ខ្មែរ​កម្ពុជា​ក្រោម​ប្រកាស​ផ្អាក​បាតុកម្ម​ប្រឆាំង​ទូត​វៀតណាម​រង់ចាំ​ដោះស្រាយ​តាម​ការទូត

0:00 / 0:00

សហគមន៍​ខ្មែរ​កម្ពុជា​ក្រោម ប្រកាស​ផ្អាក​ធ្វើ​បាតុកម្ម​ទាមទារ​សុំ​ឲ្យ​រដ្ឋាភិបាល​វៀតណាម សុំ​ទោស​ពលរដ្ឋ​ខ្មែរ​ពី​រឿង​ទឹក​ដី​កម្ពុជា​ក្រោម​បណ្ដោះអាសន្ន ដោយ​រង់ចាំ​ការ​ដោះស្រាយ​តាម​រយៈ​ការទូត​វិញ​ម្តង។

ការ​ផ្អាក​បាតុកម្ម​នេះ ធ្វើ​ឡើង​ក្រោយ​ពី​បាតុកម្ម​ចូលរួម​ដោយ​ពលរដ្ឋ​ខ្មែរ​កម្ពុជា​ក្រោម និង​ពលរដ្ឋ​ខ្មែរ បាន​ដើរ​ថ្មើរ​ជើង និង​ដាក់​ញត្តិ​គ្រប់​ស្ថាប័ន​ក្នុង​រាជធានី​ភ្នំពេញ​ចប់​សព្វគ្រប់ និង​បាន​ធ្វើ​បាតុកម្ម​នៅ​មុខ​ស្ថានទូត​វៀតណាម អស់​រយៈពេល ៥​ថ្ងៃ ប៉ុន្តែ​វៀតណាម នៅ​តែ​មិន​បង្ហាញ​ជំហរ​ក្នុង​ការ​សុំ​ទោស​រឿង​ប្រវត្តិសាស្ត្រ​ទឹក​ដី​កម្ពុជា​ក្រោម​នោះ​ឡើយ។

ប្រធាន​សហគមន៍​ខ្មែរ​កម្ពុជា​ក្រោម លោក ថាច់ សេដ្ឋា ថ្លែង​សារ​នៅ​មុខ​ស្ថានទូត​វៀតណាម នៅ​ថ្ងៃ​ទី​៨ ខែ​តុលា ថា ក្រោយ​ពី​ការ​តវ៉ា ៥​ថ្ងៃ​កន្លង​មក ខ្មែរ​គ្រប់​គណបក្ស​នយោបាយ​បាន​រួបរួម​គ្នា​ជា​សំឡេង​ខ្មែរ​តែ​មួយ។ លោក​បន្ត​ថា អ្វី​ដែល​លោក​អះអាង​ថា​សំឡេង​តែ​មួយ​នោះ ព្រោះ​ការ​ដាក់​ញត្តិ​នៅ​រដ្ឋសភា នៅ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី ជំនួប​អភិបាល​រាជធានី​ភ្នំពេញ និង​មេ​គណបក្ស​ឈ្នះ​ឆ្នោត​ទាំង​ពីរ សុទ្ធតែ​បាន​និយាយ​ពី​ការ​ស្រឡាញ់​ជាតិ និង​ស្ដាយ​ទឹក​ដី​កម្ពុជា​ក្រោម ដែល​បាត់​បង់​ទៅ​ក្នុង​ការ​គ្រប់គ្រង​របស់​វៀតណាម។

លោក​ថា ដោយសារ​តែ​ខ្មែរ​រួបរួម​សំឡេង​តែ​មួយ ទើប​គ្មាន​ការ​បង្ក្រាប​ក្បួន​ហែ​របស់​បាតុករ​ក្នុង​រយៈពេល​៥​ថ្ងៃ​នេះ។ មិន​តែ​ប៉ុណ្ណោះ គ្រប់​គណបក្ស​នយោបាយ បាន​ឧបត្ថម្ភ​ស្បៀង​ដល់​បាតុករ​ទៀត​ផង៖ «ពីព្រោះ​ខ្ញុំ​បាន​ជួប​ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី ហើយ​ឯកឧត្តម ខៀវ សុភ័គ អ្នក​នាំ​ពាក្យ​ក្រសួង​មហាផ្ទៃ សម្ដេច ហេង សំរិន ពី​ម្សិលមិញ បាន​ជជែក​ដល់​ប្រធាន​គណៈកម្មការ​នៃ​សភា ឯកឧត្តម ឈាន វុន ក៏​ដូច​ឯកឧត្តម អេង ឆៃអ៊ាង ព្រឹក​មិញ ក៏​យើង​បាន​ជួប​ឯកឧត្តម​អភិបាល​រាជធានី​ភ្នំពេញ។ ដល់​ទីបំផុត បង​ប្អូន​ដឹង​ថា​ម៉េច​ទេ គឺ​ពេល​នេះ​ភាសា​ខ្មែរ​តែ​មួយ គឺ​ការពារ​ប្រវត្តិសាស្ត្រ​ខ្មែរ គ្មាន​នរណា​អាច​កែប្រែ​ប្រវត្តិសាស្ត្រ​ខ្មែរ​បាន​ទេ នេះ​ជា​ជោគជ័យ​ដ៏​ធំ​បំផុត​របស់​យើង​ហើយ»

ក្រៅ​ពី​សារ​ពិសេស​ថ្លែង​ក្នុង​ក្បួន​ហែ​នៅ​ថ្ងៃ​ទី​៥ នៃ​ការ​ធ្វើ​បាតុកម្ម​ទាមទារ​ឲ្យ​រដ្ឋាភិបាល​វៀតណាម សុំ​ទោស​ប្រជាពលរដ្ឋ​ខ្មែរ​ពី​ការ​បំភ្លៃ​ប្រវត្តិសាស្ត្រ​ទឹក​ដី​កម្ពុជា​ក្រោម ក្រុម​បាតុករ​ក៏​បាន​ធ្វើ​ពិធី​ស្មិងស្មាធិ៍​ចំនួន​ពីរ​នាទី​នៅ​ទីលាន​ប្រជាធិបតេយ្យ។

ព្រះ​ភិក្ខុ សឹម សុវណ្ណនី ដែល​ដឹក​នាំ​ធ្វើ​ពិធី​ស្មិងស្មាធិ៍​មាន​ថេរ​ដីកា​ថា ការ​ធ្វើ​បែប​នេះ​ដើម្បី​បន្ថយ​អំពើ​ហិង្សា និង​ការ​មិន​បៀតបៀន​គ្នា​ពី​សំណាក់​ជាតិ​សាសន៍​វៀតណាម និង​កម្ពុជា។

នៅ​ពេល​ថ្ងៃ​ត្រង់ ក្រុម​បាតុករ​បាន​ចែក​ខិត្តប័ណ្ណ​ជូន​ប្រជាពលរដ្ឋ​តាម​ដង​ផ្លូវ​ព្រះមុនីវង្ស ផ្លូវ​លេខ​២៦១ ផ្លូវ​កម្ពុជា​ក្រោម មហាវិថី​ព្រះមុនីរ៉េត រហូត​ដល់​មុខ​ស្ថានទូត​វៀតណាម។ ខិត្តប័ណ្ណ​នោះ​មាន​គូស​ខ្វែង​លើ​ទង់ជាតិ​វៀតណាម ដោយ​សរសេរ​អក្សរ​ថា យើង​គ្រប់​គ្នា​ឈប់​ប្រើ​ទំនិញ និង​សេវាកម្ម​យួន។

ពលរដ្ឋ​ដែល​ទទួល​បាន​ខិត្តប័ណ្ណ​ថ្លែង​ថា ផលិតផល​ប្រើប្រាស់​ពី​វៀតណាម គុណភាព​អន់ ប៉ុន្តែ​លក់​ថោក ទើប​មាន​អ្នក​ទិញ។ ពួក​គាត់​បន្ត​ថា បើ​សិន​ជា​វៀតណាម មិន​សុំ​ទោស​ប្រជាពលរដ្ឋ​ខ្មែរ​អំពី​ការ​បំភ្លៃ​ប្រវត្តិសាស្ត្រ​ទឹក​ដី​កម្ពុជា​ក្រោម​នោះ​ទេ ពួក​គាត់​នឹង​មិន​ទិញ ឬ​ជួយ​លក់​ផលិតផល​វៀតណាម ទៀត​ទេ៖ «ឈប់​តែ​ម្តង​ការ​ប្រើ​របស់​យួន គឺ​ឈប់​ប្រើ​តែ​ម្តង ចំពោះ​ខ្ញុំ​គឺ​ឈប់​ប្រើ​១០០%»

មន្ត្រី​ស៊ើប​អង្កេត​សមាគម​អាដហុក (adhoc) លោក យី សុខសាន្ត ថ្លែង​ថា បាតុកម្ម​របស់​ខ្មែរ​កម្ពុជា​ក្រោម​អំពី​ទឹក​ដី​ដែល​វៀតណាម ក្តោប​យក​តាំង​ពី​ឆ្នាំ​១៩៤៩ នោះ បាន​ធ្វើ​ឲ្យ​ពិភពលោក​កាន់​តែ​ដឹង​ថា ខ្មែរ​កម្ពុជា​ក្រោម​មាន​ទឹក​ដី មាន​ជនជាតិ មាន​ប្រពៃណី​ពិត​ប្រាកដ៖ «ទោះ​បី​ជា​ប្រទេស​វៀតណាម មិន​បាន​ចេញ​មក​បកស្រាយ​អំពី​ការ​និយាយ ឬ​អំពី​ការ​ចោទ​ប្រកាន់​ថា ដី​ខ្មែរ​កម្ពុជា​ក្រោម ថា​ជា​ដី​របស់​ជនជាតិ​គេ​ក៏ដោយ ក៏​ប្រជាពលរដ្ឋ​នៅ​ក្នុង​ប្រទេស​កម្ពុជា ក៏ដូចជា​ប្រជាពលរដ្ឋ​ខ្មែរ​ក្រោម​នៅ​លើ​ពិភពលោក ក៏​បាន​ធ្វើ​ការ​ទាមទារ ហើយ​ជា​ទស្សនៈ​របស់​ខ្ញុំ ខ្ញុំ​ថា រាជ​រដ្ឋាភិបាល​កម្ពុជា គួរ​តែ​មាន​អ្នក​ប្រវត្តិសាស្ត្រ អ៊ីចឹង​ឲ្យ​ចេញ​មក​បកស្រាយ។ ទូរទស្សន៍ យើង​មាន​គ្រប់​ប៉ុស្តិ៍ មាន​វិទ្យុ​ច្រើន​ណាស់ គួរ​តែ​ចេញ​មក​បង្ហាញ​ទៅ ដើម្បី​ឲ្យ​ប្រជាពលរដ្ឋ​យើង​យល់​ឲ្យ​ច្បាស់​អំពី​ដែនដី​ខ្មែរ​ពី​មុន​នៅ​ប៉ុណ្ណា ហើយ​ឥឡូវ​នៅ​ប៉ុណ្ណា ដើម្បី​ជា​តំណ ឬ​ជា​ចំណេះ​ដឹង ដើម្បី​ឲ្យ​ក្មេង​ខ្មែរ​ជំនាន់​ក្រោយ​បាន​យល់​ដឹង​ផង»

បាតុកម្ម​នៅ​មុខ​ស្ថានទូត​វៀតណាម ចាប់​ពី​ថ្ងៃ​ទី​៤ ដល់​ថ្ងៃ​ទី​៨ ខែ​តុលា គឺ​មិន​មាន​វត្តមាន​មន្ត្រី​ស្ថានទូត​វៀតណាម ចេញ​មក​ចរចា​នោះ​ទេ បើ​ទោះ​បី​ជា​ក្រុម​បាតុករ​នៅ​តែ​ទាមទារ​ឲ្យ​រដ្ឋាភិបាល​វៀតណាម សុំ​ទោស​ជា​សាធារណៈ​រឿង​បំភ្លៃ​ប្រវត្តិសាស្ត្រ​ដែល​អ្នក​នាំ​ពាក្យ​ស្ថានទូត​វៀតណាម ឈ្មោះ ត្រឹង វ៉ាំង ថុង ដែល​ជា​អ្នក​ប្រើ​ពាក្យ​ថា ទឹក​ដី​ខ្មែរ​កម្ពុជា​ក្រោម គឺ​វៀតណាម គ្រប់គ្រង​យូរ​មក​ហើយ​នោះ។

បាតុកម្ម​ថ្ងៃ​ទី​៨ ខែ​តុលា នេះ មាន​ពលរដ្ឋ និង​ព្រះសង្ឃ​ចូលរួម​ហែ​ក្បួន​ច្រើន​រយ​នាក់ និង​មាន​ប៉ូលិស​ចរាចរ​ជាង ៣០​នាក់ ជិះ​ម៉ូតូ​អប​ដំណើរ​ក្បួន​ហែ​នោះ ដើម្បី​ជួយ​សម្រួល​ចរាចរ​តាម​ដង​ផ្លូវ​ចាប់​ពី​ទីលាន​ប្រជាធិបតេយ្យ រហូត​ដល់​មុខ​ស្ថានទូត​វៀតណាម។ នៅ​មុខ​ស្ថានទូត​វៀតណាម ប្រជាពលរដ្ឋ​ក៏​បាន​ផ្តល់​ស្បៀង​ទៅ​មន្ត្រី​ប៉ូលិស​ការពារ​មុខ​ស្ថានទូត បញ្ជាក់​ពី​ភាព​សាមគ្គី​ដែរ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។