អាជ្ញាធរមូលដ្ឋាននៅស្រុកបាណន់ ខេត្តបាត់ដំបង នៅតែមិនព្រមចុះហត្ថលេខាលើឯកសារប្ដូរសមាសភាពជំទប់ទី២ ឱ្យមន្ត្រីគណបក្សភ្លើងទៀន បើទោះបីជាគណបក្សនេះបានស្នើសុំអស់រយៈពេលជាងមួយខែហើយក្ដី។ មន្ត្រីគណបក្សភ្លើងទៀនចាត់ទុករឿងនេះថា ជាចេតនារាំងខ្ទប់ការផ្លាស់ប្ដូរសមាសភាពជំទប់ទី២ ដើម្បីកេងចំណេញផ្នែកនយោបាយ។
មន្ត្រីគណបក្សភ្លើងទៀនស្រុកបាណន់ព្រួយបារម្ភខ្លាចប្ដូរសមាសភាពជំទប់ទី២ ឃុំស្នឹងមិនទាន់ចូលរួមបោះឆ្នោតជ្រើសតាំងព្រឹទ្ធសភា នៅក្នុងខែកុម្ភៈ ឆ្នាំ២០២៤ខាងមុខ។
ប្រធានប្រតិបត្តិគណបក្សភ្លើងទៀនស្រុកបាណន់លោក កែវ សុវណ្ណារិទ្ធ ប្រាប់វិទ្យុអាស៊ីសេរីនៅថ្ងៃទី៤ តុលា ថា មេឃុំស្នឹងមកពីគណបក្សប្រជាជនកម្ពុជា និងអភិបាលស្រុកបាណន់បង្កភាពស្មុគស្មាញក្នុងការសុំប្ដូរសមាសភាពជំទប់ទី២ ឃុំស្នឹងអស់រយៈពេលជាងមួយខែមកហើយ។ លោកបញ្ជាក់ថា កាលពីថ្ងៃទី២ តុលា លោកបានប្ដឹងទៅអភិបាលស្រុកបាណន់គឺលោក ស្រេង ស្រៀង ដើម្បីឱ្យជួយអន្តរាគមន៍ទៅមេឃុំស្នឹងឱ្យចុះហត្ថលេខាប្ដូរសមាសភាពជំទប់ទី២ បក្សភ្លើងទៀន ក៏ប៉ុន្តែអភិបាលស្រុករូបនេះមិនព្រមដោះស្រាយជូនលោកឡើយ។
លោក ស្រេង ស្រៀង៖ «ដូចគ្នាចេតនាឱ្យផ្លាស់ប្ដូរសោះដោយសារលោក ឌី វ៉ិត នឹងដូចស្ដាប់តែមេឃុំអីចឹងទៅ ការងារគេដាក់ឱ្យគាត់ធ្វើទៅ។ អីចឹងគាត់ប្រហែលជាកាន់ជើងវាពាក់ព័ន្ធនឹងការបោះឆ្នោតអសកលខាងមុខ គេត្រូវការជួញដូរ។ ហើយកន្លងមកលឺថា គាត់យកលុយពីគេប្រហែល ២០០ដុល្លារបាត់ទៅហើយ អានេះមូលដ្ឋានគាត់ឱ្យតម្រុយដែលទៅចូលជាមួយគាត់នឹងទៅជួបគេទៅជួបអីអីចឹងទៅ។ ខ្ញុំបារម្ភខ្លាចក្រែងការផ្លាស់ប្ដូរយឺតយ៉ាវ»។
ឆ្លើយតបនឹងបញ្ហានេះអភិបាលស្រុកបាណន់លោក ស្រេង ស្រៀង ប្រាប់វិទ្យុអាស៊ីសេរីថា រឿងនេះពុំមែនលោកគេចវេះដោះស្រាយបញ្ហានោះទេ ក៏ប៉ុន្តែដោយសារមន្ត្រីគណបក្សភ្លើងទៀនដាក់ឯកសារមិនគ្រប់ដែលធ្វើឱ្យពិបាកក្នុងការដោះស្រាយ។
លោក ស្រេង ស្រៀង៖ «តាមខ្ញុំសួរទៅឃុំគាត់ថា មានលិខិតជំទាស់មួយពីសាមីខ្លួនថា ករណីនេះមានការគាបសង្កត់និងចោទប្រកាន់គាត់ បង្ខំឱ្យគាត់ផ្ដិតមេដៃ។ អីចឹងខ្ញុំអត់ទាន់បានឃើញលិខិតនឹងដែរទេ ដោយវាមមាញឹកការងារជំនន់ទឹកភ្លៀងម្សិលមិញផងហើយថ្ងៃនេះខ្ញុំជាប់ចុះវេទិកាសាធារណៈនៅឃុំភ្នំសំពៅផង។ អីចឹងរឿងមិនមែនយើងមិនចាត់ការទេបាទ»។
ទោះជាយ៉ាងណាមន្ត្រីសម្របសម្រួលសមាគមការពារសិទ្ធិមនុស្សអាដហុក (Adhoc) ខេត្តបាត់ដំបងនិងខេត្តប៉ៃលិន លោក យិន ម៉េងលី មានប្រសាសន៍ថា អាជ្ញាធរស្រុកធ្វើបែបនេះជារឿងមិនត្រឹមត្រូវឡើយ ព្រោះតាមឋានានុក្រមអភិបាលមានអំណាចសួរទៅអាជ្ញាធរថ្នាក់ក្រោមដើម្បីយកឯកសារសម្រួលដោះស្រាយបញ្ហានេះបាន។
លោក យិន ម៉េងលី៖ «អត់មានពិបាកទេ តែខ្ញុំមើលឃើញហាក់មានអ្វីមួយនៅក្រោយរឿងនឹងទៀតនាំឱ្យស្មុគស្មាញថែមទៀតបញ្ហាទាំងអស់នេះឡើង។ អីចឹងពិនិត្យមើលឡើងវិញកិច្ចការរដ្ឋបាលទាំងអស់ហ្នឹងកុំឱ្យមានភាពស្មុគស្មាញច្រើនពេកគាត់គ្រាន់តែប៉ុណ្ណឹងស្មុគស្មាញចុះការងារផ្សេងៗទៀតវាកាន់តែស្មុគស្មាញថែមទៀតធ្វើឱ្យអ្នកដែលចង់ពឹងពាក់សេវាសាធារណៈលែងចង់ទៅពឹងពាក់តែងម្ដងដែលឃើញមានភាពស្មុគស្មាញអីចឹងនោះ»។
កាលពីថ្ងៃទី២៨ សីហា មន្ត្រីគណបក្សភ្លើងទៀនបានដាក់ពាក្យស្នើសុំទៅមេឃុំស្នឹង ដើម្បីប្ដូរសមាសភាពជំទប់ទី២ ឃុំស្នឹងគឺលោក ឌី វ៉ិត ដោយដាក់លោក ខៀវ សារ៉ន ជំនួសវិញដោយសារជំទប់ទី២ បច្ចុប្បន្នអនុវត្តខុសពីគោលការណ៍របស់គណបក្សដែលបំពេញការងារលំអៀងទៅគណបក្សកាន់អំណាច។
នេះជាករណីទី២ហើយដែលអាជ្ញាធរគណបក្សកាន់អំណាចមិនព្រមចុះហត្ថលេខាប្ដូរសមាសភាពជំទប់ទី២ មកពីគណបក្សភ្លើងទៀន។ កាលពីថ្ងៃទី១ កញ្ញា មន្ត្រីគណបក្សភ្លើងទៀននៅខេត្តកណ្ដាលបានប្ដឹងទៅក្រសួងមហាផ្ទៃដើម្បីឱ្យជួយអន្តរាគមន៍ករណីចៅសង្កាត់ស្វាយរលំក្រុងតាខ្មៅ ខេត្តកណ្តាល មិនព្រមចុះហត្ថលេខាលើឯកសារប្ដូរសមាសភាពចៅសង្កាត់រងទី២ម្ដងរួចមកហើយ។
ច្បាប់ស្ដីពីការគ្រប់គ្រងរដ្ឋបាលឃុំសង្កាត់មាត្រា៣៧ ចែងថាការផ្លាស់ប្ដូរសមាសភាពក្រុមប្រឹក្សាឃុំសង្កាត់ត្រូវធ្វើឡើងដោយប្រកាសរបស់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ក្នុងរយៈពេលយ៉ាងយូរ ១៤ថ្ងៃ។ សេចក្ដីប្រកាសក្រសួងមហាផ្ទៃកំណត់ឱ្យអភិបាលខេត្តរាជធានីត្រូវពិនិត្យសមាសភាពក្រុមប្រឹក្សាឃុំសង្កាត់នានាក្នុងរាជធានីខេត្តរបស់ខ្លួន។ ក្នុងករណីសមាជិកក្រុមប្រឹក្សាណាបាត់បង់សមាជិកភាព អភិបាលខេត្តរាជធានីត្រូវឱ្យសមាជិកក្រុមប្រឹក្សាឃុំសង្កាត់នោះលើកសំណើសុំប្ដូរជាបន្ទាន់៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
