សំណុំរឿងប្រធានគណបក្សសង្គ្រោះជាតិ លោក កឹម សុខា មិនទាន់មានការវិវឌ្ឍថ្មីទៀតនោះទេ បន្ទាប់ពីក្រុមមេធាវីបានដាក់លិខិតស្នើសុំចៅក្រមឱ្យស៊ើបសួរទម្លាក់ចោលបទចោទប្រឆាំងនឹងលោក កឹម សុខា។ អ្នកវិភាគនយោបាយថា តុលាការប្រហែលជាមិនទម្លាក់ចោលរឿងនេះទេ ពីព្រោះការធ្វើរបៀបនេះអាចនឹងមានរឿងស្មុគស្មាញជាច្រើនទៀត ដែលត្រូវដោះស្រាយនៅជំហានបន្ទាប់ ជាពិសេស ការផ្ដល់សម្បទានឱ្យគណបក្សសង្គ្រោះជាតិរស់ឡើងវិញ។
សហមេធាវីការពារក្ដីឱ្យលោក កឹម សុខា លោក ផែង ហេង ប្រាប់អាស៊ីសេរីថា ខាងមេធាវីកំពុងរង់ចាំការសម្រេចរបស់ចៅក្រមស៊ើបសួរតុលាការក្រុងភ្នំពេញថា តើករណីលោក កឹម សុខា នេះ នឹងត្រូវទម្លាក់ចោល ឬក៏ត្រូវបញ្ជូនទៅជំនុំជម្រះ។ លោកថា អង្គហេតុ និងអង្គច្បាប់ ដែលក្រុមមេធាវីបានរៀបរាប់នៅក្នុងពាក្យស្នើសុំលើកលែងការចោទប្រកាន់ មានមូលដ្ឋានគ្រប់គ្រាន់ ដែលចៅក្រមស៊ើបសួរអាចយកទៅពិចារណាក្នុងការសម្រេចចំពោះនីតិវិធីបន្ទាប់មកទៀត។
ក្រុមមេធាវីការពារក្ដីឱ្យលោក កឹម សុខា បានដាក់លិខិតទៅចៅក្រមស៊ើបសួរតុលាការក្រុងភ្នំពេញ លោក គី ឫទ្ធី កាលពីថ្ងៃទី១១ វិច្ឆិកាកន្លងទៅ ដើម្បីស្នើសុំលើកលែងការចោទប្រកាន់លើលោក កឹម សុខា បន្ទាប់ពីចៅក្រមរូបនេះបានប្រកាសបិទបញ្ចប់ការស៊ើបអង្កេតសំណុំរឿងនេះ។
នៅក្នុងលិខិតនោះ សហមេធាវីលោក កឹម សុខា បានរៀបរាប់ថា ចៅក្រមស៊ើបសួរបានប្រើរយៈពេលជាង ២ឆ្នាំក្នុងការស៊ើបអង្កេតរឿងក្តី លើសពីការកំណត់ក្នុងក្រមនីតិវិធីព្រហ្មទណ្ឌ ដែលការស៊ើបអង្កេតត្រូវប្រើពេលត្រឹម ១៨ខែប៉ុណ្ណោះ។ ម្យ៉ាងវិញទៀត ការស៊ើបអង្កេតនាពេលកន្លងមក ចៅក្រមរកមិនឃើញមានរដ្ឋបរទេស ឬជនបរទេស ឬអ្នកសមគំនិតក្នុងរឿងនេះ ដូចការចោទប្រកាន់របស់តំណាងអយ្យការទេ។
ក្រុមមេធាវី លោក កឹម សុខា អះអាងទៀតថា តាមគោលការណ៍ច្បាប់ ការផ្ដន្ទាទោសជនណាម្នាក់ ត្រូវផ្អែកលើធាតុផ្សំនៃបទល្មើសចាំបាច់ចំនួន ៣ គឺធាតុច្បាប់ អំពើប្រព្រឹត្ត និងចេតនាប្រព្រឹត្ត ហើយបើខ្វះធាតុផ្សំណាមួយ គឺមិនអាចផ្ដន្ទាទោសបានឡើយ។ ដោយឡែក សំណុំរឿងលោក កឹម សុខា នេះ ក្រុមមេធាវីពិនិត្យឃើញថា តុលាការខ្វះធាតុផ្សំពីរសំខាន់ គឺអំពើប្រព្រឹត្ត និងចេតនាប្រព្រឹត្ត។ ក្រុមមេធាវីបកស្រាយថា បើស្ដាប់ពីគោលបំណងនៃការសំណេះសំណាលរបស់លោក កឹម ជាមួយក្រុមអ្នកគាំទ្រនៅប្រទេសអូស្ត្រាលីនោះ លោកគ្មានចេតនាប្រព្រឹត្តហិង្សាឡើយ ហើយការសន្និដ្ឋានរបស់សមត្ថកិច្ចថា មានបទល្មើសចាប់ពីពេលសង្ស័យ និងរហូតដល់ថ្ងៃចាប់ខ្លួនលោក កឹម សុខា ក៏មិនឃើញមានអំពើប្រព្រឹត្តស្ដែងចេញមកដែរ។ ទន្ទឹមនឹងនេះ គ្មានជនបរទេសណាម្នាក់ទទួលខុសត្រូវថា បានត្រូវរ៉ូវគ្នាជាមួយលោក កឹម សុខា ឡើយ ហើយមេបក្សប្រឆាំងរូបនេះក៏បានបដិសេធបទចោទ និងអង្គហេតុទាំងនោះរួចហើយដែរ។
ក្រុមមេធាវីលោក កឹម សុខា បកស្រាយទៀតថា មាត្រា៣៨ នៃរដ្ឋធម្មនុញ្ញ ចែងថា “វិមតិសង្ស័យត្រូវបានជាប្រយោជន៍ដល់ជនជាប់ចោទ” ហើយមាត្រា៤ នៃក្រមព្រហ្មទណ្ឌចែងថា “ពុំមានបទល្មើសទេ ប្រសិនបើគ្មានចេតនាប្រព្រឹត្ត”។ ដូច្នេះ ផ្អែកតាមអង្គហេតុ និងអង្គច្បាប់ តុលាការមិនអាចចោទប្រកាន់ ឬផ្ដន្ទាទោសលោក កឹម សុខា ពីបទសន្ទិដ្ឋិភាពជាមួយបរទេសបានទេ ហើយចៅក្រមស៊ើបសួរត្រូវតែសម្រេចលើកលែងការចោទប្រកាន់លើលោក កឹម សុខា។
អាស៊ីសេរីមិនអាចទាក់ទងចៅក្រមស៊ើបសួរតុលាការក្រុងភ្នំពេញ លោក គី ឫទ្ធី ដើម្បីសុំការអត្ថាធិប្បាយរឿងនេះបានទេ នៅថ្ងៃទី២៨ វិច្ឆិកា។
អ្នកវិភាគនយោបាយចាស់វស្សា បណ្ឌិត ឡៅ ម៉ុងហៃ យល់ថា តុលាការទំនងជាមិនទម្លាក់ចោលបទចោទប្រកាន់ប្រឆាំងលោក កឹម សុខា ឡើយ ពីព្រោះការធ្វើបែបនេះ សបញ្ជាក់ឱ្យឃើញថា ការរំលាយគណបក្សសង្គ្រោះជាតិ គឺជារឿងខុសច្បាប់។ លោកសង្កត់ថា ជោគវាសនារបស់លោក កឹម សុខា ស្ថិតក្នុងកណ្ដាប់ដៃលោក ហ៊ុន សែន ពោលបើបុរសខ្លាំងរូបនេះចង់ឱ្យមេបក្សប្រឆាំងមានសេរីភាពពេលណា គាត់នឹងមានសេរីភាពពេលនោះភ្លាម៖ «ខុសមួយសារហើយរឿងផ្លូវច្បាប់នោះ។ គេមិនទាន់មានទោសផង រួចយកអាហ្នឹងថាមានទោសហើយ ហើយយកបទល្មើសហ្នឹងទៅចោទប្រកាន់ថា ធ្វើវិទ្ធង្សនាប្រជាធិបតេយ្យ ដែលនាំឱ្យតុលាការកំពូលរំលាយគណបក្សហ្នឹងទៅ។ ចុះបើទៅតុលាការ អត់មានអ្វីចោទប្រកាន់គេបាន បទល្មើសហ្នឹងគឺថាវាអត់ឃើញមានភស្តុតាងគ្រប់គ្រាន់ទេ នោះគេលើកលែងចោទប្រកាន់ អ៊ីចឹងត្រូវតុលាការកំពូលគិតយ៉ាងម៉េច បើសម្រេចរួចហើយ? ដូច្នេះត្រង់ហ្នឹង អាចគេប្តឹងសុំឱ្យមោឃៈដីការបស់តុលាការកំពូលនោះ ហើយគឺត្រូវតែឱ្យគណបក្សសង្គ្រោះជាតិរស់ឡើងវិញ»។
នៅពេលចៅក្រមស៊ើបសួរប្រកាសបញ្ចប់ការស៊ើបអង្កេត ហើយក្រុមមេធាវីលោក កឹម សុខា កំពុងខ្នះខ្នែងដាក់លិខិតលើកលែងការចោទប្រកាន់នោះ ស្រាប់តែមេដឹកនាំរបបក្រុងភ្នំពេញ លោក ហ៊ុន សែន បានចេញមុខប្រកាសជាសាធារណៈថា តុលាការនឹងមិនទម្លាក់ចោលបទចោទប្រកាន់លើលោក កឹម សុខា ឡើយ ហើយសំណុំរឿងនេះត្រូវប្រើរយៈពេលវែងតទៅទៀត។ លោកបានសន្មតទុកជាមុនថា ចៅក្រមនឹងបញ្ជូនសំណុំរឿងនេះទៅជំនុំជម្រះ៖ «ដំណើរការក្តីមួយនេះ គឺមិនមែនត្រូវធ្វើមួយថ្ងៃ ពីរថ្ងៃ មួយខែ ឬពីរខែទេ។ វាត្រូវប្រើរយៈពេលវែង។ រួចហើយមានអ្នកខ្លះថា បន្តិចទៀតព្រះមហាក្សត្រលើកលែងទោស។ បើមិនទាន់កាត់ទោសផង តើព្រះមហាក្សត្រមានទោសឯណាសម្រាប់លែង? លើកលែងការចោទប្រកាន់ ក៏អត់ទេ។ អាហ្នឹង គឺរឿងតុលាការគេចោទប្រកាន់រួចទៅហើយតើ ហើយសមត្ថកិច្ចរបស់តុលាការមិនដឹងកាត់ពេលណា អ្វីពេលណា? គេគ្រាន់តែបិទការស៊ើបអង្កេតដើម្បីបញ្ជូនទៅជម្រះ តែរឿងជម្រះពេលណា គឺជារឿងរបស់តុលាការ។ យើងអត់មានសិទ្ធិទៅជ្រៀតជ្រែកទេ»។
ប្រធានគណបក្សសង្គ្រោះជាតិ លោក កឹម សុខា ត្រូវសមត្ថកិច្ចរបបក្រុងភ្នំពេញសម្រុកចូលចាប់ខ្លួន ដល់ក្នុងផ្ទះទាំងកណ្ដាលអធ្រាត្រ កាលពីដើមខែកញ្ញា ឆ្នាំ២០១៧ កន្លងទៅ ក្នុងពេលលោកកំពុងមានអភ័យឯកសិទ្ធិសភា។ តុលាការដែលស្ថិតក្រោមឥទ្ធិពលលោក ហ៊ុន សែន បានចោទប្រកាន់មេបក្សប្រឆាំងរូបនេះ ពីបទ “សន្ទិដ្ឋិភាព” ឬការត្រូវរ៉ូវគ្នាជាមួយបរទេស ដើម្បីផ្តួលរំលំរដ្ឋាភិបាល។ លោក កឹម សុខា បានជាប់ឃុំអស់រយៈពេលជាង ២ឆ្នាំ ទាំងការជាប់ឃុំក្នុងពន្ធនាគារ និងក្នុងផ្ទះ។
ទោះជាយ៉ាងណា កាលពីថ្ងៃទី១០ វិច្ឆិកាកន្លងទៅ តុលាការក្រុងភ្នំពេញបានកែប្រែលក្ខខណ្ឌឱ្យលោក កឹម សុខា មានសេរីភាពដើរហើរក្នុងរង្វង់ដែនដីខ្មែរហើយ ប៉ុន្តែនៅតែហាមឃាត់សកម្មភាពនយោបាយ និងតម្រូវឱ្យលោកឆ្លើយតបចំពោះការកោះហៅពីគ្រប់សមត្ថកិច្ច។ ការបន្ធូរបន្ថយលក្ខខណ្ឌខ្លះសម្រាប់លោក កឹម សុខា នេះ គឺនៅស្របពេលដែលឱសានវាទនៃការដកហូតប្រព័ន្ធអនុគ្រោះពន្ធ EBA កាន់តែខិតជិតមកដល់ ហើយសហគមន៍អន្តរជាតិបានដាក់សម្ពាធលើរបបក្រុងភ្នំពេញឱ្យស្ដារប្រជាធិបតេយ្យនៅកម្ពុជាឡើងវិញ។
ស្ថានទូតប្រទេសប្រជាធិបតេយ្យជាច្រើន ដូចជា សហរដ្ឋអាមេរិក អឺរ៉ុប បារាំង អង់គ្លេស អាល្លឺម៉ង់ និងជប៉ុន ជាដើម បានបណ្ដាក់គ្នាទៅជួបលោក កឹម សុខា ដល់គេហដ្ឋានរបស់លោក នៅឯខណ្ឌទួលគោក រាជធានីភ្នំពេញ។ ក្រុមប្រទេសទាំងនោះបានបង្ហាញពីបំណងចង់ឃើញលោក កឹម សុខា មានសេរីភាពពេញលេញឡើងវិញ ទាំងសិទ្ធិពលរដ្ឋ និងសិទ្ធិនយោបាយ និងបានរួចផុតពីការចោទប្រកាន់ទាំងឡាយ។ ជំហររបស់ក្រុមប្រទេសប្រជាធិបតេយ្យនេះ គឺដូចគ្នាទៅនឹងការចង់បានរបស់អង្គការសហប្រជាជាតិ និងអង្គការអន្តរជាតិមួយចំនួនទៀតដែរ ដែលបានទាមទារឱ្យរបបក្រុងភ្នំពេញទម្លាក់ចោលបទចោទប្រកាន់បែបប្រឌិត និងមានចរិតនយោបាយប្រឆាំងលោក កឹម សុខា និងផ្ដល់សិទ្ធិសេរីភាពផ្នែកនយោបាយដល់រូបលោកវិញ។
ចំណែក លោក កឹម សុខា វិញ បានអះអាងថា លោកជាមនុស្សស្អាតស្អំ ដែលត្រូវការដំណោះស្រាយ និងយុត្តិធម៌ពិតប្រាកដ ហើយបានបន្តទាមទារឱ្យតុលាការទម្លាក់ចោលការចោទប្រកាន់ប្រឆាំងរូបលោក។ គិតត្រឹមថ្ងៃទី២៨ វិច្ឆិកា លោក កឹម សុខា មិនទាន់បានចុះជួបពលរដ្ឋនៅឡើយទេ បន្ទាប់ពីមានសិទ្ធិដើរហើរក្នុងរង្វង់ដែនដីខ្មែរ។
ក្រុមមេធាវីការពារក្តីឱ្យលោក កឹម សុខា អះអាងថា លោក កឹម សុខា ជាអ្នកនយោបាយដែលតម្កល់ផលប្រយោជន៍ជាតិ និងប្រជាពលរដ្ឋខ្មែរជាធំ និងប្រកាន់ខ្ជាប់គោលការណ៍អហិង្សា នីតិរដ្ឋ ប្រជាធិបតេយ្យ និងគោរពរដ្ឋធម្មនុញ្ញ ជាពិសេស លោកតែងមានការអត់ធ្មត់ ទោះបីជាលោកកំពុងបាត់បង់សិទ្ធិនយោបាយ និងសេរីភាពក៏ដោយ។ ម្យ៉ាងវិញទៀត ក្រុមមេធាវីថា ការលើកលែងបទចោទប្រកាន់លើលោក កឹម សុខា និងផ្ដល់សេរីភាពពេញលេញឡើងវិញដល់រូបលោក គឺជាការរួមចំណែកបង្រួបបង្រួមជាតិ ផ្សះផ្សាជាតិ និងផ្ដល់ឱកាសឱ្យអ្នកនយោបាយជជែកគ្នា ដើម្បីប្រយោជន៍ជាតិ និងកិត្តិយសរវាងខ្មែរ និងខ្មែរផងដែរ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
