និយាយ​ហើយ​គាត់​សំងំ​នោះ​ទេ»

តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​ស្និទ្ធ​នឹង លោក កឹម សុខា រូប​នេះ​បន្ត​ថា នៅ​ពេល​លោក កឹម សុខា ចុះ​បណ្ដា​ខេត្ត​លោក កឹម សុខា តែង​ធ្វើ​សកម្មភាព​សំខាន់​ពីរ​គឺ​សកម្មភាព​មនុស្សធម៌ និង​ការប្រតិបត្តិ​គោរព​សាសនា​។ លោក​បន្ត​ទៀត​ថា លោក កឹម សុខា ដែល​ជា​អ្នក​ប្រកាន់​ភ្ជាប់​គោលការណ៍​អហិង្សា ក៏​នៅតែ​បន្ត​ការ​ធ្វើ​ការងារ​ដោយ​ស្ងប់ស្ងៀម​ដើម្បី​ប្រយោជន៍​ជាតិ និង​ប្រយោជន៍​ពលរដ្ឋ​ផង​ដែរ៖ «បើសិនជា​យើង​ជា​អ្នក​ស្ទូច​ត្រី​ហើយ​យើង​ស្រែក​ឡូឡា ប្រកូក​ប្រកាស​ពេល​យើង​ស្ទូចត្រី​គ្មាន​ត្រី​ណា មក​ស៊ី​សន្ទូច​យើង​ទេ អ្នក​ធ្វើ​នយោបាយ​ពូកែ​ត្រូវ​យល់​កាលៈទេសៈ​ហើយ​កាលៈទេសៈ​ណា​ដែល​យើង​ប្រៀប​ប្រដូច​ដូច​ស្ទូច​ត្រី​ដែរ​ត្រូវ​ស្ថិត​ក្នុង​ស្ថានភាព​ស្ងប់ស្ងាត់​មួយ​ដើម្បី​ធ្វើ​ម៉េច​ឱ្យ​យើង​ទទួល​បាន​លទ្ធផល»

ការ​អះអាង​របស់​មន្ត្រី​បក្ស​ប្រឆាំង​ដែល​សិទ្ធិ​នឹង​លោក កឹម សុខា បែបនេះ ក្រោយ​ពេល ក្រុម​អ្នកវិភាគ​ជំរុញ​ទៅ​លោក កឹម សុខា ឱ្យ​សកម្ម​ថែមទៀត ទាំង​ជួប​ពលរដ្ឋ ដោយសារ ពួកគេ​សង្កេត​ឃើញ​ថា លោក កឹម សុខា ហាក់​ស្ងប់ស្ងាត់​មិនបាន​ចុះ​តាម​មូលដ្ឋាន​ក្រោយ​តុលាការ​ក្រុងភ្នំពេញ កាលពី​ខែ​កក្កដា បាន​ចេញ​លិខិត ព្រមាន​ថា សកម្មភាព​ចុះ​តាម​បណ្ដា​ខេត្ត​នានា របស់​លោក កឹម សុខា អាច​នឹង​ឈាន​ទៅ​ហួស​ព្រំដែន​ដែល​តុលាការ​បាន​កំណត់។

អាស៊ីសេរី​បាន​ព្យាយាម​សុំ​ការ​អត្ថាធិប្បាយ​ពី​មេធាវី លោក កឹម សុខា គឺ​លោក ចាន់ ចេន ចាប់​ថ្ងៃ​ទី​២១ ដល់​ថ្ងៃ​ទី​២២ ខែសីហា ប៉ុន្តែ លោក​មិនបាន​ឆ្លើយ​តប​នោះ​ទេ ប៉ុន្តែ មេធាវី​លោក កឹម សុខា ម្នាក់ទៀត អ្នកស្រី ម៉េង សុធារី ធ្លាប់​ឱ្យ​អាស៊ីសេរី​ដឹង​ដែរ​ថា ក្រោយ​ពី​តុលាការ​បន្ធូរបន្ថយ​ការ​ត្រួត​ពិនិត្យ​លើ​លោក កឹម សុខា គឺ​លោក កឹម សុខា ក៏បាន​ធ្វើដំណើរ​តាម​បណ្ដា​ខេត្ត​ដែរ​គ្រាន់តែ​លោក​មិន​បាន​បង្ហាញ​ជា​សាធារណៈ។

ពលរដ្ឋ​រស់នៅ​ខេត្ត​សៀមរាប លោក ឃូ ហាំងមាង ជា​អ្នកគាំទ្រ​លោក កឹម សុខា ប្រាប់​ថា លោក​ចង់​ឃើញ​លោក កឹម សុខា ធ្វើដំណើរ​តាម​បណ្ដា​ខេត្ត​ទៀត​ដែរ​។ លោក ឃូ ហាំងមាង ដែល​ធ្លាប់​បាន​ថតរូប​ជាមួយ​លោក កឹម សុខា កាលពី​ខែ​កក្កដា ក្នុង​ពេល​លោក កឹម សុខា ទៅ​ខេត្ត​សៀមរាប ឱ្យ​ដឹង​ទៀត​ថា លោក​សប្បាយចិត្ត​ពេល​ដឹង​ពី​សុខទុក្ខ​លោក កឹម សុខា​។ ពលរដ្ឋ​រូប​នេះ ក៏​ជំរុញ​ទៅ​តុលាការ​ឱ្យ​ទម្លាក់​ចោល​ការ​ចោទប្រកាន់​លើ​លោក កឹម សុខា ដោយ​លោក​យល់ថា លោក កឹម សុខា មិនបាន​ប្រព្រឹត្ត​កំហុស ឬ​ផ្ដួល​រំលំ​រដ្ឋាភិបាល​ហិង្សា​នោះ​ទេ៖ «កំហុស គាត់​អញ្ជើញ​ទៅ​គោរព​សាសនា​ហ្នឹង​ទៅ​ប្រថុចញ៉ុច​ហ្នឹង​ក៏​ឆ្លៀត​បាន​ទៅ​ជួប​គាត់ (លោក កឹម សុខា​) ព្រោះ​យើង​ធ្លាប់​ជា​អតីត​សកម្មជន​ហើយ​ឥឡូវនេះ​ក្លាយ​ជា​ពលរដ្ឋ​ហើយ​មានការ​នឹករលឹក​ចំពោះ​គាត់​អ៊ីចឹង ទៅ​គាត់​ទឹកដី​សៀមរាប​ដែល​ខ្ញុំ​នៅ​សៀមរាប​ហ្នឹង​ស្រាប់ ខ្ញុំ​ក៏​ទៅ​ជាប់​គាត់​ខ្ញុំ​មាន​សេចក្ដី​រីករាយ​រំភើប​ដែល​បាន​ដឹក​សុខទុក្ខ​គាត់​ដែល​គាត់​អាច​ដើរ​ហើរ​ក្នុងស្រុក​បាន»

ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ត្រូវ​សមត្ថកិច្ច​ចាប់ខ្លួន និង​ឃុំ​ក្នុង​ផ្ទះ​ក្រោយ​រង​ការចោទប្រកាន់​ពី​ទោស​ក្បត់ជាតិ កាលពី​ឆ្នាំ​២០១៧ ប៉ុន្តែ​កាលពី​ចុង​ឆ្នាំ​២០១៩ តុលាការ​បាន​បន្ធូរបន្ថយ​ការ​ត្រួត​ពិនិត្យ​ដោយ​អនុញ្ញាត​ធ្វើដំណើរ​ក្នុង​ប្រទេស តែ​ហាមឃាត់​ធ្វើ​សកម្មភាព​នយោបាយ។

ក្រុម​អ្នក​វិភាគ​ជំរុញ​ទៅ​លោក កឹម សុខា ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ឱ្យ​កាន់តែ​សកម្ម​ជួប​ពលរដ្ឋ ដើម្បី​អាច​រក​ដំណោះស្រាយ​នយោបាយ និង​ជំរុញ​ស្មារតី​ពលរដ្ឋ និង​អ្នក​ប្រជាធិបតេយ្យ​នៅតែ​គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ និង​មានចិត្ត​ចង់​ផ្លាស់ប្ដូរ​សង្គម៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល