តុលាការ​បើកសវនាការ​មុន​អង្គសេចក្ដី លើ​ករណី​សហ​មេធាវី ប្ដឹង​ទាស់​ករណី​លោក កឹម សុខា

សាលាឧទ្ធរណ៍​នឹង​បើកសវនាការ​ជំនុំជម្រះ​នៅ​ថ្ងៃ​ទី​៩ ធ្នូ នេះ លើ​បណ្ដឹង​របស់ សហ​មេធាវី លោក កឹម សុខា ដែល​ប្ដឹង​ទាស់​ដីកា របស់​ចៅក្រម​ស៊ើបសួរ​សាលាដំបូង​ដែល​ប​ញ្ជូន​សំណុំរឿង លោក កឹម សុខា ទៅ​ជម្រះ ពី​បទ​សន្ទិដ្ឋិភាពជា​មួយ​បរទេស។ សហ​មេធាវី​លោក កឹម សុខា អះអាង​​ថា ទោះបីជា​លទ្ធផល​បែប​ណា​ក៏​ដោយ សវនាការ​មុន​អង្គ​សេ​ក្ដី​នេះ ជា​ការ​បង្ហាញ​ឱ្យ​ឃើញ​ថា ទាំង​សហ​មេធាវី ទាំង​កូនក្ដី បង្ហាញ​ឆន្ទៈ​ក្នុង​ការ​តស៊ូ​តតាំង​ផ្លូវច្បាប់ ដើម្បី​ស្វែងរក​យុត្តិធម៌​ជូន លោក កឹម សុខា។

សហ​មេធាវី ការពារ​ក្ដី លោក កឹម សុខា នឹង​ទៅ​ចូលរួម​សវនាការ​មុន​អង្គសេចក្ដី នៅ​សាលាឧទ្ធរណ៍ នៅ​រសៀល​ម៉ោង​២​រសៀល ថ្ងៃ​ចន្ទ ទី​៩ វិច្ឆិកា​នេះ ដើម្បី​ការពារ​លើ​បណ្ដឹង​របស់​ខ្លួន ដែល​ប្ដឹង​ជំទាស់​ដីកា​ដំណោះស្រាយ​បញ្ជូន​សំណុំរឿង​លោក កឹម សុខា ទៅ​ជំនុំជម្រះ​កាល​ពី​ពេល​ថ្មីៗ​នេះ ដែល​ក្រុម​មេធាវី មើលឃើញ​ថា ការសម្រេច​របស់​ចៅក្រម​ស៊ើបសួរ​សាលាដំបូង​ដោយ​មិនទាន់​ដោះស្រាយ​បណ្ដឹង​នានា​ជាមុន​នេះ គឺជា​រឿង​អយុត្តិធម៌​ចំពោះ​កូនក្ដី​របស់​ខ្លួន។

សហ​មេធាវី​ការពារ​ក្ដី លោក កឹម សុខា លោក ចាន់ ចេន ឱ្យ​អាស៊ីសេរី​ដឹង​នៅ​យប់​ថ្ងៃ​ទី​៨ ធ្នូ ដោយ​មាន​ជំនឿ​ចិត្ត​ថា ប្រធាន​ប្រឹក្សា​ជំនុំជម្រះ​សាលាឧទ្ធរណ៍​នឹង​ផ្ដល់​យុត្តិធម៌​ទៅលើ​បណ្ដឹង​ទាស់​របស់​ពួកគាត់ ប្រឆាំង​នឹង​ដីកា​ម្រេច​របស់​ចៅក្រម​ស៊ើបសួរ​សាលាដំបូង ដែល​មិនទាន់​បញ្ជាក់​ប្រាប់​អំពី​ហេតុផល​មួយ​ចំនួន​ទាក់ទង​នឹង​ការចោទប្រកាន់​លោក កឹម សុខា ពីបទ​សន្ទិដ្ឋិភាព និង​បញ្ហា​ផ្សេងៗ​ទៀត​នោះ​៖ «ទោះជា​លទ្ធផល​យ៉ាងណាក៏ដោយ សវនាការ​នេះ គឺជា​ការ​បង្ហាញ​ឆន្ទៈ​របស់​សហ​មេធាវី និង​កូនក្ដី​នៅ​លើ​សមរភូមិ​ច្បាប់»។

សហ​មេធាវី​លោក កឹម សុខា ពន្យល់​ថា មូលហេតុ​ដែល​ក្រុម​មេធាវី​ដាក់ពាក្យ​ប្ដឹង​ទៅ​សាលាឧទ្ធរណ៍​កាលពី​ថ្ងៃ​ទី​៣ ធ្នូ ជំទាស់​ដីកា​បញ្ជូន​សំណុំរឿង លោក កឹម សុខា យក​ទៅ​ជំនុំជម្រះ​នោះ ដោយសារតែ​ការសម្រេច​របស់​ចៅក្រម​ស៊ើបសួរ មាន​ភាព​មិន​ប្រក្រតី​បី​ចំណុច​សំខាន់​គឺ ទី​១ ដីកា​ដំណោះស្រាយ​បញ្ជូន​ទៅ​ជំនុំជម្រះ​កាលពី​ថ្ងៃ​ទី​២ ធ្នូ នោះ គឺ​ចៅ​ក្រុម​ស៊ើបសួរ នៅតែ​រក្សាទុក​ជន​ត្រូវ​ចោទ (​លោក កឹម សុខា​) ឱ្យ​ស្ថិត​នៅ​ក្រោម​ការ​ត្រួត​ពិនិត្យ​តាម​ផ្លូវ​តុលាការ​ដដែល ដែល​ប្រការ​នេះ ផ្ទុយ​ទៅ​និង​នីតិវិធី​ក្រមព្រហ្មទណ្ឌ​មាត្រា​២៦៧​។ ទី​២ ចៅក្រម​ស៊ើបសួរ​នៅ​មិនទាន់​ធ្វើការ​សម្រេច​ទៅលើ​ពាក្យ​ស្នើសុំ​របស់​សហ​មេធា​វី ដែល​ស្នើសុំ​ឱ្យ​ទម្លាក់​ចោល​ការចោទប្រកាន់​លើ​លោក កឹម សុខា ចុះ​ថ្ងៃ​ទី​៧ និង​ថ្ងៃ​ទី​១៨ វិច្ឆិកា​កន្លងទៅ និង​មិនបាន​ធ្វើការ​ស៊ើបអង្កេត​ឱ្យ​បាន​ពេញលេញ​ចំពោះ​ភាគី​ពាក់ព័ន្ធ ដើម្បី​ឆ្លើយតប​ទៅ​នឹង​នីតិវិធី​ច្បាប់​ជា​ធរមាន​ដែល​បាន​បញ្ញត្តិ​ថា ចៅក្រម​ស៊ើបសួរ មាន​កាតព្វកិច្ច​ស៊ើប​ទាំង​ដោះ​បន្ទុក និង​ដាក់​បន្ទុក មុននឹង​ចេញ​ដីកា​ដំណោះស្រាយ​បញ្ជូន​ទៅ​ជម្រះ។ និង​ទី​៣ ចៅក្រម​ស៊ើបសួរ​មក​ទល់​ពេល​នេះ ក៏​មិនទាន់​បង្ហាញ​ថា ការ​ចោទប្រកាន់​លោក កឹម សុខា ពី​បទ សន្ទិដ្ឋិភាព ឬ​ត្រូវរ៉ូវ​ជាមួយ​បរទេស​នោះ តើ​ត្រូវរ៉ូវ​ជាមួយ​បរទេស​ណាមួយ​នៅឡើយ​។ ទោះបីជា​យ៉ាង​នេះ​ក្ដី មក​ទល់​ពេល​នេះ ដី​កាប​ញ្ជូន​សំណុំរឿង លោក កឹម សុខា ទៅ​ជំនុំជម្រះ​ពី​បទ​សន្ទិដ្ឋិភាពជា​មួយ​បរទេស​នេះ មក​ទល់​ពេល​នេះ សាលាដំបូង​រាជធានី​ភ្នំពេញ​មិនទាន់​កំណត់​ថ្ងៃ​បរិច្ឆេទ​យក​សំណុំ​រឿង​នេះ​មក​ជំនុំជម្រះ​លើ​អង្គសេចក្ដី​នៅ​ថ្ងៃ​ណា​នៅឡើយ​ទេ​។​

លោក មេធាវី ចាន់ ចេន បញ្ជាក់​ថា មុននឹង​សហ​មេធាវី​ដាក់ពាក្យ​ប្ដឹង​ជំទាស់​ទៅ​សាលាឧទ្ធរណ៍​នេះ គឺ​សហ​មេធាវី បាន​សិក្សា​ផ្លូវ​ច្បាប់​យ៉ាង​ល្អិន​ល្អន់ ហើយ​ពិនិត្យ​ឃើញ​ថា សហ​មេធាវី​មាន​សិទ្ធិ​ប្ដឹង​ទាស់​ដីកា​បញ្ជូន​ទៅ​ជំនុំជម្រះ​ទើប​សហ​មេធាវី​ដាក់ពាក្យ​ប្ដឹង​៖ «តាម​នីតិវិធី​ច្បាប់ ចៅក្រម​ស៊ើបអង្កេត ទាំង​ដាក់​បន្ទុក និង​ដោះ​បន្ទុក កន្លង​​មក​ចៅក្រម​ស៊ើប​តែ​ដាក់​បន្ទុក រីឯ​ដោះ​បន្ទុក​ចៅក្រម​ដែល​មិន​ធ្វើ បញ្ហា​នេះ ហើយ​ដែល​យើង​ដាក់​ពាក្យ​ប្ដឹង»។

លិខិត​អញ្ជើញ​សហ​មេធាវី​ទៅ​ចូលរួម​សវនាការ​មុន​អង្គសេចក្ដី​របស់​សាលាឧទ្ធរណ៍ ដែល​នឹង​បើកសវនាការ​នៅ​ថ្ងៃ​ទី​៩ ធ្នូ នេះ មាន​សមាសភាព លោក ឃុន លាងម៉េង ប្រធាន​ប្រឹក្សា​ជំនុំជម្រះ លោក សួស សំអាត និង លោក យួ ប៊ុនណា ជា​ចៅក្រម​ប្រឹក្សា​។ អាស៊ីសេរី​មិន​អាច​ទាក់ទង ប្រធាន​ក្រុមប្រឹក្សា​ជំនុំជម្រះ លោក ឃុន លាងម៉េង តាម​ទូរស័ព្ទ ដើម្បី​សួរ​អំពី​បញ្ហា​នេះ​បន្ថែម​បានទេ នៅ​ថ្ងៃ​ទី​៨ ធ្នូ។

ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ បានសម្រេច​បិទ​ការ​ស៊ើបសួរ​សំណុំរឿង​លោក កឹម សុខា កាលពី​ថ្ងៃ​ទី​១៥ វិច្ឆិកា ក្រោយ​ចំណាយ​ពេល​ស៊ើបអង្កេត​អស់​ជាង ២​ឆ្នាំ​។ សហ​មេធាវី លោក កឹម សុខា អះអាង​ថា ផ្អែក​តាម​អង្គហេតុ និង​អង្គច្បាប់ តុលាការ​ត្រូវតែ​ទម្លាក់​ចោល​បទចោទប្រកាន់​លើ​ប្រធាន​គណបក្សប្រឆាំង​រួប​នេះ។

ការ​បិទ​បញ្ចប់​នីតិវិធី​ស៊ើបអង្កេត​នេះ ធ្វើឡើង​រយៈពេល ៥​ថ្ងៃ ក្រោយពេល​តុលាការ​បាន​អនុញ្ញាត​ឱ្យ​លោក កឹម សុខា មាន​សេរីភាព​ដើរហើរ​ពេញ​ផ្ទៃ​ប្រទេស ប៉ុន្តែ​ហាម​ធ្វើ​សកម្មភាព​នយោបាយ និង​ត្រូវ​ឆ្លើយតប​ចំពោះ​ការ​កោះហៅ​ពី​គ្រប់​សមត្ថកិច្ច​។ វិធានការ​នេះ​ក៏​ធ្វើឡើង​នៅ​ក្រោយ​ពេល​អ្នករាយការណ៍​ពិសេស​អង្គការសហប្រជាជាតិ​ស្ដីពី​ស្ថានភាព​សិទ្ធិមនុស្ស​នៅ​កម្ពុជា អ្នកស្រី រ៉ូណា ស្មីត (Rhona Smith) បាន​ទទូច​ឱ្យ​តុលាការ​បិទ​ការ​ស៊ើបសួរ​ឱ្យ​បាន​ឆាប់ ឬក៏​ទម្លាក់​ចោល​ការ​ចោទប្រកាន់​ទាំងឡាយ​លើ​លោក កឹម សុខា​សហ​មេធាវី លោក កឹម សុខា សម្ដែង​សុ​ដ្ឋិ​និយម​ថា សាលាឧទ្ធរណ៍​នឹង​ផ្ដល់​យុត្តិធម៌​ជូន លោក កឹម សុខា លើ​ករណី​ពួកគាត់​ប្ដឹង​ទាស់​ដីកា​របស់​ចៅក្រម​សាលាដំបូង ដែល​បនញ្ជូ​សំណុំរឿង​លោក កឹម សុខា ទៅ​ជំនុំជម្រះ ដែល​ផ្ទុយ​ពី​គោលការណ៍​តម្លាភាព និង​យុត្តិធម៌​នោះ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។