តំណាងសហគមន៍ខ្មែរនៅអូស្ត្រាលីបានទៅជួបតំណាងរាស្ត្រសហព័ន្ធនៃប្រទេសនេះ ដើម្បីជំរុញទៅរដ្ឋសភាឲ្យធ្វើច្បាប់ដាក់ទណ្ឌកម្មលើលោក ហ៊ុន សែន និងមន្ត្រីរបស់លោកដូចគ្នាទៅនឹងសហរដ្ឋអាមេរិក ដែលបានបង្កកទ្រព្យសម្បត្តិមន្ត្រីជំនិតរបស់លោក ហ៊ុន សែន។ អ្នកវិភាគយល់ថា ឆន្ទៈរបស់ពលរដ្ឋខ្មែរនៅអូស្ត្រាលីបែបនេះ ជាសកម្មភាពមួយ ដើម្បីជំរុញទៅរដ្ឋាភិបាលក្រុងភ្នំពេញបែរមកគោរពសិទ្ធិមនុស្ស និងប្រជាធិបតេយ្យឡើងវិញ។
តំណាងសហគមន៍ខ្មែរនៅអូស្ត្រាលី ដែលមានតំណាងរាស្ត្រ អតីតតំណាងរាស្ត្រ និងអតីតចៅហ្វាយក្រុង មានដើមកំណើតខ្មែរបាននាំទៅជួបតំណាងរាស្ត្រសហព័ន្ធនៃប្រទេសនេះ គឺលោក ជូលៀន ហ៊ីល (Julian Hill) ផ្ដួចផ្ដើមធ្វើការដាក់ទណ្ឌលើលើ លោក ហ៊ុន សែន និងមន្ត្រីរបស់លោក ហ៊ុន សែន ដែលបានប្រព្រឹត្តអំពើពុករលួយ និងរំលោភសិទ្ធិមនុស្ស។
អតីតចៅហ្វាយក្រុងដែនឌឺណុង (Dandenong) នៃប្រទេសអូស្ត្រាលី លោក ជា យូហន ដែលសព្វថ្ងៃលោកជាមេឃុំប្រចាំនៅតំបន់ ស្ព្រីងវែល និងជាប្រធានសមាគមខ្មែរនៅអូស្ត្រាលីផងនោះឲ្យអាស៊ីសេរីដឹងថ្ងៃទី១៧ ធ្នូថា លោកបានទៅជួបលោក ជូលៀន ហ៊ីល កាលពីថ្ងៃទី១៦ធ្នូ ឱ្យធ្វើសេចក្ដីព្រាងច្បាប់ដើម្បីឲ្យដាក់ទណ្ឌកម្មក្រុមលោក ហ៊ុន សែន។ លោកឲ្យដឹងទៀតថា តំណាងរាស្ត្រសហព័ន្ធ លោក ជូលៀន ហ៊ីល (Julian Hill) យល់ព្រមទទួលយកសំណើរបស់សហគមន៍ខ្មែរ ដោយសន្យាថា នឹងរៀបចំធ្វើសេចក្ដីព្រាងច្បាប់ស្ដីពីការដាក់ទណ្ឌកម្មនេះ៖ «អ៊ី ចឹងហើយបាន ម៉េង ហៀង ខ្ញុំ ហើយនិង ហុង លីម ទៅជួបលោក ជូលៀន ហ៊ីល និយាយរឿងច្បាប់ Global Magnitsky Act ដើម្បីសុំឲ្យប្រទេសអូស្ត្រាលីគេរៀបចំធ្វើច្បាប់ Global Magnitsky Act ដែរ។ គាត់ ( លោក ជូលៀន ហ៊ីល ) គាត់ថាធ្វើហើយ ក៏ប៉ុន្តែចាំសភាចូលកងវិញ ខែមករាខាងមុខហ្នឹង គាត់ទាក់ទងខាងគណៈកម្មការរដ្ឋសភា ដើម្បីការតទៅមុខទៀត »
លោក ជូលៀន ហ៊ីល (Julian Hill) ជាសមាជិកសភាអូស្ត្រាលីមកពីគណបក្សពលករដែលជាគណបក្សប្រឆាំងនៅក្នុងប្រទេសនេះ។ ប្រធានសមាគមខ្មែរ លោក ជា យូហន ឲ្យដឹងថា សមាជិកសភាអូស្ត្រាលីរូបនេះ ជាសមាជិកនៅក្នុងគណៈកម្មការរដ្ឋសភា ដែលធ្វើការងារផ្នែកសិទ្ធិមនុស្ស។ លោករំពឹងថា រដ្ឋាភិបាលអូស្ត្រាលីនឹងមានចំណាត់ការលើរដ្ឋាភិបាលក្រុងភ្នំពេញ ដូចសហរដ្ឋអាមេរិកបានដាក់ទណ្ឌកម្មកន្លងមកនោះ៖ «យើងខិតខំធ្វើយ៉ាងម៉េច ដើម្បីឲ្យប្រទេសខ្មែរយើងស្គាល់ពីរឿងសិទ្ធិសេរីភាព និងប្រជាធិបតេយ្យ»។
កាលពីថ្ងៃទី៩ ខែធ្នូ ដែលជាទិវាប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយអន្តរជាតិ ក្រសួងរតនាគារអាមេរិកបានសម្រេចដាក់ទណ្ឌកម្មបង្កក ឬរាំងខ្ទប់ទ្រព្យសម្បត្តិឈ្មួញព្រៃឈើ លោក ទ្រី ភាព និងអតីតមេទ័ពនៃរបបក្រុងភ្នំពេញ លោក គន់ គីម និងក្រុមគ្រួសារមន្ត្រីរូបនេះ ដោយប្រើយន្តការច្បាប់ដាក់ទណ្ឌកម្មដ៏មានឥទ្ធិពលរបស់អាមេរិក ហៅថាច្បាប់ Global Magnitsky Act។
កាលពីចុងខែមិថុនា ឆ្នាំ២០១៨ លោក ហ៊ីង ប៊ុនហៀង មេអង្គរក្សលោក ហ៊ុន សែន គឺជាមនុស្សខ្មែរដំបូងដែលរងការដាក់ទណ្ឌកម្មបង្កកទ្រព្យសម្បត្តិពីក្រសួងរតនាគារជាតិអាមេរិក ដោយសារប្រវត្តិរំលោភសិទ្ធិមនុស្សរបស់លោក។
កន្លងមកសមាជិកសភាអាមេរិកក៏ធ្លាប់បានស្នើឈ្មោះមន្ត្រីជាន់ខ្ពស់ក្នុងជួររបបលោក ហ៊ុន សែន មួយចំនួនទៀត សរុប ១៧នាក់ ដើម្បីដាក់ទណ្ឌកម្មផងដែរ។
អ្នកវិភាគនយោបាយជើងចាស់ បណ្ឌិត ឡៅ ម៉ុងហៃ យល់ថា អ្វីដែលជាការទាមទារនេះ គឺពលរដ្ឋខ្មែរនៅអូស្ត្រាលីប្រើប្រាស់សិទ្ធិរបស់ខ្លួនក្នុងនាមជាពលរដ្ឋរបស់អូស្ត្រាលី។ លោកថា នេះជាសកម្មភាពល្អមួយ ដែលពលរដ្ឋក្នុងប្រទេសជឿនលឿនតែងតែប្រើប្រាស់សិទ្ធិរបស់ខ្លួន ដើម្បីឲ្យមានការគោរពសិទ្ធិមនុស្ស នៅពេលមានការរំលោភសិទ្ធិមនុស្ស៖ «សកម្មភាពរបស់សហគមន៍ខ្មែរនៅអូស្ត្រាលីជាទំនោរមួយ គេប្រកាន់យកក្នុងប្រទេសជឿនលឿនមួយចំនួន ឥឡូវយើងឃើញថា សហភាពអឺរ៉ុបក៏គេដូចប្រុងប្រៀបធ្វើច្បាប់ដាក់ទណ្ឌកម្មបែបនេះដែរ»។
ចំណែកអ្នកនាំពាក្យរដ្ឋាភិបាល លោក ផៃ ស៊ីផាន និយាយថា ការទាមទាររបស់តំណាងពលរដ្ឋខ្មែរនៅអូស្ត្រាលី ជាអ្វីដែលពួកគេធ្វើស្ថិតក្នុងដែនដីអធិបតេយ្យរបស់អូស្ត្រាលីប៉ុណ្ណោះ។ លោកអះអាងថា កម្ពុជាមិនបានស្ថិតក្រោមអាណានិគមរបស់អូស្ត្រាលីនោះទេ៖ «ខ្មែរអូស្ត្រាលីជាប្រជាពលរដ្ឋរបស់អូស្ត្រាលី គេធ្វើអីក៏បានដែរ ចង់តែច្បាប់មួយម៉ឺនច្បាប់សម្រាប់ដាក់ទណ្ឌមកលើខ្មែរ ជាការមើលឃើញ ព្រោះជាអធិបតេយ្យរបស់គេ។
ដោយឡែក សមាជិកក្រុមអ្នកវិភាគវ័យក្មេង លោក បុង ដែត យល់ឃើញថា ការប្រឹងប្រែងរបស់សហគមន៍ខ្មែរបែបនេះ ជាការបង្ហាញឲ្យឃើញថា ពលរដ្ឋខ្មែរកំពុងខ្វល់ខ្វាយពីការរំលោភសិទ្ធិមនុស្ស ដែលកំពុងកើតឡើងនៅប្រទេសកម្ពុជា។ លោករំពឹងថា ប្រទេសអូស្ត្រាលីអាចដើរ តួនាទីរបស់ខ្លួនឡើងវិញ ក្នុងការជួយជ្រោមជ្រែងឲ្យមានការគោរពសិទ្ធិមនុស្ស ដែលរដ្ឋាភិបាលក្រុងភ្នំពេញកំពុងប្រព្រឹត្ត៖ «អ៊ីចឹងប្រាកដណាស់នឹងមានរឿងអ្វីកើតឡើងជាបន្តបន្ទាប់ហើយ ព្រោះថា ប្រទេសសេរីភាពគេតែងយកគំរូរបស់សហរដ្ឋអាមេរិក»។
កាលពីក្នុងអំឡុងទសវត្សទី៩០ ប្រទេសអូស្ត្រាលីធ្លាប់ដើរតួសំខាន់ក្នុងការផ្ដួចផ្ដើមឱ្យមានដំណោះស្រាយចំពោះជម្លោះនយោបាយនៅកម្ពុជា ដែលមានអតីតរដ្ឋមន្ត្រីការបរទេសអូស្ត្រាលីនាសម័យនោះ គឺលោក ហ្គារ៉េត អេវាន គឺជាស្ថាបនិកនៃកិច្ចព្រមព្រៀងសន្តិភាពក្រុងប៉ារីស។
ខ្មែរនៅអូស្ត្រាលីលើកឡើងថា រដ្ឋាភិបាលប្រទេសនេះមិនគួរនៅស្ងៀមទៀតទេ ខណៈសហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប បានដាក់ទណ្ឌកម្មជាបន្តបន្ទាប់លើរដ្ឋាភិបាលក្រុងភ្នំពេញ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។