មេធាវី លោក សៀម ភ្លុក និង​មន្ត្រី​គណបក្ស​ភ្លើង​ទៀន​បី​នាក់​ទៀត ប្ដឹង​សាទុក្ខ​ទៅ​តុលាការ​កំពូល​ប្រឆាំង​ការ​សម្រេច​ឃុំ​ខ្លួន​ពួកគេ

0:00 / 0:00

មេធាវី​ការពារក្ដី​ស្ថាបនិក​គណបក្ស​បេះដូង​ជាតិ លោក សៀម ភ្លុក និង​មន្ត្រី​គណបក្ស​ភ្លើង​ទៀន​បី​នាក់​ទៀត សម្រេច​ប្ដឹង​សាទុក្ខ​ទៅ​តុលាការ​កំពូល ប្រឆាំង​ការ​សម្រេច​ឃុំ​ខ្លួន​ពួក​គេ។ មន្ត្រី​សង្គម​ស៊ីវិល ចង់​ឃើញ​តុលាការ​យក​ច្បាប់​ស្ដីពី​គណបក្ស​នយោបាយ ​មក​ដោះ​ស្រាយ​បញ្ហា​នេះ ជាជាង​ការ​ប្រើ​បទ​ចោទ​ព្រហ្មទណ្ឌ​ចោទ​ប្រកាន់​លើ​ពួក​គេ។

ស្ថាបនិក​គណបក្ស​បេះដូង​ជាតិ​លោក សៀម ភ្លុក និង​មន្ត្រី​គណបក្ស​ភ្លើង​ទៀន​បី​រូប​ទៀត គឺ​លោក ខឿន វីរ៉ាត់ អ្នកស្រី នូ សុទ្ធារី និង លោក តូច ថឹង មិន​ពេញ​ចិត្ត ចំពោះ​ការ​សម្រេច​របស់​សាលា​ឧទ្ធរណ៍​ភ្នំពេញ ដែល​បន្ត​ឃុំ​ខ្លួន​ពួក​គាត់​នៅ​ក្នុង​សំណុំរឿង​ក្លែងបន្លំ​ស្នាម​មេដៃ ដើម្បី​បង្កើត​គណបក្ស​បេះដូង​ជាតិ​ឡើយ។

មេធាវី​ការពារ​ក្ដី​លោក សៀម ភ្លុក និង​ជា​មេធាវី​របស់​មន្ត្រី​គណបក្ស​ភ្លើង​ទៀន គឺ​លោក​មេធាវី ជូង ជូងី ឱ្យ​វិទ្យុ​អាស៊ី​សេរី​ដឹង​នៅ​ថ្ងៃ​ទី១០ ខែ​មករា​ថា កូន​ក្ដី​របស់​លោក​ទាំង៤ នៅតែ​រក្សា​ជំហរ​ថា មិន​បាន​ក្លែងបន្លំ​ស្នាមមេដៃ​ឡើយ។ លោក​បន្ត​ថា កូនក្ដី​របស់​លោក គឺ​លោក សៀម ភ្លុក ជា​មនុស្ស​ចម្បង​ក្នុង​សំណុំរឿង​នេះ គ្មាន​ចេតនា ធ្វើ​ឱ្យ​ខូចខាត​ស្នាមមេដៃ ឬ​មាន​ចេតនា​បន្លំ​ស្នាម​មេដៃ​ឡើយ​។ លោក​មេធាវី ឱ្យ​ដឹង​ទៀត​ថា ពេល​នេះ​លោក​ត្រៀម​ខ្លួន​ការពារ​ក្ដី​របស់​លោក សៀម ភ្លុក និង​មន្ត្រី​គណបក្ស​ភ្លើង​ទៀន​បី​រូប​ទៀត នៅ​តុលាការ​ តែ​លោក​មិន​ទាន់​ទទួល​ដំណឹង​ថា តុលាការ​កំពូល​នឹង​បើក​សវនាការ​សំណុំរឿង​នេះ​នៅ​ពេល​ណា​ឡើយ។

មេធាវី ជូង ជូងី៖«ទី១ កូនក្ដី​ខ្ញុំ សៀម ភ្លុក គាត់​អត់​មាន​បាន​ធ្វើ​កិច្ចការ​ទាំង​អស់​នោះ​ទេ។ អ៊ីចឹង ចោទ​ថា គាត់​ក្លែង​អត់​ត្រូវ។ ទី២ គាត់​ក៏​គ្មាន​ចេតនា ចង់​ធ្វើ​ឱ្យ​ខុស​ដែរ ពីព្រោះ​អ្នក​បើក​គណបក្ស​នយោបាយ បើសិនជា​អត់​បាន​ស្នាម​មេដៃ​ជាក់ស្ដែង​ធ្វើ​ម៉េច​ធ្វើ​នយោបាយ​ឈ្នះ គ្មាន​អ្នក​ណា​ធ្វើ​គណបក្ស​នយោបាយ​ចង់​បាន​ស្នាម​មេដៃ​ក្លែង គឺ​អត់​ដែល​មាន​ទេ។ អ៊ីចឹង គាត់​គ្មាន​ចេតនា​ទាល់តែ​សោះ​ធ្វើ​ឱ្យ​ខូចខាត​មេដៃ ឬ​ក៏​ក្លែងបន្លំ​ហ្នឹង​ទេ អ៊ីចឹង គាត់​អត់​មាន​ចេតនា​ក្នុង​ការ​ប្រព្រឹត្តិ​បទ​ល្មើស​ទាល់តែ​សោះ»។

វិទ្យុ​អាស៊ី​សេរី មិន​អាច​សុំ​អត្ថាធិប្បាយ នៃ​ការ​កំណត់​ពេល​វេលា​បើក​សវនាការ​លើ​សំណុំរឿង​នេះ ពី​ប្រធាន​តុលាការ​កំពូល លោក ជីវ កេង បាន​ទេ នៅ​ថ្ងៃ​ទី១០ ខែមករា។

សាលា​ឧទ្ធរណ៍​ភ្នំពេញ កាល​ពី​ថ្ងៃ​ទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៣ បាន​សម្រេច​ច្រាន​ចោល​បណ្ដឹង​ជំទាស់​របស់​លោក សៀម ភ្លុក និង​មន្ត្រី​គណបក្ស​ភ្លើង​ទៀន ដោយ​តម្កល់​សេចក្ដី​សម្រេច​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ទុក​ជា​បាន​ការ​ដដែល។ សាលា​ដំបូង​រាជធានី​ភ្នំពេញ បាន​ផ្ដន្ទាទោស​ពួក​គេ​លើ​សំណុំរឿង​ក្លែងបន្លំ​និង​ប្រើប្រាស់​លិខិត​ក្លែង​នេះ​ សម្រេច​ឱ្យ​លោក សៀម ភ្លុក ជាប់​ពន្ធនាគារ​រយៈ​ពេល ២ឆ្នាំ ៦ខែ ចំណែក​មន្ត្រី​គណបក្ស​ភ្លើង​ទៀន​បី​រូប​ផ្សេង​ទៀត ត្រូវ​ជាប់​ពន្ធនាគារ​រយៈ​ពេល ២ឆ្នាំ ពាក់ព័ន្ធ​ការ​ប្រមូល​ស្នាម​មេដៃ​ពី​ពលរដ្ឋ ដើម្បី​បង្កើត​គណបក្ស​បេះដូង​ជាតិ។

អ្នក​សម្របសម្រួល​ផ្នែក​អង្កេត​របស់​អង្គការ​ឃ្លាំមើល​ការ​បោះ​ឆ្នោត ខុមហ្វែ្រល (COMFREL) លោក កន សាវាង្ស នៅតែ​យល់​ថា ចំណាត់​ការ​ផ្លូវ​ច្បាប់​លើ​លោក សៀម ភ្លុក និង​អ្នក​ផ្សេង​ទៀត មិន​ត្រឹមត្រូវ​តាម​ច្បាប់​ស្ដីពី​គណបក្ស​នយោបាយ​ឡើយ។ លោក​បន្ត​ទៀត​ថា ការ​មិន​អនុញ្ញាត​ចុះ​បញ្ជី​ឱ្យ​គណបក្ស​បេះដូង​ជាតិ គឺ​គ្រប់គ្រាន់​ហើយ។ ម៉្យាង​វិញ​ទៀត លោក សៀម ភ្លុក ក៏​មិនមែន​ជា​អ្នក​ធ្វើ​ឱ្យ​ខូចខាត​ស្នាម​មេដៃ​នោះ​ដែរ។ អ្នក​ជំនាញ​កិច្ចការ​បោះឆ្នោត​រូប​នេះ ចង់​ឃើញ​តុលាការ​សម្រេច​ក្ដី​លើ​សំណុំរឿង​នេះ​ឡើងវិញ ដើម្បី​ផ្ដល់​យុត្តិធម៌​ដល់​លោក សៀម ភ្លុក និង​អ្នក​ពាក់ព័ន្ធ។

លោក កន សាវាង្ស៖«ក្រសួង​មហាផ្ទៃ​សម្រេច​ត្រឹមតែ​ទទួល​ចុះ​បញ្ជី ឬ​មិន​ទទួល​ចុះ​បញ្ជី​ទេ ហើយ​អាច​បង្ហាញ​ប្រាប់​ថា ចំណុច​ណា ដែល​ជា​ចំណុច​ខ្វះខាត ដើម្បី​អាច​រក​មើល​នីតិវិធី​នៅ​ក្នុង​ការ​បំពេញ​ព័ត៌មាន​ហ្នឹង​បន្ថែម មិន​មាន​ចំណុច​ណា​មួយ ដែល​ចង្អុល​បង្ហាញ​ត្រូវតែ​ប្ដឹង​ទៅ​តុលាការ គឺ​មិន​មាន​ទេ»។

ដូច​គ្នា​នេះ​ដែរ នៅ​ពេល​ឡើង​បំភ្លឺ​តុលាការ​ម្ដងៗ លោក សៀម ភ្លុក ប្រាប់​ទៅ​តុលាការ​ថា លោក​មិន​ដឹង​ថា ស្នាម​មេដៃ ដែល​ប្រមូល​មក​នោះ​មាន​បញ្ហា​នោះ​ឡើយ។ ទោះ​យ៉ាង​ណា​ក្ដី លោក​ថា ដ្បិតតែ​ស្នាមមេដៃ​មួយ​ចំនួន​តូច​មាន​បញ្ហា​ក្ដី តែ​ស្នាមមេដៃ​នៅ​សេសសល់​ជាង​៤ពាន់​ទៀត នៅតែ​គ្រប់គ្រាន់​អាច​ស្នើសុំ​បង្កើត​គណបក្ស​បេះដូង​ជាតិ​បាន​ដដែល។ លោក សៀម ភ្លុក ធ្លាប់​សរសេរ​ចេញ​ពី​ពន្ធនាគារ​ថា លោក​ស្នើ​បង្កើត​គណបក្ស​បេះដូង​ជាតិ ដើម្បី​ចូលរួម​កសាង​កម្ពុជា ឱ្យ​ក្លាយ​ជា​ប្រទេស​ប្រជាធិបតេយ្យ សេរី ពហុបក្ស និង​ការ​គោរព​សិទ្ធិមនុស្ស។ ទោះ​យ៉ាង​ណា​ក្ដី មន្ត្រី​បក្ស​កាន់អំណាច​លោក សុខ ឥសាន ចោទ​ប្រកាន់​ថា លោក សម រង្ស៊ី ជា​អ្នក​នៅ​ពី​ក្រោយ​នៃ​ការ​បង្កើត​គណបក្ស​បេះដូង​ជាតិ​របស់​លោក សៀម ភ្លុក៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។