តុលាការ​​របប​ក្រុង​ភ្នំពេញ​កោះ​ហៅ​យុវជន​បក្ស​ប្រឆាំង​ម្នាក់​នៅ​ខេត្ត​កំពង់​ចាម​សាកសួរ​ពី​បទ​ក្បត់ជាតិ

ដោយ ហេង រស្មី
2019.11.18
តុលាការ ខេត្ត​កំពង់ចាម ១៤៤០ ២០១៧ សាលាដំបូង​ខេត្ត​កំពង់ចាម។ រូបថត​ខែ​កក្កដា ឆ្នាំ​២០១៧។
RFA

ចៅក្រម​ស៊ើបសួរ​នៃ​សាលាដំបូង​ខេត្ត​កំពង់ចាម​បន្ត​កោះ​ហៅ​យុវជន​គណបក្ស​ប្រឆាំង​ម្នាក់​សាកសួរ​ពាក់ព័ន្ធ​រឿង​រួមគំនិត​ក្បត់ជាតិ​ ដែល​ផ្ទុយ​ពី​ការ​អំពាវនាវ​របស់​មេ​ដឹក​នាំ​របប​ក្រុង​ភ្នំពេញ​លោក ហ៊ុន សែន​។ ​​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​មាន​ដីកា​កោះ​ហៅ​អះអាង​ថា ថ្វីត្បិត​តែ​មាន​ដីកា​កោះ​ហៅ​បែប​នេះ​ក្ដី​ក៏​លោក​នៅ​តែ​គាំទ្រ​គណបក្ស​ប្រឆាំង​ដដែល​ ដោយ​មិន​មាន​ការ​រាថយ​ឡើយ។

យុវជន​គណបក្ស​សង្គ្រោះ​ជាតិ​ខេត្ត​កំពង់ចាម​ លោក រឹន រដ្ឋ​ ប្រាប់​អាស៊ី​សេរី​នៅ​ថ្ងៃ​ទី​១៨ ​វិច្ឆិកា​​ថា​ ប៉ូលិស​​ឃុំ​​ព្រះ​អណ្ដូង ​ស្រុក​​ស្ទឹងត្រង់ បាន​យក​ដីកា​របស់​តុលាការ​ទៅ​​ឱ្យ​ឪពុក​របស់​លោក​ចុះ​ហត្ថលេខា​ទទួល​នៅ​ព្រឹក​ថ្ងៃ​ទី​១៨​វិច្ឆិកា។លោក បន្ថែម​ថា លោក​មិន​មាន​ការ​ភ្ញាក់ផ្អើល​​នឹង​​ដីកា​​នេះ​​ទេ ព្រោះ​​លោក​​​មិន​​បាន​​ធ្វើ​​អ្វី​​ខុស​​ច្បាប់​ឡើយ។ទោះ​ជា​យ៉ាង​ណា​លោក​អះអាង​ថា បន្ទាប់​ពី​ទទួល​ដីកា​នេះ​ភ្លាម​ធ្វើ​ឱ្យ​លោក​មាន​ការ​ស្ទាក់ស្ទើរ​​នឹង​ការ​វិល​ត្រឡប់​ទៅ​កម្ពុជា​វិញ ព្រោះ​​ខ្លាច​​ប៉ូលិស​​ចាប់​​ខ្លួន​​លោក​​យក​​ទៅ​​ដាក់​​ពន្ធនាគារ​​​ដូច​​សកម្មជន​គណបក្ស​ប្រឆាំង​កន្លង​មក៖ «ខ្ញុំ​គម្រោង​ថា​​នឹង​​ទៅ​​ផ្ទះ​​ថ្ងៃ​​ទី​១៩ ​ដល់​ពេល​តុលាការ​កោះ​ហៅ​អីចឹង ​ខ្ញុំ​នៅ​ស្ទាក់ស្ទើរ​នៅ​ឡើយ​។ បើ​​សិន​​ជា​​ឱ្យ​​ខ្ញុំ​​ទៅ​​ផ្ទះ​​​មិន​​ឱ្យ​​ខ្ញុំ​​ធ្វើ​​សកម្មភាព​​នយោបាយ​​​ខ្ញុំ​​មិន​​ទៅ​​ទេ​។ ខ្ញុំ​សុខចិត្ត​នៅ​ក្រៅ​ប្រទេស​វិញ​ប្រសើរ​ជាង​ ព្រោះ​ខ្ញុំ​តស៊ូ​យូរ​ហើយ​ ដើម្បី​ឱ្យ​មាន​ប្រជាធិបតេយ្យ​ពេញលេញ​នៅ​កម្ពុជា​ និង​ចង់​បាន​​គណបក្ស​​សង្គ្រោះ​​ជាតិ​​រស់​​ឡើង​​វិញ»

លោក​បន្ត​ថា បើ​ទោះ​ជា​បី​មាន​ដីកា​យ៉ាង​កោះ​ហៅ​យ៉ាង​នេះ​ក្ដី​ក៏​លោក​នៅ​តែ​គាំទ្រ​លោក​ សម រង្ស៊ី និង​ថ្នាក់​ដឹក​នាំ​គណបក្ស​សង្គ្រោះ​ជាតិ​វិល​ចូល​ស្រុក​វិញ​ដដែល ដើម្បី​ស្ដារ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា​ឱ្យ​រស់​ឡើង​វិញ។

ចៅក្រម​ស៊ើបសួរ​នៃ​សាលា​ដំបូង​ខេត្ត​កំពង់ចាម លោក ខៀវ សន កោះ​ហៅ​យុវជន​គណបក្ស​ប្រឆាំង​ស្រុក​ស្ទឹងត្រង់ ខេត្ត​កំពង់ចាម លោក រឹន រដ្ឋ អាយុ​៣២​ឆ្នាំ​​ឱ្យ​បំភ្លឺ​តុលាការ​នៅ​ព្រឹក​ថ្ងៃ​ទី​២១​វិច្ឆិកា​។ ​ដីកា​របស់​តុលាការ​ចុះ​ថ្ងៃ​ទី​៤​ វិច្ឆិកា​​បាន​ចោទ​ប្រកាន់ លោក រឹន រដ្ឋ ពី​បទ​​រួម​​គំនិត​​ក្បត់​ជាតិ ប្រព្រឹត្ត​​នៅ​​ភូមិ​ទី៥ សង្កាត់​វាលវង់ ក្រុង​​កំពង់ចាម ​កាលពី​ថ្ងៃ​ទី​២១​ សីហា​​កន្លង​​ទៅ។

កាល​ពី​ពេល​ថ្មី​នេះ​លោក​ ហ៊ុន សែន បាន​បញ្ជា​ឱ្យ​ក្រសួង​យុត្តិធម៌​ដោះលែង​អ្នក​ទោស​នយោបាយ​ទាំង​អស់​ដែល​ជាប់​ពាក់ព័ន្ធ​នឹង​គម្រោង​ធ្វើ​មាតុភូមិ​និវត្តន៍​របស់​លោក​ សម រង្ស៊ី​ និង​ឱ្យ​​ទៅ​យក​ដីកា​របស់​តុលាការ​ដែល​បាន​បញ្ជូន​ទៅ​ដល់​សមត្ថកិច្ច​ឱ្យ​តាម​ចាប់​ខ្លួន​អ្នក​ទាំង​នោះ​​ត្រឡប់​មក​​វិញ ដើម្បី​​​ឱ្យ​​ពួក​គេ​​​វិល​​ត្រឡប់​​ទៅ​​កម្ពុជា​​វិញ​ ដោយ​​មិន​​មាន​​​​ធ្វើ​ទុក្ខបុកម្នេញ​ពី​អាជ្ញាធរ។

នាយករង​ទទួលបន្ទុក​ផ្នែក​ឃ្លាំមើល​សិទ្ធិមនុស្ស​នៃ​អង្គការ​ លីកាដូ (LICADHO) លោក អំ សំអាត មាន​ប្រសាសន៍​ថា​ តុលាការ​គួរ​តែ​ឈប់​​ធ្វើ​ទុក្ខបុកម្នេញ​ដល់​សកម្មជន​គណបក្ស​ប្រឆាំង​ដែល​គាំទ្រ​គណបក្ស​ដែល​ពួកគេ​ស្រលាញ់​បន្ត​ទៀត ​ដើម្បី​ឱ្យ​ប្រជាពលរដ្ឋ​អាច​វិល​ត្រឡប់​ចូល​ស្រុក​វិញ​។ លោក​បន្ត​ថា​ ​ការ​ចោទ​ប្រកាន់​កន្លង​ទៅ​នេះ​ជា​រឿង​នយោបាយ ហើយ​ថ្មីៗ ​នេះ​​​ លោក ហ៊ុន សែន ក៏​បាន​ប្រកាស​ឱ្យ​ក្រសួង​យុត្តិធម៌​បន្ធូរបន្ថយ​ទោស​ដល់​ពួកគាត់​​រួច​មក​ហើយ​ដែរ៖ «ប្រជាពលរដ្ឋ​​មួយ​​ចំនួន​ ដែល​​គាត់​​មិន​​ហ៊ាន​​នៅ​​មូលដ្ឋាន ​គឺ​​គាត់​​នៅ​តែ​មិន​ហ៊ាន​ចូល​ស្រុក​ដដែល។​ អ៊ីចឹង​​ធ្វើ​​ឱ្យ​​ភាពសុខសាន្ត​​​នៃ​ការ​ជួប​ជុំ​របស់​ពលរដ្ឋ​នៅ​តែ​ប៉ះពាល់​បន្ត​ទៀត។ ​ខ្ញុំ​យល់​ថា​​​ ទោះ​​បី​​ជា​​តុលាការ​​កោះ​​ហៅ​​ ប៉ុន្តែ​​នៅ​​ពេល​​ដែល​​កោះ​​ហៅ​​ទៅ​​វា​​ជា​​សិទ្ធិ​របស់​តុលាការ​ដែល​ធ្វើ​ឱ្យ​ពលរដ្ឋ​បារម្ភ​នៅ​ពេល​គាត់​ចូល​ទៅ​មិន​ដឹង​ថា​គេ​ចាប់​គាត់​ឬ​ក៏​អត់​បើ​ពីមុន​ៗ​សុទ្ធតែ​ចាប់​ឃុំ​ខ្លួន​អីចឹង»

សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​ប្រមាណ​ ២០០​នាក់​ហើយ​ ដែល​តុលាការ​របប​ក្រុម​ភ្នំពេញ​ចោទ​ប្រកាន់​ពួកគេ​ពី​បទ​រួម​គំនិត​ក្បត់ជាតិ​ ពាក់ព័ន្ធ​នឹង​គម្រោង​ទៅ​ចូល​រួម​អម​ដំណើរ​លោក សម រង្ស៊ី វិល​ចូល​ស្រុក​វិញ។​​ក្នុង​នោះ​មាន​មនុស្ស​មួយ​ចំនួន​បាន​ភៀស​ខ្លួន​​នៅ​ក្នុង​ស្រុក និង​មួយ​ចំនួន​ទៀត​ភៀស​ខ្លួន​ទៅ​ក្រៅ​ប្រទេស​ ដើម្បី​គេច​ចេញ​ពី​ការ​តាម​យាយី​របស់​អាជ្ញាធរ។ ​​ក្រោយ​ពី​លោក​ ហ៊ុន សែន​មិន​យក​ទោសពៃរ៍​​ដល់​សកម្មជន​គណបក្ស​ប្រឆាំង​មក​ មាន​មនុស្ស​មួយ​ចំនួន​បាន​ត្រឡប់​ទៅ​ស្រុក​កំណើត​វិញ​ហើយ​ និង​ខ្លះ​ទៀត​មិន​ទាន់​ហ៊ាន​ត្រឡប់​ទៅ​ផ្ទះសម្បែង​នៅ​ឡើយ​ទេ ដោយ អះអាង​ថា នៅ​រង់ចាំ​ទៅ​អម​ដំណើរ​​លោក​ សម រង្ស៊ី វិល​ចូល​ស្រុក​វិញ​នៅ​ឯ​​ក្រៅ​ប្រទេស​នៅ​ឡើយ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

អត្ថបទពេញនិយម
នយោបាយ
សង្គម​ស៊ីវិល​រំពឹង​ថា​ ឯកអគ្គរដ្ឋទូត​អាមេរិក​ប្រចាំ​កម្ពុជា​ថ្មី​នឹង​បន្ត​ចូល​រួម​លើក​ស្ទួយ​ប្រជាធិបតេយ្យ
បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។