ក្រុមពលករធ្វើការនៅប្រទេសកូរ៉េខាងត្បូង និងប្រទេសថៃ ស្នើទៅរបបក្រុងភ្នំពេញឲ្យបញ្ឈប់គម្រោងការផ្ដល់ដី ៤០ហិកតារដល់ជនជាតិវៀតណាមនៅខេត្តកំពង់ឆ្នាំ។ ពេលនេះពលករខ្មែរនៅប្រទេសកូរ៉េខាងត្បូងកំពុងដើរប្រមូលស្នាមមេដៃរបស់ពលករ ដើម្បីធ្វើញត្តិប្រឆាំងគម្រោងនេះ។
ក្រុមពលករធ្វើការនៅប្រទេសកូរ៉េខាងត្បូង និងប្រទេសថៃលើកឡើងថា ពួកគេមិនបានរើសអើងជាតិសាសន៍នោះទេ ប៉ុន្តែពួកគេសង្កេតឃើញថា សព្វថ្ងៃនេះពលរដ្ឋម្ចាស់ស្រុកមួយចំនួនកំពុងរស់នៅគ្មានដីធ្លីត្រឹមត្រូវ។ ដូច្នេះរបបក្រុងភ្នំពេញគួរគិតគូរពីពលរដ្ឋរបស់ខ្លួនជាមុនសិន មុននឹងជួយដល់ជាតិផ្សេងទៀត។ ប្រតិកម្មរបស់ពលរដ្ឋនេះ ដោយសារតែអាជ្ញាធរខេត្តកំពង់ឆ្នាំងបានកាត់ឆ្វៀលដីទំហំ ៤០ហិកតារផ្ដល់ឱ្យជនជាតិវៀតណាម ដែលបន្លាស់ទីពីផ្ទៃបឹងទន្លេសាបឱ្យមករស់នៅលើគោកវិញក្នុងបំណងសង្គ្រោះបរិស្ថានទន្លេសាប ដែលករណីនេះត្រូវបានរដ្ឋាភិបាលវៀតណាមតាមដានយ៉ាងដិតដល់។ ប៉ុន្តែគម្រោងនេះរងការរិះគន់ពីអ្នកប្រើប្រាស់បណ្ដាញសង្គម និងអ្នកធ្វើការងារសង្គម ក្រោយមកអាជ្ញាធរបញ្ជាក់ថា អ្នក ដែលទទួលបានដីក្នុងគម្រោងនេះមិនមែនមានតែជនជាតិវៀតណាមទេ ប៉ុន្តែក៏ពលរដ្ឋខ្មែរ និងជនជាតិផ្សេងទៀតដែរ។
ប្រធានគណៈកម្មាធិការនាយកនៃចលនាប្រជាធិបតេយ្យសង្គ្រោះជាតិនៅ កូរ៉េខាងត្បូងលោក ស សុខេម ឲ្យអាស៊ីសេរីដឹងថ្ងៃទី១១ ខែធ្នូថា ពេលនេះក្រុមលោកកំពុងដើរប្រមូលស្នាមមេដៃពលករផ្សេងទៀត ដើម្បីគាំទ្រលើញត្តិ ដែលទាមទារទៅរបបក្រុងភ្នំពេញឲ្យបញ្ឈប់ការផ្ដល់ដី ៤០ហិកតារទៅជនជាតិវៀតណាមក្នុងខេត្តកំពង់ឆ្នាំង។ លោកឲ្យដឹងទៀតថា តាមគម្រោងញត្តិនោះនឹងដាក់ទៅស្ថានទូតខ្មែរ និងស្ថានទូតវៀតណាមប្រចាំប្រទេសកូរ៉េខាងត្បូង នៅថ្ងៃទី៥ ខែមករា ឆ្នាំ២០២០ ខាងមុខ៖ «ពលរដ្ឋខ្មែរជាច្រើនដែលគាត់អត់មានដីធ្លីគាត់កំពុងយំសោកដោយសារគេយកដីរបស់ហើយរដ្ឋាភិបាលអត់អើពើទេ ប៉ុន្តែបែរជាអើពើជនជាតិបរទេសទៅវិញ»។
រីឯពលករខ្មែរនៅប្រទេសថៃក៏បានបង្ហាញការមិនពេញចិត្ត និងប្រឆាំង ចំពោះគម្រោងនេះដែរ ក្រុមពលករបានបង្ហោះសារវីដេអូតាមបណ្ដាញសង្គមហ្វេសប៊ុកថ្កោលទោសរបបក្រុងភ្នំពេញ ដែលបានកាត់ដីខ្មែរទៅឲ្យជនជាតិវៀតណាម។
ពលករខ្មែរម្នាក់ធ្វើការងារនៅខេត្តសាមុតប្រាកាន លោក សុន សីហា ប្រាប់ទៅរបបក្រុងភ្នំពេញថា មុននឹងសម្រេចចិត្តផ្ដល់ដីឲ្យជនជាតិវៀតណាម គឺត្រូវដោះស្រាយបញ្ហាដីធ្លីរបស់ពលរដ្ឋខ្លួនឲ្យចប់រួចរាល់សិន។ ពលករចំណាកស្រុករូបនេះលើកឡើងទៀត មិនមែនតែរូបលោកទេ ពលករខ្មែរផ្សេងទៀតក៏មិនពេញចិត្តការសម្រេចបែបនេះរបស់ក្រុងភ្នំពេញដែរ៖ « រដ្ឋាភិបាលគួរតែមើលពលរដ្ឋខ្លួនឯងថា តើប្រទេសខ្លួនឯងជាប្រទេសអ្នកមាន ឬប្រទេសអ្នកក្រ ខ្ញុំមិនពេញក្នុងនាមជាពលរដ្ឋខ្មែរ ដែលធ្វើការនៅប្រទេសថៃ»។
ជុំវិញការលើកឡើងរបស់ពលករចំណាកស្រុកបែបនេះអាស៊ីសេរីបានសុំការបំភ្លឺពីអ្នកនាំពាក្យរដ្ឋាភិបាល លោក ផៃ ស៊ីផាន នៅថ្ងៃទី១១ ធ្នូ ប៉ុន្តែទូរស័ព្ទចូលគ្មានអ្នកទទួល។ ទោះបែបនេះក្តី អង្គភាពអ្នកនាំពាក្យរដ្ឋាភិបាលបានជូនដំណឹងថា អង្គភាពនេះនឹងរៀបចំសន្និសីទសារព័ត៌មាននៅថ្ងៃទី១២ ខែធ្នូខាងមុខ ដោយមានការចូលរួមពីមន្ត្រីពាក់ព័ន្ធស្ដីពី "ផែនការបម្លាស់ទីប្រជាពលរដ្ឋរស់នៅលើផ្ទះបណ្ដែតទឹកឱ្យឡើងរស់នៅលើគោកវិញ នៅលើផ្ទៃដី ៤០ហិកតា ក្នុងខេត្តកំពង់ឆ្នាំង"៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។