យុវជន និង​ពលរដ្ឋ​បារម្ភ​ការ​ផ្ដល់​ដី​សម្បទាន​ឱ្យ​វៀតណាម​ជាប់​ព្រំដែន​ប៉ះពាល់​អធិបតេយ្យ​ជាតិ

ក្រុម​យុវជន​ជនជាតិ​ដើម​ភាគតិច និង​មន្ត្រី​សង្គម​ស៊ីវិល​បារម្ភ​ថា ការ​ផ្តល់​ដី​សម្បទាន​សេដ្ឋកិច្ច​របស់​រដ្ឋាភិបាល ទៅ​ឱ្យ​ក្រុមហ៊ុន​របស់​វៀតណាម នៅ​តាម​បណ្ដោយ​ព្រំដែន​កម្ពុជា​-​វៀតណាម ជា​ហានិភ័យ​ធ្ងន់ធ្ងរ​មួយ ប៉ះពាល់​អធិបតេយ្យ​ជាតិ និង​ធ្វើ​ឱ្យ​កម្ពុជា​ងាយ​នឹង​របូត​ទឹកដី​ទៅ​វៀតណាម​គ្រប់គ្រង​នៅ​ថ្ងៃ​អនាគត។ ចំណែក​អាជ្ញាធរ​ខេត្ត​រតនគិរី​អះអាង​ថា អាជ្ញាធរ​ជំនាញ​បាន​គ្រប់គ្រង​ក្រុមហ៊ុន​សម្បទាន​សេដ្ឋកិច្ច​ទាំងអស់​ត្រឹមត្រូវ​តាម​កិច្ចសន្យា​វិនិយោគ។

ក្រុម​យុវជន​ជនជាតិ​ដើម​ភាគតិច និង​មន្ត្រី​សង្គម​ស៊ីវិល នៅ​មិនទាន់​ស្ងប់ចិត្ត​នៅឡើយ​ទេ ទាក់ទិន​ការ​ផ្តល់​ដី​សម្បទាន​សេដ្ឋកិច្ច​តាម​បណ្ដោយ​ព្រំដែន​កម្ពុជា​-​វៀតណាម ក្នុង​ខេត្ត​រតនគិរី ទៅ​ឱ្យ​ក្រុមហ៊ុន​វៀតណាម​វិនិយោគ ដែល​មាន​ទំហំ​ផ្ទៃដី​រាប់​ម៉ឺន​ហិកតារ។

ពលរដ្ឋ​រស់នៅ​ស្រុក​អូរយ៉ាដាវ ខេត្ត​រតនគិរី លោក រចំ ជន ប្រាប់​អាស៊ីសេរី​នៅ​ថ្ងៃ​ទី​២១ វិច្ឆិកា​ថា ការ​ផ្តល់​ដី​សម្បទាន​សេដ្ឋកិច្ច​ទាំងនេះ ហាក់​ធ្វើ​ឡើងជា​ការសម្ងាត់ ពលរដ្ឋ​រស់នៅ​តំបន់​នោះ​មិន​អាច​ចេញចូល ក្នុង​ក្រុមហ៊ុន​វៀតណាម​បានទេ និង​មានការ​សាងសង់​ផ្ទះល្វែង​ក្នុង​ដី​សម្បទាន​នោះ​ផង​ដែរ​។ លោក​ថា មាន​ពលរដ្ឋ​ខ្មែរ​តិច​តួច​ណាស់ ដែល​ទៅ​ធ្វើ​ការ​ក្នុង​ដី​សម្បទាន​សេដ្ឋកិច្ច​នោះ​។ កម្មករ​ភាគច្រើន​ជា​វៀតណាម​រាប់​សិប​នាក់​៖ «ប្រទេស​គេ​មក​សម្បទាន​អ៊ីចឹង​ធ្វើ​ឱ្យ​ដី​យើង​ខិត​ខិត​ទៅ ធ្វើ​ឱ្យ​បាត់បង់​ដី នៅ​ពេល​ក្រុមហ៊ុន​វិនិយោគ​ធំ ធ្វើ​ឱ្យ​ប៉ះពាល់​ធនធាន​ធម្មជាតិ​ដែល ព្រៃឈើ និង​ចម្ការ​អ៊ីចឹង»។

​អាជ្ញាធរ​ខេត្ត​រតនគិរី ឱ្យ​ដឹង​ថា នៅ​ខេត្ត​នេះ មាន​ក្រុមហ៊ុន​ចំនួន ២៥​ក្រុមហ៊ុន កំពុង​វិនិយោគ​ដី​សម្បទាន​សេដ្ឋកិច្ច ដែល​មាន​ផ្ទៃដី​រាប់​ម៉ឺន​ហិកតារ ក្នុង​នោះ​មាន​ក្រុមហ៊ុន​មួយ​ចំនួន​ជា​ក្រុមហ៊ុន​វៀតណាម វិនិយោគ​នៅ​ជាប់​ព្រំដែន​ក្នុងស្រុក​អូរយ៉ាដាវ។

របាយការណ៍​អង្គការ​លីកាដូ បង្ហាញ​ថា រដ្ឋាភិបាល​បាន​ផ្តល់​ដី​សម្បទាន​សេដ្ឋកិច្ច ទៅ​ឱ្យ​ក្រុមហ៊ុន​វៀតណាម​ចំនួន ៥៤​កន្លែង នៅ​ទូទាំង​ប្រទេស ដែល​ផ្ទៃដី​ជាង ៣៥​ម៉ឺន​ហិកតារ (៣៥២.៥១៥) ហើយ​ដី​សម្បទាន​សេដ្ឋកិច្ច​ទាំងនោះ​ភាគច្រើន វិនិយោគ​លើ​ដំណាំ​កៅស៊ូ និង​ដូង​ប្រេង។ ទន្ទឹម​នឹង​នេះ រដ្ឋាភិបាល​បាន​ផ្តល់​ដី​សម្បទាន​សេដ្ឋកិច្ច​ទៅ​ឱ្យ​ក្រុមហ៊ុន​វៀតណាម ក្នុង​ខេត្ត​ចំនួន ៤ គឺ​ខេត្ត​ក្រចេះ ស្ទឹងត្រែង មណ្ឌលគិរី និង​ខេត្ត​រតនគិរី មាន​ផ្ទៃដី​ទំហំ​ជាង ២៤​ម៉ឺន​ហិកតារ (២៤៥.៣០៤)។

ប្រធាន​សមាគម​សម្ព័ន្ធ​និស្សិត​បញ្ញវន្ត​ខ្មែរ លោក មួង សូនី ដែរ​ចុះ​អង្កេត​រឿង​នេះ ថ្លែង​ថា រដ្ឋាភិបាល​ត្រូវ​ដកហូត ដី​សម្បទាន​សេដ្ឋកិច្ច​វៀតណាម ឋិត​នៅ​ជាប់​ព្រំដែន​កម្ពុជា​-​វៀតណាម​ក្នុង​ខេត្ត​រតនគិរី និង​ខេត្ត​មណ្ឌលគិរី ចេញ​ទាំងអស់ ដើម្បី​បញ្ចៀស​ហានិភ័យ​នានា ប៉ះពាល់​អធិបតេយ្យ​ជាតិ​នៅ​ថ្ងៃ​អនាគត​។ លោក​បន្ត​ថា រដ្ឋាភិបាល​ត្រូវ​គ្រប់គ្រង​ក្រុមហ៊ុន​វៀតណាម​ឱ្យ​ច្បាស់លាស់ និង​គ្រប់គ្រង​លើ​កម្មករ​ជនជាតិ​វៀតណាម ដែល​ធ្វើការ​ក្នុង​ក្រុមហ៊ុន​ទាំងនោះ តាមច្បាប់​អន្តោប្រវេសន៍​ឱ្យ​បាន​ត្រឹមត្រូវ​៖ «ប្រសិនបើ​មិន​អាច​ដក​បាន​ទាំងអស់​ទេ ក៏​គួរតែ​បន្ថយ ជាពិសេស​នៅ​ស្រុក​អូរយ៉ាដាវ នៅ​ស្រុក​កែវសីមា គួរតែ​លប់​ចោល បាទ​លុបចោល​ទាំងអស់​។ ដី​ដែល​យើង​មិន​អាច​លុប​បាន​ហេតុ​ផ្សេង​យើង​គួរតែ ទប់ស្កាត់​តែម្ដង​។ ចៀសវាង​បំផុត​គឺ​កុំ​ឱ្យ​មាន ឬ​បើ​មាន​ដែរ គឺ​យើង​ត្រូវ​កំណត់​ផ្លូវ​ច្បាប់​ដែល​យើង​អាច​គ្រប់គ្រង​បាន​។ គឺ​ត្រូវតែ​ធ្វើ​ផ្លូវ​ក្រវាត់​ព្រំដែន ហើយ​ឱ្យ​ប្រជាជន​ខ្មែរ​យើង​ទៅ​នៅ​ហ្នឹង​ឱ្យ​ច្រើន»។

ឆ្លើយតប​រឿង​នេះ អ្នកនាំពាក្យ​សាលាខេត្ត​មណ្ឌលគិរី លោក នាង សំអាត ថ្លែង​ថា ការ​ផ្តល់​ដី​សម្បទាន​សេដ្ឋកិច្ច​របស់​រដ្ឋាភិបាល​ឱ្យ​ទៅ​ក្រុមហ៊ុន​វៀតណាម អាជ្ញាធរ​ពាក់ព័ន្ធ​ជំរុញ​ឱ្យ​ក្រុមហ៊ុន​ទាំងអស់ ត្រូវ​អនុវត្ត​តាម​គោលការណ៍​វិនិយោគ​របស់​រដ្ឋាភិបាល​។ លោក​ថា ប្រសិនបើ​ក្រុមហ៊ុន​ទាំងនោះ​មិន​អនុវត្ត​ទេ អាជ្ញាធរ​នឹង​ដកហូត​ដី​សម្បទាន​ទាំងនោះ​មកវិញ​។ លោ​កញ្ជាក់​ថា បញ្ហា​នេះ​ជា​ការ​ទទួល​ខុស​ត្រូវ​របស់​រដ្ឋាភិបាល ហើយ​រដ្ឋបាល​ខេត្ត​បាន​ចាត់​ស្ថាប័ន​ជំនាញ ឱ្យ​តាមដាន​ក្រុមហ៊ុន​ទាំងនោះ​ដោយ​យកចិត្តទុកដាក់​។ លោក​បន្ថែម​ថា កន្លង​ទៅ​រដ្ឋាភិបាល​បាន​ដកហូត​ដី​សម្បទាន​សេដ្ឋកិច្ច​ចំនួន ៣​ក្រុមហ៊ុន ដោយសារតែ​មិន​អនុវត្ត​តាម​កិច្ចសន្យា​វិនិយោគ​៖ «ក្រុមហ៊ុន​វិនិយោគ​តាម​ព្រំដែន ការ​ព្រួយ​បារម្ភ​គឺ​បារម្ភ​ហើយ តែ​យើង​មាន​ច្បាប់​និង​មាន​ទម្លាប់ មានន័យថា ក្រុមហ៊ុន​ត្រូវ​អនុវត្ត​តាម​គោលការណ៍​របស់​រដ្ឋាភិបាល​។ ប្រសិន​មិន​អនុវត្ត​ទេ រដ្ឋាភិបាល​មាន​សិទ្ធិ​ក្នុង​ការ​បញ្ចប់​សិទ្ធិ​នៃ​ការ​ទទួល​ដី​សម្បទាន​ហ្នឹង​។ អ៊ីចឹង​អាហ្នឹង ជា​ការ​ទទួលខុសត្រូវ​របស់​រដ្ឋាភិបាល ដែល​ជា​ភ្នាក់ងារ​តំណាង​រដ្ឋ ដែល​មាន​មន្ទីរ​អង្គភាព​ជំនាញ​ហ្នឹង គាត់​ជា​ភ្នាក់ងារ​ជំនាញ គាត់​ពិត​និត្យ​មើល​កិច្ចការ​ហ្នឹង»។

ប្រធាន​សម្ព័ន្ធ​គណនេយ្យ​ភាព​សង្គម​កម្ពុជា លោក សន ជ័យ យល់​ថា ការ​ផ្តល់​ដី​សម្បទាន​សេដ្ឋកិច្ច តាម​ព្រំដែន​ទៅ​ឱ្យ​ក្រុមហ៊ុន​វៀតណាម​គ្រប់គ្រង​រយៈពេល​វែង ជា​ហានិភ័យ​ធ្ងន់ធ្ងរ​មួយ ប៉ះពាល់​ដល់​បូរណភាព​ទឹកដី នៅ​ថ្ងៃ​អនាគត ប្រៀប​ដូចជា​ផ្ញើ​សាច់​ទុក​ក្បែរ​មាត់​ខ្លា​ដូច្នេះ​ដែរ​។ លោក​ផ្ដល់​ទស្សនៈ​ថា រដ្ឋាភិបាល​ត្រូវ​ចៀសវាង ការ​ផ្តល់​ដី​សម្បទាន​សេដ្ឋកិច្ច​ទៅ​ឱ្យ​ក្រុមហ៊ុន​វៀតណាម នៅ​ជាប់​បន្ទាត់​ព្រំដែន​ជា​បន្ត​ទៀត​៖ «យើង​សម្បទាន​សេដ្ឋកិច្ច​ហ្នឹង មិនមែន​ជា​កិច្ចសន្យា​រយៈពេល ២​ទៅ ៣​ឆ្នាំ វា​មាន​រយៈពេល រាប់​សិប​ឆ្នាំ​។ យើង​នៅតែ​មាន​ការ​បារម្ភ​ពី​អនាគត​ពី​បូរណភាព​ទឹកដី ទាក់ទង​ការ​ផ្ដល់​ដី​សម្បទាន​សេដ្ឋកិច្ច​រយៈពេល​រាប់​សិប​ឆ្នាំ​ហ្នឹង​។ ក្រុមហ៊ុន​របស់​វៀតណាម​ទៀត គេ​ហៅថា ក្រុមហ៊ុន​ជា​របស់​ប្រទេស​ដែល​មាន​ព្រំប្រទល់​នៅ​ទីនោះ​ទៀត​ផង​។ អ៊ីចឹង​ទៅ​មានការ​បារម្ភ​រយៈពេល​យូរ»។

តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ លោក អ៊ុំ សំអាន ថ្លែង​ថា ការ​ផ្តល់​ដី​សម្បទាន​សេដ្ឋកិច្ច​មាន​រយៈពេល ៥០​ឆ្នាំ​ឡើង​ទៅ នៅ​តាម​បណ្ដោយ​ព្រំដែន ជា​គ្រោះថ្នាក់​សម្រាប់​ជាតិ ធ្វើ​ឱ្យ​បាត់បង់​ទឹកដី​នៅ​ថ្ងៃ​អនាគត​។ លោក​ថា កម្មករ​ដែល​ធ្វើការ​ក្នុង​ក្រុមហ៊ុន​វៀតណាម បាន​នាំ​កូន​ពូន​ជា​ចៅ ទៅ​រស់នៅ និង​សង់ផ្ទះ​ក្នុង​ដី​សម្បទាន​សេដ្ឋកិច្ច​តាម​បណ្ដោយ​ព្រំដែន​ច្រើន​ស្អេកស្កះ ហើយ​អាច​បង្កើត​បាន​ជា​រចនា​សម្ព័ន្ធ​ភូមិ​-​ឃុំ គ្រប់គ្រង​ដោយ​អាជ្ញាធរ​វៀតណាម​នៅ​តំបន់​នោះ​នៅ​ថ្ងៃ​ខាងមុខ​៖ «ការ​ផ្តល់​ដី​សម្បទាន​សេដ្ឋកិច្ច មិន​ត្រឹមតែ​បំផ្លាញ​ធនធាន ព្រៃឈើ រ៉ែ និង​ធនធានធម្មជាតិ វា​អាច​ប៉ះពាល់​បូរណភាព​ទឹកដី និង​ការ​បង្កើត​ជា រចនាសម្ព័ន្ធ​ភូមិ​ -​ ឃុំ​របស់​យួន​នៅ​តាម​ព្រំដែន​ហ្នឹង​ផង​ដែរ។ រដ្ឋាភិបាល​ត្រូវតែ​ដក​យក​ដី​សម្បទាន​សេដ្ឋកិច្ច​ទៅ​ឱ្យ​ក្រុមហ៊ុន​យួន នៅ​តាម​បណ្ដោយ​ព្រំដែន កម្ពុជា​ -​ វៀតណាម​ប្រគល់​ឱ្យ​ពលរដ្ឋ​ខ្មែរ​វិញ»។

កាល​ពី​ពេល​កន្លងទៅ កាសែត ខេមបូឌា ដេលី Cambodia Daily បាន​ចុះផ្សាយ​ថា ដី​សម្បទាន​សេដ្ឋកិច្ច​មួយ​ចំនួន​នៅ​ជាប់​ព្រំដែន​កម្ពុជា​-​វៀតណាម ក្នុងស្រុក​អូរយ៉ាដាវ ខេត្ត​រតនគិរី មាន​ទំនាក់ទំនង​ជាមួយ​យោធា​គ្រប់គ្រង​ដោយ​វៀតណាម។ ក្រៅ​ពី​នេះ ឯកសារ​ទទួល​បាន​ពី​ទិន្នន័យ​រដ្ឋាភិបាល​កម្ពុជា​បង្ហាញ​ថា ការលក់ដូរ និង​ការ​ផ្ទេរ​កម្មសិទ្ធិ​ដី​ក្នុង​ខេត្ត​រតនគិរី មាន​ទំហំ​ជិត ៤​ម៉ឺន​ហិកតារ (៣៩.៥៨៤​ហិកតារ​) គ្រប់គ្រង​ដោយ​ពួក​មេបញ្ជាការ​កងពល លេខ​១៥​។ ទន្ទឹម​គ្នា​នេះ មាន​ដី​សម្បទាន​សេដ្ឋកិច្ច​ចំនួន ៣ ជាប់​ទាក់ទង​នឹង​យោធា​វៀតណាម ក្នុង​នោះ មាន​លោក ផាំ វ៉ាន់ជាំង (Pham Van Giang) ​គឺជា​ប្រធាន​ក្រុមហ៊ុន​អភិវឌ្ឍន៍​កៅជុក៧២ ​រតនគិរី (Aphivath Caoutchouc 72 Ratanakiri Co., Ltd) និង​ជា​មេបញ្ជាការ​នៃ​កងអនុសេនាធំ​៧២ នៃ​យោធា​វៀតណាម​។ ចំណែក​នៅ​ខេត្ត​មណ្ឌលគិរី​ក៏​មាន​ក្រុមហ៊ុន​សម្បទាន​សេដ្ឋកិច្ច​យ៉ាងហោចណាស់ ៥​ក្រុម ភាគច្រើន​ជា​ក្រុមហ៊ុន​វៀតណាម​ទទួល​សិទ្ធិ​វិនិយោគ​ដី​រាប់​ម៉ឺន​ហិកតារ តាម​បណ្ដោយ​ព្រំដែន ឋិត​ក្នុងស្រុក​កែវសីមា៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។