ឪពុកលោក ស៊ន តារា អះអាងថា លោកជាមនុស្សស្អាតស្អំ និងស្នើសុំតុលាការឱ្យដោះលែងលោកវិញ
2024.12.06
ឪពុកលោក ស៊ន តារា ប្រាប់ទៅតុលាការថាលោកជាមន្រ្តីយោធាស្អាតស្អំ និងស្នើសុំតុលាការឱ្យដោះលែងលោកឱ្យនៅក្រៅឃុំវិញ ខណៈលោកមានជំងឺប្រចាំកាយ ដែលត្រូវព្យាបាលជាប្រចាំ។ សំណើនេះធ្វើឡើងតាមរយៈមេធាវីការពារក្ដី បន្ទាប់ពីសាលាដំបូងកំពង់ស្ពឺ ចេញដីកាចោទប្រកាន់ និងឃុំខ្លួនលោក សុខ ស៊ុនណារ៉េត នៅក្នុងពន្ធនាគារ កាលពីពាក់កណ្តាលខែវិច្ឆិកា។
ឪពុករបស់លោក ស៊ន តារា គឺលោក សុខ ស៊ុនណារ៉េត អះអាងថា កន្លងមក លោកជាមន្ត្រីយោធាម្នាក់ ដែលស្មោះត្រង់ការពារជាតិ ដោយមិនដែលបានប្រព្រឹត្តខុសច្បាប់អ្វីមួយឡើយ។
អ្នកនាំពាក្យសមាគមការពារសិទ្ធិមនុស្សអាដហុកលោក យិន ម៉េងលី ប្រាប់វិទ្យុអាស៊ីសេរីថា មេធាវីការពារក្ដី បានដាក់ពាក្យស្នើសុំសាលាដំបូងខេត្តកំពង់ស្ពឺឱ្យដោះលែងលោក សុខ ស៊ុនណារ៉េត នៅក្រៅឃុំ កាលពីថ្ងៃទី៣ ខែធ្នូ។ លោក យិន ម៉េងលី ដែលតាមឃ្លាំមើលសំណុំរឿងនេះ ឱ្យដឹងថា លោក សុខ ស៊ុនណារ៉េត អះអាងថា គាត់មិនបានរក្សាទុកសារធាតុញៀន ដែលត្រូវបានចោទប្រកាន់នោះទេ។ ផ្ទុយទៅវិញ គាត់ជាអតីតយោធិន ចូលបម្រើការងារជូនជាតិដោយភក្ដីភាព ស្ទើរពេញមួយជីវិត ដោយបន្សល់ទុកនូវស្នាមរបួសរ៉ាំរ៉ៃ បង្កឱ្យឈឺចាប់ត្រង់អង្គញ់ជង្គង់ខាងឆ្វេង ដែលត្រូវបានវះកាត់ចេញនាពេលកន្លងមក និងត្រូវតាមដានពីគ្រូពេទ្យជំនាញរយៈពេលបីខែម្ដង។ លោក យិន ម៉េងលី ឱ្យដឹងថា ចុងក្រោយនេះ លោក សុខ ស៊ុនណារ៉េត ដែលកំពុងជាប់ឃុំកាន់តែចាស់ជរា និងមានជំងឺសន្លាក់ជង្គង់ខាងស្តាំ រលាកថ្លើម និងខ្លាញ់ ត្រូវប្រើថ្នាំពេទ្យតាមវេជ្ជបញ្ជាជាប្រចាំ ស្របពេលប្រពន្ធរបស់គាត់ ដែលជាម្ដាយរបស់លោក ស៊ន តារា ដែលមានជំងឺផ្លូវចិត្ត ជំងឺបេះដូងប្រចាំកាយបានប្រើថ្នាំពេទ្យព្យាបាលជាង ១០ឆ្នាំមកហើយនោះ បច្ចុប្បន្នគាត់កំពុងធ្លាក់ខ្លួនឈឺធ្ងន់ ក្រោយពេលសមត្ថកិច្ចចាប់ប្តីដាក់ពន្ធនាគារ។
លោក យិន ម៉េងលី៖ «បើសិនជនជាប់សង្ស័យបដិសេធបញ្ហាហ្នឹង នឹងធ្វើឱ្យបញ្ហាហ្នឹងមានមន្ទិលសង្ស័យកាន់តែច្រើនទៀតអ៊ីចឹង បានជាយើងទទូចស្នើសុំឱ្យដោះលែងគាត់នៅក្រៅឃុំសិន ហើយចាំបន្តនីតិវិធីទៀតទៅ ហើយបើយើងមើលទៅលើប្រវត្តិជនជាប់សង្ស័យហ្នឹង ស្ទើរពេញមួយជីវិតហើយ ដែលបម្រើជាតិ សាសនានេះ គាត់លះបង់រហូតដល់គាត់ពិការ និងមានជំងឺ»។
ជុំវិញរឿងនេះ អ្នកនាំពាក្យតុលាការខេត្តកំពង់ស្ពឺ លោក ផេង ស៊ីភណ្ឌ មិនទាន់ឆ្លើយតបសំណួររបស់វិទ្យុអាស៊ីសេរី តាមប្រព័ន្ធតេឡេក្រាមនៅឡើយទេ នៅថ្ងៃទី៦ ខែធ្នូ។
កាលពីថ្ងៃទី១៣ ខែវិច្ឆិកា កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានចាប់ខ្លួនលោក សុខ ស៊ុនណារ៉េត អំឡុងពេលមេបញ្ជាការភូមិភាគ៣ បានហៅឱ្យលោកទៅជួប។ តុលាការខេត្តកំពង់ស្ពឺបានចោទប្រកាន់លោក ពាក់ព័ន្ធការរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន និងបញ្ជូនទៅឃុំបណ្ដោះអាសន្ននៅពន្ធនាគារខេត្តនេះ។ ប៉ុន្តែលោក សុខ ស៊ុណារ៉េត បដិសេធការចោទប្រកាន់ ដោយអះអាងថា លោកមិនបានដឹងរឿងនេះតាំងពីដំបូងរហូតដល់ចាប់ខ្លួន និងមិនពាក់ព័ន្ធអង្គហេតុចោទប្រកាន់នោះទេ។ ចំណែកសមត្ថកិច្ចដែលពិនិត្យទឹកនោមលោករកមិនឃើញសារធាតុញៀនឡើយ។
មជ្ឈដ្ឋានទូទៅមើលឃើញករណីនេះថា ជាការធ្វើទុក្ខបុកម្នេញផ្នែកនយោបាយ ដោយចោទប្រធានគណបក្សប្រជាជនកម្ពុជា លោក ហ៊ុន សែន នៅពីក្រោយវិធីស្មោកគ្រោកប្រឌិតរឿង ចាប់ឪពុករបស់លោក ស៊ន តារា ធ្វើជាចំណាប់ខ្មាំង ដើម្បីឱ្យលោក ស៊ន តារា ឈប់និយាយពីបញ្ហាសង្គម និងភាពអសកម្មក្រោមការដឹកនាំរបស់រដ្ឋាភិបាលត្រកូល ហ៊ុន។
លោក យិន ម៉េងលី មានប្រសាសន៍ថា បើតាមអង្គហេតុ ប្រវត្តិរបស់ជនជាប់ចោទដែលជាមន្រ្តីយោធាចូលនិវត្តន៍ម្នាក់ស្លូតត្រង់ គោរពច្បាប់ ធ្លាប់មានគុណបំណាច់លះបង់ ដើម្បីការពារប្រទេសជាតិ។ ចំណែកស្ថានភាពបច្ចុប្បន្នវិញ គាត់មានគ្រួសារនិងទីលំនៅត្រឹមត្រូវ និងសន្យាអនុវត្តគ្រប់នីតិវិធីរបស់តុលាការ ខណៈគាត់ជាជនពិការមានជំងឺ ដែលត្រូវការព្យាបាលពីគ្រូពេទ្យជាចាំបាច់ទៀតនោះ សាលាដំបូងខេត្តកំពង់ស្ពឺគួរតែអនុញ្ញាតឱ្យលោក សុខ ស៊ុនណារ៉ា បាននៅក្រៅឃុំតាមពាក្យស្នើសុំរបស់មេធាវី បន្ទាប់មកបើកការស៊ើបអង្កេតស្វែងរកការពិតក្នុងរឿងនេះ។ មន្ត្រីសិទ្ធិមនុស្សរូបនេះយល់ថា ការបន្តឪពុករបស់លោក ស៊ន តារា នៅក្នុងពន្ធនាគារតទៀត មិនមានប្រយោជន៍អ្វីដល់សង្គមនោះទេ ផ្ទុយសាធារណជនទូទៅនឹងបន្តរិះគន់ និងចាត់ទុកក្ដីក្ដាំនេះថា ជាការគាបសង្កត់ផ្នែកនយោបាយ។
លោក យិន ម៉េងលី៖ «យើងនៅតែយល់ឃើញថាអង្គហេតុនៅក្នុងរឿងនេះ វាមានពាក់ព័ន្ធច្រើនលើបញ្ហារឿងនយោបាយច្រើនជាងផ្លូវច្បាប់ ដោយសារតែលោក ស៊ន តារា ជាអ្នកណា? លោក ស៊ន តារា ធ្លាប់ទទួលរងអ្វីខ្លះ? ហើយឪពុករបស់លោក ស៊ន តារា ធ្លាប់ចេញវីដេអូបដិសេធ (រឿងបញ្ហាជាមួយកូន) ហើយការចាប់ខ្លួននេះ ស្របពេលដែលគាត់ធ្វើដំណើរទៅជួបមេបញ្ជាការ ហេតុអ្វីគាត់ត្រូវយកលាក់សារធាតុញៀននៅក្នុងឡានរបស់គាត់ នេះជាមន្ទិលសង្ស័យក្នុងបញ្ហានេះដដែល ហើយយើងស្នើសុំតុលាការអនុញ្ញាតឱ្យគាត់បាននៅក្រៅឃុំបណ្ដោះអាសន្ន ហើយអាចទម្លាក់ការចោទប្រកាន់ទៅលើគាត់ឱ្យមានសេរីភាពឡើងវិញ»។
លោក សុខ ស៊ុនណារ៉េត អាយុ ៦៦ឆ្នាំ ធ្លាប់ជាទាហានសឹករងខេត្តកំពង់ស្ពឺ និងធ្លាប់មានតួនាទីជានាយរងសេនាធិការ និងបានចូលនិវត្តន៍នៅឆ្នាំ២០២២។ កន្លងមកដោយសារលោក ហ៊ុន សែន អូសទាញលោក ស៊ន តារា ឱ្យផ្ដាច់ខ្លួនចេញពីបក្សប្រឆាំងមិនបានដូចបំណង លោក ហ៊ុន សែន បានបង្ខំឱ្យឪពុករបស់លោក ស៊ន តារា កាត់កាល់កូនប្រុសចោល និងព្រមានថាបើឪពុកម្តាយប្រដៅលោក ស៊ន តារា មិនបានទេ លោកនឹងដកតំណែងសាច់ញាតិរបស់លោក ស៊ន តារា ធ្វើការនៅក្នុងជួររដ្ឋចោលទាំងអស់។
ក្រោយពេល អាជ្ញាធរត្រកូល ហ៊ុន បានចាប់ខ្លួនឪពុកដាក់ពន្ធនាគារមក លោក ស៊ន តារា បានផ្អាកអត្ថាធិប្បាយរឿងបញ្ហានយោបាយ និងសង្គមនៅលើហ្វេសប៊ុកផ្ទាល់ខ្លួន។ ប៉ុន្តែលោក ស៊ន តារា បង្ហោះសាររៀបរាប់ពីការតស៊ូរបស់ឪពុក ដែលយកជីវិតជាទុនការពារជាតិ ដោយស្មោះត្រង់នៅលើសមភូមិសង្គ្រាម ព្រមទាំងបង្ហាញពីទុក្ខក្រៀមក្រំរបស់គ្រួសារលោក ក្រោយពេលសមត្ថកិច្ចចាប់ឪពុកដាក់ពន្ធនាគារទាំងអយុត្តិធម៌។
មន្ត្រីគណបក្សប្រឆាំង អង្គការសិទ្ធិមនុស្សអន្តរជាតិថ្កោលទោស និងចាត់ទុកករណីនេះថា ជាអំពើឧក្រិដ្ឋគាបសង្កត់ឆ្លងដែន ហើយទាមទារឱ្យរដ្ឋាភិបាលដោះលែងលោក សុខ ស៊ុនណារ៉េត ឱ្យមានសេរីភាពឡើងវិញ ដោយឥតលក្ខខណ្ឌ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។