សកម្មជនដីធ្លីតំបន់បុរីកីឡាម្នាក់ទៀតហើយ ត្រូវបានសាលាដំបូងរាជធានីភ្នំពេញកោះហៅឲ្យទៅបំភ្លឺក្នុងសំណុំរឿងលោក កឹម សុខា នាពេលបើកសវនាការជំនុំជម្រះក្តី នៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០២០ ខាងមុខនេះ។ លោកស្រី ស ស៊ន ដែលត្រូវតុលាការកោះហៅប្រាប់ថា លោកស្រីនឹងទៅបំភ្លឺតាមដីការបស់តុលាការ។
លោកស្រី ស ស៊ន ចាត់ទុកថា ដីកាកោះដែលអ្នកស្រីទទួលបាននៅថ្ងៃទី២៤ ធ្នូនេះ ជាការបំភិតបំភ័យលើលោកស្រី ហើយលោកស្រីនិយាយទាំងអស់សំណើចថា ក្នុងការដីកានេះទៀតសោត តុលាការសរសេរថា លោកស្រី ជាភេទប្រុសទៅវិញ។ ទោះយ៉ាងនេះក្តីលោកស្រីអះអាងថា លោកស្រីនឹងចូលឆ្លើយបំភ្លឺនៅតុលាការតាមការកោះហៅ៖ «នៅក្នុងដីកាហ្នឹងដាក់ឈ្មោះមីង ដាក់ឈ្មោះ ស ស៊ន ប៉ុន្តែ ភេទប្រុស»។
ព្រះរាជអាជ្ញារង លោក វង្ស ប៊ុនវិសុទ្ធ តម្រូវឲ្យលោកស្រី ស ស៊ន ចូលឆ្លើយបំភ្លឺក្នុងសវនាការសួរដេញដោលនៃសំណុំរឿងលោក កឹម សុខា ពីដំណើររឿងសន្ទិដ្ឋិភាព ឬការត្រូវរ៉ូវជាមួយបរទេស ដើម្បីផ្ដួលរំលំរដ្ឋាភិបាល ដែលប្រព្រឹត្តនៅប្រទេសកម្ពុជា និងទីកន្លែងផ្សេងទៀត កាលពីអំឡុងឆ្នាំ១៩៩៣ រហូតដល់ថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៧។
សកម្មជនដីធ្លីលោកស្រី ស ស៊ន ឲ្យថា លោកស្រីមិនដែលមានទំនាក់ទំនងអ្វីជាមួយលោក កឹម សុខា ទេ ហើយក៏មិនដែលបានជួបផ្ទាល់ជាមួយលោក កឹម សុខា ម្តងណាឡើយ៖ «មីងគិតថា ជាការគំរាមកំហែង បំភិតបំភ័យយើងអ៊ីចឹងណា! និយាយទៅគេនៅតែតាមដានសកម្មភាពមីង ទោះធ្វើអីមិនធ្វើអីគេនៅតែសួរនាំ ឃ្លាំមើលតែរហូតហ្នឹង»។
លោក កឹម សុខា ត្រូវបានសមត្ថកិច្ចចូលឆ្មក់ចាប់ខ្លួននិងបញ្ជូនទៅឃុំខ្លួនភ្លាមៗ ទៅពន្ធនាគារត្រពាំងផ្លុង ខេត្តត្បូងឃ្មុំ កាលពីថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៧។ តុលាការចោទប្រកាន់លោកពីបទ ”ក្បត់ជាតិ” ប៉ុន្តែសហគមន៍ជាតិ និងអន្តរជាតិហៅការចោទប្រកាន់នេះថា ជារឿងនយោបាយ និងទាមទារឲ្យដោះលែងលោក កឹម សុខា ព្រមទាំងទម្លាក់ចោលការចោទប្រកាន់នេះ។
សមាជិកក្រុមអ្នកវិភាគវ័យក្មេង លោក បុង ដែត លើកឡើងថា តុលាការគ្មានភស្តុតាងគ្រប់គ្រាន់ ដើម្បីដាក់បន្ទុកលើលោក កឹម សុខា ទើបតុលាការព្យាយាមកោះហៅសកម្មជនដីធ្លី និងអ្នកគាំទ្រគណបក្សសង្គ្រោះជាតិទៅបំភ្លឺ។ អ្នកវិភាគយល់ថា រដ្ឋាភិបាលគួរទម្លាក់ចោលការចោទប្រកាន់លើលោក កឹម សុខា ឬឲ្យគណបក្សសង្គ្រោះជាតិដំណើរការឡើងវិញ ទើបអាចធ្វើកម្ពុជារួចផុតពីការដាក់ទណ្ឌកម្មនានាពីសហគមន៍អន្តរជាតិ៖ «ឲ្យគាត់ (លោក កឹម សុខា) មានសេរីភាពឡើងវិញ ព្រោះថា រឿងទាំងអស់នេះ ជាចរិតនយោបាយទេ ជាពិសេស សហគមន៍អន្តរជាតិគេនឹងផ្តល់ការអនុគ្រោះពន្ធដល់កម្ពុជាឡើងវិញជាដើមអីចឹង»។
កាលពីថ្ងៃទី១១ ខែកញ្ញាកន្លងទៅ សកម្មជនដីធ្លីតំបន់បុរីកីឡាលោកស្រី ស ស៊ន ត្រូវបានចៅក្រមស៊ើបសួរនៃតុការក្រុងភ្នំពេញកោះហៅឲ្យទៅបំភ្លឺម្ដងរួចទៅហើយលើសំណុំរឿងលោក កឹម សុខា នេះ។ លោកស្រី ស ស៊ន ថា តុលាការព្យាយាមសួរដាក់បន្ទុក ដើម្បីភ្ជាប់សកម្មភាពនៃការទាមទារដំណោះស្រាយដីធ្លី និងការធ្វើយុទ្ធការទាមទារយុត្តិធម៌សង្គមរបស់លោកស្រីឲ្យមានទំនាក់ទំនងជាមួយគណបក្សសង្គ្រោះជាតិ និងអង្គការសង្គមស៊ីវិល។ លោកស្រី ស ស៊ន ជាមនុស្សទី២ ដែលតុលាការកោះហៅឲ្យទៅបំភ្លឺក្នុងពេលជំនុំជម្រះក្តីលោក កឹម សុខា។
កាលពីថ្ងៃទី២៣ ខែធ្នូ តុលាការបានអ្នកគាំទ្រគណបក្សសង្គ្រោះជាតិគឺ យុវជន ម៉ា ចិត្រា ឲ្យទៅបំភ្លឺដែរ។ នាពេលស៊ើបអង្កេតកន្លងទៅតុលាការក៏បានកោះហៅអ្នកធ្លាប់ធ្វើការងារជាមួយលោក កឹម សុខា ដូចជាអ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា ឈឹម ផលវរុណ មន្ត្រីសង្គមស៊ីវិល និងសកម្មជនគណបក្សសង្គ្រោះជាតិ មួយចំនួនទៀតឱ្យចូលទៅបំភ្លឺផងដែរ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។