ខ្មែរនៅអូស្ត្រាលីនឹងធ្វើពិធីសាសនា ដើម្បីប្រសិទ្ធិពរជ័យដល់ការវិលចូលស្រុករបស់លោក សម រង្ស៊ី ខណៈដំណើរមាតុភូមិនិវត្តន៍នេះ នៅសល់តែ ១២ថ្ងៃទៀតប៉ុណ្ណោះនឹងដល់ពេលកំណត់។
អ្នកគាំទ្រគណបក្សសង្រ្គោះជាតិនៅប្រទេសអូស្ត្រាលីអំពាវដល់ពលរដ្ឋខ្មែររស់នៅប្រទេសនេះ ចូលរួមធ្វើពិធីសាសនានៅវត្តពុទ្ធរង្សីម៉ែលប៊ន ក្នុងទីក្រុងម៉ែលប៊ន ដើម្បីបួងសួងប្រសិទ្ធិពរ ជ័យដល់បេសកកម្មស្ដារលទ្ធិប្រជាធិបតេយ្យ និងសិទ្ធិមនុស្សនៅកម្ពុជា។ ពិធីនេះនឹងធ្វើនៅថ្ងៃទី៣ ខែវិច្ឆិកា គឺមុនប៉ុន្មានថ្ងៃដែលលោក សម រង្ស៊ី សន្យាថានឹងវិលចូលស្រុកវិញ។
ប្រធានសាខាគណបក្សសង្គ្រោះជាតិទីក្រុងម៉ែលប៊ន (Melbourne) ប្រទេសអូស្ត្រាលី លោក អ៊ិន ហេមារា ឲ្យដឹងថា ការធ្វើពិធីបុណ្យប្រសិទ្ធិពរជ័យនេះមាននិមន្តព្រះសង្ឃ ដើម្បីសូត្រមន្តប្រោសព្រំ និងបួងសួងដល់វត្ថុស័ក្ដិសិទ្ធិ ដើម្បីបញ្ជាក់ពីជំហរនៃការគាំទ្រការធ្វើមាតុភូមិនិវត្តន៍នេះ។ លោក អ៊ិន ហេមារា ដែលអះអាងថា នឹងអមដំណើរលោក សម រង្ស៊ី ចូលស្រុកដែរនោះយល់ថា ការវិលចូលប្រទេសកម្ពុជានៅថ្ងៃទី៩ ខែវិច្ឆិកា ខាងមុខជាការបង្កើតព្រឹត្តិការណ៍ប្រវត្តិសាស្ត្រថ្មីក្នុងបុព្វហេតុជាតិ៖ «ទី១ គឺប្រសិទ្ធិពរជ័យទី២គឺបញ្ជាក់ថាយើងខ្មែរជាអ្នកស្រឡាញ់លទ្ធិប្រជាធិបតេយ្យ គឺចូលរួមអមដំណើរជាផ្លូវកាយជាផ្លូវចិត្តពីចម្ងាយ យើងទាំងអស់គ្នាបង្កើតប្រវត្តិសាស្ត្រថ្មីនៅក្នុងការតស៊ូទាមទារលទ្ធិប្រជាធិបតេយ្យ»។
តំណាងចលនាស្ត្រីសង្គ្រោះជាតិបណ្ដាញសកលនៃទីក្រុងម៉ែលប៊ន អ្នកស្រី សៀម អេង និយាយថា ការធ្វើពិធីនេះ គឺដើម្បីលើកកម្លាំងចិត្តដល់ខ្មែរគ្រប់ប្រទេសក្នុងការអមដំណើរលោក សម រង្ស៊ី។ អ្នកស្រីអំពាវនាវដល់ពលរដ្ឋខ្មែរនៅប្រទេសអូស្ត្រាលីទាំងអស់ចូលរួមឲ្យបានច្រើនកុះករ៖ «ដូច្នេះហើយសូមអញ្ជើញបងប្អូនចូលរួមឲ្យបានច្រើនកុះករ ដើម្បីលើកកម្លាំងចិត្តបងប្អូនយើង ដែលគាត់លះបង់កម្លាំងចិត្ត និងថវិកាក្នុងការអមដំណើរលោកប្រធាន»។
គិតត្រឹមថ្ងៃទី២៨ ខែតុលា ការសន្យាវិលចូលប្រទេសកម្ពុជាវិញរបស់លោក សម រង្ស៊ី នៅសល់តែ ១២ថ្ងៃទៀតប៉ុណ្ណោះ នឹងដល់ពេលកំណត់នៃការធ្វើដំណើរមាតុភូមិនិវត្តន៍របស់លោក។
ទោះរបបក្រុងភ្នំពេញតែងតែព្រមានថា នឹងចាប់ខ្លួន បាញ់សម្លាប់ ឬពឹងប្រទេសជិតខាងកម្ពុជាមិនឲ្យលោក សម រង្ស៊ី ឆ្លងកាត់ក្តី ក៏លោក សម រង្ស៊ី នៅតែរក្សាជំហរវិលចូលស្រុកវិញដដែល។
លោក សម រង្ស៊ី អះអាងថា លោក និងថ្នាក់ដឹកនាំគណបក្សប្រឆាំងគ្មានការរួញរាចំពោះការវិលចូលស្រុកវិញនោះទេ បើទោះមានការគំរាមកំហែង និងចាប់ខ្លួនសកម្មជនបក្សប្រឆាំងរាល់ថ្ងៃក៏ដោយ៖ «ដល់ពេលហើយបងប្អូនកូនក្មួយយើងទៅប្រទេសយើងវិញ យើងនឹងបើកទំព័រថ្មីមួយក្នុងប្រវត្តិសាស្ត្រប្រទេសកម្ពុជា ដែលបងប្អូនកូនក្មួយទាំងអស់ យើងចូលរួមសរសេរទាំងអស់គ្នាទំព័រថ្មីនៃប្រវត្តិសាស្ត្រប្រទេសកម្ពុជាទំព័រថ្មីដ៏រុងរឿងសម្រាប់ខ្លួនយើង និងកូនចៅយើងជំនាន់ក្រោយ»។
អ្នកវិភាគនយោបាយ លោក គឹម សុខ យល់ថា បើរបបក្រុងភ្នំពេញហ៊ានបាញ់សម្លាប់ ឬចាប់ខ្លួនលោកសម រង្ស៊ី និងអ្នកគាំទ្ររបស់លោក សម រង្ស៊ី មែននោះ របបនេះនឹងប្រឈមការដាក់ទណ្ឌកម្មពីសហគមន៍អន្តរជាតិ ជាពិសេស ការបាត់បង់ប្រព័ន្ធអនុគ្រោះ EBA ពីសហភាពអឺរ៉ុប៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។