គណបក្សឆន្ទៈខ្មែរ បានសម្រេចជាផ្លូវការថា គណបក្សនេះ យល់ព្រមចូលរួមធ្វើនយោបាយជាមួយគណបក្សភ្លើងទៀន ដើម្បីរួមកម្លាំងគ្នាក្នុងការចូលរួមប្រកួតប្រជែងការបោះឆ្នោតឆ្នាំ២០២៣ខាងមុខ។ ទោះយ៉ាងណា មន្រ្តីបក្សកាន់អំណាចថា ការរួបរួមរបស់គណបក្សទាំងពីរនេះ មិនមែនជារឿងចម្លែកទេ ព្រោះការធ្វើនយោបាយរបស់ពួកគេកន្លងមក មានតែរួបរួមហើយបែក និងបែកហើយក៏រួបរួមគ្នាឡើងវិញ។
ចាប់ពីពេលនេះតទៅគណបក្សឆន្ទៈខ្មែរ មិនធ្វើសកម្មភាពនយោបាយ ទៀតទេ ដោយថ្នាក់ដឹកនាំគណបក្សសម្រេចជ្រកឆ័ត្រ គណបក្សភ្លើងទៀន។ សេចក្ដីប្រកាសព័ត៌មាន គណបក្សឆន្ទៈខ្មែរចុះថ្ងៃទី០៣ខែតុលា ឱ្យដឹងថា ការសម្រេចបែបនេះ ក្រោយមេដឹកនាំជាន់ខ្ពស់នៃគណបក្សឆន្ទៈខ្មែរ និង គណបក្សភ្លើងទៀន បានជួបពិភាក្សាគ្នាជាបន្តបន្ទាប់យ៉ាងកក់ក្ដៅ និងស្និទ្ធស្នាលបំផុត។
គណបក្សឆន្ទៈខ្មែរ ឱ្យដឹងទៀតថា ការបោះឆ្នោតឆ្នាំ២០២៣ ខាងមុខ គណបក្សនេះ នឹងមិនដាក់បញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោតឡើយ។
ប្រធានគណបក្សឆន្ទៈខ្មែរលោក គង់ មុនីកា ឱ្យវិទ្យុអាស៊ីសេរីដឹងថា ក្រោយមានការបញ្ចូលគ្នានេះរួចហើយ លោកនឹងរៀបចំឱ្យថ្នាក់ដឹកនាំរបស់គណបក្សឆន្ទៈខ្មែរ ទៅជួយធ្វើការងារ និងសកម្មភាពនយោបាយរបស់គណបក្សភ្លើងទៀន។ លោកថា រូបលោកផ្ទាល់ក៏ទៅចូលរូមជាមួយធ្វើសកម្មភាពជាមួយគណបក្សភ្លើងទៀនដែរ ប៉ុន្តែលោកមិនទាន់ដឹងថា គណបក្សភ្លើងទៀន ឱ្យលោកកាន់ការងារអ្វី ឬតួនាទីអ្វីនោះទេ ប៉ុន្តែលោកសប្បាយចិត្តបានធ្វើការងារជាមួយគណបក្សភ្លើងទៀន។ លោកយល់ថា មានតែការរួបរួមគ្នានៃអ្នកប្រជាធិបតេយ្យទេ ទើបអាចធ្វើឱ្យគណបក្សក្រៅរដ្ឋាភិបាល អាចប្រមូលសម្លេងគាំទ្របានច្រើន ហើយអ្នកបោះឆ្នោតក៏ងាយស្រួលបោះឆ្នោតឱ្យដែរ៖ « អ្វីដែលសំខាន់នោះ ខ្ញុំក៏ដូចជាគណបក្សឆន្ទៈខ្មែរ យើងដូចជម្រាបខាងដើមសំខាន់ធ្វើយ៉ាងណាឱ្យគណបក្សភ្លើងទៀន កាន់តែរឹងមាំទៅ យើងមិនបានដាក់លក្ខខណ្ឌយើងមិនបានដាក់កូតាអីទេបាទ គឺចង់តែជួយធ្វើយ៉ាងណាឱ្យកម្លាំងប្រជាធិបតេយ្យបានរួបរួមគ្នា»។
ទាក់ទងរឿងនេះដែរ អនុប្រធាន និងជាអ្នកនាំពាក្យគណបក្សភ្លើងទៀនលោក ថាច់ សេដ្ឋា យល់ថា នេះជាការជួបជុំគ្នាឡើងវិញនៃក្រុមអ្នកប្រជាធិបតេយ្យដែលធ្លាប់ធ្វើការជាមួយគ្នាជាង២០ឆ្នាំមកហើយ។ លោករំពឹងថា គណបក្សទាំងពីរពេលមានការរួមគ្នាបែបនេះ នឹងក្លាយជាកម្លាំងរឹងមាំ ក្នុងការចូលរួមប្រកួតប្រជែងជាមួយគណបក្សកាន់អំណាចនៃការបោះឆ្នោតឆ្នាំ២០២៣ខាងមុខ៖ « ការរួបរួមគ្នាអ្នកស្នេហាជាតិប្រជាធិបតេយ្យ ហើយជាពិសេសលោក គង់ គាំ គាត់ក៏ជាអតីតស្ថាបនិកគណបក្សជាតិខ្មែរបច្ចុប្បន្នគណបក្សភ្លើងទៀននេះដែរ ដូច្នេះហើយគាត់បានមើលឃើញថា ការដឹកនាំកន្លងមក សកម្មភាពគណបក្សភ្លើងទៀនហ្នឹង ដើរផ្លូវត្រូវដដែលដូចអ្វីដែលគាត់ទុកពីមុនអ៊ីចឹងមក ដូច្នេះគាត់សម្រេចចិត្តមកចូលរួមបន្តបេសកកម្មហ្នឹងតទៅទៀត»។
ជុំវិញរឿងរួបរួមគ្នារបស់គណបក្សក្រៅរដ្ឋាភិបាលនេះដែរ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាលោក ឈឹម ផលវរុណ លើកឡើងថា ការរួបរួមរបស់គណបក្សទាំងពីរនេះជាសិទ្ធិរបស់ពួកគេ។ ទោះយ៉ាងណាលោកថា លោកតែងតែឃើញគណបក្សនានាប្រកាសរួបរួម ប៉ុន្តែក្រោយមកក៏ឃើញអ្នកទាំងនោះចែកចានចែកឆ្នាំងគ្នាវិញ៖ « ដូចបញ្ជាក់អ៊ីចឹង គណបក្សទាំងពីរធ្លាប់រួមគ្នាម្ដងហើយ ក៏បែកគ្នា ហើយឥឡូវរួមគ្នាវិញ ឥឡូវយើងចាំមើលទៅតើគាត់រួមគ្នាបានអត់ ហើយគាត់ឈប់បែកគ្នានៅ ? តែបើមិនឃើញរួមគ្នាផង ហើយឃើញបែកតែគ្នា បែកហើយរួមវិញ ចាំបាច់យកទៅគិតឱ្យហត់អី»។
ទោះយ៉ាងណា អនុប្រធានគណបក្សភ្លើងទៀនលោក ថាច់ សេដ្ឋា យល់ថា ការលើកឡើងរបស់មន្ត្រីគណបក្សកាន់អំណាច ជាការបង្ហាញថា បក្សកាន់អំណាចមិនសប្បាយចិត្តពេលឃើញអ្នកប្រជាធិបតេយ្យរួបរួមគ្នាឡើយ។
អ្នកជំនាញផ្នែកវិទ្យាសាស្ត្រនយោបាយ និងកិច្ចការអន្តរជាតិលោក ឯម សុវណ្ណារ៉ា យល់ថា ការរួមគ្នារបស់ក្រុមអ្នកប្រជាធិបតេយ្យគឺជារឿងល្អព្រោះដើម្បីកុំ ឱ្យបែកសម្លេងក្រុមអ្នកប្រជាធិបតេយ្យ។ អ្នកជំនាញផ្នែកវិទ្យាសាស្ត្រនយោបាយរូបនេះលើកឡើងទៀតថា គណបក្សភ្លើងទៀន គួរមានការបើកចំហគោលនយោបាយទទួលគណបក្សនយោបាយផ្សេងទៀត ដែលចង់មករួមរស់ជាមួយគណបក្សភ្លើងទៀន៖ « នៅក្រោយការរួបរួមគណបក្សទាំងពីរគួរបង្កើនកម្លាំងឬក៏រកមធ្យោបាយផ្សព្វផ្សាយកៀរគរការអូសទាញឬក៏រកវិធីបញ្ចុះបញ្ចូលគណបក្សផ្សេងៗ ដែលមានបំណងលើកស្ទួយឥទ្ធិប្រជាធិបតេយ្យពិតប្រាកដឱ្យមករួមគ្នាជាកម្លាំង»។
ដូចទៅនឹងការលើកឡើងរបស់អ្នកឃ្លាំមើលនយោបាយដែរ គណបក្សឆន្ទៈខ្មែរ អំពាវនាវកម្លាំងប្រជាធិបតេយ្យ និងប្រជាពលរដ្ឋដែលចង់ឱ្យមានការផ្លាស់ប្តូរជាវិជ្ជមាន តាមរយៈការបោះឆ្នោត ចូលរួម និងគាំទ្រគណបក្សភ្លើងទៀន ដើម្បីអំណាចប្រជាធិបតេយ្យសេរី ពហុបក្ស ទទួលបានជោគជ័យ។ ចំណែកអនុប្រធានគណបក្សភ្លើងទៀនលោក ថាច់ សេដ្ឋា ប្រកាសបើកទ្វារ ចាំទទួលគណបក្សនយោបាយផ្សេងទៀតដែលមានបំណងចូលរួមជាមួយគណបក្សភ្លើងទៀន៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។