ក្រុមមេធាវីការពារក្តីឱ្យលោក កឹម សុខា ដាក់ពាក្យស្នើសុំលើកលែងការចោទប្រកាន់ទៅចៅក្រមស៊ើបសួរតុលាការក្រុងភ្នំពេញ បន្ទាប់ពីចៅក្រមបានប្រកាសបិទបញ្ចប់នីតិវិធីស៊ើបអង្កេតសំណុំរឿងនេះកាលពីថ្ងៃទី១៥ វិច្ឆិកាកន្លងទៅ។ មន្ត្រីសិទ្ធិមនុស្សយល់ថា លោក កឹម សុខា ទំនងជាមិនអាចរួចខ្លួននៅដំណាក់កាលស៊ើបសួរបានទេ ព្រោះលោក ហ៊ុន សែន បានប្រកាសទុកជាមុនហើយថា សំណុំរឿងនេះត្រូវបន្តទៅមុខទៀត។
ក្រុមមេធាវីស្នើសុំឱ្យចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ ទម្លាក់ចោលបទចោទប្រកាន់លើលោក កឹម សុខា ទាំងស្រុង និងជាស្ថាពរ ដើម្បីឱ្យប្រធានគណបក្សសង្គ្រោះជាតិរូបនេះ មានសិទ្ធិសេរីភាពពេញលេញឡើងវិញ។
ពាក្យស្នើសុំលើកលែងការចោទប្រកាន់របស់ក្រុមមេធាវីលោក កឹម សុខា ដែលអាស៊ីសេរីទទួលបាននៅថ្ងៃទី១៩ វិច្ឆិកា បង្ហាញថា ក្រុមមេធាវីបានលើកយកទាំងអង្គហេតុ និងអង្គច្បាប់ មកធ្វើជាមូលដ្ឋានដាក់ជូនទៅចៅក្រមស៊ើបសួរ។
អំពីអង្គហេតុ ក្រុមមេធាវីលោក កឹម សុខា បានលើកឡើងថា ចៅក្រមស៊ើបសួរបានប្រើរយៈពេលជាង ២ឆ្នាំក្នុងការស៊ើបអង្កេតរឿងក្តីនេះ លើសពីការកំណត់ក្នុងក្រមនីតិវិធីព្រហ្មទណ្ឌដែលការស៊ើបអង្កេតសរុបត្រូវប្រើពេលត្រឹម១៨ ខែប៉ុណ្ណោះ ហើយការស៊ើបអង្កេតទៀតសោតក៏មិនបានរកឃើញមានរដ្ឋបរទេស ឬជនបរទេស ឬអ្នកសមគំនិត ដូចការចោទប្រកាន់របស់តំណាងអយ្យការនោះដែរ។ ក្រុមមេធាវីថ្លែងទៀតថា លោក កឹម សុខា ជាអ្នកនយោបាយដែលតម្កល់ផលប្រយោជន៍ជាតិ និងប្រជាពលរដ្ឋខ្មែរជាធំ និងប្រកាន់ខ្ជាប់គោលការណ៍អហិង្សា នីតិរដ្ឋ ប្រជាធិបតេយ្យ និងគោរពរដ្ឋធម្មនុញ្ញ ជាពិសេសលោកតែងមានការអត់ធ្មត់ ទោះបីជាលោកកំពុងបាត់បង់សិទ្ធិនយោបាយ និងសេរីភាពក៏ដោយ។ ម្យ៉ាងវិញទៀត ក្រុមមេធាវីថា ការលើកលែងបទចោទប្រកាន់លើលោក កឹម សុខា និងផ្តល់សេរីភាពពេញលេញឡើងវិញដល់រូបលោក គឺជាការរួមចំណែកបង្រួបបង្រួមជាតិ ផ្សះផ្សាជាតិ និងផ្តល់ឱកាសឱ្យអ្នកនយោបាយជជែកគ្នា ដើម្បីប្រយោជន៍ជាតិ និងកិត្តិយសរវាងខ្មែរ និងខ្មែរផងដែរ។
ទាក់ទងនឹងអង្គច្បាប់វិញ ក្រុមមេធាវីលោក កឹម សុខា បានលើកយកមាត្រាច្បាប់មួយចំនួនមកធ្វើជាមូលដ្ឋាន ក្នុងនោះ រួមមាន មាត្រា៣៨ នៃរដ្ឋធម្មនុញ្ញ ដែលចែងថា "វិមតិសង្ស័យត្រូវបានជាប្រយោជន៍ដល់ជនជាប់ចោទ" និងមាត្រា៤ នៃក្រមព្រហ្មទណ្ឌដែលចែងថា "ពុំមានបទល្មើសទេ ប្រសិនបើគ្មានចេតនាប្រព្រឹត្ត" ហើយយោងតាមក្រមនីតិវិធីព្រហ្មទណ្ឌ ចៅក្រមស៊ើបសួរអាចសម្រេចលើកលែងការចោទប្រកាន់បានដោយឯកឯង។
ក្រុមមេធាវី លោក កឹម សុខា អះអាងថា តាមគោលការណ៍ច្បាប់ ការផ្តន្ទាទោសជនណាម្នាក់ ត្រូវផ្អែកលើធាតុផ្សំនៃបទល្មើសចាំបាច់ចំនួន៣ គឺធាតុច្បាប់ អំពើប្រព្រឹត្ត និងចេតនាប្រព្រឹត្ត ហើយបើខ្វះធាតុផ្សំណាមួយ គឺមិនអាចផ្តន្ទាទោសបានឡើយ។ ក៏ប៉ុន្តែសំណុំរឿងលោក កឹម សុខា នេះ ក្រុមមេធាវីពិនិត្យឃើញថា ខ្វះធាតុផ្សំពីរសំខាន់ គឺអំពើប្រព្រឹត្ត និងចេតនាប្រព្រឹត្ត។ ក្រុមមេធាវីបកស្រាយថា បើស្តាប់ពីគោលបំណងនៃការសំណេះសំណាលរបស់លោក កឹម ជាមួយក្រុមអ្នកគាំទ្រនៅប្រទេសអូស្ត្រាលីនោះ លោកគ្មានចេតនាប្រព្រឹត្តហិង្សាឡើយ ហើយការសន្និដ្ឋានរបស់សមត្ថកិច្ចថា មានបទល្មើសចាប់ពីពេលសង្ស័យ និងរហូតដល់ថ្ងៃចាប់ខ្លួនលោក កឹម សុខា ក៏មិនឃើញមានអំពើប្រព្រឹត្តស្តែងចេញមកដែរ។ ក្រៅពីនេះ គ្មានជនបរទេសណាម្នាក់ទទួលខុសត្រូវថា បានត្រូវរ៉ូវគ្នាជាមួយលោក កឹម សុខា ឡើយ ហើយមេបក្សប្រឆាំងរូបនេះ ក៏បានបដិសេធបទចោទ និងអង្គហេតុទាំងនោះរួចហើយដែរ។
ហេតុដូច្នេះ ផ្អែកតាមអង្គហេតុ និងអង្គច្បាប់ ក្រុមមេធាវីអះអាងថា តុលាការមិនអាចចោទប្រកាន់ ឬផ្តន្ទាទោសលោក កឹម សុខា ពីបទសន្ទិដ្ឋិភាពជាមួយបរទេសបានទេ ហើយចៅក្រមស៊ើបសួរត្រូវតែសម្រេចលើកលែងការចោទប្រកាន់លើលោក កឹម សុខា។
អាស៊ីសេរីមិនអាចទាក់ទងចៅក្រមស៊ើបសួរតុលាការក្រុងភ្នំពេញ លោក គី ឫទ្ធី ដើម្បីសុំការអត្ថាធិប្បាយរឿងនេះបានទេ គិតត្រឹមម៉ោងផ្សាយនេះ។
ទោះជាយ៉ាងណា នៅមុននេះមួយថ្ងៃ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសថា តុលាការនឹងមិនទមា្លក់ចោលបទចោទប្រកាន់លើលោក កឹម សុខា ឡើយ ហើយសំណុំរឿងនេះត្រូវប្រើរយៈពេលវែងតទៅទៀត។ លោកបានសន្មតទុកជាមុនថា ចៅក្រមនឹងបញ្ជូនសំណុំរឿងនេះទៅជំនុំជម្រះ៖ «លើកលែងការចោទប្រកាន់ ក៏អត់ទេ។ អាហ្នឹង គឺរឿងតុលាការគេចោទប្រកាន់រួចទៅហើយតើ ហើយសមត្ថកិច្ចរបស់តុលាការមិនដឹងកាត់ពេលណា អីពេលណា ? គេគ្រាន់តែបិទការស៊ើបអង្កេតដើម្បីបញ្ជូនទៅជម្រះ តែរឿងជម្រះពេលណា គឺជារឿងរបស់តុលាការ។ យើងអត់មានសិទ្ធិទៅជ្រៀតជ្រែកទេ»។
អ្នកនាំពាក្យសមាគមអាដហុក (ADHOC) លោក ស៊ឹង សែនករុណា ថ្លែងថា ការដាក់ពាក្យស្នើសុំលើកលែងការចោទប្រកាន់ទៅចៅក្រមស៊ើបសួរនេះ គឺជាការបំពេញទៅតាមវិជ្ជាជីវៈរបស់មេធាវី ប៉ុន្តែលោកយល់ថា អន្តរាគមន៍នេះទំនងជាគ្មានប្រសិទ្ធភាពឡើយ ព្រោះករណីលោក កឹម សុខា គឺជារឿងនយោបាយ ដែលតម្រូវឱ្យមានដំណោះស្រាយនយោបាយជាមុនសិន។ ម្យ៉ាងវិញទៀត លោកថា ការស្នើសុំនេះអាចនឹងមិនមានប្រសិទ្ធិភាព ដោយសារតែលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានចេញមុខប្រកាសជាសាធារណៈរួចទៅហើយថា សំណុំរឿងនេះត្រូវតែលើកយកទៅជំនុំជម្រះ ដូច្នេះចង់ ឬមិនចង់ ចៅក្រមត្រូវតែអនុវត្តទៅតាមបទបញ្ជានោះ៖ «អត់មានការសម្របសម្រួលពីរឿងបញ្ហានយោបាយទេ ខ្ញុំគិតថា មិនមានឥទ្ធិពលអ្វីដើម្បីធ្វើឱ្យរឿងហ្នឹងទៅតាមការស្នើសុំអ៊ីចឹងបានទេ ព្រោះអាហ្នឹងតាំងពីដើមមក យើងបានចាត់ទុកថា វាជាជម្លោះនៃនយោបាយ។ វាទាល់តែមានការសម្បទាន និងសម្របសម្រួលដំណោះស្រាយនយោបាយ អាហ្នឹងទើបអាចធ្វើទៅបាន»។
កាលពីពេលថ្មីៗនេះ តុលាការក្រុងភ្នំពេញបានកែប្រែលក្ខខណ្ឌឱ្យលោក កឹម សុខា មានសេរីភាពដើរហើរក្នុងរង្វង់ដែនដីខ្មែរ ប៉ុន្តែហាមឃាត់សកម្មភាពនយោបាយ និងតម្រូវឱ្យលោកឆ្លើយតបចំពោះការកោះហៅពីគ្រប់សមត្ថកិច្ច។ ទោះជាយ៉ាងណា នៅមុនការសម្រេចនេះ លោក កឹម សុខា បានជាប់ឃុំអស់រយៈពេលជាង២ ឆ្នាំមកហើយ ទាំងការជាប់ឃុំក្នុងពន្ធនាគារ និងជាប់ឃុំក្នុងផ្ទះ។
ប្រធានគណបក្សសង្គ្រោះជាតិ លោក កឹម សុខា បានបង្ហោះសារលើបណ្តាញសង្គមហ្វេសប៊ុក (Facebook) ទាមទារឱ្យអាជ្ញាធរទម្លាក់ចោលការចោទប្រកាន់លើរូបលោក ដោយសារលោកជាបុគ្គលស្អាតស្អំ។ លោកសង្កត់ធ្ងន់ថា លោក និងពលរដ្ឋដទៃទៀតដែលបាត់បង់សិទ្ធិសេរីភាពនយោបាយ ត្រូវការដំណោះស្រាយ និងយុត្តិធម៌ពិតប្រាកដ។
តំណាងរដ្ឋាភិបាលប្រទេសប្រជាធិបតេយ្យជាច្រើន ដូចជា សហរដ្ឋអាមេរិក អឺរ៉ុប បារាំង អង់គ្លេស អាល្លឺម៉ង់ និងជប៉ុន ជាដើម បានបណ្តាក់គ្នាទៅជួបសួរសុខទុក្ខលោក កឹម សុខា ដល់គេហដ្ឋានរបស់លោក នៅឯខណ្ឌទួលគោក រាជធានីភ្នំពេញ។ ក្រុមប្រទេសទាំងនោះ បូករួមទាំងអង្គការសហប្រជាជាតិ និងអង្គការអន្តរជាតិមួយចំនួនទៀតផង សុទ្ធតែទាមទារឱ្យរបបក្រុងភ្នំពេញទម្លាក់ចោលបទចោទប្រកាន់បែបប្រឌិត និងមានចរិតនយោបាយប្រឆាំងលោក កឹម សុខា និងផ្តល់សិទ្ធិសេរីភាពផ្នែកនយោបាយដល់រូបលោកវិញ។
ទោះជាយ៉ាងណា អ្នកវិភាគនយោបាយចាស់វស្សា បណ្ឌិត ឡៅ ម៉ុងហៃ មើលឃើញថា ជោគវាសនារបស់មេបក្សប្រឆាំងដ៏មានថ្វីមាត់រូបនេះ ស្ថិតក្នុងកណ្តាប់ដៃរបស់លោក ហ៊ុន សែន ពោលគឺ បើលោក ហ៊ុន សែន សប្បាយចិត្តលោក កឹម សុខា នឹងបានរួចខ្លួនឆាប់ៗ ប៉ុន្តែបើគាត់មិនសប្បាយចិត្តទេ លោក កឹម សុខា នឹងបន្តគ្មានសិទ្ធិសេរីភាពពេញលេញតទៅទៀត៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។