ខ្មែរកម្ពុជាក្រោមស្នើឱ្យរដ្ឋាភិបាលកម្ពុជាអន្តរាគមន៍ទៅវៀតណាមដោះលែងសកម្មជនខ្មែរក្រោម
2024.10.21
សកម្មជនសិទ្ធិមនុស្ស និងអង្គការសិទ្ធិមនុស្សខ្មែរកម្ពុជាក្រោមស្នើរដ្ឋាភិបាលភ្នំពេញ អន្តរាគមន៍ទៅរដ្ឋាភិបាលវៀតណាមឲ្យដោះលែងព្រះសង្ឃ និងសកម្មជនខ្មែរក្រោមដែលអាជ្ញាធរវៀតណាមកំពុងចាប់ដាក់ពន្ធនាគារដោយសារតែការទាមទារសិទ្ធិជនជាតិដើម។ សំណើធ្វើឡើងមុនពេលប្រធានព្រឹទ្ធសភាលោក ហ៊ុន សែន តំណាងឲ្យកម្ពុជាដឹកនាំដង្ហែកឋិនទៅវត្តនៅកម្ពុជាក្រោម។
អង្គការសិទ្ធិមនុស្សខ្មែរកម្ពុជាក្រោម និងសកម្មជនសិទ្ធិមនុស្សស្វាគមន៍គម្រោងដង្ហែកឋិនទៅវត្តនៅកម្ពុជាក្រោមរបស់លោក ហ៊ុន សែន ប៉ុន្តែពួកគេក៏ចង់ឲ្យរដ្ឋាភិបាលកម្ពុជាដោះស្រាយបញ្ហារំលោភសិទ្ធិមនុស្ស និងសាសនាព្រះពុទ្ធរបស់អាជ្ញាធរវៀតណាម មកលើព្រះសង្ឃ និងពលរដ្ឋខ្មែរក្រោមផងដែរ។ ពួកគេក៏ស្នើឲ្យពលរដ្ឋទាំងអស់កុំយល់ច្រឡំថា វៀតណាមនឹងគោរពសិទ្ធិខ្មែរក្រោមដោយសារតែកឋិនរបស់ប្រធានព្រឹទ្ធសភា លោក ហ៊ុន សែន លើកដំបូង ទាំងដែលលោកបានដឹកនាំប្រទេសរាប់ទសវត្សរ៍មកហើយក្ដី។
សកម្មជនសិទ្ធិមនុស្សកំពុងរស់នៅលើទឹកដីខេត្ត ព្រះត្រពាំង លោក ថាច់ ង៉ា ប្រាប់វិទ្យុអាស៊ីសេរីថា លោកចង់ឃើញមន្ត្រីរដ្ឋាភិបាលកម្ពុជាដែលដង្ហែកឋិនទៅវត្តនៅកម្ពុជាក្រោមហ៊ានទាមទារឲ្យវៀតណាមគោរពសិទ្ធិមនុស្ស និងព្រះសង្ឃខ្មែរក្រោម។
លោក ថាច់ ង៉ា បន្តថា បច្ចុប្បន្នអាជ្ញាធរវៀតណាមនៅតែបន្តធ្វើទុក្ខបុកម្នេញខ្មែរក្រោម ដែលហ៊ានងើបឡើងទាមទារសិទ្ធិ។ លោកថា សូម្បីខ្លួនលោកផ្ទាល់ក៏ត្រូវសមត្ថកិច្ចវៀតណាមជិះម៉ូតូ ដេញតាមពីក្រោយបណ្ដាលប្រពន្ធលោករងរបួសក្នុងគ្រោះថ្នាក់ចរាចរណ៍ ពេលលោកចង់ធ្វើដំណើរទៅសួរសុខទុក្ខ សកម្មជនខ្មែរក្រោមផ្សេងទៀត។
លោកនាយកមន្ត្រី ហ៊ុន ម៉ាណែត កាលពីថ្ងៃទី៤ ខែតុលា បានបង្កើតគណៈកម្មាធិការរៀបចំអង្គកឋិនទៅវត្តខ្មែរក្រោម ដែលមានសមាសភាពថ្នាក់ដឹកនាំរបស់រដ្ឋាភិបាលមួយចំនួន។ អតីតនាយករដ្ឋមន្ត្រី លោក ហ៊ុន សែន បានលើកឡើងថា លោក និងប្រពន្ធលោកនឹងដង្ហែអង្គកឋិនមហាសាមគ្គីគ្រួសារខ្មែរមួយ ទៅវត្តខ្មែរក្រោម នៅថ្ងៃទី៤ ខែវិច្ឆិកា ខាងមុខដោយមានថ្នាក់ដឹកនាំជាន់ខ្ពស់ផ្សេងទៀតដង្ហែទៅដោយផ្ទាល់។ លោក ហ៊ុន សែន ថា ខ្មែរលើ ខ្មែរកណ្ដាល ខ្មែរក្រោម ជាខ្មែរតែមួយ ទើបឈ្មោះអង្គកឋិនទាននេះថា (អង្គកឋិនទាន មហាសាមគ្គីគ្រួសារខ្មែរ) ដែលជនជាតិខ្មែរនៅគ្រប់ទីកន្លែង គ្រប់គណបក្សនយោបាយ គ្រប់និន្នាការនយោបាយ អាចចូលរួមបានទាំងអស់គ្នា។
ជុំវិញកឋិនរបស់កម្ពុជានេះដែរ ប្រធានគណៈកម្មការព័ត៌មានសហព័ន្ធខ្មែរកម្ពុជាក្រោម ព្រះភិក្ខុ សឺង យ៉ឹងរតនា មានថេរៈដីកាថា កឋិននេះ ជាឱកាសល្អសម្រាប់ពលរដ្ឋខ្មែរនៅកម្ពុជាបានស្វែងយល់បន្ថែមទៀត ពីស្ថានភាពខ្មែរកម្ពុជាក្រោម ក្នុងនោះ រួមមានការរស់នៅ ការគោរពប្រតិបត្តិសាសនា វប្បធម៌ និងប្រពៃណី។
ព្រះអង្គបន្តថា ពេលដង្ហែកឋិន រដ្ឋាភិបាលកម្ពុជាដឹកនាំដោយ លោក ហ៊ុន ម៉ាណែត នឹងមានឱកាសអន្តរាគមន៍ទៅរដ្ឋាភិបាលវៀតណាមឲ្យគោរពសិទ្ធិជនជាតិដើមខ្មែរកម្ពុជាក្រោម។
បច្ចុប្បន្នមានព្រះអង្គ ៥អង្គ និងសកម្មជនខ្មែរក្រោម ៨នាក់ ត្រូវបានតុលាការវៀតណាមកាត់ទោសដាក់ពន្ធនាគារជាច្រើនឆ្នាំ ដោយសារតែ ពួកគេទាមទារសិទ្ធិជនជាតិដើម និងសាសនា។ ព្រះសង្ឃ ៥អង្គ ដែលត្រូវបានអាជ្ញាធរវៀតណាមខេត្តលង់ហោរចាប់កាលពីខែមីនា រួមមានព្រះចៅអធិការ និងព្រះសង្ឃគង់នៅវត្តប្រជុំពលមង្គលបូរី ឬហៅថា វត្តទ្រនំសេកចំនួន ៥អង្គពីបទ «កេងចំណេញលើសិទ្ធិសេរីភាព និងលទ្ធិប្រជាធិបតេយ្យ» និងពីបទ «ការចាប់ខ្លួន ឃាត់ខ្លួន ឬឃុំខ្លួនមនុស្សដោយខុសច្បាប់» ។ដោយឡែក ព្រះសង្ឃខ្មែរក្រោមមួយអង្គទៀតគឺព្រះភិក្ខុ គឹម សំរិន្ទ ដែលជាសកម្មជនសង្ឃ និងជាអ្នកកសាងរូបសំណាកលោកវីរបុរសខ្មែរកម្ពុជាក្រោមឧកញ៉ា សឺន គុយ តម្កល់ទុកនៅផ្ទះក្នុងខេត្តព្រះត្រពាំង ត្រូវបានគណៈសង្ឃខេត្តក្រោមឥទ្ធិពលវៀតណាម ប្រកាសមិនទទួលស្គាល់ព្រះអង្គជាអ្នកបួស និងមិនអនុញ្ញាតឱ្យវត្តជាង ១៤០វត្ត ក្នុងខេត្តព្រះត្រពាំងទទួលយកព្រះអង្គគង់។បច្ចុប្បន្នព័ត៌មានមិនទាន់ផ្លូវការអះអាងថា កម្ពុជានឹងដង្ហែកឋិនទៅវត្តស្វាយសៀមថ្មី នៅខេត្ត ព្រះត្រពាំង។ ខេត្តព្រះត្រពាំងជាខេត្តមួយដែលសម្បូរដោយទៅទីតាំងប្រវត្តិសាស្ត្ររបស់ខ្មែរកម្ពុជាក្រោម៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។