ក្រុម​អ្នក​វិភាគ​​ថា ក្នុង​​ឆ្នាំ​ខាល​នេះ សន្ទុះ​គាំទ្រ​របស់​​ពលរដ្ឋ​ចង់ឱ្យមាន​ការផ្លាស់ប្តូរ និង​​លទ្ធិប្រជាធិបតេយ្យ​​ពិត​ប្រាកដ រឹត​តែ​​កើន​ឡើង

ដោយ មាន ឫទ្ធិ
2022.04.11
Share on WhatsApp
Share on WhatsApp
ក្រុម​អ្នក​វិភាគ​​ថា ក្នុង​​ឆ្នាំ​ខាល​នេះ សន្ទុះ​គាំទ្រ​របស់​​ពលរដ្ឋ​ចង់ឱ្យមាន​ការផ្លាស់ប្តូរ និង​​លទ្ធិប្រជាធិបតេយ្យ​​ពិត​ប្រាកដ រឹត​តែ​​កើន​ឡើង អ្នកគាំទ្រ​គណបក្សភ្លើងទៀន​ជួបជុំគ្នាលើក​ស្លាកគណបក្ស​នៅរាជធានីភ្នំពេញ កាលពីថ្ងៃទី១០ ខែមេសា ឆ្នាំ២០២២។
រូប៖ ហ្វេសប៊ុក គណបក្សភ្លើងទៀន រាជធានីភ្នំពេញ។

សម្រាប់​ឆ្នាំថ្មីប្រពៃណីជាតិ ឆ្នាំខាលនេះ ក្រុម​អ្នកវិភាគនយោបាយ​​មួយចំនួន​មាន​សុទិដ្ឋិនិយម​ថា សន្ទុះ​គាំទ្រ​របស់​ប្រជាពលរដ្ឋ​ដែលចង់បាន​ការផ្លាស់ប្តូរ និងលទ្ធិ​ប្រជាធិបតេយ្យ​ពិតប្រាកដ​នៅកម្ពុជា នៅតែ​​មិនថមថយ​នោះទេ។ ក៏ប៉ុន្តែ រឹតតែ​កើនឡើង​ថែមទៀត​នៅក្នុង​ចិត្តរបស់​ពួកគេ។ ក្រុមអ្នកវិភាគ​នយោបាយ​​ទាំងនោះ​មើលឃើញ​ថា ពលរដ្ឋ​កម្ពុជា​ទន្ទឹង​រង់ចាំ​តែ​ឱកាស​សម្រាប់តែ​ការផ្លាស់ប្តូរ​ប៉ុណ្ណោះ។

បើទោះជា​លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និង​គណបក្ស​កាន់អំណាច​របស់​លោក​បន្ត​យុទ្ធនាការ​បង្ក្រាប និង​រឹតត្បិត​លំហ​សិទ្ធិ​ពលរដ្ឋ និងសិទ្ធិ​នយោបាយ​អស់រយៈពេល​​ជាង ៥ឆ្នាំ​មកហើយ​យ៉ាងណាក៏ដោយ ក៏សន្ទុះ​នៃ​ការចង់បាន​ការផ្លាស់ប្តូរ និង​លទ្ធិប្រជាធិបតេយ្យ​ពិតប្រាកដ​ក្នុង​ចំណោម​ប្រជាពលរដ្ឋ​នៅ​កម្ពុជា​នៅតែ​មិនប្រែប្រួល​នោះទេ។ ក៏ប៉ុន្តែ សន្ទុះ​នេះ​រឹតតែ​កើនឡើង​ពី​មួយ​ថ្ងៃទៅមួយ​ថ្ងៃ​ក្នុង​ចំណោម​ប្រជាពលរដ្ឋ​មូលដ្ឋាន។ នេះគឺជា​ការវាយតម្លៃ និង​ការរំពឹង​ទុក​របស់​ក្រុមអ្នកវិភាគ​នយោបាយ​មួយ​ចំនួន​សម្រាប់​ឆ្នាំថ្មី ឆ្នាំខាល​នេះ។

អ្នកសិក្សាស្រាវជ្រាវ​បញ្ហា​សង្គម និង​នយោបាយបណ្ឌិត សេង សារី មើលឃើញថា សម្រាប់ឆ្នាំថ្មីនេះ សន្ទុះ​នៃ​ការគាំទ្រ​ចង់បាន​លទ្ធិប្រជាធិបតេយ្យ​ក្នុង​ចំណោម​ពលរដ្ឋ​កម្ពុជា កើនឡើងជាងមុន ដោយសារតែ​ពលរដ្ឋ​មាន​ភាពឆ្លាតវៃ៖ «ពលរដ្ឋ​បច្ចុប្បន្ន​នេះ គាត់មាន​ភាព​ឆ្លាតវៃ​ជាងមុន។ ទោះបី​គាត់បង្ហាញ​ពី​ភាពស្ងៀមស្ងាត់​ច្រើន ក៏ប៉ុន្តែ សកម្មភាព​ខាងក្នុង​នៃការគាំទ្រ​ចរន្ត​ប្រជាធិបតេយ្យ​ហ្នុង​កើនឡើង។ ដូច្នេះ ខ្ញុំគិតថា ជារួម ជា​ទស្សនៈ​របស់​ខ្ញុំ ខ្ញុំ​គិត​ថា ចរន្ត​នៃ​ពលរដ្ឋ​គាំទ្រ​ប្រជាធិបតេយ្យ​ហ្នុង កើនឡើង​ជាងមុន​នៅក្នុង​ឆ្នាំ២០២២ និង​ឆ្នាំ២០២៣​នេះ»

ការវាយតម្លៃនេះ ក៏ត្រូវ​អ្នកវិភាគ​នយោបាយ​កម្ពុជា​ម្នាក់ទៀត គឺបណ្ឌិត សូ ណារ៉ូ ដែល​បច្ចុប្បន្ន​កំពុង​រស់នៅ​សហរដ្ឋអាមេរិក មើលឃើញ​ស្រដៀងគ្នា​នេះដែរ។ លោក​ពន្យល់​​ថា ការមិនចេះ​រីងស្ងួត​នៃ​សន្ទុះ​របស់​ពលរដ្ឋ​ដែល​ចង់បាន​លទ្ធិប្រជាធិបតេយ្យ​នេះ គឺដោយសារតែ​ពលរដ្ឋ​នៅកម្ពុជា​ភាគច្រើន​បាន​រងគ្រោះ​ដោយ​អំពើអយុត្តិធម៌​សង្គម​ជាច្រើន​រាប់មិនអស់​ក្រោម​ការគ្រប់គ្រង​អំណាច​របស់​គណបក្ស​ប្រជាជន​កម្ពុជា​សព្វថ្ងៃនេះ ក្នុងនោះមាន​ដូចជា​ករណី​រំលោភដីធ្លី អំពើជិះជាន់កេងប្រវ័ញ្ច ការបំផ្លិចបំផ្លាញ​ធនធាន​ធម្មជាតិ និង​អំពើពុករលួយ​ជាដើម៖ «ថ្នាក់មូលដ្ឋាន ប្រជាពលរដ្ឋ​នៅតែមាន​ទឹកចិត្ត នៅតែមាន​ការស្រលាញ់​ចំពោះ​ចរន្ត​ប្រជាធិបតេយ្យ ចរន្តជាតិនិយម ហើយ​ជាពិសេស​គឺ​ប្រជាពលរដ្ឋ​នៅតែ​ចិញ្ចឹមចិត្ត​ក្នុងការគាំទ្រ ក៏ប៉ុន្តែ​ដោយសារ​សម្ពាធ​គាបសង្កត់ ក៏ដូចជា​ការគ្រប់គ្រង​ដោយ​បាតដៃ​ដែក​របស់ ហ៊ុន សែន នេះ ធ្វើឱ្យ​ពួកគេ​លាក់កំបាំង​នូវ​ឆន្ទៈ​របស់​ខ្លួន​នៅក្នុង​បេះដូង​ក្នុងចិត្ត​របស់​ពួកគេ។ គេ​មិនហ៊ាន​បញ្ចេញ​មកទេ ក៏ប៉ុន្តែ បើសិនជា​ជួប​ជួបនា​ឱកាស​ដ៏ល្អ ជួបនៅ​ឱកាស​ឧទាហរណ៍​ដូចករណី​ឆ្នាំ២០១៣អញ្ចឹង គឺចរន្ត​ប្រជាជន​នឹង​ផុសឡើងវិញ​ដដែលទេ»

ក៏ប៉ុន្តែ ទន្ទឹមនឹង​សន្ទុះ​គាំទ្រ​ប្រជាធិបតេយ្យ និង​ការចង់បាន​ការផ្លាស់​ប្តូរ​របស់​ពលរដ្ឋ​កម្ពុជា​នៅតែ​មិនប្រែប្រួល​ដូច្នេះ បណ្ឌិត សូ ណារ៉ូ ក៏​មើលឃើញ​ដែរថា ដោយ​សារ​តែ​​ការបែកបាក់​គ្នា​របស់​ក្រុមអ្នកនយោបាយ​បក្សប្រឆាំង ខណៈ​គណបក្ស​ប្រឆាំង​ធំជាងគេ ​គឺគណបក្ស​សង្គ្រោះជាតិ​នៅតែមិន​អាច​រស់ឡើងវិញ​បាន លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និង​គណបក្ស​កាន់អំណាច​នឹង​នៅតែ​អាច​មាន​លទ្ធភាព​យកឈ្នះ​ការបោះឆ្នោត​ឃុំសង្កាត់​អាណត្តិទី៥​ក្នុងឆ្នាំនេះ​បានដដែល។ ក៏ប៉ុន្តែ លោកថា ជ័យជម្នះ​នេះ ជា​ជ័យជម្នះ​ដែល​គ្មាន​ការសាទរ​ពី​ពលរដ្ឋ និង​គ្មាន​ការទទួលស្គាល់​ពី​សហគមន៍​អន្តរជាតិ ស្របពេលដែល​គ្មានការកែប្រែ​លក្ខខណ្ឌ​នៃការបោះ​ឆ្នោត ឬសមាសភាព​របស់​​គណៈកម្មាធិការជាតិ​រៀបចំ​ការបោះឆ្នោត និង​បរិយាកាស​នយោបាយ​មិនប្រសើរ៖ «អញ្ចឹង ការណ៍​ដែល​ឆ្នាំថ្មីនេះ រដូវបោះឆ្នោត​ទាំងបោះឆ្នោត​ក្រុមប្រឹក្សា​ឃុំសង្កាត់​នៅខែ៦ ក៏ដូចជា​នៅពេល​ខាងមុខទៀត មួយឆ្នាំក្រោយមក​គឺ​បោះឆ្នោត​ជាតិ គឺ​បើស្ថានការណ៍​តាម​របៀបហ្នុង គឺ​គណបក្ស​ប្រជាជន​នៅតែ​ឈ្នះ ប៉ុន្តែ​ឈ្នះ​ក្នុង​លក្ខណៈជា​ការមិនបាន​ទទួលស្គាល់​ជាលក្ខណៈ​ទូលំទូលាយ​ជា​អន្តរជាតិទេ ពីព្រោះជា​ការបោះឆ្នោត​មិនមាន​សេរី មិនមាន​ត្រឹមត្រូវ មិន​យុត្តិធម៌ ហើយមាន​ការគាបសង្កត់​គ្រប់បែប​យ៉ាង។ មានការលេងល្បែង​ក្រោមតុ លេងល្បែង​មិនសុចរិត ដើម្បី​ធ្វើយ៉ាងណា​ទាញយកតែ​ខាងឈ្នះ​សម្រាប់​តែ​​ខ្លួន​ឯង។ អញ្ចឹង​ជា​ការឈ្នះមួយ​ដែលគ្មាន​អំណរសាទរ​ពី​ប្រជាពលរដ្ឋ​ទូទៅ ហើយ​សហគមន៍​អន្តរជាតិ​ក៏មិនចង់ឃើញ​ការឈ្នះ​របៀបហ្នុងដែរ»

រីឯ អ្នកវិភាគ​នយោបាយ​មួយរូបទៀត គឺលោក គឹម សុខ ដែលបច្ចុប្បន្ន​កំពុង​ភៀសខ្លួន​រស់នៅ​ប្រទេសហ្វាំងឡង់ (Finland) ដោយសារ​តែ​​ការ​ធ្វើទុក្ខបុកម្នេញ​ពី​សំណាក់​​រដ្ឋាភិបាល​ក្រុងភ្នំពេញ លោកយល់ថា ក្នុងឆ្នាំថ្មីនេះ លោក ហ៊ុន សែន នឹង​យកលេស​នៃ​ការបោះឆ្នោត​ឃុំសង្កាត់​ខាងមុខនេះ ទៅ​ប្រាប់​សហគមន៍​អន្តរជាតិ​​ថា កម្ពុជា​មាន​ការបោះឆ្នោត​តាមបែប​ប្រជាធិបតេយ្យ​នៅ​ថ្នាក់មូលដ្ឋាន ដើម្បី​ចង់បាន​ការបន្ធូរបន្ថយ​សម្ពាធ​ពី​អន្តរជាតិ៖ «ក្នុងឆ្នាំថ្មី​ប្រពៃណីជាតិ​នេះ អ្នកដែលសម​បំណងជាងគេ​ គឺលោក ហ៊ុន សែន។ មិនមែន​អ្នកនយោបាយ​ដែល​តស៊ូ​ដើម្បី​ប្រជាធិបតេយ្យ ហើយ​ក៏មិនមែន​ប្រជាជាតិ​ខ្មែរដែរ។ ពីព្រោះ​ឆ្នាំថ្មី គណបក្ស​ភ្លើងទៀន​នឹងចូលរួម​ការបោះឆ្នោត​ក្រុមប្រឹក្សា​ឃុំសង្កាត់ ជាការបោះឆ្នោត​ក្នុងស្ថានភាព​ដែលពុំមាន​ដំណោះស្រាយ​នយោបាយ​បន្តិចសោះ។ អ្វីៗ​ស្ថិតនៅ​ក្នុងការចាត់ចែង​របស់​គណបក្ស​ប្រជាជនកម្ពុជា ១០០ភាគរយ។ ដូច្នេះ​គឺជា​ការចង់បាន​របស់​គណបក្ស​ប្រជាជន​កម្ពុជា និង​លោក ហ៊ុន សែន។ ក្រោយការបោះ​ឆ្នោត​​ក្នុង​ឆ្នាំថ្មីនេះ ពេលដែល​គណបក្ស​ភ្លើងទៀន​បាន​អាសនៈ​ខ្លះ​នៅ​ក្រុមប្រឹក្សា​ឃុំសង្កាត់ គណបក្ស​ប្រជាជន និង​លោក ហ៊ុន សែន បានលេស​សមទំនងមួយ​ទៅ​ប្រាប់​សហគមន៍​អន្តរជាតិ​ថា កម្ពុជា​លែងជា​ឯកបក្ស​ហើយ​នៅ​ក្របខណ្ឌ​មូលដ្ឋាន។ ដូច្នេះ វាជួយ​ឱ្យ​លោក ហ៊ុន សែន និង​គណបក្ស​ប្រជាជន​កម្ពុជា ថយ​សម្ពាធ ​អាច​ដកដង្ហើម​កាន់តែ​ស្រួល​ក្នុងការបន្ត​អំណាច​របស់​គាត់»

លោក គឹម សុខ ចង់ឃើញ​ក្រុមអ្នកប្រជាធិបតេយ្យ​គួរគិតឡើងវិញ​ពី​ការរៀបចំ​បណ្តាញ​នៅ​ថ្នាក់មូលដ្ឋាន និង​រក្សា​ផ្នត់​គំនិតស្មារតី​នៃការធ្វើការរួមគ្នាជាធ្លុងមួយ​តស៊ូ​​ដើម្បី​លទ្ធិប្រជាធិបតេយ្យ​ពិតប្រាកដ​ជាលក្ខណៈ​យូរអង្វែង។

ការតស៊ូ​ដើម្បី​លទ្ធិប្រជាធិបតេយ្យ​ដ៏យូរអង្វែង​នៅ​កម្ពុជានេះ ក៏ត្រូវ​បណ្ឌិត សេង សារី វាយតម្លៃថា កំពុងតែ​មាន​ភាពប្រែប្រួល​ក្នុង​ចំណោម​អ្នកនយោបាយ​ជំនាន់ថ្មី ដែល​មិនជ្រើសរើស​យកវិធីហិង្សា ឬកម្លាំងបាយ​ក្នុងការ​ដោះស្រាយ​បញ្ហា៖ «បើសិនជា​យើងមើល​ក្នុង​មុំ​មួយ​ដែល​ឆ្លុះបញ្ចាំង​ពី​នយោបាយ​នៅកម្ពុជា យើងឃើញ​ថា​ វិធីសាស្ត្រ​ក្នុងការដោះស្រាយ​បញ្ហា​របស់​អ្នកនយោបាយ​ជំនាន់មុន តែងតែ​ប្រើអំពើហិង្សា​ក្នុង​ការដោះស្រាយ​បញ្ហា ឬក៏ប្រើ​កម្លាំងបាយ​ក្នុងការដោះស្រាយ​បញ្ហា។ តែបើ​យើងមើល​វិធីសាស្ត្រ​របស់​មនុស្ស​ជំនាន់ថ្មី យើងឃើញ​មាន​ការប្រែប្រួល។ អញ្ចឹង ខ្ញុំ​សង្ឃឹមថា បន្តិចម្តងៗ នយោបាយ​កម្ពុជា​នឹង​ដើរនៅលើ​ផ្លូវមួយ​ដែល​ត្រឹមត្រូវ»

សម្រាប់​ឆ្នាំថ្មី ឆ្នាំខាលនេះ មាន​ព្រឹត្តិការណ៍​នយោបាយ​សំខាន់មួយ​កើតឡើង​នៅ​កម្ពុជា ដែលនោះ​គឺការបោះឆ្នោត​ឃុំសង្កាត់។ ការបោះឆ្នោត​នេះ ប្រព្រឹត្តទៅ​នៅថ្ងៃទី៥ ខែមិថុនា ខណៈ​មាន​គណបក្សនយោបាយ​ចំនួន​១៧គណបក្ស​ប្រកាស​ចូលរួម តែពុំមាន​វត្តមាន​របស់​គណបក្ស​សង្គ្រោះជាតិឡើយ។ ការបោះឆ្នោត​នេះ​ធ្វើឡើង​ក្រោម​ការវាយតម្លៃ​ថា បរិយាកាស​នយោបាយ​នៅ​កម្ពុជា​នៅតែ​រងនូវ​ការរឹតត្បិត និង​គ្មាន​ភាពប្រសើរ ស្របពេលដែល​អ្នកនយោបាយ​បក្ស​ប្រឆាំង​បន្តរងការចោទប្រកាន់ និង​ចាប់ដាក់គុក​ឥតស្រាកស្រាន។ ទន្ទឹមនឹងនេះ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត នៅតែ​រងការរិះគន់ថា ខ្វះឯករាជ្យ ពុំអព្យាក្រឹត្យ និង​​ជា​ឧបករណ៍​ចាំប្រថាប់ត្រា​ឱ្យ​គណបក្សកាន់អំណាច ដោយសារតែ​សមាជិក​ជាន់ខ្ពស់​របស់ គ.ជ.ប សុទ្ធតែ​ជាមនុស្ស​របស់​បក្ស​កាន់អំណាច និងគ្មាន​តំណាង​មក​ពី​គណបក្សប្រឆាំង ឬសង្គមស៊ីវិល​ឡើយ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

រឿង​ដែល​គេ​អាន​​ច្រើន​បំផុត
នយោបាយ
ក្រុម​មន្ត្រី​ជាន់ខ្ពស់​គណបក្ស​កាន់​អំណាច​ប្រតិកម្ម​នឹង​ពលរដ្ឋ​ខ្មែរ​រស់នៅ​ក្រៅ​ប្រទេស ជេរ​ប្រមាថ​លោក ហ៊ុន ម៉ាណែត តាម​បណ្ដាញ​សង្គម
បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។