ខ្មែរនៅអូស្ត្រាលី​ធ្វើ​ពិធី​សាសនា​ប្រសិទ្ធិពរ​ជ័យ​ដល់​ការ​វិល​ចូល​ស្រុក​របស់​លោក សម រង្ស៊ី ថ្ងៃ​ទី៩ ខែ​វិច្ឆិកា

0:00 / 0:00

ខ្មែរ​នៅ​អូស្ត្រាលី​ជាង ១០០នាក់​បាន​ធ្វើ​ពិធី​សាសនា ដើម្បី​ប្រសិទ្ធិពរ​ជ័យ​ដល់​ការ​វិល​ចូល​ស្រុក​របស់​លោក សម រង្ស៊ី នៅ​ដើម​ខែ​វិច្ឆិកា​ខាង​មុខ​នេះ។ ការ​ធ្វើ​ពិធី​នេះ ព្រោះ​ពួក​គេ​យល់​ថា លោក សម រង្ស៊ី ចូល​ប្រទេស​កម្ពុជា​វិញ​មិន​មែន​បង្ក​សង្គ្រាម​ដូច​របប​ក្រុង​ភ្នំពេញ​ចោទ​ប្រកាន់​នោះ​ទេ ប៉ុន្តែ​ដើម្បី​ទៅ​ដោះ​ស្រាយ​បញ្ហា ដែល​កម្ពុជា​កំពុង​ជួប​ប្រទះ។

អ្នក​គាំទ្រ​គណបក្ស​សង្រ្គោះ​ជាតិ​នៅ​ប្រទេស​អូស្ត្រាលី​មាន​ជំនឿ​ថា ពិធី​សាសនា​នឹង​ធ្វើ​ឲ្យ​វត្ថុ​ស័ក្កិសិទ្ធិ​តាម​ថែ​រក្សា​ពលរដ្ឋ​ខ្មែរ និងលោក​ សម រង្ស៊ី វិល​ចូល​កម្ពុជា​នៅ​ថ្ងៃ​ទី៩ ខែ​វិច្ឆិកា បាន​សុខ​សប្បាយ និង​ជោគជ័យ។ ពិធី​នេះ​ប្រារព្ធ​ធ្វើ​នៅ​វត្ត​ពុទ្ធរង្សី​ម៉ែលប៊ន ក្នុង​ទីក្រុង​ម៉ែលប៊ន នៅ​ថ្ងៃ​ទី៣ ខែ​វិច្ឆិកា៖ «»

ប្រធាន​សាខា​គណបក្ស​សង្រ្គោះ​ជាតិ​នៅ​ប្រទេស​អូស្ត្រាលី និង​ប្រទេស​នូវែលហ្សេឡង់ លោក ម៉ែន វណ្ណា ឲ្យ​អាស៊ី​សេរី​ដឹង​ថា ការ​វិល​ចូល​ស្រុក​របស់​លោក សម រង្ស៊ី និង​អ្នក​ប្រជាធិបតេយ្យ​ផ្សេង​ទៀត ក្នុង​គោល​បំណង​ចង់​បាន​សន្តិភាព ដូច្នេះ​ខ្មែរ​នៅ​អូស្ត្រាលី​មិន​ចង់​ឃើញ​ការ​បង្ហូរ​ឈាម​រវាង​ខ្មែរ និង​ខ្មែរ​ទៀត​ទេ។ លោក​បញ្ជាក់​ថា ការ​ចូល​ស្រុក​របស់​លោក សម រង្ស៊ី មិន​មែន​ជា​ការ​បំបែក​បំបាក់​ជាតិ ដូច​ការ​ចោទ​ប្រកាន់​របស់​របប​ក្រុង​ភ្នំពេញ​នោះ​ទេ៖ «»

ចៅហ្វាយ​ក្រុង​ដែនឌឺណុង (Dandenong) ស្តីទី លោក ជា យូហន ថ្លែងថា បើ​ពលរដ្ឋ​ខ្មែរ​មិន​រួម​គ្នា​ក្នុង​ការ​វិល​ចូល​ស្រុក​វិញ​នោះ​ទេ នឹង​មិន​អាច​ជួយ​ស្រោចស្រង់​ប្រទេស​កម្ពុជា ដែល​លោក ហ៊ុន សែន កំពុង​ទាញ​ឲ្យ​ធ្លាក់​ចូល​ក្នុង​វិបត្តិ​នោះ​ឡើយ។ លោកបន្តទៀតថា ការ​វិល​ចូល​ស្រុក​ម្តង​នេះ​មិន​មែន​ជា​រឿង​ស្រួល​ទេ ប៉ុន្តែ​លោក​អះអាង​ថា លោក​នឹង​អ្នក​មុខ​អ្នក​ការ​នៅ​ប្រទេស​អូស្ត្រាលី នឹង​ស្នើ​ទៅ​រដ្ឋាភិបាល​អូស្ត្រាលី​ឲ្យ​ការពារ​ពលរដ្ឋ​ខ្មែរ​ដែល​មាន​សញ្ជាតិ​អូស្ត្រាលី៖ «»

គិត​ត្រឹម​ថ្ងៃ​ទី០៣ ខែ​វិច្ឆិកា ការសន្យា​វិល​ចូល​ប្រទេស​កម្ពុជា​វិញ​របស់​លោក សម រង្ស៊ី នៅ​សល់​តែ​០៦ទៀត​ប៉ុណ្ណោះ​នឹង​ដល់​ពេល​កំណត់​នៃ​ការ​ធ្វើ​ដំណើរ​មាតុភូមិនិវត្តន៍​របស់​លោក។

ទោះ​ជា​របប​ក្រុង​ភ្នំពេញ​បាន​ព្រមាន​ថា ចា​ប់ខ្លួន បាញ់​សម្លាប់ និង​ពឹង​ប្រទេស​ជិត​ខាង​កម្ពុជា​មិន​ឲ្យ​លោក​ឆ្លង​កាត់​ក្តី ក៏​លោក សម រង្ស៊ី រក្សា​ជំហរ​វិល​ចូល​ស្រុក​វិញ​ដែរ។

ប្រធាន​ស្តីទី​គណបក្ស​សង្រ្គោះ​ជាតិ​លោក សម រង្ស៊ី បានប​ង្ហោះ​សារ​នៅ​លើ​ហ្វេសប៊ុក​របស់​លោក នៅ​ថ្ងៃ​ទី៣ ខែ​វិច្ឆិកា ដោយ​បញ្ជាក់​ជា​ថ្មី​ថា ការ​វិល​ចូល​ស្រុក​របស់​លោក សម រង្ស៊ី ដើម្បី​ស្តារ​លទ្ធិ​ប្រជាធិបតេយ្យ សិទ្ធិ​មនុស្ស​នៅ​កម្ពុជា​រក្សា​ប្រព័ន្ធ​អនុគ្រោះ​ពន្ធEBA ប្រគល់​ដីធ្លី​ជូន​ពលរដ្ឋ​រង​គ្រោះ បំបាត់​អំពើ​ពុក​រលួយ ដោះ​ស្រាយ​បញ្ហា​បំណុល​ពលរដ្ឋ​ក្រីក្រ រៀបចំ​ប្រព័ន្ធ​តុលាការ​ឡើង​វិញ និង​ការពារ​ផល​ប្រយោជន៍ និង​ភាព​ថ្លៃថ្នូរ​ដល់​ពលរដ្ឋ ដែល​ជា​ម្ចាស់​ទឹកដី៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។