ពលករ​ខ្មែរ​កើន​ឡើង​ជិត​៩​ម៉ឺន​នាក់​ដែល​ត្រូវ​អាជ្ញាធរ​ថៃ​ចាប់​បញ្ជូន​មក​កម្ពុជា

ដោយ សួន សុផលមុន្នី និង អ៊ួន ឈិន
2014-06-14
Share

ពលករ​ខ្មែរ​ដែល​រដ្ឋ​អំណាច​យោធា​ថៃ ចាប់​បញ្ជូន​មក​ប្រគល់​ឲ្យ​អាជ្ញាធរ​កម្ពុជា វិញ​មាន​ចំនួន​កើន​ឡើង​រហូត​ទៅ​ដល់​ជិត ៩​ម៉ឺន​នាក់ នេះ​បើ​គិត​ត្រឹម​ថ្ងៃ​ទី​៦ រហូត​មក​ដល់​ថ្ងៃ​ទី​១៤ ខែ​មិថុនា។

តួលេខ​នេះ​អាច​មាន​កំណើន​លើស​ពី​នេះ​ទៀត ហើយ​វា​បង្ក​ឲ្យ​ការ​កក​ស្ទះ ដោយសារ​ចំនួន​រថយន្ត​ដែល​ត្រូវ​ដឹក​ជញ្ជូន​ពួក​គាត់​ទៅ​ស្រុក​កំណើត​នោះ មាន​ចំនួន​ពុំ​គ្រប់គ្រាន់​តាម​តម្រូវ​ការ​ជាក់ស្ដែង។ ចំណែក​ឯ​ភាគី​ថៃ នៅ​បន្ត​ការ​ដឹក​ជញ្ជូន​ពលករ​ខ្មែរ​តាម​រថយន្ត​យោធា​មក​ប្រគល់​អាជ្ញាធរ​នោះ នៅ​តែ​កំណើន​ខ្ពស់​ដដែល។

រដ្ឋាភិបាល​កម្ពុជា បាន​អនុញ្ញាត​ឲ្យ​រថយន្ត​កងទ័ព​ថៃ ជាច្រើន​គ្រឿង​បើក​ឆ្លង​ដែន​ចូល​មក​លើ​ទឹក​ដី​កម្ពុជា នៅ​ចំណុច​រង្វង់​មូល​អន្តរជាតិ​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ។ រថយន្ត​យោធា​ថៃ ដែល​បើក​ចូល​មក​លើ​ទឹក​ដី​កម្ពុជា នោះ ថ្វី​ត្បិត​តែ​បំពាន​រដ្ឋធម្មនុញ្ញ​កម្ពុជា ក៏ដោយ ប៉ុន្តែ​វា​ជា​ករណី​ចាំបាច់​ដែល​រដ្ឋាភិបាល​ត្រូវ​យល់​ព្រម ដើម្បី​សម្រួល​ដល់​ការ​ដឹក​ជញ្ជូន​ពលករ​ខ្មែរ​ជាច្រើន​ម៉ឺន​នាក់ ដែល​អាជ្ញាធរ​ថៃ ចាប់​បញ្ជូន​មក​វិញ។

អភិបាល​ខេត្ត​បន្ទាយមានជ័យ លោក គោ ស៊ុំសារឿត មាន​ប្រសាសន៍​ថា នៅ​ព្រឹក​ថ្ងៃ​ទី​១៤ ខែ​មិថុនា មាន​រថយន្ត​កងទ័ព​ថៃ ជាច្រើន​គ្រឿង​បាន​បន្ត​កន្ទុយ​គ្នា​ដឹក​ពលរដ្ឋ​ខ្មែរ​ពី​ទឹក​ដី​ថៃ ចូល​មក​ក្នុង​ទឹក​ដី​កម្ពុជា៖ «ឥឡូវ​នេះ​យើង​សុំ​គោលការណ៍​រាជ​រដ្ឋាភិបាល​ហើយ គឺ​អនុញ្ញាត​ឲ្យ​រថយន្ត​យោធា​ថៃ ចូល​មក​ដាក់​ក្នុង​ទឹក​ដី​កម្ពុជា ព្រោះ​សាង​នៅ​ដី​គេ​ខាង​នោះ គេ​ទម្លាក់​ពី​លើ​ឡាន​គេ​មក​កងទ័ព​គេ​មក យក​ឡាន​ប៉ូលិស​ដឹក​បន្ត ឡាន​ប៉ូលិស​ញែក​ជា​ពីរ យក​តែ​មនុស្ស ហើយ​ឥវ៉ាន់​គេ​ដាក់​ឡាន​ផ្សេង​អ៊ីចឹង​ទៅ។ ឥវ៉ាន់​ធ្វើ​ឲ្យ​បង​ប្អូន​ពិបាក​ក្នុង​ការ​រក​ឥវ៉ាន់ បាត់​ឥវ៉ាន់​ទៀត។ ឡាន​កងទ័ព ព្រោះ​រដ្ឋធម្មនុញ្ញ​យើង​ហាម​មិន​ឲ្យ​មធ្យោបាយ​យោធា​ប្រទេស​ផ្សេង​ចូល។ ខ្ញុំ​បាន​សុំ​គោលការណ៍​ទៅ​ប្រមុខ​រដ្ឋាភិបាល សម្ដេច​អនុញ្ញាត​ហើយ»

គិត​ពី​ថ្ងៃ​ទី​៦ រហូត​មក​ដល់​ព្រឹក​ថ្ងៃ​ទី​១៤ ខែ​មិថុនា នេះ ចំនួន​ពលករ​ខ្មែរ​ដែល​អាជ្ញាធរ​ថៃ ចាប់​បញ្ជូន​មក​វិញ​កើន​ឡើង​រហូត​ទៅ​ដល់ ៨​ម៉ឺន ៤​ពាន់​នាក់។ លោក​អភិបាល​ខេត្ត​បន្ទាយមានជ័យ បញ្ជាក់​ថា ចំនួន​នេះ​មិន​ទាន់​បាន​បូក​បញ្ចូល​ជាមួយ​នឹង​កំណើន​ពលករ​ខ្មែរ ដែល​អាជ្ញាធរ​ដឹក​បញ្ជូន​មក​តាម​រថយន្ត​យោធា​ជាច្រើន​គ្រឿង​ទៀត កាល​ពី​ល្ងាច​ថ្ងៃ​ទី​១៤ មិថុនា នោះ​ទេ។ ការ​កើន​ឡើង​នៃ​ចំនួន​ពលករ​នេះ បាន​ធ្វើ​ឲ្យ​អាជ្ញាធរ​កម្ពុជា ខ្វះខាត​រថយន្ត​ដឹក​ជញ្ជូន​ពួក​គាត់​ទៅ​ស្រុក​កំណើត។ នៅ​ថ្ងៃ​ទី​១៤ មិថុនា រថយន្ត​ដែល​ដឹក​ជញ្ជូន​ពលករ​នោះ មាន​ការ​កើន​ឡើង​ទៅ​ជាង ៣០០​គ្រឿង​ក៏​ពិត​មែន ប៉ុន្តែ​ចំនួន​នេះ​នៅ​មិន​ទាន់​គ្រប់គ្រាន់​នៅ​ឡើយ៖ «ឥឡូវ​នេះ រថយន្ត​ជា​កម្លាំង​ធំ​ដែល​ដឹក​ជញ្ជូន​ហ្នឹង គឺ​រថយន្ត​សម្ដេច​តេជោ​ក្នុង​នាម​ក្រសួង​ការពារ​ជាតិ ហ្នឹង ១៥០​គ្រឿង ប៉ុន្តែ ១៥០​នេះ​បំបែក​ជា​ពីរ ៣០​ទៅ​អូស្មាច់ និង ១២០​នៅ​ប៉ោយប៉ែត ប៉ុន្តែ​រថយន្ត​ត្រូវ​មក​ប៉ោយប៉ែត ហើយ​គោលដៅ​ទៅ​ឆ្ងាយ​ព្រៃវែង ស្វាយរៀង តាកែវ កំពត កំពង់ចាម ទៅ​ដល់​មក​វិញ»

ក្រៅ​ពី​នេះ នៅ​មាន​រថយន្ត​កង​វិស្វកម្ម​ចំនួន ៣០​គ្រឿង រថយន្ត​មក​ខេត្ត​សៀមរាប ១៥​គ្រឿង រថយន្ត​ពី​ខេត្ត​កំពង់ឆ្នាំង ១០​គ្រឿង រថយន្ត​ភូមិ​ភាគ​៥ មាន ៧​គ្រឿង មាន​រថយន្ត​របស់​ក្រសួង​មហាផ្ទៃ រថយន្ត​តាម​អង្គភាព​នានា​របស់​ខេត្ត​បន្ទាយមានជ័យ រថយន្ត​អង្គការ អាយ.អូ.អិម (IOM) និង​អង្គការ​ទស្សនៈ​ពិភពលោក (World Vision) ជាច្រើន​គ្រឿង​ទៀត។ ទោះ​យ៉ាង​ណា ចំនួន​រថយន្ត​ជាង ៣០០​គ្រឿង​នេះ មិន​អាច​ផ្ទុក​បាន​ចំនួន​ពលករ​ខ្មែរ​រាប់​ម៉ឺន​នាក់ ដែល​អាជ្ញាធរ​ថៃ ចាប់​បញ្ជូន​មក​នោះ​ទេ។

កាល​ពី​ថ្ងៃ​ទី​១៣ មិថុនា មាន​មនុស្ស ៩​នាក់ បាន​ដួល​សន្លប់​ដោយសារ​មេឃ​ក្ដៅ​ខ្លាំង​ពេក ហើយ​ពួក​គេ​ត្រូវ​បាន​ក្រុម​គ្រូពេទ្យ​ប្រចាំ​ការ​នៅ​ទីនោះ​ជួយ​សង្គ្រោះ និង​បញ្ជូន​ទៅ​មន្ទីរពេទ្យ។ ចំនួន​មនុស្ស​ច្រើន និង​រថយន្ត​ដឹក​ជញ្ជូន​មិន​ទាន់​ពេលវេលា​នេះ បាន​ធ្វើ​ឲ្យ​ពលករ​ខ្មែរ​រាប់​ពាន់​នាក់​ដេក​សម្រាក​រាយប៉ាយ​នៅ​តាម​ទីប្រជុំជន និង​ទីផ្សារ​ក្នុង​ក្រុង​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ។

ជាក់ស្ដែង ស្ថានភាព​នេះ​នៅ​តែ​មាន​កំណើន​ខ្ពស់​នៅ​ឡើយ ដោយសារ​ពលករ​ខ្មែរ​ដែល​រថយន្ត​យោធា​ថៃ ដឹក​បញ្ជូន​មក​វិញ​នៅ​តែ​ចំនួន​ច្រើន​រាប់​ម៉ឺន​នាក់ ហើយ​រថយន្ត​ជាង ៣០០​គ្រឿង​ដែល​អាជ្ញាធរ​កម្ពុជា បាន​ប្រើប្រាស់​ក្នុង​ការ​ដឹក​ជញ្ជូន​ពួក​គាត់​ទៅ​កាន់​ទី​លំនៅឋាន​នោះ ពុំ​មាន​តុល្យភាព​នឹង​ចំនួន​ពលករ​នោះ​ឡើយ។

លោក សម រង្ស៊ី អំពាវនាវ​ឲ្យ​រដ្ឋាភិបាល​យោធា​ថៃ​គោរព​សិទ្ធិ​ពលករ​ខ្មែរ

ដោយ សុ ជីវី

ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី ស្នើ​រដ្ឋាភិបាល​យោធា​ថៃ អោយ​គោរព​សិទ្ធិ​ពលករ​ខ្មែរ​ដែល​កំពុង​រស់នៅ និង​ធ្វើ​ការ​ក្នុង​ប្រទេស​នេះ។

សំណើ​របស់ លោក សម រង្ស៊ី ធ្វើ​ឡើង​នៅ​ក្នុង​លិខិត​មួយ​ចុះ​ថ្ងៃ​ទី​១៤ ខែ​មិថុនា នេះ​ផ្ញើ​ជូន លោក ប្រាយុទ្ធ ចាន់អូចា (Prayuth Chan-Ocha) នាយក​រដ្ឋមន្ត្រី​រដ្ឋាភិបាល​យោធា​ថៃ តាម​រយៈ​ឯកអគ្គរាជទូត​ថៃ ប្រចាំ​នៅ​កម្ពុជា លោក សមពុង ស្ងួនប៊ុន (Sampong Sanguanbun)។

ក្នុង​លិខិត​នោះ លោក សម រង្ស៊ី បញ្ជាក់​ថា ពលករ​ខ្មែរ​ដែល​កំពុង​ធ្វើ​ការ​នៅ​លើ​ទឹក​ដី​ថៃ គឺ​ជា​ពលរដ្ឋ​ក្រីក្រ។ ពួក​គេ​ចាក​ចេញ​ទៅ​រក​ការងារ​ធ្វើ​នៅ​ប្រទេស​ថៃ គឺ​ដើម្បី​គេច​ចេញ​ពី​ការ​លំបាក​ក្នុង​ជីវភាព​រស់នៅ។ ពួក​គេ​ប្រាថ្នា​សុំ​ត្រឹម​អោយ​មាន​ការងារ​ធ្វើ រស់នៅ​ក្នុង​សភាព​ស្ងប់ស្ងាត់ និង​សន្តិភាព។ លើស​ពី​នេះ លោក សម រង្ស៊ី បាន​ធានា​អះអាង​ថា ពលរដ្ឋ​ខ្មែរ​ទាំង​នោះ​នឹង​មិន​ចូលរួម ឬ​ពាក់ព័ន្ធ​នឹង​រឿង​នយោបាយ ឬ​គណបក្ស​ណា​ទេ។

អ្នក​នាំ​ពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ លោក យ៉ែម បុញ្ញឫទ្ធិ មាន​ប្រសាសន៍​បញ្ជាក់​បន្ថែម​ថា ការ​ចាប់​បញ្ជូន​ពលករ​ខ្មែរ​ដោយ​បង្ខំ​នៅ​ពេល​នេះ គឺ​ជា​ការ​រំលោភ​លើ​សិទ្ធិ​ពលរដ្ឋ​ទាំង​នោះ។

«សំឡេង»

ក្នុង​លិខិត​ដដែល លោក សម រង្ស៊ី ក៏​បាន​អំពាវនាវ​ឲ្យ​រដ្ឋាភិបាល​ថៃ គោរព​សិទ្ធិ​ពលករ​ខ្មែរ​ទៅ​តាម​គោលការណ៍​មនុស្សធម៌ និង​តាម​បទដ្ឋាន​សិទ្ធិ​មនុស្ស​អន្តរជាតិ។

ពាក់ព័ន្ធ​ករណី​នេះ អ្នក​នាំ​ពាក្យ​ក្រសួង​ការ​បរទេស​ថៃ លោក សេក វណ្ណមេធី កាល​ពី​ថ្ងៃ​ទី​១៣ ខែ​មិថុនា បាន​ច្រាន​ចោល​រាល់​ការ​ចុះ​ផ្សាយ​ព័ត៌មាន ដែល​ថា ថៃ បាន​បញ្ជូន​ពលករ​ខ្មែរ​ខុស​ច្បាប់​ដោយ​ហិង្សា ឬ​បំផ្លាញ​ឯកសារ​ធ្វើ​ដំណើរ​របស់​ពលករ​ខ្មែរ​ចូល​ទៅ​ប្រទេស​ថៃ ទាំង​ស្រប​ច្បាប់ និង​ខុស​ច្បាប់។ អ្នក​នាំ​ពាក្យ​រូប​នេះ​ចាត់​ទុក​ការ​វិល​ត្រឡប់​របស់​ពលករ​ខ្មែរ គឺ​ធ្វើ​ដោយ​ការ​ស្ម័គ្រ​ចិត្ត៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)

មើល​មតិ​ទាំង​អស់.

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។

គេហទំព័រ​ទាំងមូល