ព្រះសង្ឃ និងពលរដ្ឋខ្មែរក្រោមបង្ហាញការដឹងគុណដល់ ព្រះសង្ឃខ្មែរក្រោមមួយអង្គគឺចៅអធិការវត្តដំបងពាក់ ព្រះតេជព្រះគុណ តា ង៉ុក កោ តាមរយៈការ តែងនិពន្ធចម្រៀង រំលឹកស្នាដៃដែលព្រះតេជព្រះគុណបន្សល់ទុកដល់ កូនខ្មែរក្រោមជំនាន់ក្រោយដើម្បីរក្សាប្រវត្តិសាស្ត្រ និង អត្តសញ្ញាណខ្មែរក្រោម។
ទោះបី ព្រះចៅអធិការវត្តដំបងពាក់ ព្រះតេជព្រះគុណ តា ង៉ុក កោ បានសុគត ប៉ុន្តែស្នាដៃព្រះអង្គជាច្រើនបានបន្សល់ទុកដែលជាការរួមចំណែកថែរក្សាប្រពៃណីវប្បធម៌ខ្មែរនៅលើទឹកដីកំណើត ដែលវៀតណាមត្រួតត្រាទាំងខុសច្បាប់ អស់រយៈពេលជាង ៧០ឆ្នាំមកហើយ។ ស្នាមព្រះហស្តទាំងនេះ ជំរុញឱ្យព្រះសង្ឃខ្មែរក្រោមមួយចំនួន ដែលគោរពស្រលាញ់ព្រះសង្ឃរូបនេះបាននិពន្ធជាចម្រៀងបង្ហោះតាមបណ្ដាញសង្គមហ្វេសប៊ុករម្លឹកពីការលះបង់កម្លាំងប្រាជ្ញាស្មារតីរបស់ព្រះតេជព្រះគុណ តា ង៉ុកោ។
បទចម្រៀងនេះមានចំណងជើងថា សែនស្ដាយស្នាដៃគ្រូខ្ញុំយកលំនាំបទ ទឹកភ្នែកភរិយា និពន្ធដោយព្រះសង្ឃខ្មែរក្រោមគង់នៅវត្តពោធិសាលរាជកំពង់ ខេត្តព្រះត្រពាំង ព្រះតេជព្រះគុណ សាង សំណាង។ ព្រះតេជព្រះគុណដីកាឱ្យអាស៊ីសេរីដឹងថា ព្រះតេជព្រះគុណមានការស្ងប់ស្ញែងពីអ្វីដែលព្រះតេជព្រះគុណ តា ង៉ុក កោ បានកសាងទាំងក្នុងវិស័យពុទ្ធចក្រ និងអាណាចក្រ។ ព្រះតេជព្រះគុណ សាង សំណាង សោកស្ដាយចំពោះការសុគតនៃព្រះតេជគុណ តា ង៉ុកកោ ដោយមិនទាន់បានបញ្ចប់កសាង សាលារៀន សួនច្បារ និងព្រះពុទ្ធបដិមាមួយអង្គធំមួយគ្រប់នៅឡើយ៖ «អត្ថន័យហ្នឹងយើងសរសើរឡើងនូវសាវតាររបស់លោក យើងឃើញតម្លៃរបស់លោកកំពុងកសាង ប៉ុន្តែមិនទាន់ហើយមានន័យបំណងរបស់លោកគឺលោកចង់ធ្វើតទៅមុខបន្ថែមទៀត»។
ព្រះតេជព្រះគុណរម្លឹកថា ព្រះចៅអធិការ តា ង៉ុកកោ ក៏មានទេពកោសល្យតែងនិពន្ធដោយព្រះអង្គបានតែងបទចម្រៀងបានយ៉ាងច្រើន បង្ហាញពីទីតាំងភូមិសាស្ត្រ និងឈ្មោះ ភូមិ ឃុំ ស្រុក ខេត្ត នៅកម្ពុជាក្រោម។ ព្រះតេជព្រះគុណ សាង សំណាង បន្តថា ចំពោះព្រះតេជព្រះគុណមិនពូកែក្នុងតែងនិពន្ធទេ ប៉ុន្តែដោយសារតែ ព្រះទ័យស្ដាយស្រណោះ ព្រះគ្រូចៅអធិការវត្ត ជំរុញឱ្យព្រះអង្គតែងចម្រៀងនេះឡើង។ ព្រះតេជព្រះគុណឱ្យដឹងទៀតថា ក្រោយសរសេរបទចម្រៀងនេះរួចហើយ ព្រះតេជព្រះគុណបានទាក់ទងរកអ្នកចម្រៀងឱ្យជួយច្រៀងនិងពឹងពាក់ព្រះសង្ឃផ្សេងទៀតដែលមានជំនាញខាងកាត់តវីដេអូជួយធ្វើជាវីដេអូ៖ «អាត្មាហៅគាត់ថា ឥឡូវអាត្មាតែងចម្រៀងមួយបទនេះសូមបងជួយច្រៀងជូនវិញ្ញាណក្ខន្ធរបស់លោកទៅតែបទហ្នឹងហ្វ្រី (Free) ណាអត់មានយកលុយទេណា គាត់ថាព្រមហើយធ្វើក្នុងយប់ហ្នឹងតែម្ដងទៅ»។
ព្រះតេជព្រះគុណ តា ង៉ុកកោ ជាព្រះសង្ឃអង់អាចក្នុងការថែរក្សាវប្បធម៌ ប្រពៃណីយ៉ាងសកម្មនៅដែនដីកម្ពុជាក្រោម។ ព្រះតេជព្រះគុណបានកសាងវត្តព្រះវិហារ សាលារៀន បង្រៀនអក្សរខ្មែរនិងបាលី។ ព្រះអង្គតែងតែស្រាវជ្រាវនិងចងក្រងឈ្មោះដើមតំបន់ភូមិសាស្ត្រនៃទឹកដីកម្ពុជាក្រោម ដែលមានឈ្មោះភូមិ ឃុំ ទុកជាឯកសារ ហើយព្រះអង្គឆ្លៀតពេលទំនេរសរសេរជាបទចម្រៀងពីភូមិសាស្ត្រទាំងនោះបង្ហោះលើបណ្តាញសង្គមយូធូបដោយប្រើឈ្មោះ គឹម ខាយ។
មន្ត្រី សមាគមខ្មែរក្រោម និងព្រះសង្ឃខ្មែរក្រោមលើកឡើងថា ព្រះចៅអធិការវត្តដំបងពាក់ ព្រះតេជព្រះគុណ តា ង៉ុកកោ ជាតួអង្គសំខាន់ក្នុងការថែរក្សាប្រពៃណីវប្បធម៌។ តេជគុណ តា ង៉ុក កោ បានសុគតកាលពីថ្ងៃទី៩ ខែមេសា ក្នុងបន្ទប់សឹងរបស់ព្រះអង្គ ដោយអាថ៌កំបាំងនិងមិនទាន់ដឹងមូលហេតុច្បាស់លាស់ក្នុងព្រះជន្ម ៤២ព្រះវស្សា។
ស្នាដៃរបស់ព្រះភិក្ខុ តា ង៉ុកកោ មិនត្រឹមតែធ្វើឱ្យខ្មែរក្រោមកោតស្ញប់ស្ញែងប៉ុណ្ណោះ ខ្មែរកណ្ដាលខ្លះក៏កោសសរសើរដែរ។
អ្នកចម្រៀងអាជីព លោក ខឹម ឈុនវុធ ជាខ្មែរកណ្ដាល ដែលបានជួយច្រៀងរំលឹកប្រវត្តិព្រះអង្គ តាង៉ុកកោ ឱ្យដឹងថា កាលពីមុនមកលោកមិនដែលបានស្គាល់ទីតាំងភូមិសាស្ត្រកម្ពុជាក្រោមនោះទេ។ ប៉ុន្តែលោកថា នៅពេលលោកបានច្រៀងលើកឡើងស្នាមព្រះហស្តពីព្រះតេជព្រះគុណ តា ង៉ុកកោ ធ្វើឱ្យលោកមានការរីករាយដែលបានចូលរួមក្នុងការរម្លឹកពីទីតាំងភូមិសាស្ត្រក្នុងទឹកដីកម្ពុជាក្រោម៖ «ស្គាល់តាមមិត្តភ័ក្ដិដែរហ្នឹងគេណែនាំទៅលោកទាក់ទងមកខ្ញុំ មកពេលលោកបង្ហាញអត្ថបទឃើញរៀបរាប់ភូមិស្រុកសាវតារខ្មែរខ្ញុំក៏សម្រេចជួយច្រៀងព្រោះថា បើយើងរៀបរាប់ពីភូមិស្រុកអីចឹងទៅជួយរំលឹកដល់ពង្សាវតារខ្មែរ»។
ព្រះសង្ឃខ្មែរក្រោម និងពលរដ្ឋខ្មែរក្រោមជាច្រើននាក់ នាំគ្នាជំរុញឱ្យខ្មែរក្រោមទាំងអស់ធ្វើយុទ្ធនាការ មួយដើម្បីសម្រេចបំណងចុងក្រោយដែលព្រះអង្គ តា ង៉ុក កោ មិនទាន់សម្រេចមុនពេលសុគត គឺការសាងសង់ព្រះពុទ្ធរូបកម្ពស់ជាង ៣៣ម៉ែត្រ រួមទាំងប្រាសាទនៅក្នុងវត្តដំបងពាក់៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។