យុវជនគណបក្សប្រឆាំងជាច្រើននាក់នៅតែបន្តភៀសខ្លួននៅប្រទេសថៃ ដើម្បីត្រៀមចាំទទួលប្រធានស្ដីទីគណបក្សសង្គ្រោះជាតិលោក សម រង្ស៊ី ធ្វើមាតុភូមិនិវត្តន៍សាជាថ្មីនៅពេលខាងមុខ។ពួកគាត់ អះអាងថា មូលហេតុដែលបន្តភៀសខ្លួន ដោយសារមិនពេញចិត្តនឹងរដ្ឋាភិបាលក្រុងភ្នំពេញ សម្លាប់ប្រជាធិបតេយ្យនៅកម្ពុជា។
យុវជនគណបក្សសង្គ្រោះជាតិនៅតែជឿជាក់ថា កម្លាំងសាមគ្គីរបស់ប្រជាពលរដ្ឋនឹងអាចទាមទារយកអំណាចពីលោក ហ៊ុន សែន ដែលបានប្លន់អាសនៈសមាជិកក្រុមប្រឹក្សាឃុំសង្កាត់របស់គណបក្សប្រឆាំង កាលឆ្នាំពីឆ្នាំ២០១៧ ប្រគល់ជូនម្ចាស់ឆ្នោតវិញបាន។
ប្រធានយុវជនគណបក្សសង្គ្រោះជាតិ រាជធានីភ្នំពេញលោក ឃិន រឿន ថ្លែងនៅថ្ងៃទី១៦ ធ្នូថា រហូតមកដល់ពេលនេះយ៉ាងហោចណាស់មានយុវជនគណបក្សប្រឆាំងជាង ៣០នាក់ ដែលបន្តភៀសខ្លួននៅប្រទេសថៃ ដើម្បីត្រៀមចាំទទួលលោក សម រង្ស៊ី វិលចូលកម្ពុជាវិញនៅពេលខាងមុខ។ លោកបន្តថា មូលហេតុដែលពួកគាត់មិនត្រឡប់ទៅផ្ទះ ដោយសារ លោក ហ៊ុន សែន មិនទាន់ស្ដារប្រជាធិបតេយ្យឱ្យរស់ឡើងវិញ ដូច្នេះលោកថាលោកត្រូវតែរួមកម្លាំងជាមួយយុវជនដទៃទៀត ដើម្បីដាក់សម្ពាធឱ្យរដ្ឋាភិបាលងាកមកដោះស្រាយបញ្ចប់វិបត្តិនយោបាយនៅកម្ពុជា៖ «ហើយផែនការខាងមុននេះយើងហ្នឹងនយោបាយក្ដៅបន្តទៀត។ យើងរង់ចាំឱ្យអន្តរជាតិវាយលោក ហ៊ុន សែន ឱ្យទ្រោមបន្តិចលោក សម រង្ស៊ី នឹងវិលចូលទៅកម្ពុជាម្ដងទៀតហើយ។ ខ្ញុំសូមអំពាវនាវឱ្យសកម្មជនទាំបន្តិចទៀត ខ្ញុំដឹងថា បងប្អូនត្រូវបានអាជ្ញាធរតាមដានរាល់ថ្ងៃ ហើយអ្នកខ្លះមិនទាន់ហ៊ានចូលផ្ទះនៅឡើយទេ។ អីចឹងសូមបងប្អូនតាំងចិត្តដើម្បីតស៊ូឱ្យមានការផ្លាស់ប្ដូរមេដឹកនាំផ្ដាច់ការរាល់ថ្ងៃនេះ » ។
រីឯយុវជនគណបក្សសង្គ្រោះជាតិនៅខេត្តបន្ទាយមានជ័យ ដែលកំពុងភៀសខ្លួននៅក្រៅប្រទេសលោក ឆាំ សុភាន់ ថ្លែងថា នៅខេត្តរបស់លោកមានសកម្មជនគណបក្សប្រឆាំងចំនួន ៧នាក់ ដែលកំពុងភៀសខ្លួននៅប្រទេសថៃ។ លោកបញ្ជាក់ថា ថ្វីត្បិតតែពួកលោកភៀសខ្លួននៅក្រៅប្រទេសអស់ជាច្រើនខែក៏ដោយ ក៏លោកនៅតែមានស្មារតីរឹងមាំ ដើម្បីចូលរួមអមដំណើរថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិដដែល។ លោកបន្តថា មូលហេតុដែលមិនទាន់វិលចូលស្រុកវិញ គឺដោយសារមិនចង់ឱ្យអាជ្ញាធរចាប់បង្ខំពួកលោកឱ្យចូលសារភាពឈប់ធ្វើនយោបាយជាមួយគណបក្សសង្គ្រោះជាតិបន្តទៀត៖ «បាទដើម្បីការផ្លាស់ប្ដូរឱ្យមានប្រជាធិបតេយ្យពេញលេញ អត់ចង់ទៅរស់នៅក្រោមការដឹកនាំរបស់លោក ហ៊ុន សែនទេ ។អីចឹងហើយសុខចិត្តក្រាញហូបអត់ឃ្លាននៅស្រុកគេយ៉ាងណាក៏សុខចិត្តនៅទ្រាំ ដើម្បីចាំទទួលលោក សម រង្ស៊ី ព្រោះអីនៅពេលខាងមុខនេះគាត់នឹងចូលមកកម្ពុជា ខ្ញុំជឿថាយ៉ាងណាក៏គាត់ចូលទៅកម្ពុជាដែរ » ។
អ្នកនាំពាក្យរដ្ឋាភិបាល លោក ផៃ ស៊ីផាន មានប្រសាសន៍ថា អាជ្ញាធរមិនព្រួយបារម្ភ ចំពោះចលនារបស់សកម្មជនបក្សប្រឆាំងនៅក្រៅប្រទេសនោះទេ។ លោកចោទក្រុមសកម្មជនបក្សប្រឆាំងទាំងនោះថា ជាក្រុមអត់មានការងារធ្វើត្រឹមត្រូវ ហើយការធ្វើសកម្មភាពនយោបាយនៅក្នុងប្រទេសថៃ គឺក្នុងបំណងចង់បានសិទ្ធិជ្រកកោននៅប្រទេសទី៣៖ «សិទ្ធិបោះគាត់ ប៉ុន្តែគាត់ក៏នឹងអាចប្រឈមនូវច្បាប់នៅកន្លែងរបស់ពួកគាត់ឬមួយច្បាប់នៅកម្ពុជា។គោលបំណងរបស់គាត់មិនមែនរឿងនយោបាយហ្នឹងទេ គោលបំណងរបស់គាត់ចង់បានប្រទេសទី៣ដែលគាត់ត្រូវទេ » ។
ទោះយ៉ាងណាក្តី សកម្មជនដែលរត់ភៀសខ្លួននៅប្រទេសថៃ សុទ្ធតែអះអាងថា មូលហេតុដែលពួកគាត់បង្ខំ ចិត្តភៀសខ្លួនរស់នៅក្រៅប្រទេស ដោយសារតែរបបក្រុងភ្នំពេញប្លន់តួនាទីមុខ តំណែងរបស់គាត់ និងធ្វើទុក្ខបុកម្នេញគ្រប់យ៉ាង មិនឲ្យពួកគាត់អនុវត្តសិទ្ធិនយោបាយ និងសិទ្ធិបញ្ចេញមតិបានទេ។ ពួកគាត់បន្តថា ការភៀសខ្លួននៅក្រៅប្រទេស គឺគ្រាន់តែជាយុទ្ធសាស្ត្ររក្សាកម្លាំងសម្រាប់ចូលរួមអមដំណើរមាតុភូមិនិវត្តន៍របស់លោក សម រង្ស៊ី។
អ្នកនាំពាក្យសមាគមការពារសិទ្ធិមនុស្ស អាដហុក (Adhoc) លោក សឹង សែន ករុណា មានប្រសាសន៍ថា ការចូលរួមគាំទ្រគណបក្សនយោបាយ ជាសិទ្ធិសេរីភាពរបស់ប្រជាពលរដ្ឋស្របច្បាប់ ដែលមានកំណត់នៅក្នុងរដ្ឋធម្មនុញ្ញ។ លោកកត់សំគាល់ថា ថ្វីត្បិតតែថ្មីៗ នេះរដ្ឋាភិបាលបានបន្ធូរបន្ថយលក្ខខណ្ឌមួយចំនួនដល់លោក កឹម សុខា និងដោះលែងសកម្មជនគណបក្សប្រឆាំងជាច្រើននាក់ក្ដី ក៏ស្ថានការណ៍នយោបាយនៅកម្ពុជាមិនទាន់ធូរស្រាលនៅឡើយ ពីព្រោះពួកគេមិនទាន់មានសិទ្ធិពេញលេញធ្វើនយោបាយនៅឡើយ៖ «ហើយច្បាប់នានាកន្លងមកដែលយើងយល់ថាវាជា ច្បាប់មួយដែលបង្កើតឡើងក្នុងន័យរឹតត្បិតទៅលើសិទ្ធិសេរីភាពទាំងសង្គមស៊ីវិល កម្មករ គណបក្សនយោបាយនិងសហជីពជាដើមហ្នឹងយើងឃើញថា មិនទាន់មានការធ្វើវិសោធនកម្ម ឬក៏បើកលំហឱ្យពួកគេបានធ្វើសកម្មភាពដោយសេរី ឱ្យស្របតាមប្រទេសប្រជាធិបតេយ្យនៅឡើយទេ។អីចឹងចំណុចទាំងអស់ហ្នឹង ដរាបណានៅតែមានស្ថានភាពបែបហ្នឹងវាមិនទាន់ល្អប្រសើរនៅឡើយទេ » ។
មន្ត្រីអង្គការសង្គមស៊ីវិលរូបនេះបន្តថា សង្គមប្រជាធិបតេយ្យដែលល្អ ត្រូវមានគណបក្សប្រឆាំង និងគណបក្សកាន់អំណាច ដែលមានអាសនៈនៅក្នុងរដ្ឋសភាប្រហាក់ប្រហែលគ្នា ដើម្បីតាមដានការអនុវត្តច្បាប់របស់រដ្ឋាភិបាលឱ្យបំពេញការងារមានប្រសិទ្ធភាព និងបានប្រយោជន៍ដល់ប្រជាពលរដ្ឋ។ ផ្ទុយទៅវិញលោក បញ្ជាក់ថា ប្រទេសដែលគ្រប់ដោយរបបឯកបក្សនឹងធ្វើឱ្យប្រទេសនោះអភិវឌ្ឍមានចំណុចចន្លោះប្រហោងច្រើនជាងសង្គមប្រជាធិបតេយ្យ។
សកម្មជនគណបក្សប្រឆាំងនៅតែជឿជាក់ថា លោក សម រង្ស៊ី នឹងអាចរកច្រកចូលទៅកម្ពុជាបាននៅចុងឆ្នាំ២០១៩ នេះ ព្រោះលោក សម រង្ស៊ី កំពុងតែធ្វើការទូតជាមួយសហគមន៍អន្តរជាតិជាថ្មីទៀត ដើម្បីដាក់សម្ពាធលោកហ៊ុន សែន ឱ្យងាកមកស្ដារប្រជាធិបតេយ្យឡើងវិញ ដើម្បីបញ្ចប់វិបត្តិនយោបាយនៅកម្ពុជា៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។