ក្រសួង​មហាផ្ទៃ​បើក​កិច្ច​ប្រជុំ​ក្រើន​រំលឹក​អាជ្ញាធរ​ឲ្យ​បង្ក​លក្ខណៈ​ងាយ​ស្រួល​ដល់​គណបក្ស​នយោបាយ

រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​លោក ស ខេង ណែនាំ​ឲ្យ​បើក​កិច្ចប្រជុំ​ក្រើន​រំលឹក​ដល់​អាជ្ញាធរ​រាជធានី​ខេត្ត​ទូទាំង​ប្រទេស​ដើម្បី​បង្ក​លក្ខណៈងាយ​ស្រួល​ដល់​គណបក្ស​នយោបាយ​ខណៈការ​បោះឆ្នោត​ក្រុម​ប្រឹក្សា​ឃុំ-សង្កាត់កាន់តែ​ខិតជិត​មក​ដល់។

កិច្ចប្រជុំ​កាល​ពី​ថ្ងៃទី១៤ ខែមីនា ធ្វើឡើង​បន្ទាប់​ពី​លោក ស ខេង រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃមើល​ឃើញ​ពី​ការមិន​យកចិត្ត​ទុកដាក់​របស់អាជ្ញាធរ​ថ្នាក់ក្រោម​ជាតិ​មួយចំនួន ​លើ​សេចក្តីណែនាំ​របស់​លោក​កន្លង​មកដោយ​សារ​អាជ្ញាធរ​មូលដ្ឋាន​ខ្លះនៅតែ​បន្តការ​លំបាកនិង​គម្រាម​កំហែង​គ្រប់​រូបភាព​ដល់​គណបក្ស​នយោបាយ​មួយ​ចំនួន។

អគ្គនាយករង​នៃ​អគ្គនាយកដ្ឋាន​រដ្ឋបាល​ក្រសួងមហាផ្ទៃ​លោក ឈឹម កាន បាន​ប្រាប់​កាសែត​ភ្នំពេញ​ប៉ុស្តិ៍​ថាគោលដៅ​សំខាន់​នៃ​កិច្ចប្រជុំ​នេះ​ គឺណែនាំ​និង​ក្រើន​រំលឹក ដល់​អាជ្ញាធរ​រាជធានី​ខេត្ត​​ និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ថ្នាក់ក្រោម​ជាតិ ​ត្រូវយកចិត្ត​ទុកដាក់​សម្រួល ឲ្យ​គណបក្ស​នយោបាយ​ទាំង​ឡាយ​អាច​ធ្វើ​សកម្មភាព​នយោបាយ​ស្របតាម​ច្បាប់​លិខិត​បទដ្ឋាន។ បន្ថែមពីនេះ អាជ្ញាធរ ត្រូវអនុវត្តតាម​​លិខិត​ណែនាំ​របស់​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​ ​កាលពីដើមខែកុម្ភៈ ដើម្បី​ធ្វើយ៉ាងណា​ឱ្យមាន​លក្ខណៈ​សេរី ត្រឹមត្រូវ និង​យុត្តិធម៌ ស្រប​ទៅ​តាម​គោលការណ៍​លទ្ធិប្រជាធិបតេយ្យ សេរី​ពហុបក្ស ចំពោះ​គណបក្ស​នយោបាយ​ទាំងអស់ ដែល​បាន​ចុះបញ្ជី​ចូលរួមការ​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សាឃុំ-សង្កាត់​នៅ​ឆ្នាំនេះ និង​បោះឆ្នោត​ជ្រើសរើស​តំណាងរាស្ត្រ​នៅ​ឆ្នាំក្រោយ​។

គណបក្ស​មួយ​ចំនួន ក្នុងនោះរួមមានគណបក្សភ្លើងទៀត ​អះអាង​ថា អាជ្ញាធរ​​នៅ​តាមមូលដ្ឋាន នៅតែ​ដាក់​សម្ពាធ គំរាម​កំហែង បំភិតបំភ័យ​បេក្ខ​ជន និង​សកម្មជន​ពួក​គេ​ស្ទើរ​គ្រប់​រូប​ភាព។ មន្រ្តី​សង្គម​ស៊ីវិល ក៏បាន​ស្នើ​ដល់ភាគី​ពាក់​ព័ន្ធ ឲ្យ​បញ្ឈប់​ការ​ប្រព្រឹត្ត​ទង្វើ​ដែល​ផ្ទុយ​ពី​ច្បាប់ ដើម្បី​ធានា​ថា ​ពលរដ្ឋ​គ្រប់រូប​បាន​ប្រើ​ប្រាស់​សិទ្ធិ​របស់​ខ្លួន ដោយ​គ្មាន​ការ​រើស​អើង៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។