សហគមន៍ខ្មែរនៅអូស្ត្រាលីនឹងធ្វើបាតុកម្មនៅថ្ងៃទី២៣ ខែតុលា ក្នុងទីក្រុង កង់បេរ៉ា (Canberra) ដើម្បីជំរុញទៅសហគមន៍អន្តរជាតិ ជាពិសេសប្រទេសហត្ថលេខីនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសឱ្យជួយរកដំណោះស្រាយជម្លោះនយោបាយនៅកម្ពុជា។ សហគមន៍ខ្មែរនៅអូស្ត្រាលីក៏ស្នើទៅសហគមន៍អន្តរជាតិធ្វើជាសាក្សីនៃការវិលត្រឡប់របស់លោក សម រង្ស៊ី ចូលកម្ពុជាវិញ នៅថ្ងៃទី៩ ខែវិច្ឆិកាខាងមុខផងដែរ។ អ្នកវិភាគថា របបក្រុងភ្នំពេញកំពុងព្យាយាមសម្លាប់កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ២៣ តុលា ដើម្បីផ្គាប់ចិត្តចៅហ្វាយនាយរបស់ខ្លួន។
មន្ត្រីគណបក្សសង្គ្រោះជាតិនៅប្រទេសអូស្ត្រាលីអះអាងថា បាតុកម្មនេះនឹងមានអ្នកចូលរួមប្រមាណ ៣០០នាក់មកពីបណ្ដារដ្ឋនានា នៅក្នុងប្រទេសអូស្ត្រាលី ហើយក្នុងនោះក៏មានតំណាងរាស្ត្រអូស្ត្រាលីមួយចំនួននឹងចូលរួមស្ដាប់ការទាមទារនេះដោយផ្ទាល់ដែរ។
ប្រធានសាខាគណបក្សសង្គ្រោះជាតិទីក្រុងម៉ែលប៊ន (Melbourne) លោក អ៊ិន ហេមារា ឱ្យអាស៊ីសេរីដឹងនៅថ្ងៃទី២២ ខែតុលាថា គម្រោងនៃទាមទារនេះ ចាប់ផ្តើមពីម៉ោង ៨កន្លះព្រឹក ម៉ោងនៅប្រទេសអូស្ត្រាលី។ លោកឱ្យដឹងទៀតថា ក្រុមបាតុករនឹងដើរដង្ហែក្បួន ដាក់លិខិត និងថ្លែងសារនយោបាយនៅមុខស្ថានទូតចិន ស្ថានទូតសហភាពអឺរ៉ុប ស្ថានទូតសហរដ្ឋអាមេរិក និងចុងក្រោយ គឺក្រុមបាតុករនឹងនាំគ្នាប្រមូលផ្តុំនៅមុខវិមានរដ្ឋសភានៃប្រទេសអូស្ត្រាលី៖ «មកដល់ពេលនេះ គឺកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស គឺត្រូវបានរំលោភបំពានដោយរបប ហ៊ុន សែន ធ្ងន់ធ្ងរមែនទែនហើយចុងបញ្ចប់នេះ រហូតដល់គាត់គំរាមបាញ់សម្លាញ់អ្នកទៅអមដំណើរលោក សម រង្ស៊ី ដែលនេះជាការរំលោភបំពានធ្ងន់ធ្ងរណាស់»។
លោក អ៊ិន ហេមារា ឱ្យដឹងទៀតថា ការទាមទារនេះមានគោលបំណងរម្លឹកកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស និងប្រាប់ទៅសហគមន៍អន្តរជាតិថា របបក្រុងភ្នំពេញកំពុងរំលោភកិច្ចព្រមព្រៀងនេះយ៉ាងធ្ងន់ធ្ងរ។ ក្រៅពីនេះ សហគមន៍ខ្មែរនៅអូស្ត្រាលីមានបំណងជំរុញឱ្យអន្តរជាតិដាក់សម្ពាធឱ្យរបបក្រុងភ្នំពេញគោរពកិច្ចព្រមព្រៀងនេះឡើងវិញ ហើយនិងធ្វើជាសាក្សីនៃដំណើរមាតុភូមិនិវត្តន៍របស់លោក សម រង្ស៊ី នៅថ្ងៃទី៩ ខែវិច្ឆិកាខាងមុខ។
អ្នកផ្ដួចផ្ដើមបាតុកម្មម្នាក់ទៀត គឺអតីតចៅហ្វាយក្រុងដែនឌឺណុង (Dandenong) និងសព្វថ្ងៃជាមេឃុំប្រចាំតំបន់ស្រ្ពីងវេល (Springvale) លោក ជា យូហន ឱ្យដឹងដែរថា សហគមន៍ខ្មែរចង់ឱ្យសភាសហព័ន្ធ និងរដ្ឋាភិបាលអូស្ត្រាលីជួយខិតខំរកដំណោះស្រាយវិបត្តិនយោបាយនៅកម្ពុជាឡើងវិញ ដូចអ្វីដែលអូស្ត្រាលីបានធ្វើនាពេលកន្លងមក៖ «យើងនឹងប្រាប់ទៅសភា និងរដ្ឋាភិបាលអូស្ត្រាលីឱ្យបានយល់ប្រហែលជាដល់ពេលដែលអូស្ត្រាលីត្រូវចាប់ធ្វើការឡើងវិញ ធ្វើយ៉ាងម៉េចឱ្យមានការគោរពកិច្ចព្រមព្រៀងទីក្រុងប៉ារីសឡើងវិញ បើមិនអ៊ីចឹងទេ គឺអត់បានការទាំងអស់ » ។
ពលរដ្ឋខ្មែរស់នៅប្រទេសអូស្ត្រាលី កញ្ញា សារាណាវី រាម ប្រាប់អាស៊ីសេរីថា កញ្ញានឹងចូលរួមក្នុងបាតុកម្មនេះ ដើម្បីបង្ហាញដល់សហគមន៍អន្តរជាតិថា ពលរដ្ឋខ្មែរនៅប្រទេសអូស្ត្រាលីគាំទ្រការវិលចូលស្រុករបស់លោក សម រង្ស៊ី។ ខ្មែរនៅក្រៅស្រុករូបនេះ រម្លឹកទៅរបបក្រុងភ្នំពេញឱ្យមើលប្រទេសរីកចម្រើននានា ដែលគេខំប្រឹងដឹកនាំឲ្យមានការអភិវឌ្ឍ ផ្ទុយពីរបបក្រុងភ្នំពេញសព្វថ្ងៃដែលតែងតែធ្វើទុក្ខបុកម្នេញលើពលរដ្ឋខ្លួនឯង៖ «របបក្រុងភ្នំពេញគួរមើលប្រទេសជិតខាង ដែលគេជឿនលឿន ដែលគេមានការផ្លាស់ប្តូរ ដែលគេឱ្យអ្នកមានសមត្ថភាពដឹកនាំប្រទេសជាតិ ដូចថា កុំឱ្យមានតែអញ ក្រៅពីអញគ្មានអ្នកណាអ៊ីចឹងណា » ។
ទាក់ទងការទាមទាររបស់ពលរដ្ឋខ្មែរនៅក្រៅស្រុកនេះ អាស៊ីសេរីមិនអាចសុំការអត្ថាធិប្បាយពីអ្នកនាំពាក្យរបបក្រុងភ្នំពេញលោក ផៃ ស៊ីផាន និងអ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាលោក សុខ ឥសាន បានទេ នៅថ្ងៃទី២២ ខែតុលា ដោយទូរស័ព្ទចូលគ្មានអ្នកទទួល។
ទោះជាយ៉ាងណា មេដឹកនាំរបបឯកបក្ស លោក ហ៊ុន សែន និយាយនៅថ្ងៃទី២២ ខែតុលាថា កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ២៣ តុលា បានដាក់បញ្ចូលក្នុងរដ្ឋធម្មនុញ្ញ ឆ្នាំ១៩៩៣ អស់ហើយ ដូច្នេះកិច្ចព្រមព្រៀងនេះលែងមានសុពលភាពទៀតហើយ។
អ្នកវិភាគបញ្ហានយោបាយលោក គឹម សុខ ដែលហ៊ានរិះគន់លោក ហ៊ុន សែន ឥតសំចៃមាត់ និងបច្ចុប្បន្នកំពុងរស់នៅនិរទេសខ្លួននៅប្រទេសហ្វាំងឡង់ និយាយថា លោក ហ៊ុន សែន តែងព្យាយាមសម្លាប់កិច្ចព្រមព្រៀងនេះ ដើម្បីបម្រើចៅហ្វាយនាយរបស់ខ្លួន ដែលលើកតម្កើងឲ្យខ្លួនបានដឹកនាំប្រទេសសព្វថ្ងៃ។ អ្នកវិភាគរូបនេះយល់ថា មានតែពលរដ្ឋជាម្ចាស់ប្រទេសទេ ដែលអាចទប់ស្កាត់ទង្វើលោក ហ៊ុន សែន ក្នុងការសម្លាប់កិច្ចព្រមព្រៀងនេះ តាមរយៈការសាមគ្គីជាកម្លាំងរួមគ្នាស្នើទៅអង្គការសហប្រជាជាតិ ឬប្រទេសជាសហប្រធាននៃកិច្ចព្រមព្រៀងនេះ ជំរុញឲ្យមានអនុវត្តកិច្ចព្រមព្រៀងនេះឡើងវិញ៖ «រឿងនេះបើលោក ហ៊ុន សែន មិនព្យាយាមសម្លាប់ខ្លឹមសារកិច្ចព្រមព្រៀងទីក្រុងប៉ារីស ហើយអនុវត្តឲ្យបានវិញណាវាបំផ្លាញប្រយោជន៍ចៅហ្វាយនាយរបស់គាត់ ហេតុដូច្នេះហើយ គាត់ព្យាយាមបង្វិលបង្វែរបំផ្លៃគ្រប់បែបយ៉ាង»។
កាលពីឆ្នាំ១៩៩១ កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសបានផ្ដល់កំណើតថ្មីដល់ប្រទេសកម្ពុជា ដោយគ្រប់ភាគីសន្យាថា នាំមកនូវលទ្ធិប្រជាធិបតេយ្យក្រោយពីគ្រាំគ្រាដោយសង្គ្រាមស៊ីវិលជាច្រើនទសវត្ស។ ប្រទេសហត្ថលេខីទាំង១៩រួមទាំងកម្ពុជាផងនោះ បានប្ដេជ្ញាពីការអនុវត្តលទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស និងសិទ្ធិមនុស្សនៅកម្ពុជាឱ្យបានពេញលេញ។
ក្នុងអំឡុងទសវត្សទី៩០ ប្រទេសអូស្ត្រាលីធ្លាប់ដើរតួសំខាន់ ក្នុងការផ្ដួចផ្ដើមឱ្យមានដំណោះស្រាយនយោបាយនៅកម្ពុជា។ អតីតរដ្ឋមន្ត្រីការបរទេសអូស្ត្រាលី នាសម័យនោះ គឺលោក ហ្គារ៉េត អេវាន គឺជាស្ថាបនិកនៃកិច្ចព្រមព្រៀងសន្តិភាពក្រុងប៉ារីស៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។