មន្ត្រីជាន់ខ្ពស់នគរបាលអះអាងថា សមត្ថកិច្ចកំពុងសហការជាមួយសមត្ថកិច្ចថៃដើម្បីតាមចាប់ខ្លួនមន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិម្នាក់ ក្រោយតុលាការចោទប្រកាន់សកម្មជនរូបនោះថា ជាមេខ្លោងនៅពីក្រោយការឃោសនា ញុះញង់ឱ្យសកម្មជនគណបក្សប្រឆាំងដើរបំផុសបំផុលប្រជាពលរដ្ឋឱ្យងើបបះបោរធ្វើរដ្ឋប្រហារផ្ដួលរំលំរបបក្រុងភ្នំពេញ។ ស្របពេលសមត្ថកិច្ចកំពុងស្វែងរកចាប់ខ្លួនមន្ត្រីបក្សប្រឆាំងនៅថៃនេះ សមត្ថកិច្ចរបប លោក ហ៊ុន សែន ក៏បានចាប់ខ្លួនសកម្មជនបក្សប្រឆាំងពីរនាក់បន្ថែមទៀត។
អ្នកនាំពាក្យអគ្គស្នងការនគរបាលជាតិលោក ឆាយ គឹមខឿន ឱ្យអាស៊ីសេរី ដឹងថ្ងៃទី១២ ខែតុលា ថា សមត្ថកិច្ចកម្ពុជាសហការជាមួយសមត្ថកិច្ចថៃដើម្បីចាប់ខ្លួនលោក ម៉ន ផល្លា ប្រធានប្រតិបត្តិរបស់គណបក្សសង្គ្រោះជាតិរាជធានីភ្នំពេញ ដែលកំពុងលាក់ខ្លួននៅប្រទេសថៃ។ លោកបន្តទៀតថា ក្រៅពីស្វែងរកចាប់ខ្លួនលោក ម៉ន ផល្លា សមត្ថកិច្ចក៏នឹងអាចចាប់ខ្លួនអ្នកផ្សេងទៀតដែលមានប្រព្រឹត្តបទល្មើសដូចលោក ម៉ន ផល្លា ដែរ៖ «បើសិនជាអ្នកដទៃទៀតធ្វើសកម្មភាពធ្វើសកម្មភាពដូច ម៉ន ផល្លា នឹងធ្វើដូចគ្នា ( សមត្ថកិច្ចកម្ពុជាកំពុងសហការជាមួយសមត្ថកិច្ចប្រទេសថៃដើម្បីចាប់ខ្លួន )»។
ចៅក្រមស៊ើបសួរនៃសាលាដំបូងរាជធានីភ្នំពេញចេញដីកាបង្គាប់ឱ្យចាប់ខ្លួនលោក ម៉ន ផល្លា ពីបទ «រួមគំនិតក្បត់» ក្នុងផែនការប៉ុនប៉ងធ្វើរដ្ឋប្រហារផ្ដួលរំលំរាជរដ្ឋាភិបាលស្របច្បាប់តាមគំនិតរបស់លោក សម រង្ស៉ី។ សេចក្ដីប្រកាព័ត៌មានរបស់អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ ចុះថ្ងៃទី១១ ខែតុលា ឱ្យដឹងថា ការចោទប្រកាន់លោក ម៉ន ផល្លា ដោយសារតែចម្លើយសារភាពរបស់សកម្មជនគណបក្សសង្គ្រោះជាតិពីររូប ដែលនិយាយថា លោក ម៉ន ផល្លា ជាមេខ្លោងនៅពីក្រោយការឃោសនា ញុះញង់ និងបញ្ចុះបញ្ចូលឱ្យទាំងពីរនាក់ដើរបំផុសបំផុលប្រជាពលរដ្ឋងើបបះបោរប៉ុនប៉ងធ្វើរដ្ឋប្រហារផ្ដួលរំលំរដ្ឋាភិបាល។ មន្ត្រីគណបក្សប្រឆាំងថា ការសារភាពរបស់មន្ត្រីគណបក្សប្រឆាំងកន្លងមក ធ្វើឡើងដោយសារតែរងការបង្ខំតែប៉ុណ្ណោះ។
លោក ម៉ន ផល្លា ប្រាប់អាស៊ីសេរីឱ្យដឹងថា លោកគ្មានការភ្ញាក់ផ្អើល ឬភ័យខ្លាចនោះទេ។ លោកអះអាងថា លោកមិនបោះបង់ចោលនូវគោលដៅអមដំណើរលោក សម រង្ស៊ី និងគាំទ្រគោលនយោបាយរបស់គណបក្សសង្គ្រោះជាតិ ដែលប្រកាន់គោលការណ៍ការផ្លាស់ប្ដូរដោយអហិង្សានោះទេ៖ «ខ្ញុំអត់មានភ្ញាក់ផ្អើលអ្វីទេ ផ្ទុយទៅវិញមានតែជំរុញទឹកចិត្តឱ្យធ្វើការប្ដេជ្ញាចិត្តខ្ពស់ថែមទៀតនៅក្នុងការចូលរួមទាមទារប្រជាធិបតេយ្យឡើងវិញ ដើម្បីទាមទារឱ្យមានការគោរពសិទ្ធិមនុស្ស»។
ក្រៅពីការចោទប្រកាន់ និងព្រមានតាមចាប់ខ្លួនលោក ម៉ន ផល្លា ដល់ក្រៅប្រទេសបែបនេះ សមត្ថកិច្ចកម្ពុជានៅថ្ងៃទី១២ ខែតុលា បានចាប់ខ្លួនសកម្មជនគណបក្សសង្គ្រោះជាតិម្នាក់ដែលជាស្ត្រី ឈ្មោះ ប៉ែន មុំ ហៅស្រីមុំ នៅស្រុកឈូក ខេត្តកំពត ពាក់ព័ន្ធរួមគំនិតក្បត់ជាតិ។ ចំណែកសមត្ថកិច្ចខេត្តបាត់ដំបង ក៏បានចាប់ខ្លួនសកម្មជនគណបក្សសង្គ្រោះជាតិជាបុរសម្នាក់ទៀតគឺ លោក ឡី សុខុន ជាសមាជិកក្រុមការងារខេត្តបាត់ដំបង នៃគណបក្សសង្គ្រោះជាតិ ពីបទចោទដូចគ្នា។
មន្ត្រីសម្របសម្រួលសមាគមការពារសិទ្ធិមនុស្ស អាដហុក (Adhoc) លោក យិន ម៉េងលី ប្រាប់ថា ការចាប់ខ្លួននេះដឹកនាំដោយស្នងការរងខេត្តបាត់ដំបងធ្វើឡើងក្នុងពេលលោក ឡី សុខុន កំពុងបង្រៀននិស្សិតនៅសកលវិទ្យាល័យមួយក្នុងខេត្តនេះ៖ «តាមព័ត៌មានដែលខ្ញុំទទួលបានគឺមានស្នងការរងទទួលបន្ទុកព្រហ្មទណ្ឌ បានចុះទៅដល់សាលាហើយសុំសហការជាមួយសាលាអញ្ជើញលោកគ្រូ ឡី សុខុន ចេញមកហើយបានបង្ហាញ និងដីកាចាប់ខ្លួននិងបានចាប់បញ្ជូនឡានដឹកមកស្នងការខេត្តបាត់ដំបង»។
គិតមកដល់ថ្ងៃទី១២ ខែតុលា របបក្រុងភ្នំពេញ បានចាប់ខ្លួនសកម្មជនបក្សប្រឆាំងចំនួន ៤០នាក់ ពាក់ព័ន្ធនឹងការបន្តគាំទ្រសកម្មភាព លោក សម រង្ស៊ី និងគណបក្សសង្គ្រោះជាតិ។ ខណៈសកម្មជន ១៨០នាក់ទៀត មានដីកាកោះហៅ និងចាប់ខ្លួន។ ក្រៅពីនេះ សកម្មជនបក្សប្រឆាំងមួយចំនួនធំទៀត កំពុងភៀសខ្លួនពីការធ្វើទុក្ខបុកម្នេញ និងរង់ចាំអមដំណើរលោក សម រង្ស៊ី ចូលប្រទេសកម្ពុជា នៅថ្ងៃទី៩ វិច្ឆិកា៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
