រដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជា និងរដ្ឋមន្ត្រីក្រសួងការបរទេសថៃ បានជួបគ្នាដែលមានរយៈពេលជាង ១ម៉ោង នៅខេត្តបន្ទាយមានជ័យ និងទៅធ្វើសន្និសីទកាសែតនៅខេត្តស្រះកែវ ប្រទេសថៃ កាលពីព្រឹកថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៣។
ភាគីទាំងពីរបានផ្ដោតជាសំខាន់លើស្ថិរភាព និងសន្តិសុខនៅតាមតំបន់ព្រំដែនខ្មែរ-ថៃ ខណៈដែលតុលាការយុត្តិធម៌អន្តរជាតិទីក្រុងឡាអេ គ្រោងប្រកាសសាលក្រមរឿងជម្លោះប្រាសាទព្រះវិហារ នៅខែវិច្ឆិកា ខាងមុខនេះ។
ភាគីកម្ពុជា ដឹកនាំដោយលោក ហោ ណាំហុង ជាឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស និងភាគីថៃដឹកនាំដោយលោក ស៊ូរ៉ាពង់ តូវីចាក់ឆៃគុល (Surapong Tovichakchaikul) ជារដ្ឋមន្ត្រីក្រសួងការបរទេសថៃ។
លោក កុយ គួង មន្ត្រីនាំពាក្យក្រសួងការបរទេសកម្ពុជា គូសបញ្ជាក់ថា អ្វីដែលសំខាន់ គឺភាគីទាំងពីរ កម្ពុជា-ថៃ បានពិភាក្សាគ្នាលើការថែរក្សាទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការឲ្យកាន់តែល្អប្រសើរថែមទៀត៖ «ទំនាក់ទំនងមិត្តភាពរវាងប្រទេសទាំងពីរឲ្យបានល្អ ហើយអោយកាន់តែល្អថែមទៀត បើទោះជាតុលាការយុត្តិធម៌អន្តរជាតិទីក្រុងឡាអេ នឹងចេញសេចក្ដីសម្រេចស្ដីពីការបកស្រាយសាលក្រមឆ្នាំ១៩៦២ ប្រកាសជាសាធារណៈនៅថ្ងៃទី១១ ខែវិច្ឆិកា ខាងមុននេះ»។
លោក កុយ គួង បន្តថា ទោះបីតុលាការយុត្តិធម៌អន្តរជាតិ ទីក្រុងឡាអេ ប្រកាសសាលក្រមសម្រេចបែបណាក៏ដោយ ប៉ុន្តែប្រទេសកម្ពុជា និងប្រទេសថៃ ប្ដេជ្ញាថា មិនឲ្យទំនាក់ទំនងនៃសេចក្ដីសម្រេចនោះប៉ះពាល់ដល់កិច្ចសហការជាមិត្តភាពរវាងប្រទេសទាំងពីរនោះឡើយ។ បន្ថែមលើនេះ ភាគីទាំងពីរ (កម្ពុជា-ថៃ) ខិតខំធ្វើយ៉ាងណាឲ្យតំបន់ព្រំដែនកម្ពុជា-ថៃ មានសុខសន្តិភាព មានស្ថិរភាព ប្រកបដោយកិច្ចសហប្រតិបត្តិការក្នុងនាមជាប្រទេសជិតខាង។
លោក កុយ គួង៖ «ប្រទេសទាំងពីរប្រកាន់ជំហរដូចគ្នា គឺត្រូវតែគោរព អនុវត្តតាមការសម្រេចរបស់តុលាការ ហើយប្រកាន់ជំហររួមមួយទៀត គឺទោះបីជាសេចក្ដីសម្រេចនោះបែបណាក៏ដោយ គឺមិនឲ្យប៉ះពាល់ទំនាក់ទំនងធ្វើភាគីរវាងប្រទេសទាំង២ទេ ហើយនិងខិតខំពន្យល់ពលរដ្ឋរបស់ខ្លួនឲ្យបានយល់ពីបញ្ហានេះ»។
ក្រៅពីកិច្ចពិភាក្សាលើការងាររក្សាសន្តិភាព សន្តិសុខ និងស្ថិរភាពនៅតាមតំបន់ព្រំដែននៃប្រទេស ទាំងពីរ គណៈប្រតិភូនៃប្រទេសទាំងពីរ ក៏បានជជែកលើការងារអភិវឌ្ឍន៍តំបន់ព្រំដែន ដូចជាការបើកច្រកធ្វើចរាចរណ៍ដោះដូរទំនិញចេញចូលរវាងប្រជាពលរដ្ឋនៃប្រទេសទាំងពីរ (កម្ពុជា-ថៃ) ជាដើម៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ៕
