មេធាវី​ការពារ​ក្ដី​សកម្មជន​បក្ស​ប្រឆាំង​នៅ​ខេត្ត​ពោធិ៍សាត់​ដាក់​ពាក្យ​ទៅ​តុលាការ​ស្នើ​ឱ្យ​កូន​ក្ដី​នៅ​ក្រៅ​ឃុំ​បណ្ដោះ​អាសន្ន

0:00 / 0:00

មេធាវី​ការពារ​ក្ដី​ឱ្យ​សកម្មជន​គណបក្ស​ប្រឆាំង​នៅ​ស្រុក​វាលវែង​ បាន​ដាក់​ពាក្យ​ទៅ​សាលាដំបូង​ខេត្ត​ពោធិ៍សាត់​ ដើម្បី​ស្នើ​សុំ​ឱ្យ​កូន​ក្ដី​ម្នាក់ គឺ​លោក ទួន សំអាត​ បាន​នៅ​ក្រៅ​ឃុំ​បណ្ដោះ​អាសន្ន។ ការ​ស្នើ​សុំ​នេះ​ បន្ទាប់​ពី​លោក​មេធាវី​​ពិនិត្យ​ឃើញ​ជន​ជាប់​ឃុំ​មាន​ជំងឺ​ធ្ងន់ធ្ងរ​ដែល​​ត្រូវ​ទៅ​សម្រាក​នៅ​ផ្ទះ​​ដើម្បី​ឱ្យ​សាច់ញាតិ​ជួយ​មើល​ថែ​ និង​ងាយស្រួល​ទៅ​ព្យាបាល​នៅ​មន្ទីរ​ពេទ្យ​នៅ​ក្រៅ​ពន្ធនាគារ។

មេធាវី​ការ​ពារ​ក្ដី​ឱ្យ​ជន​ជាប់​ឃុំ​ ថ្លែង​​ថា​ ចាប់​តាំង​ពី​ជាប់​ពន្ធនាគារ​មក​ លោក​​ទៅ​​ជួប​កូន​ក្ដី​ជា​ច្រើន​ដង​​ហើយ​ ដោយ​បាន​ពិនិត្យ​ឃើញ​ថា​សុខភាព​របស់​​លោក ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ទួន​ សំអាត​ ទ្រុឌទ្រោម​ខ្លាំង​គួរ​ឱ្យ​អាណិត និង​ត្រូវ​ទៅ​ព្យាបាល​នៅ​ខាង​ក្រៅ​ពន្ធនាគារ។

លោក​ ប៊ុន​ រិទ្ធី ​ប្រាប់​អាស៊ី​សេរី​នៅ​រសៀល​ថ្ងៃ​ទី​១៣​សីហា​ថា​ លោក​នាំ​ភរិយា​កូន​ក្ដី​របស់​លោក​​ដាក់​ពាក្យ​ទៅ​សាលាដំបូង​ខេត្ត​ពោធិ៍សាត់​រួច​ហើយ​ កាល​ពី​ថ្ងៃ​ទី​៧ ​ខែ​សីហា ដើម្បី​ស្នើ​ឱ្យ​លោក ទួន សំអាត បាន​នៅ​ក្រៅ​ឃុំ​បណ្ដោះអាសន្ន។ លោក​មេធាវី​រូប​នេះ​បន្ថែម​ថា កូន​ក្ដី​របស់​លោក​មាន​ជំងឺ​ធ្ងន់ធ្ងរ​ជា​ច្រើន​មុខ ដែល​ត្រូវ​សម្រាក​ព្យាបាល​នៅ​ផ្ទះ​ ឬ​នៅ​ក្រៅ​ពន្ធនាគារ ដើម្បី​ងាយ​ស្រួល​ដល់​សាច់ញាតិ​​នៅ​មើល​ថែ និង​ត្រូវ​ការ​ព្យាបាល​ពី​គ្រូពេទ្យ​ឱ្យ​បាន​ជា​ប្រចាំ ព្រោះ​នៅ​ក្នុង​ពន្ធនាគារ​គ្មាន​អ្នក​នៅ​មើល​ថែ និង​គ្មាន​គ្រូពេទ្យ​ជំនាញ​ ដើម្បី​​ព្យាបាល​ជំងឺ​របស់​លោក​នោះ​ទេ។ លោក​បញ្ជាក់​ទៀត​​ថា កន្លង​មក​កូន​ក្ដី​របស់​លោក​ទៅ​ព្យាបាល​នៅ​ក្រៅ​ពន្ធនាគារ​ម្ដង​រួច​មក​ហើយ ដោយសារ​លោក​​ឈឺ​ធ្ងន់ ដោយ​មិន​អាច​ព្យាបាល​នៅ​​ក្នុង​ពន្ធនាគារ​បាន​ទេ៖ «ព្រោះ​នៅ​ក្នុង​ច្បាប់​នីតិ​វិធី​យើង​មាន​សិទ្ធិ​ស្នើសុំ​ ហើយ​វា​មាន​ដំណាក់​កាល​ទី​១​ និង​ដំណាក់​កាល​ទី​២​ ហើយ​យើង​ដាក់​ថ្មី​ៗ ​យើង​ស្នើ​សុំ​ទាក់​រឿង​សុខភាព​របស់​គាត់​ ដើម្បី​សុំ​គាត់​មក​ព្យាបាល​ខាង​ក្រៅ​។ បើ​សិន​ណា​ខាង​តុលាការ​​គេ​បដិសេធ​ យើង​អាច​មាន​សិទ្ធិ​ស្នើ​សុំ​លើក​ទី២​ទៀត​ក្នុង​រយៈ​ពេល​ ១ខែ​ គឺ​ច្បាប់​គេ​តម្រូវ​ឱ្យ​បាន​ ២ដង​ ប៉ុន្តែ​លើក​ទី​១​ នេះ​គេ​មិន​ទាន់​ឆ្លើយ​តប​យើង​ទេ​ យើង​រង់ចាំ​ចៅក្រម​គាត់​ឆ្លើយ​តប​មក​វិញ »

ក្រៅ​អំពី​បញ្ហា​នេះ​សុខ​ភាព​​​​​ហើយ​ លោក មេធាវី​ ក៏​បាន​ចុះ​​ស៊ើបអង្កេត​ដល់​ផ្ទះ​ជន​ជាប់​ឃុំ​រួច​មក​ហើយ​ដែរ​ និង​​មាន​សាក្សី​មួយ​ចំនួន​បញ្ជាក់​ថា​ លោក ​ទួន​ សំអាត​ មិន​មាន​កំហុស​ដូច​ការ​ចោទ​ប្រកាន់​ ហើយ​លោក​នឹង​​នាំ​សាក្សី​ចូល​ទៅ​ឆ្លើយ​បំភ្លឺ​តុលាការ​ ក្នុង​ពេល​ឆាប់ៗ​ ដើម្បី​ជួយ​ដោះបន្ទុក​​ដល់​កូន​ក្ដី​របស់​លោក​ឱ្យ​បាន​សេរីភាព​ឡើង​វិញ។

អាស៊ី​សេរី​មិន​អាច​ទាក់ទង​អ្នក​នាំ​ពាក្យ​សាលាដំបូង​ខេត្ត​ពោធិ៍សាត់​ លោក​ ហេង ដូនីន​ ដើម្បី​សុំ​អត្ថាធិប្បាយ​ជុំ​វិញ​ការ​ស្នើ​ឱ្យ​នៅ​ក្រៅ​ឃុំ​នេះ​ បាន​នៅ​ឡើយ​ទេ​នៅ​ថ្ងៃ​ទី​១៣​ សីហា ដោយ​ទូរស័ព្ទ​ពុំ​មាន​​អ្នក​ទទួល។

​ប៉ុន្តែ​​ លោក ហេង ដូននី ប្រាប់​អាស៊ី​សេរី​កាល​ពី​ថ្ងៃ​ទី​១ សីហា​ថា តុលាការ​កំពុង​ពិនិត្យ​លើ​សំណុំ​រឿង​នេះ​ដោយ​ការ​យក​ចិត្ត​ទុកដាក់​បំផុត។ លោក​បន្ត​ថា ប្រសិន​បើ​ខាង​តុលាការ​ស្រាវជ្រាវ​​រក​មិន​ឃើញ​កំហុស​ដូច​ការ​ចោទ​ប្រកាន់​ នឹង​ដោះលែង​ជនសង្ស័យ​ឱ្យ​មាន​សេរីភាព​វិញ៖ «នៅ​ក្នុង​នីតិវិធី​ចៅ​ក្រម​ស៊ើបសួរ​ គាត់​កំពុង​តែ​នៅ​ក្នុង​នីតិ​វិធី​ស៊ើបសួរ​។ ខាង​តុលាការ​ធ្វើ​រឿង​ការ​រុករាន​ព្រៃឈើ​ នីតិវិធី​កាល​ណា​រក​អត់​ឃើញ​គាត់​ត្រូវ​ទទួល​ការ​លើក​លែង​ការ​ចោទ​ប្រកាន់​ហើយ​។ នៅ​ក្នុង​នីតិ​ស៊ើបសួរ​អត់​អាច​ថា​តុលាការ​អូស​បន្លាយ​បាន​ទេ​ គាត់​កំពុង​បំពេញ​តួនាទី​ហើយ »

មន្ត្រី​ស៊ើបអង្កេត​អង្គការ​ លីកាដូ (Licadho) ខេត្ត​ពោធិ៍សាត់ លោក កែម គឹម​ស្រន់ លើក​ឡើង​ថា ​លោក​ក៏​បាន​ចុះ​ស្រាវជ្រាវ​ដល់​ផ្ទះ​ជន​ជាប់​ឃុំ​រួច​ហើយ​ដែរ​ គឺ​​​រក​មិន​ឃើញ​ដី​ព្រៃ​ដែល​ជន​ជាប់​ឃុំ​ទន្ទ្រាន​ធ្វើជា​កម្មសិទ្ធិ​នោះ​ទេ។ ​​​​មន្ត្រី​សង្គម​ស៊ីវិល​រូប​នេះ​ ហៅ​ការ​ចាប់​ខ្លួន​នេះ​ គឺ​ជា​ការ​គំរាមកំហែង​ផ្នែក​នយោបាយ​​មក​លើ​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​ធ្វើ​ឱ្យ​ពួកគាត់​ភ័យ​ខ្លាច ដើម្បី​កុំ​ឱ្យ​ពួក​គាត់​​ធ្វើ​សកម្មភាព​នយោបាយ​នៅ​ខេត្ត​ពោធិ៍សាត់​បន្ត​ទៀត។ ទោះ​ជា​យ៉ាង​ណា​លោក​យល់​ថា សមត្ថកិច្ច​ធ្វើ​បែប​នេះ​ នឹង​មិន​បាន​ផល​ចំណេញ​ដល់​រដ្ឋាភិបាល​នោះ​ទេ ផ្ទុយ​ទៅ​វិញ ធ្វើ​ឱ្យ​ប្រជាប្រិយ​របស់​គណបក្ស​កាន់​អំណាច​កាន់​តែ​ធ្លាក់​ចុះ ដោយសារ​​ប្រជាពលរដ្ឋ​ឈប់​គាំទ្រ៖ «ការ​យក​គាត់​មក​ដាក់​ទោស​បែប​នេះ​ គឺ​ជា​ការ​រំលោភ​សិទ្ធិ​ជា​មូលដ្ឋាន​របស់​ពួកគាត់ ដោយសារ​តែ​គាត់​ជា​ពលរដ្ឋ​ម្នាក់​ដែល​ច្បាប់​កំពូល​ទទួល​ស្គាល់​ ហើយ​គាត់​មាន​សិទ្ធិ​ក្នុង​គាំទ្រ​និន្នាការ​គណបក្ស​នយោបាយ​ណា​ដែល​គាត់​ពេល​ចិត្ត​។ដូច្នេះ​ការ​ចាប់​បែប​នេះ​យើង​យល់​ឃើញ​ថា​វា​អយុត្តិធម៌​មែន​ទែន​ដោយសារ​ធាតុ​ផ្សំ​នៃ​បទ​ល្មើស​ដែល​ចោទ​ប្រកាន់​ពួកគាត់​ហាក់​បី​ដូច​វា​មិន​សម​ទំនង»

លោក ​ទួន សំអាត​ ជា​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​ស្រុក​វាលវែង​ ត្រូវ​បាន​តុលាការ​​បញ្ជា​ឱ្យ​សមត្ថកិច្ច​ចាប់​ខ្លួន​បញ្ជូន​ទៅ​ឃុំ​នៅ​​ពន្ធនាគារ​ខេត្ត​ពោធិ៍សាត់​​កាល​ពី​ឧសភា​កន្លង​ទៅ ក្រោម​បទ​ចោទ​​ប្រកាន់​ទន្ទ្រាន​ដី​ព្រៃ​ ធ្វើ​ជា​កម្មសិទ្ធិ​ដោយ​ខុស​ច្បាប់​។ ប៉ុន្តែ​សាច់ញាតិ​របស់​ជន​ជាប់ឃុំ​អះអាង​ថា​ លោក​ ទួន​ សំអាត មិន​មាន​កំហុស​ដូច​ការ​ចោទ​ប្រកាន់​នោះ​ទេ ហើយ​ចាត់​ទុក​ការ​ចាប់​ខ្លួន​នេះ​ថា ជា​រឿង​នយោបាយ ដោយ​សារ​ជន​ជាប់​ឃុំ​ជា​សកម្មជន​ឆ្នើម​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ស្រុក​វាលវែង។

គិត​ត្រឹម​ថ្ងៃ​ទី១៣​សីហា​ សមត្ថកិច្ច​ចាប់​ខ្លួន​សកម្មជន​គណបក្ស​សង្គ្រោះ​ស្រុក​វាលវែង​ ចំនួន ៧នាក់​ហើយ​បញ្ជូន​ទៅ​ឃុំ​ខ្លួន​នៅ​ពន្ធនាគារ​ខេត្ត​ពោធិ៍សាត់​ ក្រោម​បទ​ចោទ​ប្រកាន់​តែ​មួយ​ គឺ​ការ​ទន្ទ្រាន​​ដី​ព្រៃ​ខុស​ច្បាប់​។ ចំណែក​សកម្មជន​បក្ស​ប្រឆាំង​ស្រុក​វាលវែង​ជា​ច្រើន​នាក់​ទៀត​ កំពុង​រត់​គេច​ខ្លួន​រក​ទី​សុវត្ថិភាព មិន​ហ៊ាន​ត្រឡប់​ទៅ​ផ្ទះ​វិញ​នៅ​ឡើយ​ទេ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។