ក្រសួងមហាផ្ទៃបានយល់ព្រមអនុញ្ញាតឱ្យគណបក្សនយោបាយថ្មីមួយទៀត ឈ្មោះ គណបក្សបេះដូងជាតិ ដើម្បីចូលរួមប្រកួតប្រជែងសម្រាប់ការបោះឆ្នោតនៅពេលខាងមុខ នេះ។ មន្ត្រីជាន់ខ្ពស់គណបក្សប្រជាជនកម្ពុជាគាំទ្រ ចំពោះការចូលរួមពីប្រជាពលរដ្ឋក្នុងការបង្កើតគណបក្សថ្មី ហើយក៏មិនព្រួយបារម្ភថា គណបក្សថ្មីដែលបង្កើតឡើង បន្តបន្ទាប់ អាចផ្ដួលគណបក្សប្រជាជនដែលកំពុងកាន់អំណាចបានឡើយ។
ស្ថាបនិកគណបក្សបេះដូងជាតិ លោក សៀម ប្លុក ប្រាប់អាស៊ីសេរី កាលពីយប់ថ្ងៃទី២២ មិថុនា ថា ក្រសួងមហាផ្ទៃបានយល់ព្រម អនុញ្ញាតឱ្យ គណបក្សបង្កើតថ្មីរបស់លោកចូលរួមការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់ឆ្នាំ២០២២ និងការបោះឆ្នោតសកលនៅឆ្នាំ២០២៣ ខាងមុខនេះ។
លោក សៀម ប្លុក ដែលជាអ្នកចូលរួមការងារក្នុងសង្គមរូបនេះ បានបញ្ជាក់ថា មូលហេតុដែលលោកសម្រេចចិត្តដាក់ពាក្យទៅក្រសួងមហាផ្ទៃដើម្បីបង្កើតគណបក្ស បេះដូងជាតិ នេះគឺ ដោយសារតែលោកចង់ចូលរួមដោះស្រាយនយោបាយ និងចង់ចូលរួមបម្រើផលប្រយោជន៍ក្នុងសង្គមឱ្យមានភាពល្អប្រសើរជាងនេះ។ តែទោះជាយ៉ាងណាក៏លោកមិនដឹងថាគណបក្សរបស់លោកដំណើរការទៅយ៉ាងណានោះទេ ដរាបណាក្រសួងមហាផ្ទៃមិនទាន់ទទួលស្គាល់ជាផ្លូវការនៅឡើយ៖ «ខ្ញុំអត់ទាន់អាចអត្ថាធិប្បាយបានទេ ពីព្រោះក្រសួងមហាផ្ទៃអត់ទាន់បាន បំពេញបែបបទចុះបញ្ជីឱ្យបានត្រឹមត្រូវ។ គ្រាន់តែជំហានទីមួយយើងបានសុំបង្កើតគណបក្ស ហើយឥឡូវ ក្រសួងបានអនុញ្ញាតហើយ។ជំហានបន្តគឺ យើងត្រូវចុះបញ្ជីឱ្យបានរួចរាល់នៅពេលនោះបានយើងអាចអត្ថាធិប្បាយបាន»។
លោក សៀម ប្លុក កាលពីថ្ងៃទី៩ មិថុនា បានដាក់លិខិតទៅក្រសួងមហាផ្ទៃ ដើម្បីសុំបង្កើតគណបក្ស បេះដូងជាតិ ដែលហៅកាត់ថា គ.ប.ជ ដោយផ្អែកតាមច្បាប់ស្ដីពីការបង្កើតគណបក្សនយោបាយ។
អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន បានគាំទ្រចំពោះការចូលរួមពីប្រជាពលរដ្ឋក្នុងការបង្កើតគណបក្សថ្មី ហើយក៏មិនព្រួយបារម្ភថា គណបក្សថ្មីដែលបង្កើតឡើង បន្តបន្ទាប់ អាចផ្ដួលគណបក្សប្រជាជនដែលកំពុងកាន់អំណាចបានឡើយ។ លោកបញ្ជាក់ថា គណបក្សប្រជាជនកម្ពុជា ជាគណបក្សតែមួយគត់ដែលផ្ដល់ទំនុកចិត្តដល់ប្រជាពលរដ្ឋ។ ដូច្នេះ ទោះបីគណបក្សណាមកប្រកួតប្រជែង ក៏មិនអាចបំបែកសំឡេងពីគណបក្សប្រជាជនបានដែរ៖ «ខ្ញុំយល់ថាគណបក្សប្រជាជនមានប្រវត្តិតស៊ូ យូរលុងណាស់មកហើយ បើប្រៀបធៀបគណបក្សថ្មីៗ ដែលទើបនឹងបង្កើតគឺគាត់មានរយៈពេលខ្លីនៅក្នុងការកសាងគុណសម្បត្តិ ស្នាដៃរបស់គាត់ជូនប្រជាពលរដ្ឋ។ដូច្នេះខ្ញុំយល់ថា បើប្រៀបធៀបនឹងគណបក្សប្រជាជន ដែលភាគច្រើនគេនិយមហៅថា ជាគណបក្សចាស់វស្សា ខ្ញុំយល់ថា គណបក្សប្រជាជនមានស្នាដៃច្រើន»។
ចំណែកអនុប្រធានគណបក្សសង្គ្រោះជាតិ លោក អេង ឆៃអ៊ាង វិញបញ្ជាក់ថា លោកមិនចាប់អារម្មណ៍ និងភ្ញាក់ផ្អើលចំពោះគណបក្សថ្មី ដែលក្រសួងមហាផ្ទៃអនុញ្ញាតឱ្យបង្កើតនោះទេ។ លោកថា ឱ្យតែជិតដល់ការបោះឆ្នោតម្ដងៗ គឺតែងតែមានគណបក្សថ្មី ដែលមិនធ្លាប់មានសកម្មភាព ចាប់ផ្ដើមផុសចេញឡើង។ តែទោះជាយ៉ាងណាក្ដី លោកថា ប្រជាពលរដ្ឋគាំទ្រ ឬមិនគាំទ្រ គឺអាស្រ័យទៅលើសកម្មភាពនយោបាយរបស់គណបក្សនោះ៖ «ដើម្បីឱ្យមានការគាំទ្រពីប្រជាពលរដ្ឋ គឺអាស្រ័យទៅលើគោលជំហរគោលនយោបាយ គោលជំហររបស់មេដឹកនាំរបស់គណបក្សហ្នឹង។ ប្រសិនបើគណបក្សនយោបាយណាមួយ គឺថា មានជំហរត្រឹមតែរណបគណបក្សកាន់អំណាចហ្នឹងគែច្បាស់ជា មិនមានការគាំទ្រទេ។ យើងដឹងហើយថាកន្លងមកនៅក្នុងប្រទេសកម្ពុជា យើងមើលឃើញហើយថា តាំងពីក្រោយកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសមកហ្នឹង គឺយើងឃើញមិនដែលមានគណបក្សតិចទេ ចូលរួមការបោះឆ្នោតហ្នឹង»។
ទាក់ទិននឹងបញ្ហានេះ អ្នកវិភាគនយោបាយ និងសង្គម បណ្ឌិត មាស នី មានប្រសាសន៍ថា ប្រសិនបើគណបក្សនយោបាយប្រឹងបង្កើតបក្សតែរៀងៗ ខ្លួន មិនគិតគូរពីផលប្រយោជន៍ជាតិជាធំនោះគណបក្សទាំងនោះគ្រាន់តែជាផ្កា ដើម្បីលម្អសួនប្រជាធិបតេយ្យ ឱ្យគណបក្សកាន់អំណាចនៅក្នុងការដឹកនាំប្រទេសតទៅទៀត។ លោកថា វាសនាគណបក្សតូចៗ ទាំងនោះ មិនខុសពីគណបក្សហ៊្វុនស៊ិនប៉ិច ទេ គឺនៅចុងក្រោយ នឹងឈានដល់ការរលំរលាយទាំងស្រុង៖ «ខ្ញុំមិនហានឱ្យអនុសាសន៍អីឱ្យវាត្រង់ទេ។ ប៉ុន្តែបើសិនជាយើងមើលឧទាហរណ៍ ការរួមគ្នាដើម្បីចូលរួមការបោះឆ្នោត ហើយទទួលបានជ័យជំនះគឺ ក្រុមគណបក្សតូចៗ ដែលទើបនឹងបង្កើតថ្មីគួរតែមើលគំរូ នៃប្រទេសម៉ាឡេស៊ី ហើយមួយទៀតថ្មីៗ នេះគឺប្រទេសអ៊ីស្រាអែល។ រឿងថា ទៅរួចមិនរួច គឺអាស្រ័យទៅលើការគិតគូររបស់គណបក្សនីមួយៗ ទេ ដែលខ្ញុំមិនអាចនិយាយបានឱ្យស៊ីជម្រៅបានទេ»។
ចាប់តាំងពីគណបក្សសង្គ្រោះជាតិដែលមានកម្លាំងគាំទ្រប្រហាក់ប្រហែល នឹងគណបក្សប្រជាជនត្រូវបានតុលាការកំពូលរំលាយកាលពីឆ្នាំ២០១៧ មក មានគណបក្សនយោបាយមួយចំនួន ដូចជា គណបក្សខ្មែរស្រឡាញ់ជាតិ គណបក្សកែទម្រង់កម្ពុជា និងគណបក្សខ្មែរអភិរក្សនិយម ត្រូវបានបង្កើតឡើង ដែលសុទ្ធសឹងជាសមាសភាព ជាអតីតមន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិផងដែរ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។