អ្នកឃ្លាំមើលជំរុញឱ្យគ្រួសារលោក លិម គិមយ៉ា និងអ្នកប្រជាធិបតេយ្យប្រឹងស្វែងរកកិច្ចអន្តរាគមន៍ពីរដ្ឋាភិបាល
2025.02.03

អ្នកច្បាប់និងបក្សប្រឆាំងលើកឡើងថា ក្រុមគ្រួសារ និងអ្នកប្រជាធិបតេយ្យត្រូវធ្វើសកម្មភាពឱ្យសកម្ម ដើម្បីជំរុញរដ្ឋាភិបាលបារាំងឱ្យយកចិត្តទុកដាក់ថែមទៀត ក្នុងការស៊ើបអង្កេតរកយុត្តិធម៌ជូនលោក លិម គិមយ៉ា។ ការជំរុញនេះធ្វើ ឡើងបន្ទាប់ពីលោកប្រុសលោក លិម គិមយ៉ា លើកឡើងថា ការស៊ើបអង្កេតលើឃាតកម្មឪពុករបស់លោកហាក់នៅជាប់គាំង ខណៈរដ្ឋាភិបាលលោក ហ៊ុន ម៉ាណែត មិនព្រមចាប់បញ្ជូនជនសង្ស័យជាជនជាតិខ្មែរពីរនាក់ ទៅឱ្យតុលាការថៃ។
អ្នកច្បាប់ និងមន្ត្រីបក្សប្រឆាំងលើកឡើងថា ចំណុចគន្លឹះនៃការស្វែងរកយុត្តិធម៌ ជូនលោក លិម គិមយ៉ា គឺស្ថិតនៅលើការប្រឹងប្រែងរបស់អាជ្ញាធរ និងតុលាការបារាំង ពីព្រោះលោក លិម គិមយ៉ា និងគ្រួសាររបស់គាត់ជាពលរដ្ឋបារាំង។
អ្នកជំនាញច្បាប់ និងអភិបាលកិច្ចបែបប្រជាធិបតេយ្យលោក វ៉ន ចាន់ឡូត ប្រាប់វិទ្យុអាស៊ីសេរីនៅថ្ងៃទី០២ ខែកុម្ភៈថា ខណៈខ្មាន់កាំភ្លើងជនជាតិថៃឈ្មោះ អេកាឡាក់ ផែណយ (Ekkalak Phaenoi) កំពុងស្ថិតក្នុងចំណាត់ការបន្តនីតិវិធីរបស់តុលាការថៃ រដ្ឋាភិបាលលោក ហ៊ុន ម៉ាណែត មិនទាន់បានបង្ហាញព័ត៌មានទាក់ទងនឹងជនសង្ស័យជាជនជាតិខ្មែរពីរនាក់ គឺលោក ពេជ្រ គឹមស្រ៊ិន និងលោក លី រតនរស្មី នៅឡើយទេ។ លោកបានហៅស្ថានភាពនេះថា ជាឃាតកម្មនយោបាយ។
លោក វ៉ន ចាន់ឡូត ថា រដ្ឋាភិបាលលោក ហ៊ុន ម៉ាណែត បង្ហាញឥរិយាបថមិនអើពើ ក្នុងការតាមចាប់ជនសង្ស័យទាំងពីរនាក់ ទៅឱ្យតុលាការថៃ ដើម្បីអនុវត្ត ដំណើរការក្ដី។ លោកអះអាងថា ឥរិយាបថរបស់លោក ហ៊ុន ម៉ាណែត មានគោលដៅបិទបាំងការពាក់ព័ន្ធណាមួយ របស់អ្នកមានឥទ្ធិពលនៅកម្ពុជា ដែលនៅពី ក្រោយផែនការសម្លាប់លោក លិម គិមយ៉ា។ ដូច្នេះលោកថា គ្រួសារជនរងគ្រោះ ពិបាករំពឹងលើឆន្ទៈរបស់រដ្ឋាភិបាលលោក ហ៊ុន ម៉ាណែត គឺមានតែជំរុញឱ្យមាន អន្តរាគមន៍ថែមទៀតពីភាគីបារាំង។
លោក វ៉ន ចាន់ឡូត៖ «វាលើកលែងតែមានការស្នើឬការជំរុញយ៉ាងខ្លាំង ពីតុលាការក៏ដូចជា អាជ្ញាធរបារាំង ឱ្យធ្វើការសហការជាមួយអាជ្ញាធរថៃ ឬមួយតុលាការថៃ ទើបអាចសង្ឃឹមថា ឃាតករទាំងពីរត្រូវបានចាប់ខ្លួន ហើយបន្តនីតិវិធី»។
លោក វ៉ន ចាន់ឡូត ថា ដើម្បីអាចរកយុត្តិធម៌ឱ្យបានកម្រិតខ្ពស់បំផុតជូនលោក លិម គិមយ៉ា គឺទាល់តែក្រុមគ្រួសារ សាច់ញាតិ មិត្តភក្ដិ និងប្រជាធិបតេយ្យជារួម បង្កើនសកម្មភាពបន្ថែមទៀត ទាំងតាមក្របខណ្ឌរដ្ឋបាលបារាំង រួមទាំងការចេញទាមទារជាសាធារណៈឱ្យភាគីបារាំង យកចិត្តទុកដាក់ជំរុញទៅភាគីថៃ និងកម្ពុជា លើករណីពាក់ព័ន្ធនានា ក្នុងដំណើរការរឿងក្ដី ជាពិសេសការចាប់បញ្ជូនលោក ពេជ្រ គឹមស្រ៊ិន និងលោក លី រតនរស្មី ទៅឱ្យតុលាការថៃ។
លោក វ៉ន ចាន់ឡូត៖ «អាចធ្វើការទាមទារជាសាធារណៈ រួមមានតែការធ្វើបាតុកម្មនៅមុខទូតខ្មែរ ធ្វើបាតុកម្មនៅទីសាធារណៈនៅក្នុងប្រទេសបារាំង។ ដោយឡែកជារួមនៅលើពិភពលោក ខ្ញុំយល់ថា ក៏ជាសម្ពាធមួយ ដែលនឹងធ្វើឱ្យប្រទេសថៃ ត្រូវតែលាងជម្រះបញ្ហាឃាតកម្ម ដែលកើតឡើងនៅទឹកដីរបស់ខ្លួន ក៏ដូចជា ត្រូវហ៊ានបង្ហាញប្រព័ន្ធតុលាការថៃជាប្រព័ន្ធតុលាការ ដែលមិនចំណុះឱ្យអំណាចនយោបាយដូចទៅនឹងតុលាការកម្ពុជា»។
ការជំរុញនេះ ធ្វើឡើងបន្ទាប់ពីកូនប្រុសពៅរបស់លោក លិម គិមយ៉ា គឺលោក លិម តូម៉ាស៍ ប្រាប់វិទ្យុបារាំងអន្តរជាតិថា ការស៊ើបអង្កេតករណីឃាតកម្មលើឪពុក របស់លោក ហាក់ដូចជានៅទ្រឹង ពីព្រោះរដ្ឋាភិបាលលោក ហ៊ុន ម៉ាណែត គ្រាន់តែចាប់ខ្លួនខ្មាន់កាំភ្លើងជនជាតិថៃទៅឱ្យភាគីថៃ ប៉ុន្តែមិនបានចាប់ខ្លួនជនសង្ស័យជាជនជាតិខ្មែរពីរនាក់ទៀត តាមដីការបស់តុលាការព្រហ្មទណ្ឌថៃឡើយ។
អត្ថបទទាក់ទងនឹងរឿងឃាតកម្មលើលោក លិម គិមយ៉ា៖
លោក ហ៊ុន ម៉ាណែត ច្រានចោលការពាត់ព័ន្ធក្នុងឃាតកម្មលើលោក លិម គិមយ៉ា
តុលាការបារាំងបានសាកសួរភរិយាលោក លិម គិមយ៉ា អំពីករណីឃាតកម្មលើលោក លិម គិមយ៉ា
ខ្មាន់កាំភ្លើងបង្ហាញអត្តសញ្ញាណអ្នកបញ្ជាឱ្យបាញ់សម្លាប់លោក លិម គិមយ៉ា
វិទ្យុអាស៊ីសេរីមិនអាចទាក់ទង ពីអ្នកនាំពាក្យរងក្រសួងមហាផ្ទៃលោក ទូច សុឃៈ និងអ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិលោក ឆាយ គឹមខឿន បានទេ នៅថ្ងៃទី២ ខែកុម្ភៈ ជុំវិញដំណើរការចាប់ខ្លួនជនសង្ស័យជាជនជាតិខ្មែរពីរនាក់។
អតីតតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិលោក អ៊ុំ សំអាន ប្រាប់វិទ្យុអាស៊ីសេរីនៅថ្ងៃទី២ ខែកុម្ភៈ ថាក្រុមគ្រួសារលោក លិម គិមយ៉ា និងអ្នកស្រឡាញ់យុត្តិធម៌ទូទៅ មិនត្រូវស្ងៀមស្ងាត់ នឹងការជាប់គាំងនៃដំណើរការក្ដីលោក លិម គិមយ៉ា ឡើយ ពីព្រោះលោកថា បើមិនអាចរកយុត្តិធម៌ជូនលោក លិម គិមយ៉ា បានទេ នោះនឹងកាន់តែរីករាលដាលអំពីឃាតកម្មនយោបាយទាំងនៅកម្ពុជា និងនៅក្រៅប្រទេស ដែលពាក់ព័ន្ធនឹងរដ្ឋាភិបាលត្រកូលហ៊ុន។ លោកថា គ្រួសារលោក លិម គិមយ៉ា និងអ្នកប្រជាធិបតេយ្យ ត្រូវសួរបញ្ជាក់ឱ្យបានច្បាស់ពីសមត្ថកិច្ច និង តុលាការបារាំង ហើយរកវិធីជំរុញឱ្យតុលាការបារាំង ចេញដីកាបន្ថែមទៀត ក្នុងការតាមចាប់ខ្លួនជនសង្ស័យខ្មែរទាំងពីរនាក់ ទៅឱ្យតុលាការថៃធ្វើដំណើរការក្ដី។
លោក អ៊ុំ សំអាន៖ «ជំរុញការពន្លឿនទៅដល់តុលាការបារាំងឱ្យដំណើរការរឿងហ្នឹង។ មួយទៀត ជំរុញឱ្យរដ្ឋាភិបាល ដែលដាក់ពាក្យបណ្ដឹងទៅតុលាការបារាំងឱ្យពន្លឿនសំណុំរឿងនៅតុលាការបារាំង ពីព្រោះបើតាមខ្ញុំយល់ថា មានតែបារាំងនោះទេ ដែលមិនទទួលឥទ្ធិពលនយោបាយ។ អ្នកនយោបាយមិនអាចជ្រៀងជ្រែកកិច្ចការរបស់តុលាការបានទេ តុលាការឯករាជ្យ គេអាចចេញដីកាចាប់ខ្លួន អ្នកនៅពីក្រោយខ្នងឃាតកម្មជាពិសេស ពេជ្រ គឹមស្រ៊ិន លី រតនរស្មី ហើយនិងលោក ហ៊ុន សែន ជាអ្នកពាក់ព័ន្ធនៅពីក្រោយឃាតកម្មហ្នឹង»។
លោក លិម គិមយ៉ា អតីតតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ មណ្ឌលកំពង់ធំ ត្រូវបានខ្មាន់កាំភ្លើង បាញ់សម្លាប់នៅទីក្រុងបាងកក កាលពីថ្ងៃទី៧ ខែមករា ឆ្នាំ២០២៥ ក្នុងពេលលោកធ្វើដំណើរពីខែត្រសៀមរាបមកទីក្រុងបាងកកតាមរថយន្តក្រុងជាមួយភរិយារបស់លោក។
មកដល់ពេលនេះ សមត្ថកិច្ចថៃបានបង្ហាញមុខបុគ្គលពាក់ព័ន្ធ ៤នាក់ ក្នុងអំពើឃាតកម្មសម្លាប់លោក លិម គិមយ៉ា។ បុគ្គលទាំង៤នាក់ រួមមានខ្មាន់កាំភ្លើងជនជាតិថៃឈ្មោះ អេកាឡាក់ ផែណយ អ្នកបើកឡានជនជាតិថៃឈ្មោះ ឆាឃីត ប៊ួប្លី (Chakit Buaplee) ដែលបានដឹកខ្មាន់កាំភ្លើងគេចខ្លួនចូលទឹកដីកម្ពុជា អ្នកឱ្យតម្រុយជាជនជាតិខ្មែរឈ្មោះពេជ្រ គឹមស្រ៊ិន និងជនជាតិខ្មែរម្នាក់ទៀត ជាទីប្រឹក្សាលោក ហ៊ុន សែន គឺលោក លី រតនរស្មី ដែលជាប់ចោទជាអ្នកបញ្ជាខ្មាន់កាំភ្លើង ឱ្យបាញ់សម្លាប់លោក លិម គិមយ៉ា។
ជនជាតិខ្មែរលោក ពេជ្រ គឹមស្រ៊ិន និងលោក លី រតនរស្មី ត្រូវបានតុលាការព្រហ្មទណ្ឌថៃ ចេញដីកាចាប់ខ្លួនរួចហើយ ប៉ូលិសអន្តរជាតិអាំងទែប៉ូលចេញនិវេទន៍ក្រហមស្វែងរកចាប់ខ្លួនដែរ។ ប៉ុន្តែអស់រយៈពេលជិតមួយខែទៅហើយ រដ្ឋាភិបាលលោក ហ៊ុន ម៉ាណែត នៅមិនទាន់បានបង្ហាញប្រតិបត្តិការតាមចាប់ជនសង្ស័យទាំងពីរនាក់ បញ្ជូនឱ្យតុលាការថៃអនុវត្តដំណើរការក្ដីឡើយ។
ដោយឡែកសពលោក លិម គិមយ៉ា ត្រូវបានបញ្ជូនពីទីក្រុងបាងកក ប្រទេសថៃ ទៅដល់ទីក្រុងប៉ារីស៍ ប្រទេសបារាំង កាលពីថ្ងៃទី២៧ ខែមករា ដោយមានកិច្ចសហការរវាងស្ថានទូតបារាំងនៅទីក្រុងបាងកក និងអាជ្ញាធរថៃ។ ក្រុមគ្រួសាររបស់លោក លិម គិមយ៉ា បានរៀបចំពិធីបញ្ចុះសពលោកនៅថ្ងៃទី៣ ខែកុម្ភៈ នៅសង្កាត់ គ្រេតី (Gretiel) ជាយក្រុងប៉ារីស។
ក្នុងជំនួបជាមួយរដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ លោក ប្រាក់ សុខុន កាលពី ថ្ងៃទី២៣ ខែមករា ឯកអគ្គរដ្ឋទូតបារាំងលោក ហ្សាក់ ប៉ឺឡេ បានរំលឹកប្រាប់លោក លោក ប្រាក់ សុខុន ថា ប្រទេសបារាំង កំពុងតាមដានយ៉ាង យកចិត្តទុកដាក់ លើការស៊ើបអង្កេតស្ដីពីឃាតកម្មលើលោក លិម គិម យ៉ា ដែលជាពលរដ្ឋបារាំង និងជាសមាជិកបក្សប្រឆាំងកម្ពុជា៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។