សកម្មជន​បក្ស​ប្រឆាំង លោក ម៉ៃ ហុងស្រៀង ប្ដេជ្ញា​បន្ត​ស្មារតី​រិះគន់​ទៀត ដោយ​មិន​បារម្ភ​ពី​ការ​ធ្វើ​បាប

0:00 / 0:00

សកម្មជន​បក្ស​ប្រឆាំង ដែល​ទើប​ទទួល​បាន​សេរីភាព​ឡើងវិញ លោក ម៉ៃ ហុងស្រៀង ប្ដេជ្ញា​ថា នឹង​បន្ត​ស្មារតី​រិះគន់​សង្គម និង​នយោបាយ​បន្ត​ទៀត ដោយ​មិន​ខ្លាច​ពី​ការ​ធ្វើ​ទុក្ខ​បុក​ម្នេញ​ឡើយ។ លោក​ថា ការ​ជាប់​ឃុំ​ជាង ៨ខែ​មក​នេះ មិន​ធ្វើ​ឲ្យ​លោក​តក់​ស្លុត​បាក់​ស្មារតី​ទេ។

លោក ម៉ៃ ហុង​ស្រៀង គឺ​ជា​អ្នក​ម៉ៅ​ការ​សំណង់ នៅ​ខេត្ត​ព្រះសីហនុ។ លោក​បាន​ប្រឡូក​ក្នុង​សកម្មភាព​នយោបាយ​ជាមួយ​គណបក្ស​សង្គ្រោះ​ជាតិ ចាប់​តាំង​ពី​ឆ្នាំ២០១៣ មក។ លោក​បាន​បោះបង់​ចោល​ អាជីព​ជាង​សំណង់​ច្រើន​ឆ្នាំ​ ហើយ​ចូល​ប្រឡូក​ធ្វើ​សកម្មភាព​នយោបាយ និង​សង្គម​ជាមួយ​បក្ស​ប្រឆាំង រហូត​ដល់​មាន​ការ​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ នៅ​ចុង​ឆ្នាំ​២០១៧។

ចុង​ឆ្នាំ​២០១៧ លោក ម៉ៃ ហុងស្រៀង មិន​ព្រម​ចុះ​ចូល​ជា​មួយ​គណបក្ស​កាន់​អំណាច តាម​ការ​​អំពាវ​នាវ​ឡើយ។ លោក​បាន​បោះបង់​ចោល​អាជីព​នយោបាយ​វិញ ហើយ​ត្រឡប់​មក​ប្រកប​របរ​សំណង់ និង​នៅ​ផ្ទះ​ថែ​កូន​តូច​ទាំង ៣នាក់ ជួយ​ការងារ​ប្រពន្ធ។ តែ​ទោះ​យ៉ាង​ណា លោក​នៅ​តែ​សកម្ម​ ក្នុង​ការ​រិះគន់​របប​ក្រុង​ភ្នំពេញ តាម​បណ្ដាញ​សង្គម​ហ្វេសប៊ុក (facebook) ដដែល។

លោក​ប្រាប់​​ថា ចិត្ត​របស់​លោក​ពេល​នេះ គឺ​មិន​ពេញ​ចិត្ត​នឹង​ការ​រំលាយ​គណបក្ស​​សង្គ្រោះ​ជាតិ​ឡើយ។ លោក​ចង់​ឃើញ​មាន​ការ​ផ្លាស់ប្ដូរ​ការ​ដឹកនាំ​មួយ​ តាម​របៀប​បោះ​ឆ្នោត​ត្រឹមត្រូវ មិន​មែន​តាម​វិធី​ហិង្សា ឬ​សង្គ្រាម​ឡើយ។ ឯ​ការ​រិះគន់​របស់​លោក​តាម​ហ្វេសប៊ុក គឺ​ជា​ការ​ចង់​ឲ្យ​មាន​ការ​កែ​លម្អ មិន​បាន​ជាន់​ពន្លិច​រដ្ឋាភិបាល​ឡើយ៖ « ខ្ញុំ​កើត​នៅ​លើ​ទឹកដី​ខ្មែរ​ហើយ។ ម្ដាយ​ឪពុក​ខ្ញុំ ជីដូន​ជីតា​ខ្ញុំ សុទ្ធ​តែ​កំណើត​ជា​ខ្មែរ។ អ៊ីចឹង​ទេ ខ្ញុំ​ត្រូវ​ធ្វើ​អ្វីៗ ដើម្បី​តប​ស្នង​ទៅ​ដល់​ សង្គម​ជាតិ ទៅ​ដល់​ជាតិ​ ទឹក​ដី​មាតុភូមិ​របស់​ខ្ញុំ​បន្ថែម​ទៀត ក្នុង​នាម​អ្នក​ជាតិ​និយម»

ជិត​ពាក់​កណ្ដាល​ឆ្នាំ២០១៩ គឺ​នៅ​ពេល​របប​ក្រុង​ភ្នំពេញ បង្កើន​ការ​ចាប់​ខ្លួន​សកម្មជន​បក្ស​ប្រឆាំង ប៉ូលិស​បាន​ដៅ​មុខ​សញ្ញា​សង្ស័យ​ថា លោក​ ម៉ៃ​ ហុងស្រៀង​ ចូលរួម​ក្បត់​ជាតិ ជាមួយ​​ប្រធាន​ស្ដីទី​​បក្ស​ប្រឆាំង គឺ​លោក សម រង្ស៊ី។ លោក ម៉ៃ ហុងស្រៀង ឱ្យ​ដឹង​ថា នៅ​ពេល​លោក​កំពុង​ធ្វើ​សំណង់​នៅ​ខេត្ត​ព្រះសីហនុ​ លោក​បាន​ទទួល​ព័ត៌មាន​ពី​មិត្ត​ភក្ដិ​ធ្វើការ​នៅ​ក្រសួង​មហាផ្ទៃ ​លួច​​ប្រាប់​ឲ្យ​លោក​គេច​ខ្លួន ​ព្រោះ​ប៉ូលិស​បាន​ដៅ​លោក​ជា​មុខ​សញ្ញា​ត្រូវ​ចាប់​ខ្លួន ដើម្បី​បង្ក្រាប​កុំ​ឲ្យ​មាន​ការ​កៀរគរ​មនុស្ស​ទៅ​ទទួល​លោក សម រង្ស៊ី ពេល​វិល​ចូល​ស្រុក​វិញ។ លោក ម៉ៃ ហុង​ស្រៀង បាន​ធ្វើ​ដំណើរ​ទៅ​លេង​​ប្រទេស​ថៃ មួយ​រយៈ​ពេល​ខ្លី ព្រោះ​មិន​ចង់​ប្រឈម​នឹង​ស្ថានការណ៍​អាក្រក់។

ស្នងការ​នគរបាល​ខេត្ត​ព្រះសីហនុ លោក ជួន ណារិន្ទ កាល​នោះ បាន​ប្រាប់​អាស៊ី​សេរី​ថា ​លោក ម៉ៃ ហុង​ស្រៀង បង្កើត​ភាព​ភ័យ​ខ្លាច​ខ្លួន​ឯង។ លោក​ស្នងការ​ថា លោក​មិន​បាន​ទទួល​ដំណឹង​ការ​ចាប់​ខ្លួន លោក ម៉ៃ ហុងស្រៀង​ ឡើយ។ ប៉ុន្តែ ប៉ុន្មាន​ខែ​ក្រោយ​មក គឺ​នៅ​កណ្ដាល​អាធ្រាត្រ​ចុង​ខែ​កក្កដា ឆ្នាំ២០១៩ នគរបាល​ខេត្ត​ព្រះសីហនុ​ ២ឡាន បាន​ទៅ​ឡោម​ព័ទ្ធ​ផ្ទះ​របស់​មិត្ត​ភក្ដិ​ លោក ម៉ៃ ហុង​ស្រៀង នៅ​ស្រុក​ព្រៃនប់។ លោក ម៉ៃ ហុងស្រៀង បាន​គេច​ពី​ការ​ឡោម​ព័ទ្ធ ដោយ​លោត​ផ្លោះ​របង​ផ្ទះ វា​កាត់​ថ្នល់ លោត​ចូល​ប្រឡាយ​ទឹក​ស្អុយ និង​ដើរ​ឡើង​ភ្នំ ឆ្លង​ទៅ​ស្រុក​ស្ទឹង​ហាវ ដើម្បី​ភៀសខ្លួន​មក​ភ្នំពេញ៖ « ខ្ញុំ​គិត​ថា ខ្ញុំ​ប្រហែល​ជា​មិន​រួច​ខ្លួន​ទេ។ អ៊ីចឹង​ទេ យប់​ឡើង ខ្ញុំ​បាន​ផ្លោះ​របង​លូន​កាត់​ផ្លូវ​ចំ ដូច​ថា ម្ខាង​ចុង​ផ្លូវ ម្ខាង​គល់​ផ្លូវ​អ៊ីចឹង​ សង​ខាង អ៊ីចឹង​ខ្ញុំ​វា​កាត់​ថ្នល់​កាត់​ប្រឡោះ​កណ្ដាល។ ស្លៀក​ខោ​អាវ​ខ្មៅ វា​លូន​កាត់​ភក់ ថ្ងៃ​ហ្នុង​ភ្លៀង​ទៀត ហើយ​ទម្លាក់​ខ្លួន​ចូល​ប្រឡាយ​ទឹក​ស្អុយ​ទៅ ចូល​ព្រៃ​ប្រោក ឡើង​ភ្នំ។ និយាយ​ទៅ​កម្សត់​ដែរ។ ខ្ញុំ​បាន​ដើរ​ឆ្លង​​កាត់​ភ្នំ ប្រហែល​ជា​ម៉ោង​២​យប់​រយៈ​ពេល​ចូល​ជា​បួន ប្រាំ​ម៉ោង បាន​មក​ដល់​ខាង​ស្ទឹង​ហាវ។ ខ្ញុំ​ក៏​បាន​ឲ្យ​គេ​ហៅ​ឡាន​តាក់ស៊ី​មួយ​ឲ្យ​ខ្ញុំ ជិះ​មក​ដល់​ភ្នំពេញ»

មក​ដល់​ភ្នំពេញ នគរបាល​នៃ​នាយកដ្ឋាន​ប្រឆាំង​បទ​ល្មើស​បច្ចេកវិទ្យា​ បាន​ចូល​ចាប់​ខ្លួន​ លោក ម៉ៃ ហុងស្រៀង ដល់​ក្នុង​ផ្ទះ​សំណាក់ នៅ​ម្ដុំ​ចោម​ចៅ ជាយ​ក្រុង​ភ្នំពេញ ក្រោយ​ការ​ចោទ​ថា ​លោក​ ម៉ៃ ហុងស្រៀង បាន​ជេរ​ប្រមាថ​ថ្នាក់​ដឹកនាំ​របប​ក្រុង​ភ្នំពេញ តាម​ហ្វេសប៊ុក។

ថ្វីដ្បិត​រង​ការ​ចាប់​ខ្លួន តែ​លោក ម៉ៃ ហុងស្រៀង ថា មិន​បាន​បាក់​ស្មារតី​ ឬ​តក់​ស្លុត​ទេ។ គឺ​នៅ​គ្រា​​នោះ ហើយ​លោក បាន​ព្រម​ប្រគល់​ខ្លួន​​ឲ្យ​ចាប់​ តាម​ការ​ស្នើសុំ​របស់​ប៉ូលិស។ ប៉ូលិស​បាន​ឃុំ​ខ្លួន​ និង​សួរ​ចម្លើយ​​លោក ២ថ្ងៃ​ ២​យប់​នៅ​ក្នុង​ក្រសួង​មហាផ្ទៃ។ នៅ​ថ្ងៃ​ទី១ ខែ​សីហា ឆ្នាំ២០២០ ប៉ូលិស​បាន​​​បញ្ជូន​លោក​ទៅ​តុលាការ​ ហើយ​បាន​កាត់​ទោស​ពី​បទ​ញុះញង់​ឲ្យ​ប្រព្រឹត្តិ​បទ​ឧក្រិដ្ឋ​ជា​អាទិ។

ចៅក្រម​សាលា​ដំបូង​រាជធានី​ភ្នំពេញ ឈ្មោះ រៀល សុភិន្ទ្រ​ បាន​កាត់​ទោស​ឲ្យ​លោក ម៉ៃ ហុង​ស្រៀង​ ជាប់​ពន្ធនាគារ ១ឆ្នាំ​កន្លះ។ លោក​មិន​ពេញ​ចិត្ត​នឹង​ការ​កាត់​ក្ដី​របស់​ចៅក្រម រៀល សុភិន្ទ្រ ទេ ហើយ​បាន​ពឹង​ពាក់​មេធាវី​ប្ដឹង​ឧទ្ធរណ៍។ នៅ​ខែ​មករា ឆ្នាំ​២០២០ ចៅក្រម​សាលា​ឧទ្ធរណ៍ បាន​បន្ធូរ​បន្ថយ​​ឲ្យ​ជាប់​ទោស ៨ខែ​គត់ គិត​ត្រឹម​ថ្ងៃ​ចាប់​ខ្លួន។

លោក ម៉ៃ ហុងស្រៀង រំលឹក​ថា ចូល​ដល់​ក្នុង​ពន្ធនាគារ​ព្រៃ​ស ថ្ងៃ​ដំបូង ជីវិត​ហាក់​ត្រូវ​បាន​ផ្លាស់​ប្ដូរ​​ភ្លាមៗ លោក​តក់​ស្លុត ដូច​ជីវិត​ធ្លាក់​ទៅ​ចូល​ក្នុង​ពិភព​ខ្មៅ​ងងឹត ឬ​អាច​និយាយ​បាន​ថា ជីវិត​​ក្នុង​ឋាន​នរក។ ដំបូង ឆ្មាំ​ពន្ធនាគារ​បញ្ជូន​​លោក​ទៅ​ឃុំ​ក្នុង​អគារ​ «ឈ» រួច​ហើយ​ប្ដូរ​មក​អគារ A ក្នុង​បន្ទប់​លេខ​១០ វិញ។ ក្នុង​​បន្ទប់​ឃុំ​លោក​ មាន​​ទំហំ ៤ម៉ែត្រ ៤ជ្រុង ដាក់​អ្នក​ជាប់​ឃុំ​ជាង​ម្ភៃ​នាក់ សុទ្ធ​ជា​អ្នក​​ជាប់​ឃុំ​មិន​ពាក់​ព័ន្ធ​រឿង​​នយោបាយ។

លោក​បន្ត​​ថា ​​ថ្ងៃ​​ដំបូង​នោះ ជា​ពេល​វេលា​ពិបាក​ធ្វើ​ចិត្ត​ទទួល​យក​បាន​ណាស់ ហើយ​អារម្មណ៍​ស្រងេះស្រងោច​ខ្លោចផ្សា នឹក​ប្រពន្ធ​កូន​នៅ​ផ្ទះ​ជា​ខ្លាំង។ តែ​ការ​ជាប់​ពន្ធនាគារ យូរ​ថ្ងៃ​ខែ​បន្តិច​មក​​ លោក​បាន​ព្យាយាម​តាំង​ចិត្ត ហាត់​ប្រាណ អាន​សៀវភៅ និង​ធ្វើ​សមាធិ​ច្រើន ដើម្បី​កាត់​បន្ថយ​វិបត្តិ​ក្នុង​ចិត្ត។ វិធី​សម្រួល​អារម្មណ៍​ក្នុង​ពន្ធនាគារ គឺ​លោក​គិត​ថា មាន​ថ្ងៃ​ចូល ក៏​មាន​ថ្ងៃ​ចេញ​ដែរ។ ដូច្នេះ លោក​ខិត​ខំ​ថែ​រក្សា​សុខភាព ព្រោះ​គង់​តែ​មាន​ថ្ងៃ​ បាន​ចេញ​ពី​ពន្ធនាគារ​វិញ៖ « ចូល​ទៅ​ដំបូង​ ហាក់​ដូចជា​ធ្លាក់​ចូល​ទៅ​ក្នុង​ភព​មួយ ដែល​យើង​មិន​ធ្លាប់​ស្គាល់​។ ពិបាក​ណាស់ ដូច​ភព​ងងឹត​អន្ធការ​អ៊ីចឹង​។ ប៉ុន្តែ​អ្វី ដែល​ធ្វើ​ឲ្យ​ធូរ​ចិត្ត​នោះ​គឺ ខ្ញុំ​គិត​ថា មាន​ថ្ងៃ​ចូល ក៏​មាន​ថ្ងៃ​ចេញ​ដែរ។ យើង​គិត​អ៊ីចឹង សម្រួល​អារម្មណ៍ ដើម្បី​កុំ​ឲ្យ​វា​សាំញ៉ាំ​ ​ក្នុង​ចិត្ត​។ ប៉ុន្តែ​កាល​មុន​ យើង​មិន​ទាន់​គិត​ឃើញ​កន្លែង​ហ្នឹង គឺ​​វា​ពិបាក​ណាស់ ចង់​ផ្ទុះ​ទ្រូង​ឈឹង ប្រឹង​តាំង​ស្មារតី​ឲ្យ​រឹង។ ខ្ញុំ​គិត​ថា មាន​ថ្ងៃ​ចូល ក៏​មាន​ថ្ងៃ​ចេញ គិត​តែ​ប៉ិន​ហ្នឹង​ទេ។ អ្វី​ដែល​ពិបាក​គឺ​ប្រពន្ធ​កូន។ ប៉ុន្តែ​មិន​ដឹង​ធ្វើ​ម្ដេច មនសិការ​ជាតិ​វា​ធំ​ជាង​ប្រពន្ធ​កូន ហ៊ាន​លះបង់​សេចក្ដី​សុខ​ខ្លួន​ឯង​។ ខ្ញុំ​អាណិត​ខ្លោច​ចិត្ត ​មាន​ពេល​ខ្លះ ខ្ញុំ​អង្គុយ​ស្រក់​ទឹក​ភ្នែក អាណិត​ប្រពន្ធ អាណិត​កូន មិន​មែន​ស្រក់​ទឹក​ភ្នែក​ទន់​ខ្សោយ​ទេ​ណា អាណិត​គាត់ ហើយ​កូន​នៅ តូចៗ»។

នៅ​ក្នុង​ពន្ធនាគារ ស្ថានភាព​​លំបាក​បំផុត គឺ​ការ​ដេក​ ព្រោះ​កន្លែង​តូច​​ចង្អៀត ដេក​ប្រជ្រៀត​គ្នា ដេក​បាន​តែ​មួយ​ប្រឡោះ​ខ្លួន មិន​អាច​ប្រែ​ខ្លួន ឬ​បម្រាស់​បាន។ ការ​កើត​កម​រមាស់ ​ពេញ​ខ្លួន និង​ម្ហូប​អាហារ បន្លែ​ ត្រី សាច់ មាន​តម្លៃ​ថ្លៃ ជាង​ក្រៅ​ច្រើន​ដង។ លោក ម៉ៃ ហុងស្រៀង ថ្លែង​បន្ត​ថា បន្លែ​លក់​ក្នុង​ពន្ធនាគារ​ មួយ​គីឡូ តម្លៃ​ ១ម៉ឺន​ (១០.០០០)​រៀល។ ក្នុង​មួយ​ខែ ភរិយា​លោក​ត្រូវ​រក​ប្រាក់​ឲ្យ​លោក ខ្ទង់​មួយ​លាន​រៀល​ ឬ​ស្មើ ២៥០​ដុល្លារ សម្រាប់​ការ​ចាយ​វាយ​ក្នុង​ពន្ធនាគារ។

នៅ​ខែ​វិច្ឆិកា ឆ្នាំ​២០១៩ លោក​ត្រូវ​បាន​ផ្ទេរ​ពី​លេខ១០ ឲ្យ​ស្នាក់​នៅ​បន្ទប់​ឃុំ​ឃាំង​ជាមួយ​អ្នក​ទោស​នយោបាយ នៃ​គណបក្ស​ប្រឆាំង​ទាំង​អស់។ តែ​ក្រោយ​​មាន​ការ​ដោះលែង អ្នក​ជាប់​ឃុំ​រឿង​នយោបាយ ជា​បន្តបន្ទាប់​មក ហើយ​នៅ​ខែ​ធ្នូ ឆ្នាំ​ដដែល ឆ្មាំ​ពន្ធនាគារ បាន​បំបែក​លោក ទៅ​ឃុំ​នៅ​បន្ទប់​ផ្សេង ជាមួយ​អ្នក​​ជាប់​ឃុំ​ចម្រុះ ក្នុង​នោះ មាន​អ្នក​ទោស​ទូទៅ ក្រុម​រណសិរ្ស​ក្បាល​ខ្លា របស់​លោក សម សេរី ប្រធាន​សហព័ន្ធ​សហជីព​កម្មករ​សំណង់​កម្ពុជា លោក រ៉ាត់ រ័ត្ន​មុនី និង​សកម្មជន​បក្ស​ប្រឆាំង នៅ​ខេត្ត​ព្រៃវែង​ម្នាក់។

ជីវិត​ក្នុង​ពន្ធនាគារ​ព្រៃ​ស ជាង​ ៨​ខែ​មក​នេះ លោក ម៉ៃ ហុងស្រៀង​​ និយាយ​ថា មិន​បាន​ធ្វើ​ឲ្យ​លោក បោះ​បង់​​បញ្ញា ស្មារតី និង​ឧត្ដម​គតិ​ស្នេហា​ជាតិ​ឡើយ។ លោក​ថា នៅ​តែ​មាន​ស្មារតី​ដដែល។ លោក រំភើប​ចិត្ត​ខ្លាំង នៅ​ពេល​ដឹង​ថា ពលរដ្ឋ​ខ្មែរ​នៅ​ក្នុង​ប្រទេស និង​ក្រៅ​ប្រទេស បង្ហាញ​ទឹក​ចិត្ត​គាំទ្រ​លោក​លើសលប់។ នៅ​ក្នុង​ពន្ធនាគារ លោក​ថា អ្នក​ទោស​នយោបាយ អ្នក​ទោស​មនសិការ សុទ្ធ​តែ​មាន​ស្ថានភាព​ប្រហាក់​ប្រហែល​គ្នា នឹង​រូប​លោក ហើយ​ការ​លើក​ទឹក​ចិត្ត​ជា​កត្តា​ធ្វើ​ឲ្យ​អ្នក​​ទោស​មនសិការ​​ មាន​ទឹក​ចិត្ត​បន្ត​ស្មារតី​​ស្នេហា​ជាតិ។ យ៉ាង​ណា​ក៏​ដោយ​ចុះ ឆ្មាំ​ពន្ធនាគារ មិន​បាន​រឹត​ត្បិត​សិទ្ធិ​សេរីភាព​របស់​អ្នក​ទោស​នយោបាយ​ទេ។ លោក​ថា មាន​មន្ត្រី​ពន្ធនាគារ​ខ្លះ រើស​អើង​ពួក​លោក និង​​​មន្ត្រី​ខ្លះ លួច​​​​ខ្សឹប​​សរសើរ​ពី​វីរភាព និង​សកម្មភាព​របស់​សកម្មជន​​បក្ស​ប្រឆាំង៖ « មន្ត្រី​សមត្ថកិច្ច​ខ្លះ ក៏​គាត់​រើស​អើង​​ទៅ​។ ប៉ុន្តែ​ក៏​មាន​អ្នក​ខ្លះ​ទៀត ក៏​មិន​អ្វី​ដែរ ក៏​ដឹង​ខ្លួន គាត់​ខ្សឹប​ប្រាប់​ខ្ញុំ​ដែរ​ថា ពួក​ខ្ញុំ​ប្រាក់​ខែ​ឡើង​បាន​ប៉ិន​ហ្នឹង ក៏​ដោយ​សារ ពួក​បងៗ ប្រឆាំង​ហ្នឹង​ដែរ គេ​លួច​ខ្សឹប​ប្រាប់​អ៊ីចឹង​ណ៎ា។ ប៉ុន្តែ​គេ​មិន​ហ៊ាន​បញ្ចេញ​មុខ​ទេ ហើយ​អ្នក​ខ្លះ​ទៀត ក៏​ស៊ីញ៉ូ​ដែរ ថា អើ គ្នា​យើង​ទេ មាន​អ្នក​គាំទ្រ​មាន​អ្វី។ តែ​ក៏​មាន​អ្នក​ផ្កាប់​មុខ​ដែរ»

ភរិយា​របស់ លោក ម៉ៃ ហុងស្រៀង គឺ​ អ្នកស្រី គា ស៊ី​សុគន្ធី រំភើប​ចិត្ត ពេល​ប្ដី​ត្រូវ​បាន​ដោះ​លែង។ អ្នកស្រី​តែង​​បាន​​ធ្វើ​សកម្មភាព​ ជំរុញ​ឲ្យ​មាន​ការ​ដោះលែង​ប្ដី​​គ្រប់​កាលៈទេសៈ នៃ​ការ​ឃុំ​ខ្លួន​ជាង ៨ខែ​មក​នេះ។ អ្នកស្រី​សង្ឃឹម​ថា នឹង​លែង​បែកបាក់​គ្រួសារ​ទៀត​ហើយ។ ស្ត្រី​គ្រូ​បង្រៀន​កម្រិត​បឋម​សិក្សា​នៅ​ខេត្ត​ព្រះសីហនុ​រូប​នេះ ក៏​មិន​ដែល​ជំទាស់​នឹង​សកម្មភាព​នយោបាយ ឬ​សកម្មភាព​​​​ការ​រិះគន់​សង្គម​របស់​ប្ដី​អ្នកស្រី​ទេ​ ផ្ទុយ​ទៅ​វិញ គឺ​មាន​តែ​មោទនភាព ចំពោះ​ទង្វើ​របស់​ប្ដី។

ចំណែក​ស្ថានភាព​ចុង​ក្រោយ នៃ​អ្នក​ជាប់​ឃុំ​ក្នុង​ពន្ធនាគារ​ព្រៃ​ស​ពេល​នេះ លោក ម៉ៃ ហុងស្រៀង ឲ្យ​ដឹង​ថា បង​ប្អូន​ ប្រពន្ធ​កូន និង​សាច់​ញាតិ អ្នក​ជាប់​ឃុំ​លែង​អាច​ចូល​ទៅ​ជួប​អ្នក​ជាប់​ឃុំ​បាន​ហើយ ដោយសារ​ខាង​ពន្ធនាគារ បារម្ភ​ពី​ការ​ឆ្លង​រាលដាល​ជំងឺ កូវីដ​១៩ (Covid19)។ លុយ និង​ឥវ៉ាន់ ត្រូវ​ផ្ញើ​តាម​មន្ត្រី​ពន្ធនាគារ បញ្ជូន​ទៅ​ឲ្យ​​អ្នក​ជាប់​ឃុំ តែ​មិន​មាន​ការ​បាត់​បង់ ឬ​រង​ការ​ដក​ហូត​ភាគ​រយ​ទេ។

អ្នក​ជាប់​ឃុំ​វិញ ក៏​ទទួល​បាន​​​ម៉ាស់​ និង​សាប៊ូ សម្រាប់​ឲ្យ​ប្រើ​នៅ​ក្នុង​បន្ទប់​ឃុំ​ឃាំង​ដែរ។ លោក​ថា មន្ត្រី​ពន្ធនាគារ បាន​បង្កើន​ការ​ផ្សព្វផ្សាយ​ខិត្តប័ណ្ណ​ស្ដីពី​ជំងឺ​កូវីដ​១៩ របស់​ក្រសួង​សុខាភិបាល ដល់​អ្នក​កំពុង​នៅ​ជាប់​ឃុំ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។