សហព័ន្ធ​ខ្មែរ​ក្រោម​ទាមទារ​ឱ្យ​វៀតណាម​ឈប់​ប្រើ​ហិង្សា​លើ​ព្រះសង្ឃ​និង​ពលរដ្ឋ​ខ្មែរ​ក្រោម

ដោយ ខាន់ លក្ខិណា
2023.11.27
សហព័ន្ធ​ខ្មែរ​ក្រោម​ទាមទារ​ឱ្យ​វៀតណាម​ឈប់​ប្រើ​ហិង្សា​លើ​ព្រះសង្ឃ​និង​ពលរដ្ឋ​ខ្មែរ​ក្រោម ទិដ្ឋភាពកម្លាំងសមត្ថកិច្ចស្លៀកពាក់ស៊ីវិល នៃរដ្ឋាភិបាលវៀតណាម​ទម្លាយទ្វារចូលឈ្លានពាន អុកឡុក និងប្រើអំពើហិង្សាលើព្រះសង្ឃ នៃវត្តមង្គលបូរី (ទ្រនំសេក) ឋិត នៅក្នុងខេត្តលង់ហោរ កាលពីថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៣។
រូប៖ VOKK

សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​អំពាវនាវ​ឱ្យ​រដ្ឋាភិបាល​វៀតណាម​បញ្ឈប់​ជាបន្ទាន់ នូវ​ការប្រើ​សមត្ថកិច្ច​ស្លៀកពាក់​ស៊ីវិល និង​ក្រុម​ក្មេង​ទំនើង​វាយប្រហារ​លើ​ព្រះសង្ឃ និង​ពលរដ្ឋ​ខ្មែរក្រោម​ទៀត។ មន្ត្រី​សមាគម​ខ្មែរ​កម្ពុជា​ក្រោម​ស្នើ​រដ្ឋាភិបាល កម្ពុជា​ឱ្យ​ជួយ​អន្តរាគមន៍​ទៅ​មេដឹកនាំ​វៀតណាម ដោយ​ថា ប្រជាពលរដ្ឋ​ខ្មែរ កម្ពុជា​ក្រោម ក៏​ជា​ពលរដ្ឋ​ខ្មែរ​ដែរ។

ការ​ទាមទារ​នេះ បន្ទាប់ពី​ព្រះសង្ឃ​មួយ​អង្គ និង​ពលរដ្ឋ​ខ្មែរក្រោម ២​នាក់ បាន​រង​របួសធ្ងន់ និង​ស្រាល ដោយសារតែ​រារាំង​ក្រុម​អាជ្ញាធរ​វៀតណាម ដែល​បាន​ដឹកនាំ​ក្រុម​ជើងកាង​ជាង​៥០​នាក់ ប្រដាប់​ដោយ​ដំបង​និង​រំពាត់ ទម្លុះ​ទ្វារ ដើម្បី​ចូល​ទៅ បរិវេណ​វត្ត​មង្គល​បូរី​(​ទ្រនំ​សេក​)​ស្ថិត​នៅ​ក្នុង​ខេត្ត​លង់ហោរ ដែល​វៀតណាម ហៅថា វិញ ឡុង (Vinh Long) ទឹកដី​កម្ពុជា​ក្រោម កាលពី​ថ្ងៃទី​២២-២៣ វិច្ឆិកា។

ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​កាលពី​ថ្ងៃទី​២២ វិច្ឆិកា លើកឡើង​ថា ដើមហេតុ​នៃ​អំពើ​ហិង្សា​នេះ តាំងពី​ថ្ងៃទី​២៣ ខែមីនា ឆ្នាំ​២០២២ នៅ​ពេល​ដែល​អាជ្ញាធរ​វៀតណាម លើកគ្នា​ចូលក្នុង​វត្ត ដើម្បី​ព្យាយាម​កាប់​ដើម​គគីរ ដែល​មាន​អាយុកាល ៧០០ ឆ្នាំ ប៉ុន្តែ​សកម្មភាព​នេះ ត្រូវ​បាន​ព្រះសង្ឃ​និង​ពុទ្ធបរិស័ទ​រារាំង រហូតដល់​ព្រះសង្ឃ​ត្រូវ​ទទួលរង​នូវ​អំពើ​ហិង្សា​ផង​ដែរ។

ប្រភព​ដដែល​ថា ការ​បន្ត​ធ្វើ​ទុក្ខបុកម្នេញ​លើ​ព្រះ​ស​ង្ឈ និង​ពុទ្ធបរិស័ទ​ខ្មែរក្រោម នៅ​វត្ត​ទ្រនំ​សេក​ពី​សំណាក់​អាជ្ញាធរ​វៀតណាម ថា ជា​ការ​សងសឹក ក្រោយពី​វត្ត​នេះ បដិសេធ​ដោយ​មិន​ស្ថិត​នៅ​ក្រោម​ការ​គ្រប់គ្រង​របស់​គណៈសង្ឃ​ពុទ្ធសាសនា វៀតណាម កាលពី​កន្លង​ទៅ។

ការ​បដិសេធ​នេះ ដោយ​ចាត់ទុក​ករណី​អាជ្ញាធរ​វៀតណាម​ធ្វើ​នោះ​ជា ការ​បំពាន​លើ​សន្ធិសញ្ញា​សិទ្ធិមនុស្ស​នានា ដែល​វៀតណាម បាន​ចុះ​ហត្ថលេខា ជាមួយ​អង្គការ​សហប្រជាជាតិ។

សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម បាន​ថ្កោលទោស​អាជ្ញាធរ​វៀតណាម​និង​អំពាវនាវ ឱ្យ​រដ្ឋាភិបាល​វៀតណាម​បញ្ឈប់​ជាបន្ទាន់ នូវ​ការប្រើ​សមត្ថកិច្ច​ស្លៀកពាក់​ស៊ីវិល និង​ក្រុម​ក្មេង ទំនើង​វាយប្រហារ​លើ​ព្រះសង្ឃ និង​ពុទ្ធបរិស័ទ​ខ្មែរក្រោម​នៅ​វត្ត​ទ្រនំ​សេក​ទៀត។

លើស​ពី​នេះ សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​ជំរុញ​ឱ្យ រដ្ឋ​សមាជិក​នៃ​ក្រុមប្រឹក្សា​សិទ្ធិ មនុស្ស​អង្គការ សហប្រជាជាតិ​វៀតណាម ត្រូវ​អប់រំ​អាជ្ញាធរ​មូលដ្ឋាន ឱ្យ​ឈប់​អំពើ​ហិង្សា​លើ​ព្រះសង្ឃ និង​ពុទ្ធបរិស័ទ​ខ្មែរក្រោម​ដែល​កំពុង កាន់សាសនា​ដោយ​សន្តិវិធី​ទៀត។

វីដេអូ​ដែល​ផ្សាយ​លើ​ហ្វេសប៊ុក សំឡេង​កម្ពុជា​ក្រោម​បង្ហាញ​ថា កម្លាំង​សមត្ថកិច្ច ស្លៀកពាក់​ស៊ីវិល​នៃ​រដ្ឋាភិបាល​វៀតណាម ដែល​ទៅ​ចូល​អុកឡុក​វត្ត​ទ្រនំ​សេក កាលពី​ថ្ងៃទី ២២ វិច្ឆិកា ដោយ​ពួកគេ​ធាក់​ទ្វាររបង ដើម្បី​ទម្លាយ​ចូល​ទៅ​ក្នុង​អម​ជាមួយនឹង​សម្រែក​ខ្លាំង​ខាងមុខ​វត្ត ខណៈ​អ្នក​ខ្លះទៀត មាន​ទាំង​ដៃ​កាន់ដំបង ដែក​មក​ជា​មួយ​ផង​ដែរ។

ក្រៅពី​ស្រែ​ខ្លាំង​នោះ ពួកគេ​ក៏​នាំគ្នា​បាន​សម្រុកចូល​វត្ត និង​ខ្លះទៀត​បាន​ហក់ ទៅ​វាយ​លើ​ព្រះសង្ឃ និង​ប្រជាពលរដ្ឋ ដែល​បណ្ដាល​ធ្វើ​ឱ្យ​ព្រះ​សង្ឃ​មួយ​អង្គ និង​ពលរដ្ឋ​ខ្មែរក្រោម​២​នាក់ រង​របួស អំឡុង​ពេល​ចេញ​រារាំង​សកម្មភាព ក្រុម​មនុស្ស ដែល​អាជ្ញាធរ​វៀតណាម​ដឹក​នាំ​ទៅ។

ជុំវិញ​រឿង​នេះ អគ្គលេខាធិការ​សមាគម​ខ្មែរ​កម្ពុជា​ក្រោម ដើម្បី​សិទ្ធិមនុស្ស​និង អភិវឌ្ឍន៍ លោក បណ្ឌិត សឺន ជុំជួន ប្រាប់​វិទ្យុ​អាស៊ីសេរី​នៅ​ថ្ងៃទី​២៦ វិច្ឆិកា ថា ទង្វើ​ដែល​អាជ្ញាធរ​វៀតណាម​ធ្វើ​ដាក់​ព្រះសង្ឃ និង​ពលរដ្ឋ​ខ្មែរ​កម្ពុជា​ក្រោម​នេះ ជា​ការ​បំពាន​ទៅលើ​គោលការណ៍​សិទ្ធិមនុស្ស។

ជាមួយ​គ្នា​នេះ លោក​ក៏​ស្នើ​រដ្ឋាភិបាល​កម្ពុជា​ជាពិសេស​ស្ថានទូត​ខ្មែរ​ប្រចាំ​នៅ​ទីក្រុង​ព្រៃនគរ ឱ្យ​ជួយ​អន្តរាគមន៍​ទៅ​រដ្ឋាភិបាល​វៀតណាម ឱ្យ​បញ្ឈប់​ការ ធ្វើ​ទុក​បុក ម្នេញ​លើ​ពលរដ្ឋ​ខ្មែរក្រោម​ទៀត ពីព្រោះ​ប្រជាពលរដ្ឋ​ខ្មែរ កម្ពុជា​ក្រោម ក៏​ជា​ពលរដ្ឋ​ខ្មែរ​ដែរ។

បណ្ឌិត សឺន ជុំជួន៖ «រដ្ឋាភិបាល​កម្ពុជា​គាត់ នៅតែ​មាន​ជា​អាទិភាព​ក្នុង​ការ​អន្តរាគមន៍ ពីព្រោះ យើង​ដែល​កម្ពុជា​ក្រោម ប្រជាពលរដ្ឋ​ខ្មែរ​នៅ​កម្ពុជា ក៏​ជា​ប្រជាពលរដ្ឋ ខ្មែរ​មួយ​ដែរ​។ និយាយ​ទៅ​រដ្ឋាភិបាល​កម្ពុជា ក៏​គួរតែ​ពិចារណា​ទៅ​អាទិភាព របស់​ខ្លួន​ហ្នឹង ជៀសវាង​ដែល​ប្រើ​លេស​ថា មិនអាច​ជ្រៀតជ្រែក​ដែន អធិបតេយ្យភាព​របស់​វៀតណាម​នោះ មិនអាច​យក​ប្រើ​ជា​លេស​ហ្នឹង​បានទេ​។ រដ្ឋាភិបាល កម្ពុជា​គួរតែ​ពិចារណា ទៅ​រដ្ឋាភិបាល​វៀតណាម ពាក់ព័ន្ធ​នឹង​ទង្វើ​ទាំងឡាយ ដែល​អាជ្ញាធរ​វៀតណាម បាន​ប្រព្រឹត្ត​មក​លើ​ទាំង​ព្រះ​សង្ឃ ទាំង​ពុទ្ធបរិស័ទ​ខ្មែរ ក្រោម​ជាដើម អីហ្នឹង»

វិទ្យុ​អាស៊ីសេរី មិន​អាច​សុំ​ការ​ឆ្លើយ​តប​ពី​ស្ថានទូត​វៀតណាម ប្រចាំ​កម្ពុជា និង​អ្នកនាំពាក្យ​ក្រសួង​ការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ កម្ពុជា លោក អាន សុខខឿន បាន​ទេ នៅ​ថ្ងៃទី​២៦ ខែ​វិច្ឆិកា។

គិត​ចាប់តាំងពី​ដើម​ឆ្នាំ​២០២២ មក អាជ្ញាធរ​វៀតណាម បាន​ដឹកនាំ​ក្រុម​ជើង​កាង ទៅ​អុកឡុក​និង​ប្រើ​ហិង្សា រួម​ទាំង​ជេរប្រមាថ​ព្រះសង្ឃ​នៅក្នុង​វត្ត​មង្គលបូរី (​ទ្រនំ​សេក) វត្ត​ប្រជុំ​ពល​មង្គល​បូរី​ទ្រនំ​សេក ស្ថិត​នៅ​ឃុំ​កំពង់ ស្រុក​ផ្សារ​ថ្មី ខេត្ត​លង់ហោរ ដែនដី​កម្ពុជា​ក្រោម ចំនួន​៤​លើក​រួចមក​ហើយ។

ក្នុង​នោះ មាន​ទាំង​ចាប់ យក​យានជំនិះ​កង់​បី ដែល​ប្រើ​សម្រាប់​ដឹក​ព្រះសង្ឃ ទៅ​បិណ្ឌបាត​ផង​ដែរ។

ព្រះចៅ​អធិការ​វត្ត​មង្គលបូរី (​ទ្រនំ​សេក​) ព្រះតេជព្រះគុណ ថាច់ ចាន់តារា ធ្លាប់​មាន​ថេរ​ដីកា​ប្រាប់​វិទ្យុ​អាស៊ីសេរី កាលពី​ថ្ងៃទី​២៣ ខែវិច្ឆិកា ថា អាជ្ញាធរ វៀតណាម​បន្ត​ធ្វើ ទុក្ខបុកម្នេញ​លើ​ព្រះ​សង្ឃ​វត្ត​ទ្រនំ​សេក ដោយសារតែ​វត្ត​នេះ សកម្ម កសាង និង​ថែរក្សា​សម្បត្តិ​វប្បធម៌​ខ្មែរ​កម្ពុជា​ក្រោម ខណៈ​ជា​វត្ត​នេះ ហ៊ាន​បើក​បង្រៀន​អំពី​សិទ្ធិមនុស្ស និង​សិទ្ធិ​ជនជាតិ​ដើម​ដល់​ព្រះសង្ឃ និង​ពលរដ្ឋ​ខ្មែរក្រោម ឱ្យ​ហ៊ាន និយាយ​លាត​ត្រដាង​ពី​ការរំលោភ​សិទ្ធិ​មនុស្ស​របស់​រដ្ឋអំណាច វៀតណាម​មក​លើ​ខ្មែរក្រោម៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

អត្ថបទពេញនិយម
នយោបាយ
មន្ត្រី គ.ជ.ប ខេត្តតាកែវសួរនាំក្រុមប្រឹក្សាឃុំបក្សភ្លើងទៀនម្នាក់ ក្រោយថតសន្លឹកឆ្នោតនៅក្នុងបន្ទប់សម្ងាត់
បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។