ក្រុមអ្នកជំនាញអំពាវនាវដល់គណបក្សប្រឆាំង និងសហគមន៍អន្តរជាតិ ឱ្យរក្សាគោលជំហររឹងមាំ និងប្រយ័ត្នប្រយែងចំពោះល្បិចកលបន្ធូរបន្ថយស្ថានការណ៍តឹងតែងនយោបាយ ដែលរបបលោក ហ៊ុន សែន កំពុងប្រើប្រាស់ដើម្បីផ្គាប់ចិត្តសហភាពអឺរ៉ុប កុំឱ្យឈានទៅសម្រេចព្យួរប្រព័ន្ធអនុគ្រោះពន្ធ EBA ពីកម្ពុជា។ ការលើកឡើងរបស់អ្នកជំនាញ ធ្វើឡើងស្របពេលសហភាពអឺរ៉ុប ទុកពេល១ខែ ឱ្យរបបក្រុងភ្នំពេញ ឆ្លើយតបទៅនឹងរបាយការណ៍វាយតម្លៃបឋមរបស់ខ្លួន ដែលរកឃើញថា កម្ពុជាពុំបានចាត់វិធានការណ៍គ្រប់គ្រាន់ដើម្បីឆ្លើយតបទៅនឹងការរំលោភសិទ្ធិនយោបាយ និងសិទ្ធិពលរដ្ឋជាប្រព័ន្ធ ដែលអាចឱ្យសហភាពអឺរ៉ុបឈានទៅសម្រេចព្យួរប្រព័ន្ធអនុគ្រោះពន្ធ EBA ពីកម្ពុជាបាន។
We have completed our report on the temporary suspension of trade preferences to Cambodia. We are very concerned about the human rights situation there. The Cambodians now have one month to respond and we will make our final decision in Feb next year. ↘️
ការមិនឱនក្បាលចំពោះបរទេស ការមិនយកអធិបតេយ្យទៅដោះដូរនឹងជំនួយបរទេស ការអំពាវឱ្យសហគមន៍អន្តរជាតិប្រញាប់ប្រញាល់ដាក់ទណ្ឌកម្មមកលើរដ្ឋាភិបាល ដែលសុទ្ធសឹងតែជាភាសាពេញនិយមដែលលោក ហ៊ុន សែន ធ្លាប់តែប្រើពេញៗមាត់ជាវោហារសាស្ត្រនយោបាយក្រោយជម្នះបង្កើតរដ្ឋាភិបាល «ខ្វះភាពស្របច្បាប់» និងបង្កើតរដ្ឋសភាឯកបក្សនោះ នៅទីបំផុតទៅបានក្លាយទៅជាស្រមោលបាត់ទៅហើយ ខណៈសហភាពអឺរ៉ុបដាក់របាយការណ៍វាយតម្លៃឈានទៅរកការព្យួរប្រព័ន្ធអនុគ្រោះពន្ធ EBA ពីកម្ពុជា។ ស្របពេលដែលសហភាពអឺរ៉ុបទុកពេលវេលាមួយ (១)ខែឱ្យរបបក្រុងភ្នំពេញ ឆ្លើយតប ពោលគឺយ៉ាងយូរបំផុតត្រឹមថ្ងៃទី១១ ធ្នូ ខែក្រោយនេះ របបលោក ហ៊ុន សែន កំពុងបន្ធូរបន្ថយស្ថានការណ៍នយោបាយនៅកម្ពុជាយ៉ាងចម្លែក។ គ្រាន់តែក្នុងពេលមិនដល់មួយសប្ដាហ៍ផង ស្ថានភាពលោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ ដែលត្រូវបានឃុំខ្លួនក្នុងផ្ទះ ត្រូវបានបន្ធូរបន្ថយ ហើយលោក ហ៊ុន សែន ក៏បានឈានទៅបញ្ជាស្ថាប័នតុលាការ ដែលលោក និងមន្ត្រីគ្រាក់ៗរបស់លោកធ្លាប់ទន្ទេញរត់មាត់ថាជាស្ថាប័នឯករាជ្យ និងថារដ្ឋាភិបាលមិនជ្រៀតជ្រែក ឬលូកលាន់ចូលកិច្ចការតុលាការនោះ ឱ្យប្រញាប់ដោះលែងសកម្មជនមូលដ្ឋានគណបក្សប្រឆាំងសរុបជាង ៨០នាក់ ដែលរបបនេះបានចាប់ខ្លួនដាក់ពន្ធនាគារ។
មានការលើកឡើងពីក្រុមអ្នកជំនាញថា របបលោក ហ៊ុន សែន អាចបន្តសម្រួលស្ថានការណ៍នយោបាយបន្ថែមទៀតក្នុងរយៈពេល ១ខែខាងមុខនេះ ដើម្បីផ្គាប់ចិត្តសហភាពអឺរ៉ុប កុំឱ្យដកហូតប្រព័ន្ធអនុគ្រោះពន្ធ EBA ពីកម្ពុជា ក្នុងនោះសេណារីយ៉ូ ដែលអាចកើតមានឡើង មានដូចជា ការទម្លាក់បទចោទប្រឆាំងលោក កឹម សុខា ឬការកាត់ទោសលោក រួចឱ្យព្រះមហាក្សត្រព្រះរាជទានលើកលែងទោស ក្នុងគោលដៅប្រើប្រាស់លោក កឹម សុខា ដើម្បីបំបែកបំបាក់សំឡេងប្រឆាំងជាមួយលោក សម រង្ស៊ី ដែលកំពុងធ្វើយុទ្ធនាការទូតយ៉ាងសកម្មក្នុងប្រទេសតំបន់អាស៊ាន។
អ្វីដែលចម្លែកនោះ គឺក្រោយពីគណៈកម្មការអឺរ៉ុបដាក់របាយការណ៍វាយតម្លៃបឋមរបស់ខ្លួនឱ្យទៅរដ្ឋាភិបាលកម្ពុជាជាផ្លូវការនោះ គ្មានមន្ត្រីរដ្ឋាភិបាលណាម្នាក់ហ៊ានចេញមុខមកអះអាងពីរបាយការណ៍នោះឡើយ។ អាស៊ីសេរី មិនអាចទាក់ទងលោក កុយ គួង អ្នកនាំពាក្យក្រសួងការបរទេស ដើម្បីសុំការពន្យល់ជុំវិញខ្លឹមសារនៃរបាយការណ៍នេះឡើយ ដោយលោកមិនលើកទូរស័ព្ទ។ លោក ផៃ ស៊ីផាន ដែលជាអ្នកនាំពាក្យរដ្ឋាភិបាលឯណោះវិញ បដិសេធអត្ថាធិប្បាយជុំវិញបញ្ហានេះ៖ «ខ្ញុំឆ្លើយអត់កើតពីព្រោះខ្ញុំអត់បានមើលរបាយការណ៍ហ្នឹង។ ខ្ញុំព្យាយាមអត់ឆ្លើយពាក់ព័ន្ធនឹង EBA ល្គឹកណាខ្ញុំបកទៅភ្នំពេញវិញថ្ងៃចន្ទ»។
អ្នកជំនាញខាងកិច្ចការអន្តរជាតិ និងជាសាស្ត្រាចារ្យផ្នែកការទូត និងកិច្ចការពិភពលោក នៃមហាវិទ្យាល័យ Occidental College នៃរដ្ឋកាលីហ្វ័រញ៉ា (California) សហរដ្ឋអាមេរិក បណ្ឌិត អៀ សុផល ប្រាប់អាស៊ីសេរីតាមសារអេឡិចត្រូនិកថា ច្បាស់ណាស់ថា នៅថ្ងៃទី១២ កុម្ភៈ ឆ្នាំ២០២០ ខាងមុខនេះ នឹងបិទបញ្ចប់ទៅយ៉ាងអាក្រក់សម្រាប់កម្មករនិយោជិកកម្ពុជា ដែលត្រូវបានរបបក្រុងភ្នំពេញយកមកធ្វើជាចំណាប់ខ្មាំង។ លោកថា របបលោក ហ៊ុន សែន កំពុងព្យាយាមឡប់ប៊ី ឬបញ្ចុះបញ្ចូលសហភាពអឺរ៉ុប តាមរបៀបដូចដែលរបបនេះធ្វើជាមួយនឹងសហគមន៍អាស៊ាន ក៏ប៉ុន្តែលោកថា សហភាពអឺរ៉ុប មិនដូចអាស៊ាននោះទេ។ លោកប្រាប់ឱ្យមន្ត្រី និងសកម្មជនគណបក្សប្រឆាំងប្រយ័ត្នប្រយែងចំពោះសាររបស់លោក ហ៊ុន សែន ដែលអំពាវនាវឱ្យពួកគេត្រលប់ចូលស្រុកវិញដោយមិនយកទោសពៃរ៍ ដូចអ្វីដែលលោកថា របបខ្មែរក្រហមធ្លាប់ធ្វើដូច្នេះដែរ។ បណ្ឌិត អៀ សុផល បន្តថា កាលនោះ ពួកខ្មែរក្រហមក៏បានអំពាវនាវដល់ក្រុមបញ្ញវន្ត និងក្រុមអ្នកការទូត ឱ្យត្រឡប់មកកម្ពុជាវិញ ហើយនៅទីបំផុតទៅ ពួកគេទាំងនោះត្រូវបានរបបនេះយកទៅសម្លាប់ចោល។ បណ្ឌិត អៀ សុផល ថា នេះអាចជាអន្ទាក់របស់លោក ហ៊ុន សែន ព្រោះលោកថា ល្បែងដដែលនេះ អាចនឹងកើតមានឡើងដដែលជាដដែល។
ជាមួយគ្នានេះដែរ បណ្ឌិត អៀ សុផល អំពាវនាវដល់សហភាពអឺរ៉ុប ឱ្យប្រយ័ត្នប្រយែងដោយមិនត្រូវចាញ់បោកអ្វីដែលរបបនេះកំពុងលេងល្បិច ក្នុងគោលដៅដើម្បីបោកបញ្ឆោតសហគមន៍អន្តរជាតិតែប៉ុណ្ណោះ ។ លោក ផ្តល់អនុសាសន៍ឱ្យគណបក្សប្រឆាំង រក្សាគោលជំហររបស់ខ្លួនឱ្យបានរឹងមាំ និងមិនត្រូវទទួលយកនូវអ្វីមួយ ក្រៅតែពីដំណោះស្រាយនយោបាយទូលំទូលាយមួយ សម្រាប់បញ្ហានយោបាយនៅកម្ពុជា ដែលលោកថា មិនមែនជាការបោកបញ្ឆោតដូចកាលពីកាលបោះឆ្នោតឆ្នាំ២០១៣កន្លងទៅនោះទេ។ បណ្ឌិត អៀ សុផល ថានេះជារឿងរ៉ាវ ដែលតែងតែកើតមានឡើងចំពោះកម្ពុជា ដោយសារតែមានរឿងរ៉ាវជាច្រើនបានប្រព្រឹត្តិមកលើប្រព័ន្ធផ្សព្វផ្សាយ សង្គមស៊ីវិល និងអង្គការមិនមែនរដ្ឋាភិបាល ដែលជាមូលដ្ឋានគ្រឹះនៃប្រជាធិបតេយ្យនៅកម្ពុជា។ បណ្ឌិត អៀ សុផល ពន្យល់ថា រឿងរ៉ាវដែលត្រូវបានគេរម្លាយចោល ដូចជាការបិទកាសែត ឌឹ ខែមបូឌា ដេលី (The Cambodia Daily) វិទ្យុអាស៊ីសេរី ការបណ្ដេញចេញវិទ្យាស្ថានជាតិប្រជាធិបតេយ្យ NDI របស់អាមេរិក មិនទាន់ត្រូវបានរបបនេះ យល់ព្រមបើកឱ្យដំណើរការឡើងវិញនៅឡើយទេ។
ដូចគ្នានេះដែរ អ្នកសិក្សាស្រាវជ្រាវបញ្ហាសង្គម និងនយោបាយ បណ្ឌិត មាស នី មើលឃើញថា កម្ពុជារបស់លោក ហ៊ុន សែន ហាក់កំពុងដើរឆ្ងាយពីអ្វីដែលជាការចង់បានរបស់សហភាពអឺរ៉ុប ហើយថា នៅមិនទាន់មានការឈានទៅរកដំណោះស្រាយនយោបាយនៅឡើយទេ៖ «ចរន្តនៃការផ្លាស់ប្ដូរ ឬក៏ការវិវត្តន៍ថ្មីៗទាក់ទងទៅនឹងការដោះលែងមន្ត្រីទាំងថ្នាក់ខ្ពស់ ទាំងថ្នាក់ទាបរបស់សង្គ្រោះជាតិនេះ គឺមិនទាន់អាចយកទៅធ្វើជាសូចនាករ ឈានទៅរកដំណោះស្រាយនយោបាយណាមួយនៅឡើយទេ ល្គឹកណាតែនៅក្នុងរយៈពេលពីរបីអាទិត្យខាងមុខ អាចនឹងមានការវិវត្តន៍ផ្សេងទៀត ដែលយើងនឹងចាំមើលតទៅទៀត។ ក៏ប៉ុន្តែ មកទល់នឹងពេលនេះ ថ្ងៃនេះ ម៉ោងនេះ អ្វីដែលជាចំណាត់ការរបស់រដ្ឋាភិបាលទាំងសំដៅទៅលើលោក កឹម សុខា ហើយសំដៅទៅលើមន្ត្រីសង្គ្រោះជាតិដទៃទៀត គឺមិនទាន់បង្ហាញនូវសូចនាករឈានទៅរកដំណោះស្រាយផ្នែកនយោបាយណាមួយបាននៅឡើយទេ។ នេះហើយដែលជាកត្តាមួយនឹងធ្វើឱ្យរបាយការណ៍របស់សហគមន៍អឺរ៉ុបជូនមករដ្ឋាភិបាលកម្ពុជានេះ នឹងកាន់តែជួបប្រទះនូវផ្លូវដ៏លំបាកនាពេលខាងមុខទៀត»។
បណ្ឌិត មាស នី ចោទជាសំណួរថា ការព្យាយាមកែសម្រួលស្ថានការណ៍នយោបាយ ៣៦០អង្សារបស់លោក ហ៊ុន សែន នេះ អាចមានភាពយឺតយ៉ាវទៅហើយ ព្រោះសហភាពអឺរ៉ុប វាយតម្លៃស្ថានការណ៍ តែក្នុងរយៈពេលស៊ើបអង្កេត៦ខែដំបូងរបស់ខ្លួនតែប៉ុណ្ណោះ ដែលបានបិទបញ្ចប់ទៅកាលពីពាក់កណ្ដាលខែសីហា ឆ្នាំនេះ៖ «នេះជាសំណួរមួយចោទសួរដែរ ថាតើការកែប្រែរបស់រដ្ឋាភិបាលពីថ្ងៃនេះ រហូតទៅដល់មួយខែទៀត ថាតើអាចមានប្រសិទ្ធភាពក្នុងការផ្លាស់ប្ដូរ ៣៦០អង្សានៃអ្វីដែលជាការមើលឃើញរបស់សហគមន៍អឺរ៉ុប។ នេះគឺស្ថិតក្នុងជាសំណួរនៅឡើយ បាទ!»
សម្រាប់អតីតនាយកប្រតិបត្តិអង្គការ ខុមហ្វ្រែល (COMFREL) លោក គល់ បញ្ញា វិញ យល់ថា លោកពុំមានសុទិដ្ឋិនិយមទេថា ការចរចា ឬសម្រុះសម្រួលនយោបាយនាពេលខាងមុខនេះ នឹងអាចដោះស្រាយបញ្ហាវិបត្តិប្រជាធិបតេយ្យ និងសិទ្ធិមនុស្សនៅកម្ពុជាជាលក្ខណៈយូរអង្វែងនោះ ឬក៏ថា ដំណោះស្រាយនេះ អាចនឹងធានាបញ្ចៀសកម្ពុជាពីវិបត្តិនយោបាយនាពេលខាងមុខនោះ ព្រោះលោកថា ប្រព័ន្ធប្រជាធិបតេយ្យត្រូវបានរបបលោក ហ៊ុន សែន យកមកប្រើប្រាស់ក្រោមហេតុផលនយោបាយបាត់ទៅហើយ៖ «បញ្ហាស្នូលនៅក្នុងប្រទេសកម្ពុជាយើង គឺនៅថាស្ថាប័នប្រជាធិបតេយ្យទាំងអស់ លែងដំណើរការ ហើយប្រើប្រាស់ដើម្បីផលប្រយោជន៍នយោបាយ។ ការការពារសិទ្ធិមនុស្ស និងការលើកស្ទួយសិទ្ធិមនុស្ស ទទួលបានការបំពារបំពានយ៉ាងធ្ងន់ធ្ងរ។ នេះជាមូលដ្ឋានសំខាន់ណាស់ ហើយការដោះស្រាយគឺវាដដែលទេ។ ខ្ញុំមើលទៅឱ្យឃើញជារូបភាពខ្លះទៅ ហើយចាប់ផ្ដើមការចរចាអ៊ីចឹងទៅ ហើយគ្រាន់ថា ធ្វើម៉េចកុំឱ្យប៉ះពាល់ដល់អំណាចរបស់ខ្លួន ការរក្សាអំណាចរបស់ខ្លួននៅក្នុងរដ្ឋាភិបាល នៅក្នុងអំណាចនយោបាយអីតែប៉ុណ្ណឹង។ ក៏ប៉ុន្តែ បន្ទាប់មកនឹងមានការកើតឡើងបញ្ហាបន្តទៀត។ នេះជាអ្វីដែលធ្លាប់កើតមក និងកើតទម្លាប់មកបន្ទាប់ទៀត។ អ៊ីចឹងហើយ បានជាធ្វើឱ្យសហភាពអឺរ៉ុប សហគមន៍អន្តរជាតិនានា និងខាងគណបក្សប្រឆាំងហ្នឹង គឺគេមានការប្រុងប្រយ័ត្នជាងមុន។ មើលទៅ ការប្រុងប្រយ័ត្ននេះហើយអាចជួយធ្វើឱ្យជំរុញឱ្យខាងរដ្ឋាភិបាលភ្នំពេញ ត្រូវមានការឆ្លើយតបមួយឱ្យមានលក្ខណៈវិជ្ជមានច្រើនជាងការអនុវត្តទម្លាប់មុនៗ ដែលត្រូវដោះស្រាយបញ្ហានេះឱ្យបានដិតដល់»។
ដោយឡែក បណ្ឌិត យ៉ង សាំងកុមារ អ្នកជំនាញកសិកម្ម និងជាសហស្ថាបនិកគណបក្សប្រជាធិបតេយ្យមូលដ្ឋាន វិញ លោកពុំចង់ក្រឡេកមើលពីបញ្ហាកាលពីពេលអតីតកាលនោះ។ លោកស្នើឱ្យអ្នកនយោបាយខ្មែរ យកបញ្ហាអតីតកាលទុកមួយឡែក ហើយរៀនរស់នៅជាមួយគ្នា ដោយនាំគ្នាសំឡឹងមើលពីអនាគតខាងមុខសម្រាប់កម្ពុជាវិញ៖ «ការយកឈ្នះចាញ់ទីមួយជាមួយគណបក្សប្រឆាំងដែលជាខ្មែរគ្នាឯង និងទីពីរជាមួយសហគមន៍អន្តរជាតិនោះ គឺជាគោលនយោបាយមួយជារឿងអតីតកាល។ យើងត្រូវតែក្រឡេកមើលទៅថ្ងៃមុខ ថាតើត្រូវធ្វើម៉េចដើម្បីឱ្យយើងអាចកសាងប្រព័ន្ធប្រជាធិបតេយ្យ សេរី ពហុបក្ស រៀនរស់នៅជាមួយគ្នាអ៊ីចឹង។ ដូចគ្នាដែរជាមួយសហភាពអឺរ៉ុប ដូចខ្ញុំបានបញ្ជាក់អ៊ីចឹង គេគ្មានចេតនាអីក្រៅពីចង់ជួយកម្ពុជានោះទេ។ ខ្ញុំជឿជាក់ថា រដ្ឋាភិបាល នៅមានសុច្ឆន្ទៈដើម្បីធ្វើការជាមួយសហភាពអឺរ៉ុប។ ខាងក្រៅអាចនិយាយផ្សេង តែខាងក្នុងអាចក្នុងកំពុងធ្វើការ ហើយមានចំណុចមួយចំនួន ដែលគាត់អាចធ្វើបាន ហើយដែលសហភាពអឺរ៉ុប អាចទទួលយកបាន។ ... ខ្ញុំជឿជាក់ថា ក្នុងរយៈពេល១ ខែទៅ២ខែខាងមុខនេះ នឹងមានដំណោះស្រាយជាវិជ្ជមានច្រើនសម្រាប់កម្ពុជា»។
យ៉ាងណាក៏ដោយ ជុំវិញការចង់ឃើញឱ្យមានដំណោះស្រាយទូលំទូលាយ និងដែលអាចធានាបាននូវនិរន្តភាពប្រជាធិបតេយ្យ និងសិទ្ធិមនុស្សនៅកម្ពុជានេះ អ្នកជំនាញកិច្ចការអន្តរជាតិ បណ្ឌិត អៀ សុផល ថារបបក្រុងភ្នំពេញ គួរតែធ្វើរឿងត្រឹមត្រូវ និងស្ដារសិទ្ធិមនុស្ស និងប្រជាធិបតេយ្យនាពេលឥឡូវនេះតែម្ដង។ លោកផ្ដល់ជាអនុសាសន៍ថា វិធីសាស្ត្រមួយដើម្បីធានាបញ្ហាប្រជាធិបតេយ្យជាយូរអង្វែងនោះ គឺត្រូវតម្រូវឱ្យរបបលោក ហ៊ុន សែន បង្កើតកញ្ចប់ថវិកា ឬមូលនិធិពិសេស ទុកសម្រាប់គាំទ្រ និងលើកតម្កើនវិស័យសិទ្ធិមនុស្ស និងប្រជាធិបតេយ្យនៅកម្ពុជា ដោយប្រមូលយកប្រាក់ពីមាសសុទ្ធ ៣០តោន ដែលរបបនេះតម្កល់ទុកនៅប្រទេសស្វីស (Switzerland) ទីក្រុងឡុងដ៏ (London) ទុនបម្រុងអន្តរជាតិ ១៥ប៊ីលានដុល្លារអាមេរិក និង សាច់ប្រាក់សុទ្ធក្នុងដៃដែលរបបនេះមានសរុប ៤ប៊ីលានដុល្លារអាមេរិក។ លោកថា កញ្ចប់សាច់ប្រាក់តែ ១០ភាគរយ នៃទំហំសាច់ប្រាក់ដែលលោក ហ៊ុន សែន ធ្លាប់អួតអាងទាំងនេះ គឺច្រើនណាស់ទៅហើយ សម្រាប់ការងារលើកតម្កើងវិស័យប្រជាធិបតេយ្យ និងសិទ្ធិមនុស្សនេះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។