អាជ្ញាធរ​របប​ក្រុង​ភ្នំពេញ​ចាប់​ខ្លួន​សកម្មជន​បក្ស​ប្រឆាំង ២នាក់​ទៀត​ នៅ​ខេត្ត​បាត់ដំបង ​និង​កំពង់ចាម

0:00 / 0:00

សមត្ថកិច្ច​របប​ក្រុង​ភ្នំពេញ​ចាប់​ខ្លួន​សកម្មជន​ជន​គណបក្ស​ប្រឆាំង​២នាក់​បន្ថែម​ទៀត​ នៅ​បាត់ដំបង​ និង​ខេត្ត​កំពង់ចាម​ ពាក់ព័ន្ធ​នឹង​គម្រោង​ចូល​រួម​អម​ដំណើរ​ថ្នាក់​ដឹក​នាំ​គណបក្ស​សង្គ្រោះ​ជាតិ​ធ្វើ​មាតុភូមិ​និវត្តន៍​នៅ​ថ្ងៃ​ទី៩ វិច្ឆិកា។ មន្ត្រី​បក្ស​ប្រឆាំង​ហៅ​ការ​ចាប់​ខ្លួន​របស់​ប៉ូលិស​នេះ​ថា​ ជា​ទង្វើ​អាក្រក់​របស់​អាជ្ញាធរ​របប​ក្រុង​​ភ្នំពេញ​ ដែល​បាន​បង្កើន​ការឈឺចាប់​កាន់​តែ​ខ្លាំង​​ដល់​ប្រជាពលរដ្ឋ​ស្លូតត្រង់។

មន្ត្រី​ប៉ូលិស​ខេត្ត​បាត់ដំបង​បាន​បញ្ជូន​ខ្លួន​សមាជិក​ប្រតិបត្តិ​គណបក្ស​សង្គ្រោះ​​ជាតិ​​ស្រុក​​សំពៅលូន​ លោក​ ស៊ឹម ឡៅ ទៅ​ឃុំ​ខ្លួន​នៅ​ស្នងការ​នគរបាល​ខេត្ត​ភ្លាម​ៗ​ ក្រោយ​​ពេល​​ចាប់​ខ្លួន ដោយ​មិន​ឱ្យ​សាច់ញាតិ​​បាន​​ចូល​​ទៅ​​ជួប​​ឡើយ។

ថ្នាក់​ដឹក​នាំ​គណបក្ស​សង្គ្រោះ​ជាតិ ខេត្ត​បាត់ដំបង លោក សួន ចំរើន ប្រាប់​​អាស៊ី​​សេរី​​នៅ​​រសៀល​​ថ្ងៃ​​ទី​២២ ​តុលា​​​ថា ប៉ូលិស​​ខេត្ត​​បាត់ដំបង​​ប្រមាណ​ ១០​នាក់​បាន​​ចូល​ទៅ​ចាប់​លោក ស៊ឹម ឡៅ នៅ​ផ្ទះ​របស់​ប្រជាពលរដ្ឋ​​នៅ​ភូមិ​ពោធិ៍ជ្រៃ ឃុំ​សិរីមានជ័យ ស្រុក​​សំពៅលូន។ លោក​​បន្ត​​ថា ប៉ូលិស​មិន​បាន​បង្ហាញ​ដីកា​ចាប់​​ខ្លួន​​ពី​​តុលាការ​ឱ្យ​សាមីខ្លួន​និង​អ្នក​ក្បែរ​ខាង​បាន​ដឹង​ឡើយ​។ មន្ត្រី​​បក្ស​​ប្រឆាំង​​រូប​​នេះ ហៅ​​ការ​​ចាប់​​ខ្លួន​​របស់​​ប៉ូលិស​​នេះ​​ថា​ ជា​ការ​ធ្វើ​ទុក្ខបុកម្នេញ​មក​លើ​សកម្មជន​គណបក្សរបស់​លោក​ដោយ​អយុត្តិធម៌ និង​មិន​អាច​ទទួល​យក​បាន​ឡើយ ពី​ព្រោះ​​លោក​​ថា សកម្មជន​​រូប​​នេះ ​គឺ​​ជា​​ប្រជាពលរដ្ឋ​ស្លូត​ត្រង់​ ដែល​ស្រឡាញ់​​មាតុភូមិ ហើយ​​ពុំ​បាន​ប្រព្រឹត្ត​ខុស​ច្បាប់​នោះ​ទេ៖ «អត់​មាន​កំហុស​សោះ ហើយ​ការ​ចោទ​ប្រកាន់​ហ្នឹង គឺ​គេ​ប្រឌិត​ដូច​ខ្មែរ​ក្រហម​អ៊ីចឹង។ ខ្មែរ​ក្រហម​អ្នក​សួរ​ចម្លើយ ត្រូវ​ធ្វើ​របាយការណ៍ គឺ​ត្រូវ​បង្ខំ​ដល់​អ្នក​ទោស​ទៅ​តាម​អ្វី​ដែល​អង្គការ​ចង់​បាន ហើយ​ឥឡូវ​ដូច​គ្នា​ គឺ​អ្នក​ចាប់​ចោទ​ហ្នឹង គឺ​បង្ខំ ឬ​ធ្វើ​ទៅ​តាម​លោក ហ៊ុន សែន បញ្ជា។ អ៊ីចឹង​វា​រូបមន្ត​តែ​មួយ​ទេ ពីព្រោះ​លោក​ហ៊ុន សែន​ គឺ​ជា​អតីត​ខ្មែរ​ក្រហម »

អយ្យការ​អម​សាលាដំបូង​ខេត្ត​បាត់ដំបង​បានចោទ​ប្រកាន់​សកម្មជន​​បក្ស​​ប្រឆាំង​ លោក ស៊ឹម ឡៅ​ អាយុ ៣៩​ឆ្នាំ​ ពី​​បទ​​រួម​គំនិត​ក្បត់​​ជាតិ តាម​ត្រា៤៥៣ នៃ​ក្រម​ព្រហ្មទណ្ឌ។ ​តុលាការ​បញ្ជាក់​​ក្នុង​ដីកា​នៅ​ថ្ងៃ​ទី​២២​ តុលា​​ថា សកម្មជន​​បក្ស​​ប្រឆាំង​​រូប​​នេះ បាន​​ប្រមូល​ និង​​កៀរគរ​​ប្រជាពលរដ្ឋ​​ធ្វើ​​ដំណើរ​​ទៅ​​រាជ​ធានី​ភ្នំពេញ​​ ដើម្បី​ទៅ​ចូល​រួម​អម​ដំណើរ​ប្រធាន​ស្ដីទី​គណបក្ស​សង្គ្រោះ​ជាតិ​លោក​ សម រង្ស៊ី ធ្វើ​​មាតុភូមិ​​និវត្តន៍​​នៅ​​ថ្ងៃ​​ទី៩ វិច្ឆិកា។

រីឯ​សមាជិក​ប្រតិបត្តិ​គណបក្ស​សង្គ្រោះ​ជាតិ​ខេត្ត​កំពង់ចាម​លោក គង់ ស៊ីវង្ស​ ថ្លែង​ថា​ ប៉ូលិស​​ខេត្ត​​កំពង់ចាម​បាន​​​ចាប់​​ខ្លួន​​មេ​​ឃុំ​​ស្ពឺ ស្រុក​​ចំការ​​លើ​​ជាប់​​ឆ្នោត​គណបក្ស​​សង្គ្រោះ​​ជាតិ​ គឺ​លោក ស៊ីន ថាត ដោយ​ប្រកាន់​រួម​គំនិត​ក្បត់ជាតិ នៅ​​ព្រឹក​​ថ្ងៃ​​ទី​២២​ តុលា។

លោក​បន្ត​ថា​ ថ្វីត្បិត​តែ​របប​ក្រុងភ្នំពេញ​ចាប់​ចង​សកម្មជន​បក្ស​ប្រឆាំង​ជា​បន្តបន្ទាប់​យ៉ាង​នេះ​ក្ដី ក៏​មិន​អាច​ទប់​ស្កាត់​ពួកគេ​មិន​ឱ្យ​ទៅ​ចូល​រួម​អម​ដំណើរ​ប្រធាន​ស្ដី​ទី​​គណបក្ស​​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី វិល​ចូល​ស្រុក​បាន​ដែរ ផ្ទុយ​ទៅ​វិញ​​វិធានការ​នេះ​កាន់​តែ​ធ្វើ​ឱ្យ​ពួក​លោក​​ឈឺ​ចាប់​ខ្លាំង ហើយ​នាំ​គ្នា​ទៅ​ចូល​រួម​ជា​មួយ​​អ្នក​​ប្រជាធិបតេយ្យ​កាន់​តែ​ច្រើន​ឡើង​ ដើម្បី​ទាមទារ​អំណាច​ពី​លោក ហ៊ុន សែន ប្រគល់​ជូន​ប្រជាពលរដ្ឋ​​វិញ​នៅ​ពេល​ខាង​មុខ។

អាស៊ី​សេរី​មិន​អាច​ទាក់​ទង​ស្នងការ​នគរបាល​ខេត្ត​បាត់ដំបង លោក អ៊ុច សុខុន និង​ស្នងការ​នគរបាល​ខេត្ត​កំពង់ចាម​លោក ឯម កុសល​ ដើម្បី​សុំ​អត្ថាធិប្បាយ​ជុំ​វិញ​បញ្ហា​នេះ​បាន​ទេ នៅ​ថ្ងៃ​ទី២២ តុលា ដោយ​ទូរស័ព្ទ​ចូល​ជា​ច្រើន​ដង​ពុំ​មាន​អ្នក​ទទួល។

នាយករង​ទទួលបន្ទុក​ផ្នែក​ឃ្លាំមើល​សិទ្ធិមនុស្ស​នៃ​អង្គការ​ លីកាដូ (LICADHO) លោក អំ សំអាត មាន​ប្រសាសន៍​ថា ការ​ចាប់​ចង​សកម្មជន​បក្ស​ប្រឆាំង​នេះ​ គឺ​ជា​ការ​គំរាមកំហែង​បំភិតបំភ័យ​ផ្នែក​នយោបាយ​ដល់​អ្នក​គាំទ្រ​គណបក្ស​ប្រឆាំង​ ច្រើន​ជាង​ការ​អនុវត្ត​ច្បាប់។ មន្ត្រី​សង្គម​ស៊ីវិល​រូប​នេះ បញ្ជាក់​ថា ប្រសិន​បើ​សមត្ថកិច្ច​​អនុវត្ត​ច្បាប់​បាន​ត្រឹមត្រូវ​នោះ សកម្មជន​បក្ស​ប្រឆាំង​ទាំងនោះ​នឹង​រួចផុត​ពី​ការ​ចោទ​ប្រកាន់។ លោក​បន្ត​ថា​ ការ​បង្ហោះ​សារ​រឿង​នយោបាយ​មិន​ខុស​ច្បាប់​ឡើយ​ ពី​ព្រោះ​ជា​សិទ្ធិ​សេរីភាព​ក្នុង​ការ​សម្ដែង​មតិ​របស់​ប្រជាពលរដ្ឋ ដែល​មាន​ចែង​នៅ​ក្នុង​រដ្ឋធម្មនុញ្ញ។ លោក​ហៅ​វិធានការ​របស់​សមត្ថកិច្ច​នេះ​ថា ​ជា​​ការ​រារាំង​ប្រជាពលរដ្ឋ​កុំ​ឱ្យ​ទៅ​ចូល​រួម​អម​ដំណើរ​លោក សម រង្ស៊ី វិល​ចូល​ស្រុក​វិញ​នៅ​ពេល​ខាង​មុខ៖ «គឺ​យើង​បាន​ការ​បារម្ភ​ ហើយ​មួយ​ទៀត​ការ​ធ្វើ​នេះ គឺ​បង្ហាញ​ថា យើង​កំពុងតែ​រឹតត្បិត​សេរីភាព​ក្នុង​ការ ដែល​មាត្រ​ទី៣៥ នៃ​រដ្ឋធម្មនុញ្ញ​ថា ប្រជាពលរដ្ឋ​មាន​សិទ្ធិ​យ៉ាង​សកម្ម​ក្នុង​ការ​ចូល​រួម​ជីវភាព​នយោបាយ​សេដ្ឋកិច្ច សង្គម និង​វប្បធម៌​ ហើយ​រដ្ឋធម្មនុញ្ញ​បាន​ទទួល​ស្គាល់​បទដ្ឋាន​ទាំង​ឡាយ​នៃ​អន្តរជាតិ ដែល​ជា​សិទ្ធិមនុស្ស ជា​ពិសេស គឺ​សិទ្ធិ​និង​សិទ្ធិ​នយោបាយ។ អ៊ីចឹង​វា​ហាក់​មាន​ការ​រឹត​បន្តឹង ជា​ពិសេស ទៅ​លើ​អ្នក​គាំទ្រ​បក្ស​ប្រឆាំង​ហ្នឹង »

​គិត​ត្រឹម​រសៀល​ថ្ងៃ​ទី​២២ តុលា មាន​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​ចំនួន ៥៣​នាក់​ហើយ ដែល​ត្រូវ​របប​លោក ហ៊ុន សែន ចាប់​ និង​ឃុំ​ក្នុង​ពន្ធនាគារ ហើយ​មាន​សកម្មជន​ចំនួន​ ១៨៦​នាក់​ផ្សេង​ទៀត ត្រូវ​បាន​កោះហៅ​​ទៅ​បំភ្លឺ និង​សមត្ថកិច្ច​តាម​​ចាប់​ខ្លួន ដោយ​គ្មាន​មូលដ្ឋាន​ច្បាប់​ច្បាស់លាស់។

មន្ត្រី​បក្ស​ប្រឆាំង​លោក សួន ចំរើន និយាថា ​អ្នក​គាំទ្រ​គណបក្ស​សង្គ្រោះជាតិ​នៅ​ក្នុង​ស្រុក ដែល​មាន​ជិត​កន្លះ​ប្រទេស កំពុង​ខឹង​សម្បារ​​នឹង​របប​ដឹក​នាំ​សព្វ​ថ្ងៃ​ដែល​បាន​ចាប់​ខ្លួន​មនុស្ស​តាម​ទំនើង​ចិត្ត​ ប៉ុន្តែ​ពួកគេ​មិន​ទាន់​ហ៊ាន​ធ្វើ​​សកម្មភាព​​ណា​​មួយ​ប្រឆាំង​​នឹង​​វិធាន​ការ​​របស់​​សមត្ថកិច្ច​នៅ​ឡើយ​ទេ​ ព្រោះ​ខ្លាច​ប៉ូលិស​ចាប់​​ខ្លួន នាំ​ឱ្យ​បាត់បង់​ធនធាន​មនុស្ស​ទៅ​ទទួល​លោក សម រង្ស៊ី វិល​ចូល​ស្រុក​វិញ​​នៅ​​ពេល​​ខាង​​មុខ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។